សាលារាជធានីភ្នំពេញបានចេញបម្រាមដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនឱ្យបញ្ឈប់ការផ្តល់ព័ត៌មានទាក់ទងនឹងការបង្ក្រាបគ្រឿងញៀននិងបទល្មើសផ្សេងៗដល់បណ្តាញសារព័ត៌មាន។ បម្រាមនេះត្រូវមន្ត្រីសិទ្ធិមនុស្ស និងសមាគមអ្នកកាសែតរិះគន់នៅថ្ងៃអង្គារនេះ។
បម្រាមចុះថ្ងៃទី១១ខែឧសភានេះបានហាមឃាត់ការផ្តល់ព័ត៌មានជុំវិញការបង្ក្រាបគ្រឿងញៀន និងបទល្មើសផ្សេងៗ ដែលមានលក្ខណៈស្មុគស្មាញ និងមានចរិតជាបទល្មើសបន្ត។
លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងបម្រាមនេះថា ដើម្បីជៀសវាងបាតុភាពអសកម្ម សាលារាជធានីភ្នំពេញសូមណែនាំដល់លោកអភិបាលខណ្ឌទាំងប្រាំបី មិនត្រូវផ្តល់ព័ត៌មានដល់បណ្តាញសារព័ត៌មាន ដោយគ្មានការអនុញ្ញាតពីលោកអភិបាលរាជធានីភ្នំពេញជាដាច់ខាត។
លោកកែប ជុតិមា បានបន្តថា ក្នុងករណីនៅតែផ្តល់ព័ត៌មានដល់បណ្តាញសារព័ត៌មាន ដោយគ្មានការអនុញ្ញាតទៀត នឹងត្រូវទទួលវិន័យផ្នែករដ្ឋបាល និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
លោកប៉ែន សមិទ្ធី ប្រធានក្លឹមអ្នកកាសែតកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «គេហាមដោយសារតែវាអាចបែកការសម្ងាត់ ប៉ុន្តែទោះយ៉ាងម៉េចក៏ដោយ គួរមានច្រកមួយដើម្បីធ្វើទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ដើម្បីរួមគ្នាក្នុងការទប់ស្កាត់រឿងគ្រឿងញៀននេះ។ សំបុត្រនេះកំហិតក្នុងក្របខ័ណ្ឌគ្រឿងញៀន និងបទល្មើសដែលអត់ទាន់ចប់។ របៀបនេះមិនមែនជាវិធីដោះស្រាយទេ»។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា សាលារាជធានីភ្នំពេញគួរតែបញ្ជាក់អំពីមូលហេតុជាក់លាក់អំពីការហាមឃាត់មន្ត្រីរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានដល់បណ្តាញសារព័ត៌មាន។
«យើងយល់ថា ការបិទនេះអាចនឹងឈានទៅបិទព័ត៌មានលើសលប់។ បើអ្នកសារព័ត៌មានទទួលបានព័ត៌មាន គាត់មានសិទ្ធិផ្សាយហើយ។ វាអត់មានអ្វីខុសទេ។ លើកលែងករណីកំពុងស៊ើបអង្កេត ហើយមានមូលហេតុ។ ធម្មនុញ្ញរបស់យើងអាចអនុញ្ញាតឱ្យបិទព័ត៌មានទាក់ទងនឹងសន្តិសុខជាតិ»។
លោកនេត្រ ភត្រា អគ្គលេខាធិការសមាគមការពារអ្នកកាសែតកម្ពុជា បានថ្លែងថា បម្រាមនេះគឺជាការបញ្ចប់នូវសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ និងសិទ្ធិយកព័ត៌មានរបស់អ្នកកាសែត។
«ខ្ញុំគិតថា បម្រាមរបស់សាលាក្រុងភ្នំពេញហាមឃាត់អាជ្ញាធរក្រោមបង្គាប់របស់ខ្លួនមិនឱ្យបញ្ចេញនូវព័ត៌មានទាក់ទងជាមួយការបង្ក្រាបគ្រឿងនេះ វាជាការរំលោភសិទ្ធិ ក៏ដូចជាការបិទសិទ្ធិក្នុងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ក៏ដូចជាសិទ្ធិផ្សព្វផ្សាយព័ត៌មានរបស់អ្នកកាសែតដែរ»។
លោកធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្ស Adhoc បានថ្លែងថា អាជ្ញាធរមានសិទ្ធិបិទបាំងព័ត៌មាន ខណៈដែលអាជ្ញាធរកំពុងតែបង្ក្រាបនិងចាប់ខ្លួនជនល្មើសគ្រឿងញៀននិងឧក្រិដ្ឋកម្មផ្សេងៗ ប៉ុន្តែក្រោយប្រតិបត្តិការ អាជ្ញាធរត្រូវជូនព័ត៌មានដល់សាធារណជន។
«ការសម្ងាត់ធំពីរដែលគេមិនអាចប្រាប់ទៅសាធារណជនបាន គឺទីមួយរឿងសន្តិសុខជាតិ និងទីពីររឿងកំពុងចាប់ជនល្មើស។ ប៉ុន្តែនៅពេលអាជ្ញាធរបង្ក្រាបរួច អាជ្ញាធរត្រូវជូនដំណឹងដល់សាធារណជន ដើម្បីជាការព្រមាន និងបំបាក់ស្មារតីអ្នកកំពុងប្រព្រឹត្ត និងអ្នកត្រៀមប្រព្រឹត្តបទល្មើសទៅថ្ងៃមុខ»។
បម្រាមរបស់សាលារាជធានីភ្នំពេញនេះបានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបឈានដល់ការចាប់មេខ្លោង ត្រូវជួបការលំបាកស្មុគស្មាញ ដោយសារតែជនល្មើសបានដឹងតាមរយៈសារព័ត៌មានផ្សព្វផ្សាយ ដែលបានផ្តល់ដោយមន្ត្រីមានសមត្ថកិច្ច៕