សម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត និងជាសម្តេចព្រះសង្ឃរាជ្យនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតមួយច្បាប់ជូនព្រះចៅអធិការ និងប្រធានគណៈកម្មាការអាចារ្យគ្រប់វត្តក្នុងរាជធានីភ្នំពេញទាំងអស់ ហាមទទួលយកការស្នាក់នៅរបស់បុព្វជិតលួន សាវ៉ាត បន្ទាប់ពីព្រះអង្គបានចូលរួមសកម្មភាពកូដកម្ម បាតុកម្ម និងកុបកម្មក្នុងរឿងទំនាស់ដីធ្លី ។
ការចេញលិខិតរបស់សម្តេចព្រះសង្ឃរាជ្យនន្ទ ង៉ែត នេះ មិនមែនធ្វើឡើងជាលើកទីមួយទេ លិខិតនេះ បានធ្វើឡើងចំនួនបីលើករួចមកហើយ បន្ទាប់ពីព្រះតេជគុណលួន សាវ៉ាត ធ្លាប់បានចេញលិខិតចាប់ផ្សឹក និងចេញលិខិតចាប់ខ្លួនជាបន្តបន្ទាប់ ។
នៅក្នុងលិខិតរបស់សម្តេចព្រះសង្ឃរាជ្យ នន្ទ ង៉ែត កាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅនេះបានឲ្យដឹងថា រូបភាពរបស់បុព្វជិតលន់ សាវ៉ាត បានប្រព្រឹត្តិ ក្នុងពេលកន្លងទៅនេះមិនមែនជាទស្សនៈរបស់ព្រះសង្ឃទេ ពីព្រោះបុព្វជិតអង្គនេះបានចូលរួមសកម្មភាពតែមួយអង្គឯងតែប៉ុណ្ណោះ។
លិខិតនេះ បានបញ្ជាក់ទៀតថា សកម្មភាពនេះ បានធ្វើឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ឋសាសនាដោយយករូបភាពសាសនាធ្វើជាសកម្មភាពជាលក្ខណៈបុគ្គល ធ្វើឲ្យសាសនាមានភាពសៅហ្មង។
សម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត បានមានសង្ឃដីកាថាការចេញលិខិតហាមឃាត់នេះ ដោយសារ តែបុព្វជិត លួន សាវ៉ាត បានចួលរួមសកម្មភាពនយោបាយដែលផ្ទុយ និងវិន័យរបស់ព្រះសង្ឃ ។
«បើលោកធ្វើនយោបាយ ដើរថតជាមួយសិទ្ឋិមនុស្ស ដឹកដើរចុះដើរឡើង។ យើងធ្វើអញ្ចឹងមិនមែន ច្បាប់លោកសង្ឃទេ។ វាខុសក្រិតក្រមច្បាប់ព្រះធម៌របស់ជាតិ។ សិទ្ឋិ បើសិនជាចង់ធ្វើនយោយបាយនាំគ្នា ចបកាប់ទៅជីកប្រឡាយសម្រាប់ប្រជាជន អាហ្នឹងបានថា សិទ្ឋិនាំគ្នាទៅធ្វើទៅ»។
ព្រះតេជគុណលួន សាវ៉ាត ព្រះជន្ម៣០ព្រះវស្សានិមន្តមកពីស្រុកជីក្រែង ខេត្តសៀមរាប បានចូលរួម សកម្មភាពគាំទ្ររបស់ប្រជាពលរដ្ឋនៅក្នុងរឿងវិវាទដីធ្លីដ៏ចម្រូងចម្រាស់នៅក្នុងប្រទេសកម្ពុជា។
ព្រះតេជគុណធ្លាប់បានគង់នៅវត្តឧណ្ណាឡោមក្នុងទីក្រុងភ្នំពេញ ហើយព្រះអង្គក៏បានចូលរួមសកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ និងតំបន់ព្រៃឡង់ផងដែរ។
