ដោយចាប់ផ្តើមចេញពីការប្រជុំប្រចាំខែ ដែលមានការចូលរួមពីតំណាងសមាគមនានានិងពលរដ្ឋក្នុងសហគមន៍ វាគឺជាវិធីមួយដែលសហគមន៍ខ្មែរក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា កំពុងពង្រឹងសំឡេងរួបរួមគ្នាឱ្យមានប្រសិទ្ធភាពហើយឆ្លើយតបនឹងតម្រូវការនានារបស់សហគមន៍។
នៅចុងខែសីហាកន្លងទៅនេះគឺជាការប្រជុំប្រចាំខែមួយដែលអង្គការសហគមន៍ខ្មែរ ហៅកាត់ថា យូស៊ីស៊ី រៀបចំឡើងដើម្បីប្រមូលយកសំណូមពរនិងស្តាប់ក្តីកង្វល់នានារបស់ពលរដ្ឋក្នុងសហគមន៍ដើម្បីដាក់ជូនដល់ម្ចាស់ជំនួយ។
អង្គការសហគមន៍ខ្មែរដែលជាអង្គការមួយធ្វើការជាមួយនឹងពលរដ្ឋខ្មែរអាមេរិកាំងបានផ្តោតការងារលើការជួយបង្រៀនសមាជិកឱ្យចេះសម្តែងពីកង្វល់និងតម្រូវការរបស់ពួកគេ។
លោកស្រី សារ៉ា ប៉ុលលឹម នាយិកាប្រតិបត្តិនៃសហគមន៍ខ្មែរ បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិកថា៖
«យើងកំពុងតែចាប់ផ្តើមមានសំឡេងព្រោះសហគមន៍យើងទើបមានឱកាសបង្រៀនសមាជិកយើងថាទាល់តែយើងមានចិត្តសួរ ចិត្តចង់បាន ចិត្តចូលរួមនោះហើយដែលគេអាចឃើញ អាចដឹងថា យើងមានសំឡេង ហើយចេះធ្វើការជាមួយគ្នា វាចម្រើនសង្គមទាំងមូល»។
ទីក្រុងឡុងប៊ិចមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេបំផុតក្នុងសហរដ្ឋអាមេរិក ដោយមានចំនួនប្រហែលជាង៦០.០០០នាក់។ ពួកគេភាគច្រើនជាជនភៀសខ្លួនដែលបានមកតាំងទីលំនៅតាំងពីទសវត្សរ៍១៩៨០។ ប៉ុន្តែបើប្រៀបធៀបជាមួយសហគមន៍អាស៊ីដទៃទៀត ដូចជាវៀតណាមនិងចិនគឺសហគមន៍ខ្មែរហាក់ដូចជាទើបតែចាប់ផ្តើម ហើយមានការចូលរួមពីពលរដ្ឋដោយផ្ទាល់។
ក្នុងចំណោមបញ្ហាដែលសហគមន៍ខ្មែរក្នុងទីក្រុងឡុងប៊ិចជួបប្រទះមានដូចជាបញ្ហាភាសា ដែលជាឧបសគ្គមួយសម្រាប់ពួកគេក្នុងការប្រាស្រ័យគ្នាជាមួយនឹងកូនៗដែលកើតនៅសហរដ្ឋអាមេរិក បញ្ហាបែបបទអន្តោប្រវេសន៍ សេវាកម្មសង្គមខាងផ្នែកសុខភាព ការមិនសូវយល់ដឹងពីច្បាប់ទម្លាប់ក្នុងសហរដ្ឋអាមេរិក និងកង្វះឱកាសការងារជាដើម។ នេះបើតាមការបញ្ជាក់របស់អង្គការសហគមន៍ខ្មែរ។
ការប្រជុំនៅយប់ថ្ងៃទី២៤ ខែសីហាបានទាក់ទាញអ្នកចូលរួមជាង១០០នាក់ដោយមានទាំងមនុស្សវ័យចាស់និងយុវជនក្មេងៗ តំណាងមកពីសមាគមផ្សេងៗ តំណាងខាងផ្នែកជំនួញ និងម្ចាស់ជំនួយផងដែរ។ ពួកគេបានបែងចែកគ្នាជាក្រុមហើយសរសេរចូលនូវអ្វីដែលពួកគេចង់បានមុននឹងលើកយកមកបង្ហាញដល់អង្គប្រជុំទាំងមូល។
លោក វីក ម៉ាឌី ភ្នាក់ងារទទួលបន្ទុកខាងកិច្ចការសាធារណៈរបស់ក្រុមហ៊ុនធានារ៉ាប់រងស្តេតហ្វាម ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានបញ្ជាក់ថា នេះគឺជាការប្រជុំដែលលោកតែងតែចំណាយពេលមកចូលរួមដើម្បីចង់ដឹងពីតម្រូវការរបស់សហគមន៍និងអ្វីដែលក្រុមហ៊ុនអាចជួយបាន។
«ខ្ញុំចង់ដឹងគំនិតថា តើខ្ញុំអាចជួយសហគមន៍បានយ៉ាងណាខ្លះ? ថាតើសហគមន៍ខ្មែរគេត្រូវការអ្វីខ្លះ?ដើម្បីឱ្យខ្ញុំទៅ និយាយជាមួយស្តេតហ្វាមផ្ទាល់ដើម្បីឱ្យគេជួយខាងលុយ ខាងបុគ្គលិកមកដល់សហគមន៍ខ្មែរយើង»។
លោកម៉ាឌីបញ្ជាក់ថា ក្រុមហ៊ុនលោកបានផ្តល់សេវាជាច្រើនដល់សហគមន៍ខ្មែរ វៀតណាមចិននិងអេស្ប៉ាញ។ លោកឱ្យដឹងថា សហគមន៍ខ្មែរមានការយល់ដឹងតិចតួចពីបញ្ហាថវិកាដែលតម្រូវឱ្យខាងលោកត្រូវជួយពួកគេតាំងពីការធានារ៉ាប់រងជីវិត ការសុំប័ណ្ណឥណទាន ខ្ចីថវិកាទិញផ្ទះ និងទិញរថយន្ត ហើយក៏ជួយរហូតដល់បំពេញបែបបទសម្រាប់និស្សិតចូលមហាវិទ្យាល័យនិងការបំពេញបែបបទសុំចូលសញ្ជាតិជាដើម។
លោកស្រីក្រាញ់ វាសនា អ្នកចូលរួមម្នាក់ បានបញ្ជាក់ពីតម្រូវការក្នុងការចង់បានការជួយឧបត្ថម្ភដល់សិស្សដែលបញ្ចប់ការសិក្សាស្វែងរកការងារធ្វើ និងសេវាជួយថែរក្សាកុមារដើម្បីអាចឱ្យឪពុកម្តាយពួកគេទៅធ្វើការរកស៊ីបាន។
«យើងត្រូវតែបង្កើតកន្លែងមើលក្មេងឱ្យបានត្រឹមត្រូវ។ គឺយើងចង់បានអញ្ចឹង។ ហើយជួនកាលដូចជាក្មេងៗដែលរៀនចប់មធ្យមសិក្សា ហើយអាយុដែលអាចធ្វើការបាន គ្នារកការអត់មាន។ អត់បានការធ្វើទេ។ នេះគ្នាត្រូវការថវិកា ដោយសារឪពុកម្តាយមានប្រាក់ចំណូលទាប។ ពួកគេត្រូវការលុយដើម្បី ខ្លួនឯងផងដើម្បីក្នុងក្រុមគ្រួសារផង»។
ក៏មានអ្នកចូលរួមខ្លះទៀតចង់ឱ្យធានាបានបរិស្ថានអនាម័យល្អ និងសន្តិសុខដើម្បី ធ្វើដំណើរពេលយប់ដោយគ្មានការភ័យខ្លាចជាដើម។
លោកស្រីសារ៉ា ប៉ុលលឹម បញ្ជាក់ថា សំឡេងនិងសំណូមពររបស់សមាជិកសហគមន៍នឹងត្រូវបានយកចិត្តទុកដាក់ដោះស្រាយ។
«យើងកំពុងធ្វើជាគំរូ ដើម្បីឱ្យសហគមន៍ដទៃទៀត មានការយល់ ហើយឱ្យសង្គមខ្មែរយើងអ៊ំមីងដែលនៅក្នុងក្រុងនេះយល់ថា ពាក្យដែលគាត់និយាយមក គេនឹងធ្វើតាមគាត់ ព្រោះគេចង់ឱ្យឃើញ មានសុខភាពល្អ ចម្រើនសង្គម រួចផុតពីអំពើហិង្សាដែលគាត់អាចដើរយប់ កុំឱ្យខ្លាចមានអ្នកណាប្លន់អី ដែលគាត់ចង់បានអញ្ចឹង ដែលនេះជាឱកាសធ្វើឱ្យសំឡេងគាត់ប្រាប់ទៅគេ»។
កម្មវិធីនេះក៏អាចជួយដោះស្រាយបញ្ហាដែលយុវជនខ្មែរអាមេរិកាំងជួបប្រទះដែរ។
ពេញ ចេរ៉េមី និង ពេញ ចេន្នី ដែលជាបងប្អូននឹងគ្នា បានបញ្ជាក់ថា ពួកគេចង់ឱ្យមានការលើកយកការពិភាក្សារបៀបនេះឱ្យបានទូលំទូលាយនៅសាលាមធ្យមសិក្សាដើម្បី ជួយក្មេងដទៃទៀតឲ្យយល់ដឹងពីបញ្ហាដែលសង្គមរបស់ពួកគេជួបប្រទះ។
«បើមានកម្មវិធីនោះ នៅតាមសាលា នោះកូនក្មេងលែងខូច លែងជក់ ផឹកស៊ី ហើយខួរក្បាលពួកគេទៅត្រង់វិញ មិនបាច់ជាប់គុក ច្រវ៉ាក់ ហើយចេះស្តាប់ម៉ែស្តាប់ឪ»។
សម្រាប់អ្នកចូលរួម ក្តីសង្ឃឹមដ៏មុតមាំរបស់គេគឺការផ្តល់ឱ្យសហគមន៍ខ្មែរមួយដែលល្អប្រសើរជាងស្ថានភាពដែលគេកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ បើទោះបី នេះគ្រាន់តែជាជំហានតូចមួយក៏ដោយ៕