ក្រុមអ្នកឃ្លាំមើលលើវិស័យឧស្សាហកម្មរ៉ែប្រេងនិងឧស្ម័នបានសម្តែងការអបអរសាទរដែលម្ចាស់ភាគហ៊ុនជាច្រើននៃក្រុមហ៊ុនប្រេងChevron បានបោះឆ្នោតគាំទ្រសំណើឱ្យក្រុមហ៊ុនប្រេងដ៏ធំរបស់អាមេរិកមួយនេះបង្ហាញតម្លាភាពក្នុងការចំណាយប្រាក់ទៅដល់រដ្ឋាភិបាលម្ចាស់ប្រទេស ដូចជាប្រទេសកម្ពុជាជាដើមដែលក្រុមហ៊ុននេះកំពុងបណ្តាក់ទុនរកស៊ី។
នៅឯកិច្ចប្រជុំដែលបានធ្វើឡើងនាទីក្រុងHouston រដ្ឋ តិចសាស សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៦ ខែឧសភាកន្លងមកនេះមានម្ចាស់ភាគហ៊ុនដែលតំណាងឱ្យភាគហ៊ុនប្រមាណជា១៦០លានហ៊ុនដែលត្រូវជា៧ភាគរយនៃភាគហ៊ុនទាំងអស់បានធ្វើការគាំទ្រ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ Oxfam America ក្នុងទីក្រុងវ៉ាស៊ីនតោនចេញផ្សាយកាលពីថ្ងៃទី២៧ ឧសភា។
សេចក្តីប្រកាសព័ត៌មានបានដកស្រង់សំដីរបស់លោក Ian Gary អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកគោលនយោបាយសម្រាប់ឧស្សាហកម្មរ៉ែប្រេងកាតនិងឧស្ម័ននៃអង្គការOxfam America ដែលបានបញ្ជាក់ថា "ដោយមានកម្រិតនៃការគាំទ្រពីម្ចាស់ភាគហ៊ុនច្រើន ដូចនេះក្រុមហ៊ុនChevron ពិតជាមិនអាចព្រងើយកន្តើយទៀតទេក្នុងការគោរពតាមគោលការណ៍តម្លាភាព"។
លោក Ian Gary ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះដែរបានបញ្ជាក់បន្ថែមថា “ជារឿយៗប្រាក់ចំណូលដែលបានមកពីអាជីវកម្មរ៉ែច្រើនតែត្រូវបានគេចាយវាយខ្ជះខ្ជាយទៅលើអំពើពុករលួយ ជម្លោះផ្ទៃក្នុងប្រទេស និងអភិបាលកិច្ចទន់ខ្សោយ"។
អង្គការOxfam America និងម្ចាស់ភាគហ៊ុនមួយចំនួនទៀតបានដាក់សំណើឱ្យមានការបង្ហាញនូវតម្លាភាពក្នុងគ្រប់គ្រងការចំណាយនេះកាលពីចុងឆ្នាំ២០០៩។
អង្គការសង្គមស៊ីវិល ដែលធ្វើការងារលើវិស័យរ៉ែប្រេងកាតនិងឧស្ម័ននៅប្រទេសកម្ពុជាមើលឃើញថា ការដែលក្រុមហ៊ុនChevron ធ្វើដូចនេះអាចជួយឱ្យក្រុមហ៊ុនដទៃទៀតដែលកំពុងដាក់ទុនវិនិយោគលើវិស័យប្រេងកាតនៅប្រទេសកម្ពុជាយកគម្រូតាម។
លោកម៉ម សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធាន ដែលបានចូលរួមក្នុងសមាជប្រចាំឆ្នាំនោះបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកមុនកិច្ចប្រជុំនោះចាប់ផ្តើមថា៖
“ក្នុងខណៈមួយដែលក្រុមហ៊ុនChevronដែលគាត់ជាអ្នកគាំទ្រ EITI ហើយព្រមទាំងបានពិចារណា ក្នុងការអនុម័តគោលនយោបាយទៅលើការលាតត្រដាងចំណាយនេះ វារិតតែមានសារៈប្រយោជន៍សំខាន់ថែមទៀត ហើយនឹងមានឥទ្ធិពលវិជ្ជមានទៅលើប្រតិបត្តិនៃការរុករក ឬធ្វើអាជីវកម្មរ៉ែនៅប្រទេសកម្ពុជា”។
ចំណែកលោក ជាង សុខា ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ដែលធ្វើការងារខ្លះលើវិស័យធនធានប្រេងកាតនេះដែរ បានសម្តែងការអបអរសាទរដែលម្ចាស់ភាគហ៊ុនបានបោះឆ្នោតគាំទ្រសំណើឱ្យមានការផ្សព្វផ្សាយឱ្យដឹងពីប្រាក់ចំណាយដែលក្រុមហ៊ុនបង់ឱ្យមកប្រទេសកម្ពុជា៖
“សាធារណជននឹងដឹងថា តើពេលដែលក្រុមហ៊ុនចាប់ផ្តើមធ្វើការវិនិយោគទៅលើរឿងហ្នឹង? តើ វាអាចនឹងបានផលអ្វីខ្លះ? ព្រោះប្រយោជន៍ទាំងអស់នោះ វាជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋខ្មែរ អញ្ចឹងហើយប្រជាពលរដ្ឋខ្មែរនឹងអាចដឹងថា តើធនធាន ឬក៏ថវិកាដែលទទួលយកបានពីការទាញយករ៉ែនោះវាមានទំហំប៉ុណ្ណា ហើយអាចនឹងប្រើប្រាស់ទៅលើវិស័យណាខ្លះសម្រាប់អភិវឌ្ឍប្រទេសកម្ពុជា"។
ជារឿយៗក្រុមអ្នកតាមដានលើវិស័យឧស្សាហកម្មរ៉ែប្រេងកាតនិងឧស្ម័នបានត្អូញត្អែរពីការទទួលបានព័ត៌មានមិនគ្រប់គ្រាន់ពីរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងប្រាក់ចំណូលនិងការគ្រប់គ្រងឱ្យមានតម្លាភាព។
មន្ត្រីរដ្ឋាភិបាលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនអាចទាក់ទងដើម្បីធ្វើអត្ថាធិប្បាយបានទេនៅ ល្ងាចថ្ងៃសុក្រនេះ ប៉ុន្តែលោកជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុនៃសភាជាតិកម្ពុជាបាននិយាយការពារការងាររបស់រដ្ឋាភិបាលថា ជំហររដ្ឋាភិបាលកម្ពុជាគឺគាំទ្រឱ្យមានតម្លាភាពនិងមានអភិបាលកិច្ចល្អ ជាពិសេសទាក់ទងនឹងការធ្វើអាជីវកម្មរ៉ែ៕