ព្រះតេជគុណ លួន សាវ៉ាត បានមានសង្ឃដីកាប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកថា លិខិតហាមឃាត់របស់សម្តេចព្រះសង្ឃរាជ្យនេះ មានទំនោរទៅខាងនយោបាយ។
ព្រះតេជគុណ ដែលសព្វថ្ងៃនេះកំពុងស្នាក់ភូមិភ្នាស ឃុំជុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប បានមានសង្ឃដីកាថា សកម្មភាពរបស់ព្រះអង្គបានធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ឋសាសនាទេ។
«ហាមប្រាមមិនឲ្យព្រះសង្ឃជួយពុទ្ឋបរិស័ទចូលរួមកិច្ចការសង្គម គឺវាខុសក្នុងផ្លូវព្រះពុទ្ឋសាសនា មិនត្រឹមតែខុសព្រះពុទ្ឋសាសនាទេ ក្នុងច្បាប់ជាតិ ច្បាប់អន្តរជាតិ ក៏វាខុសដែរដូចជាច្បាប់សិទ្ឋិមនុស្ស ច្បាប់ប្រជាធិបតេយ្យ គឺវាខុសដែរ។អញ្ចឹងអ្វីដែលអត្មាធ្វើ ធ្វើក្នុងនាមព្រះពុទ្ឋសាសនាផង ក្នុងនាមប្រជាពលរដ្ឋ ម្នាក់ដែលមានសិទ្ឋិគ្រប់គ្រាន់ក្នុងកិច្ចការសង្គម»។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ឋិមនុស្សកម្ពុជាបានមានប្រសាសន៍ថា ព្រះពុទ្ឋសាសនាបច្ចុប្បន្ន នេះ ត្រូវបានប្រើបា្រស់ជាឧបករណ៍នយោបាយ ដែលប្រការនេះ គឺជាការគួឲ្យសោកស្តាយមួយ។
លោកបានមានប្រសាសន៍ទៀតថា ព្រះសង្ឃមានសិទ្ឋិចួលរួមក្នុងសង្គម ក៏ប៉ុន្តែបើមានការហាមឃាត់ ព្រះសង្ឃមិនឲ្យចួលរួមក្នុងសង្គម គឺជាការខុសទៅ និងវិន័យរបស់ព្រះសង្ឃ។
«ចំពោះខ្ញុំ គឺធ្វើការរំលោភទៅលើសិទ្ឋិសាសនារបស់ប្រជាពលរដ្ឋទាំងស្រុង។ ហើយការគោរព ប្រណិធានរបស់សង្ឃជារឿងមួយដ៏សំខាន់មែនទែនដែលត្រូវបានរំលោភ។ ដោយសារបញ្ហានេះ យើងឃើញ រឿងកាលពីព្រះសង្ឃ ទឹម សុខន ជារឿងមួយធំដែរ។ ហើយរឿងនេះអត់ប្លែកទេ វាឆ្លុះបញ្ជាំងពីការដែលយើង ត្រូវមើលពីបញ្ហាព្រះពុទ្ឋសាសនាយើង។ ខ្ញុំឃើញថា បញ្ហាព្រះពុទ្ឋសាសនាយើងរាល់ថ្ងៃនេះ ជាឧបករណ៍នយោបាយ»។
លោកសាស្រ្តចារ្យ សុរិយា ប្រាសាទស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន មុននិងលោកបញ្ជប់បេសសកម្មលើកទីប្រាំរបស់លោក ក្នុងប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថាស្ថានភាពសិទ្ឋិមនុស្សជាទូទៅបានល្អប្រសើរមួយចំនួន ក៏ប៉ុន្តែនៅវិស័យមួយចំនួនទៀតមិនទាន់បានល្អប្រសើនៅឡើយទេ។
លោកសុរិយា ប្រសាដស៊ូប៊ិឌី បានមានប្រសាសន៍ថា សិទ្ឋិខាងដីធ្លីការបណ្តេញចេញ សេរីភាពខាងបញ្ចេញមតិ សកម្មជននយោបាយ ព្រមទាំងបុគ្គលឯកជន វាហាក់បីដូចជារិតត្បិតការបញ្ចេញមតិខ្លួនឯង៕