ក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជាបានឱ្យដឹងថា ជំងឺអាសន្នរោគកំពុងរាតត្បាតនៅតាមបណ្តាខេត្តមួយចំនួន ហើយកំពុងចាត់វិធានការទប់ស្តាត់។
នាង ធីតា វីនសូមជូនសេចក្តីពិស្តារអំពីរឿងនេះ។
មន្រី្តផ្លូវការរបស់ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាបានឱ្យដឹងថា នៅក្នុងអំឡុងពេលនេះ យ៉ាងហោចណាស់មានប្រជាពលរដ្ឋជាង៤០០នាក់បានឆ្លងជំងឺអាសន្នរោគដែលជាជំងឺមួយ អាចសម្លាប់មនុស្សបានយ៉ាងឆាប់រហ័ស បើសិនមិនជួយបានទាន់ពេលនោះទេ។
លោកវេជ្ជបណ្ឌិត សុខ ទូច អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹង ជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ជំងឺរាករូសស្រួចស្រាវបាន រាតត្បាតនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីចុងឆ្នាំ២០០៩ រហូតមកដល់ពេលនេះមានអ្នកជំងឺ ចំនួនជាង៤០០នាក់បានរកឃើញថា មានជំងឺអាសន្នរោគក្នុងចំណោមមនុស្សដែលមានជំងឺរាករូសទូទាំងប្រទេសចំនួនជាង៨ពាន់នាក់ ហើយជំងឺនេះបានបណ្តាលឱ្យអ្នកជំងឺ៥៩នាក់បានស្លាប់។
«រោគសញ្ញាអាសន្នរោគដែលធ្ងន់ធ្ងរនោះរាករូស ហើយក្អួត ហើយអត់មានក្តៅខ្លួនទេគឺថា ក្អួតខ្លាំងណាស់ហើយរាកដូចទឹក។ បាទ អញ្ចឹងតែបីឬបួនម៉ោងខូងភ្នែក ខ្សោះជាតិទឹកអស់។ អានេះអត់នៅបានទេ។ ត្រូវប្រញាប់មកមន្ទីរពេទ្យភ្លាមដើម្បីទទួលបានការព្យាបាលត្រឹមត្រូវដើម្បីជៀសវាងគ្រោះថ្នាក់ដល់ជីវិតរបស់គាត់។ នេះគឺជាការរាតត្បាតយ៉ាងខ្លាំងដោយជំងឺរាករូសស្រួចស្រាវនិងជំងឺអាសន្នរោគនៅក្នុងប្រទេសកម្ពុជាដែលគេដឹងថា យ៉ាងហោចណាស់កើតឡើងយ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្តមួយចំនួន ដូចជាខេត្តក្រចេះ កំពង់ចាម រតនៈគីរី និងតំបន់ផ្សេងៗមួយចំនួនទៀត»។
ទោះបីជាយ៉ាងណាក៏ដោយ លោកសុខ ទូចបានមានប្រសាសន៍ថា ចំនួនអ្នកកើតជំងឺអាសន្នរោគអាចមានច្រើនជាងនេះ ដោយសារបច្ចុប្បន្នការប្រមូលទិន្នន័យអ្នកជំងឺពុំទាន់បានទូលំទូលាយនៅឡើយ។
«យើងមិនបានបញ្ជាក់ទេ ពីព្រោះថា គាត់នៅតាមមូលដ្ឋាន នៅព្រៃជ្រៅ នៅឆ្ងាយ។ គាត់មិនអាចមកបាន គឺគាត់បានស្លាប់ហើយ។ ក៏ប៉ុន្តែអ្នកដែលឈឺក្នុងរង្វង់គាត់នោះ គឺយើងអាចយកវត្ថុ ធាតុមកបញ្ជាក់បាន។ ហើយយើងឃើញមានការបញ្ជាក់ថា មានអាសន្នរោគ។ ជំងឺអាសន្នរោគមិនមែនត្រឹមតែរាតត្បាតលើមនុស្សពេញវ័យនោះទេ។ ជំងឺនេះក៏នឹងកំពុងបានរាតត្បាតយ៉ាងខ្លាំងទៅលើកុមារផងដែរ»។
