ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​ចែក​អំណោយ​ដល់​កុមារ​ និង​ស្រ្តី​អ្នក​ទោស


កុមារ​ខ្មែរ​ដើរ​នៅ​លើ​ផ្លូវ​បែកភក់​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ក្រោយពី​ពួកគេ​បាន​ចូលរួម​ក្នុង​ពិធី​ប្រារព្វ​ទិវា​កុមារ​អន្តរជាតិ​មួយ​នៅ​ជាយ​ទីក្រុង​ភ្នំពេញ។​
កុមារ​ខ្មែរ​ដើរ​នៅ​លើ​ផ្លូវ​បែកភក់​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ក្រោយពី​ពួកគេ​បាន​ចូលរួម​ក្នុង​ពិធី​ប្រារព្វ​ទិវា​កុមារ​អន្តរជាតិ​មួយ​នៅ​ជាយ​ទីក្រុង​ភ្នំពេញ។​

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ចែក​កញ្ចប់​អំណោយ​ម្ហូបអាហារ​ និង​សម្ភារៈ​ប្រើប្រាស់​ដល់​កុមារ​ និង​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​១.២០០​នាក់​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៤​នៅ​ទូទាំង​កម្ពុជា​នៅ​ទិវា​កុមារ​អន្តរជាតិ​ថ្ងៃ​ទី​១ ខែ​មិថុនា​នេះ។

ប្រទេស​កម្ពុជា​កំពុងជួបប្រទះ​វិបត្តិ​នៃ​ចំនួន​អ្នកទោស​ហួស​ចំណុះ​ពន្ធនាគារ​ ហើយ​អ្នក​ទោស​ជា​កុមារ​តែង​តែ​ទទួល​រង​ការ​លំបាក​យ៉ាង​ខ្លាំង​ពី​ភាព​មិន​ដំណើរការ​របស់​ប្រព័ន្ធ​នេះ។ សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លីកាដូ​ឲ្យ​ដឹង​ថា ក្នុង​ពន្ធនាគារ​នៅ​ខេត្ត​ភាគ​ច្រើន​ អ្នក​ទោស​ជា​កុមារ​បាន​សម្រប​ខ្លួន​យ៉ាង​ពេញ​លេញ​ទៅ​ក្នុង​ចំណោម​អ្នកទោស​ដែល​ជា​មនុស្ស​ពេញ​វ័យ​ របប​ម្ហូប​អាហារ​មិន​គ្រប់​គ្រាន់​ និង​ការ​ខ្វះ​ខាត​ខាងថែទាំ​សុខភាព។

លោក​ស្រី​ពុង ឈីវកេក ​នាយិកា​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ​បាន​បញ្ជាក់​ថា ជា​ទូទៅ​ពន្ធនាគារ​មិន​មែន​ជា​ទីកន្លែង​សម្រាប់​កុមារ​ទេ។ ប្រព័ន្ធ​នេះ​មិន​មាន​សមត្ថភាព​ផ្តល់​តម្រូវការ​ជាមូលដ្ឋាន​របស់​កុមារ​ទាល់​តែ​សោះ។ តម្រូវ​ការ​ជា​មូលដ្ឋាន​រួមមាន​ការអប់រំ​ អាហារ​ចិញ្ចឹម​រាងកាយ​សមស្រប​ ការថែទាំ​សុខាភិបាល ជាដើម។ លោក​ស្រី ពុង ឈីវកេក​ បាន​ថ្លែង​ប្រាប់ វីអូអេ​ខ្មែរ​ថា កញ្ចប់​អំណោយ​ចំនួន​១.២០០​ដែល​ត្រូវ​បាន​ចែក​ដល់​អ្នកទោស​ជា​កុមារ​ រួមមាន​ម្ហូបអាហារ​ ទឹក​សណ្តែក​ នំប៉័ង​ ផ្លែឈើ​ និង​របស់​របរ​ប្រើប្រាស់​ ច្រាស​ដុស​ធ្មេញ​ សាប៊ូ​កំចាត់​មេរោគ របស់​របរ​ក្មេង​លេង ក្រាស​សិត​សក់​ និង​របស់​របរ​សំខាន់​ចាំបាច់​ដទៃ​ទៀត។ អំណោយ​ក៏​ត្រូវ​បាន​ចែក​ឱ្យ​កុមារ​ដែល​រស់​នៅ​ក្នុង​ពន្ធនាគារ​ជាមួយ​ម្តាយ​ ស្រី​មាន​ផ្ទៃពោះ​ និង​កូន​ៗ​របស់​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ផង​ដែរ។ លោក​ស្រី​ថ្លែង​ថា៖

