សាលារាជធានីភ្នំពេញ នៅថ្ងៃសុក្រនេះ បានហាមឃាត់ការដើរដង្ហែរក្បួនរបស់សហជីពកម្មករ ដែលតវ៉ាប្រឆាំងនឹងការឡើងថ្លៃម្ហូបអាហារ និងទំនិញគ្រប់ប្រភេទ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។ ប៉ុន្តែក្រុមមន្ត្រីសិទ្ធិមនុស្ស និងសហជីពបានហៅការហាមឃាត់នេះថា ជាការបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។
សហភាពជាតិកម្ពុជាការពារកម្មករ ដែលជាសហជីពកម្មករមួយទើបបង្កើតថ្មី បានស្នើសុំការអនុញ្ញាតពីលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ធ្វើការដង្ហែរក្បួននៅថ្ងៃអាទិត្យខាងមុខនេះ ដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាធ្វើអន្តរាគមន៍បញ្ចុះតម្លៃម្ហូបអាហារ តម្លៃទំនិញគ្រប់ប្រភេទ ជាពិសេសបញ្ចុះតម្លៃប្រេងសាំងដែលកំពុងតែឡើងថ្លៃ។
លោកកើត ឆែ នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងកំណត់ហេតុប្រជុំរវាងមន្ត្រីសាលារាជធានីភ្នំពេញ និងមន្ត្រីសហជីពថា សាលារាជធានីភ្នំពេញអនុញ្ញាតឱ្យជួបជុំគ្នានៅទីលានប្រជាធិបតេយ្យត្រឹមចំនួន២០០នាក់តែប៉ុណ្ណោះ ប៉ុន្តែមិនអនុញ្ញាតឱ្យដើរដង្ហែរក្បួនឡើយ។
លោកជ័យ សុវណ្ណ អនុប្រធានសហភាពជាតិកម្ពុជាការពារកម្មករ បានទទូចធ្វើការជួបប្រជុំដោយមានអ្នកចូលរួមចំនួន១.៥០០នាក់ តែមិនធ្វើការដើរដង្ហែរក្បួនទេ។ តាមសេចក្តីថ្លែងការណ៍ ការដង្ហែរក្បួននេះនឹងត្រូវចាប់ផ្តើមចេញពីទីស្នាក់ការកណ្តាលរបស់សហភាពជាតិកម្ពុជាការពារកម្មករនៅក្នុងខណ្ឌសែនសុខ ឆ្លងកាត់ផ្លូវនានាក្នុងទីក្រុងភ្នំពេញ មកកាន់ទីលានប្រជាធិបតេយ្យ ក្នុងគោលបំណងជំរុញឱ្យរដ្ឋាភិបាល ជាពិសេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើអន្តរាគមន៍បញ្ចុះតម្លៃម្ហូបអាហារ និងទំនិញគ្រប់ប្រភេទ ឱ្យបានលឿនជាទីបំផុត ដើម្បីឱ្យស្របទៅនឹងស្ថានភាពលំបាកនាពេលបច្ចុប្បន្ននេះ។
តាមសេចក្តីថ្លែងការណ៍នេះឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកក្កដា សហភាពជាតិកម្ពុជាការពារកម្មករបានដាក់សំណើមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីសុំឱ្យលោកជួយធ្វើអន្តរាគមន៍ចំពោះបញ្ហាទំនិញឡើងថ្លៃនេះ។ ប៉ុន្តែរហូតមកដល់ពេលនេះមិនមានការឆ្លើយតប ឬអន្តរាគមន៍ណាមួយពីលោកនាយករដ្ឋមន្ត្រីនោះទេ។ ការណ៍នេះបានបង្ខំឱ្យសហជីពសម្រេចរៀបចំការដើរដង្ហែរក្បួន ដោយមានការចូលរួមពីកម្មករ កម្មការិនី សិស្ស និស្សិត គ្រូបង្រៀន អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី អ្នករត់តាក់ស៊ី និងប្រជាពលរដ្ឋចំនួន១៥០០នាក់។
លោកកើត ឆែបាននិយាយនៅក្នុងកំណត់ហេតុប្រជុំនេះថា អ្នករៀបចំការតវ៉ាត្រូវទទួលខុសត្រូវចំពោះកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនៅក្នុងហ្វូងមនុស្សទាំងមូល ហើយការបព្ចេញមតិមិនត្រូវធ្វើឱ្យប៉ះពាល់ដល់រដ្ឋាភិបាល ឥស្សរជនជាន់ខ្ពស់ និងមិនត្រូវយកវេទិកានេះបម្រើឱ្យផលប្រយោជន៍របស់គណបក្សនយោបាយណាមួយឡើយ។ ក្នុងករណីមិនគោរពតាមការសន្យា អ្នករៀបចំត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
លោកជ័យ សុវណ្ណ អនុប្រធានសហភាពជាតិកម្ពុជាការពារកម្មករ បានថ្លែងថា៖
«ការមិនអនុញ្ញាតឱ្យដង្ហែរក្បួននេះគឺជាការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់កម្មករ។ ខ្ញុំយល់ឃើញថា ការមិនឱ្យហែរនេះគឺបិទសិទ្ធិសេរីភាពរបស់កម្មករ កម្មការិនី ដែលគាត់ចង់បញ្ចេញមតិ បង្ហាញពីចំណាប់អារម្មណ៍របស់ គាត់ ចង់ឲ្យទំនិញគ្រប់កន្លែង ជាពិសេសថ្លៃប្រេងសាំង ឱ្យចុះថោក។ ខ្ញុំចង់និយាយថា បិទសិទ្ធិសេរីភាពរបស់គាត់ក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ»។
លោកចាន់ សាវ៉េត ប្រធានផ្នែកត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សអាដហុក បានថ្លែងថា «ការហាមឃាត់ការដើរដង្ហែរក្បួននេះគឺជាការរំលោភសិទ្ធិមនុស្ស។ ខ្ញុំគិតថា ពួកគាត់ធ្វើនេះគឺគាត់មានសិទ្ធិត្រឹមត្រូវ។ គាត់អនុវត្តតួនាទីសិទ្ធិសេរីភាព ដើម្បីបង្ហាញមតិ យោបល់ជូនដល់រាជរដ្ឋាភិបាល តែបើរាជរដ្ឋាភិបាលទប់ស្កាត់គាត់មិនឱ្យគាត់ដើរជាក្បួន ដើម្បីឆ្លុះបញ្ចាំងអំពីដំណើរការលទ្ធិប្រជាធិបតេយ្យ វាអាចធ្វើឱ្យស្ថានភាពនេះអាចថា ជាការគំរាមកំហែងដល់ពួកគាត់ និងអាចជាការដាក់សម្ពាធមិនឱ្យគាត់អនុវត្តសិទ្ធិសេរីភាព»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលមិនបានអនុញ្ញាតឱ្យមានការដើរដង្ហែរក្បួន ដើម្បីសម្តែងមតិរបស់ខ្លួននៅតាមផ្លូវសាធារណៈទេ លើកលែងតែនៅទីលានប្រជាធិបតេយ្យប៉ុណ្ណោះ៕