ប្រទេសកម្ពុជាបានប្រារព្ធពិធីបុណ្យឯករាជ្យខួបលើកទី៥៧ឆ្នាំ នៅថ្ងៃនេះ ក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក៏ប៉ុន្ដែពុំមានសេចក្ដីថ្លែងការណ៍នយោបាយនោះទេ។ លោកជា ស៊ីម ប្រធានគណបក្សកំពុងគ្រប់គ្រងប្រទេស មិនមានវត្តមាននៅក្នុងឱកាសនេះទេ។
ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា គឺលោកជា ស៊ីមខកខានមិនបានចូលរួមអបអរពិធីបុណ្យឯករាជ្យជាតិជាផ្លូវការនៅថ្ងៃអង្គារនេះទេ ដោយសារបញ្ហាសុខភាព។ នេះបើយោងតាមមន្ដ្រីរបស់គណបក្សកាន់អំណាច។
ប្រទេសកម្ពុជាប្រារព្ធពិធីបុណ្យឯករាជ្យជាតិខួបលើកទី៥៧ឆ្នាំ នៅថ្ងៃនេះដោយមានពិធីប្រទានភ្លើងជ័យ ដោយព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។ លោកប្រមុខរដ្ឋាភិបាលខ្មែរ ហ៊ុន សែន លោកហេង សំរិន ប្រធានរដ្ឋសភា និងមន្ដ្រីរាជការ រួមទាំងសិស្សានុសិស្សជាច្រើនរយនាក់ បានចូលរួមក្នុងពិធីបុណ្យនេះដែរ។ ដោយឡែក លោកជា ស៊ីមមិនបានមានវត្តមានក្នុងឱកាសនេះទេ។
លោកអ៊ំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យរបស់លោកជា ស៊ីមបញ្ជាក់ថា លោកប្រធានព្រឹទ្ធសភាខ្មែរ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាកចេញទៅព្យាបាលរោគនៅប្រទេសសឹង្ហបុរីចាប់តាំងពីថ្ងៃច័ន្ទម្សិលមិញម្ល៉េះ ដោយបានចេញដំណើរលឿនជាងពេលធម្មតាចំនួនបីខែ។
«លោកអញ្ជើញចេញទៅពិនិត្យជំងឺនៅប្រទេសសឹង្ហបុរី។ ធម្មតាប្រាំមួយខែ ប៉ុន្ដែលើកនេះបីខែ។ តាមពិត មិនមានហេតុការណ៍អ្វីធំដុំទេ។ ប៉ុន្ដែជាការ ត្រួតពិនិត្យធម្មតា"។
មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដដែលមិនបានបញ្ជាក់អំពីអាការៈរោគរបស់លោកជា ស៊ីមយ៉ាងណាទេ។
សូមរំឭកថា ប្រទេសកម្ពុជាបានស្ថិតនៅក្រោមអាណានិគមន៍របស់ប្រទេសបារាំងអស់រយៈពេលចំនួន៩០ឆ្នាំ ហើយបានឯករាជ្យភាពពីប្រទេសនេះវិញនៅឆ្នាំ១៩៥៣ ក្រោមបូជនីយកិច្ចរបស់សម្ដេចឳ នរោត្តម សីហនុ នាសម័យនោះ។
លោកជា ស៊ីមនឹងឈានដល់វ័យ៧៨ឆ្នាំពេញលេញ នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ។ លោកត្រូវគេសង្កេតឃើញថា មានជំងឺជាប្រចាំ។ កាលពីឆ្នាំ២០០៨ លោកបានចាកចេញពីប្រទេសកម្ពុជាមួយរយៈពេលខ្លី ដោយហេតុផលជាផ្លូវការថា ទៅព្យាបាលរោគនៅក្រៅប្រទេស ក្នុងពេលដែលប្រទេសកម្ពុជាជាប់គាំងនយោបាយយ៉ាងពេញបន្ទុក ក្រោយពីការបោះឆ្នោតខែកក្កដា។ ក្នុងឱកាសនោះ លោកញ៉ឹក ប៊ុនឆៃ អនុប្រធានព្រឹទ្ធសភាចុះហត្ថលេខាផ្ដល់សុពលភាពលើការអនុម័តការបោះឆ្នោតជាកញ្ចប់សម្រាប់បង្កើតរដ្ឋាភិបាលថ្មី។
លោកយឹម សុវណ្ណ តំណាងរាស្ដ្រគណបក្សសម រង្ស៊ី ដែលជាគណបក្សជំទាស់ ហើយដែលបានចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិនេះដែរ មានប្រសាសន៍ថា លោកបានកត់សម្គាល់ពីអវត្តមានរបស់លោកជា ស៊ីម ក្នុងពិធីផ្លូវការនេះ ក៏ប៉ុន្ដែលោកមិនមានសេចក្ដីអត្ថាធិប្បាយអ្វីទេ។
ដោយឡែកលោកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យពីបញ្ហានយោបាយខ្មែរ មានប្រសាសន៍ថា មិនទាន់មានសញ្ញាកើតចេញពីបញ្ហានយោបាយនៅជុំវិញការចាកចេញទៅព្យាបាលរោគរបស់លោកជា ស៊ីម នៅក្រៅប្រទេសនោះទេ។
«ដូចជាមិនមានស្នាមអ្វី មើលទៅឃើញថា មិនមានការសន្និដ្ឋានថា ទាក់ទងទៅនឹងរឿងនយោបាយអ្វីទេ ព្រោះថា មុនដល់ដំណាក់កាលហ្នឹង តែងតែមានហេតុការណ៍អ្វីកើតឡើងបណ្ដើរៗដែលគួរឲ្យចាប់អារម្មណ៍។ ខ្ញុំយល់ថា អវត្តមាននេះប្រហែលជាមកពីមូលហេតុអ្វីផ្សេងៗទៀត"។
យ៉ាងណាក៏ដោយ លោកអ៊ំ សារិទ្ធមានប្រសាសន៍ថា លោកជា ស៊ីមអាចនឹងវិលត្រឡប់មកបំពេញការងារវិញនៅសប្ដាហ៍ក្រោយ៕