លោក វេជ្ជបណ្ឌិត Beat Richner ប្រធានមន្ទីរពេទ្យគន្ធបុប្ជាបានឱ្យដឹងថា ចាប់តាំងពីខែ វិចិ្ឆកាឆ្នាំ២០០៩មក មានកុមារមកសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ជាដែលមានអាការៈ ក្អួត និងរាករូស ដែលសង្ស័យថា អាចមានជំងឺអាសន្នរោគចំនួន១៣០០នាក់ក្នុងនោះយ៉ាងហោចណាស់កុមារចំនួន២៩០នាក់បានរកឃើញថា មានជំងឺអាសន្ន ហើយចំនួនជំងឺអាសន្នរោគនេះអាចមានចំនួនច្រើនជាងនេះ ។
លោកវេជ្ជបណ្ឌិត Beat Richner បានលើកឡើងថា ជំងឺអាសន្នរោគបានកំពុងបន្តការកើន ឡើងគួរឱ្យព្រួយបារម្ភក្នុងខេត្តមួយចំនួន ដូចជាកំពង់ធំ សៀមរាប បាត់ដំបង និងបន្ទាយ មានជ័យជាដើម ដូច្នេះជំងឺអាសន្នរោគនេះត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់។
«វាគឺជាបញ្ហាដ៏ធំ បើសិនជាគ្មានចំណាត់ការដ៏សមស្របណាមួយនោះទេ ប្រហែល ជាមិនអាចទប់ស្កាត់ការរីករាលដាលនៃជំងឺអាសន្នរោគនេះបានទេ ហើយវាអាចក្លាយជាបញ្ហា ដ៏ធំជាងនេះ មានន័យថា ចំនួនអ្នកជំងឺកាន់តែច្រើនឡើង។ ពួកអ្នកទាំងនោះមានតែស្លាប់ប៉ុណ្ណោះ»។
គេសង្កេតឃើញថា នៅក្នុងប្រទេសកម្ពុជាទាំងអនាម័យនិងបរិដ្ឋាននៅមានកម្រិតនៅឡើយហើយប្រជាពលរដ្ឋខ្មែរមួយចំនួន ជាពិសេសអ្នកដែលរស់នៅតាមជនបទនិងអ្នកដែលមានជីវភាពក្សត់ខ្សោយមិនសូវបានយកចិត្តទុកដាក់ចំពោះការធ្វើអនាម័យទៅលើកការបរិភោគឡើយដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋទាំងនោះមានការប្រឈមមុខខ្ពស់ទៅនឹងការឆ្លងជំងឺផ្សេងៗ ដូចជាជំងឺរាករូស អាសន្នរោគនិងគ្រុនផ្តាសាយបក្សីជាដើម។
លោកប្រធានមន្ទីរពេទ្យគន្ធបុប្ជាបានឱ្យដឹងបន្តថា ជំងឺអាសន្នរោគមានរោគសញ្ញារោគ ក្អួតយ៉ាងខ្លាំងភ្លាមៗ បន្ទាប់ពីបានឆ្លងជំងឺនេះ ក៏ប៉ុន្តែអ្នកជំងឺមិនមានក្តៅខ្លួនឡើយ។ចំណុចសំខាន់ដែលបណ្តាលឱ្យឆ្លងជំងឺនេះគឺដោយសារតាមរយៈការលាងដៃ ឬមិនបានធ្វើអនាម័យឱ្យបានស្អាតបន្ទាប់ពីចេញពីបន្ទប់ទឹក ហើយភ្នាក់ងារចម្លងមេរោគនេះគឺជាសត្វរុយ។
លោកសុខ ទូចបានបញ្ជាក់ថា ជំងឺអាសន្នរោគមិនមែនជាជំងឺដែលកាចសាហាវនោះទេ តែវាជាជំងឺមួយដែលយើងត្រូវមានការចាំបាច់ និងប្រុងប្រយ័ត្នបំផុតក្នុងការធ្វើអនាម័យឱ្យបានស្អាតជាប់ ជាប្រចាំ ដូចត្រូវលាងដៃជាមួយសាប៊ូឱ្យបានស្អាត ក្រោយពីចេញពីបន្ទប់ទឹក និងមុនបរិភោគ។ ម្ហូបចំណីអាហារត្រូវមានអនាម័យ ជាពិសេសនៅក្នុងអំឡុងពេលរដូវក្តៅនេះ ដើម្បីជៀសផុតពី ជំងឺអាសន្នរោគ៕