«ការចែក​អំណោយ​នេះ​ យើង​ចង់​បង្ហាញ​ថា អ្នកទោស​ជា​កុមារ​នៅ​ក្នុង​ពន្ធនាគារ​ អ្នក​ខ្លះ​ធ្វើ​ខុស​ធ្ងន់ធ្ងរ អ្នក​ខ្លះ​ធ្វើ​ខុស​បន្តិច​បន្តួច​ យើង​អត់​ភ្លេច​គេ​ទេ។ ការ​ចែក​អំណោយ​នេះ​គឺជា​ការ​លើក​ទឹក​ចិត្ត​ សប្បុរសធម៌​ និង​មនុស្សធម៌​ដល់​អ្នកទោស​ជាកុមារ។ យើង​ចង់​បង្ហាញ​ថា​ សិទ្ធិ​របស់​អ្នកទោស​ជាកុមារ​នៅ​មាន​ដដែល​ ហើយ​ណែនាំ​អ្នកទោស​ជាកុមារ​ទាំងនេះ​នៅ​ក្នុង​ពន្ធនាគារ​រយៈពេល​ប្រាំមួយ​ខែ​ក្តី​ មួយ​ឆ្នាំ​ក្តី​ ពីរ​ឆ្នាំ​ក្តី​ឱ្យ​ខំ​រៀន​សូត្រ​ថែម​ទៀត​ ហើយ​នៅ​ពេល​អ្នកទោស​ជា​កុមារ​ចេញ​មក​វិញ​ កែ​ខ្លួន​ឱ្យ​ល្អ​ ដើម្បី​បម្រើ​សង្គម​ ហើយ​សង្គម​អត់​រើស​អើង​ទេ​»។

លោក​ស្រី ពុង ឈីវកេក មាន​ប្រសាសន៍​ថា ការ​ចែក​កញ្ចក់​អំណោយ​ចំនួន​១.២០០​ដល់​អ្នកទោស​ជា​កុមារ​នៅ​ពន្ធនាគារ​ព្រៃស​ចំនួន​៤៤០​នាក់​ នៅ​ពន្ធនាគារ​ក្រុង​តាខ្មៅ​៩៥​នាក់​ ខេត្ត​បន្ទាយមានជ័យ​៤៥​នាក់​ ខេត្ត​បាត់ដំបង​៧៣​នាក់​ ខេត្ត​កំពង់ឆ្នាំង​៣៣​នាក់ ខេត្ត​ពោធិសាត់​៥២​នាក់ ខេត្ត​សៀមរាប​១១៨​នាក់​ ខេត្ត​ស្វាយរៀង​២៨​នាក់​ ខេត្ត​កំពង់ធំ​៤៧​នាក់​ ខេត្ត​កំពង់ចាម​៣៨​នាក់​ ក្រុង​ព្រះសីហនុ​៣៧​នាក់ ខេត្ត​កំពង់ស្ពឺ​៥៤​នាក់​ ខេត្ត​កោះកុង​៦៩​នាក់​ និង​ខេត្ត​កំពត​៤៣​នាក់។

លោក​ភាន ឆវ័ន្ត ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​ បាន​ថ្លែង​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​ពីរ​បាន​មក​សួរ​សុខទុក្ខ និង​ចែក​អំណោយ​ជា​ម្ហូប​អាហារ​ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​ដល់​អ្នក​ទោស​ជា​កុមារ​ចំនួន​៤៥​នាក់​ដែល​ភាគ​ច្រើន​បាន​ជាប់​ពន្ធនាគារ​ពី​ពីរ​ឆ្នាំ​ទៅ​ប្រាំ​ឆ្នាំ។ លោក​ថ្លែង​ថា៖

«កម្មវិធី​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​គ្រាន់តែ​ជា​កម្មវិធី​មួយ​សម្រាប់​ជួយ​អាហារូបត្ថម្ភ​បន្ថែម​នៅ​ក្នុង​កម្មវិធី​ទិវា​កុមារ​អន្តរជាតិ។ ការ​ផ្គត់ផ្គង់​ម្ហូបអាហា​រ និង​សេវាកម្ម​សុខភាព​របស់​ពួកគេ​ (អ្នកទោស​ជា​កុមារ​) មិន​មាន​បញ្ហា​ទេ»។

ស្ថិតិ​របស់​រដ្ឋាភិបាល​គិត​មក​ដល់​ត្រឹម​ខែ​មេសា​ ឆ្នាំ​២០១១​នេះ​ មាន​អ្នកទោស​ជាកុមារ​ប្រមាណ​៧៣០​នាក់​ដែល​បាន​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​២៥នៅ​កម្ពុជា។ អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​កំណត់​ថា អ្នកទោស​ជាកុមារ​ទាំងនេះ​មាន​អាយុ​រវាង​ពី​១៤​ឆ្នាំ​ដល់​១៧​ឆ្នាំ នៅ​ពេលដែល​ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​ ហើយ​ពួក​គេ​អាច​នៅ​តែ​ចាត់ទុក​ជា​អ្នក​ទោស​ជា​កុមារ​នៅ​ពេល​ដែល​ពួកគេ​មាន​អាយុ​គំរប់​១៨​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ។ អាយុ​១៤​ឆ្នាំ​ជា​អាយុ​ទទួល​ខុសត្រូវ​ខាង​ព្រហ្មទណ្ឌ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG