ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​និពន្ធ​ខ្មែរ​តាំង​ចិត្ត​បន្ត​ការ​សរសេរ​ទោះ​បី​ប្រឈម​នឹង​ការ​លំបាក


អ្នក​និពន្ធ​ខ្មែរ​មួយ​ក្រុម​​ជា​ភ្ញៀវ​សំខាន់​នៅ​ក្នុង​កម្មវិធី​មហោស្រព​​និពន្ធ​​រយៈ​ពេល​៤​ថ្ងៃ​មួយ​កាល​ពី​សប្តាហ៍​មុន​​ នៅ​​សាកលវិទ្យាល័យ​ប្រោន នា​ក្រុង​ប្រូវីដិនស៍ រដ្ឋ​រ៉ូដអាយឡិនដ៍ សហរដ្ឋ​អាមេរិក​។
អ្នក​និពន្ធ​ខ្មែរ​មួយ​ក្រុម​​ជា​ភ្ញៀវ​សំខាន់​នៅ​ក្នុង​កម្មវិធី​មហោស្រព​​និពន្ធ​​រយៈ​ពេល​៤​ថ្ងៃ​មួយ​កាល​ពី​សប្តាហ៍​មុន​​ នៅ​​សាកលវិទ្យាល័យ​ប្រោន នា​ក្រុង​ប្រូវីដិនស៍ រដ្ឋ​រ៉ូដអាយឡិនដ៍ សហរដ្ឋ​អាមេរិក​។

អ្នក​និពន្ធ​កម្ពុជា​មួយ​ក្រុម​បាន​ប្តេជ្ញា​បន្តការ​តែង​និពន្ធ​របស់​ខ្លួន​ទោះ​បី​ជា​ប្រឈម​នឹងការ​គំរាម​កំហែង និង​ផលវិបាក​សេដ្ឋកិច្ច​ក៏​ដោយ។ នេះ​គឺ​ជា​អ្វី​ដែល​អ្នក​និពន្ធ​កម្ពុជា​បាន​ប្រាប់​អ្នក​ចូល​រួម​ក្នុង​មហោស្រព​សេរីភាព​តែង​និពន្ធ​អក្សរសិល្ប៍​អន្តរជាតិ​ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​សាកល​វិទ្យាល័យ​ប្រោន​ (Brown University) ​ក្នុង​ទីក្រុង​ប្រូវីដិនស៍​ (Providence) រដ្ឋ​ រ៉ូដអាយឡិនដ៍ (Rhode Island) ​សហរដ្ឋ​អាមេរិក​ ចាប់​ពី​ថ្ងៃ​ទី​១៤​ដល់​១៧​ខែ​មិនា​ឆ្នាំ​២០១១។

លោក​ ខូ តារាឫទ្ធិ ដែល​ជា​អ្នក​ទទួល​បាន​អាហារូបករណ៍​នៃ​កម្មវិធី​អ្នក​និពន្ធ​អន្តរជាតិ នៃ​សាកល​វិទ្យាល័យ​ប្រោន​ថ្លែង​ថា​ ផលវិបាក​ដែល​លោក​ជួប​ប្រទះ​នឹង​មិន​អាច​បញ្ឈប់​លោក​ពី​ការសរសេរ​បញ្ចេញគំនិត​របស់​លោក​ស្តី​អំពី​បញ្ហា​សង្គម​បច្ចុប្បន្ន​កម្ពុជា​ទេ។

«បើ​យើង​ដុះ​មក​ជា​ឈូក​ហើយ​ យើង​មិន​អាច​ប្រែ​ក្លាយ​ជា​អ្វី​ផ្សេង​ទៀត​ទេ។ វា​មាន​សារជាតិ​ពី​កំណើត​របស់​យើង​តែ​ម្តង​ថា​យើង​នឹង​ធ្វើ​អញ្ចឹង។ ខ្ញុំ​ក៏​មិន​មែន​ជា​អ្នក​ដែល​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​គ្រោះ​ថ្នាក់​ទាំងឡាយ​ដោយ​សារ​តែ​មុខ​របរ​ទាំង​ហ្នឹង​ដែរ ព្រោះ​ខ្ញុំ​អត់​មាន​កាន់​អាវុធ​ណា៎។ ខ្ញុំ​អត់​មាន​ទៅ​លួច​ទៅ​ប្លន់​គេ​ណា៎។ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​សរសេរ​ម្នាក់​តើ។ បាទ ខ្ញុំ​សរសេរ​តាម​បែប​របស់​ខ្ញុំ។ ខ្ញុំ​មើល​ឃើញ​បញ្ហា​ក្នុង​សង្គម​ខ្ញុំ​សរសេរ»។

ដូចគ្នា​នេះ​ដែរ លោក​ស្រី​ ខាថឺរីន​ ហ្វ៊ីលូក្ស​ (Catherine Filloux) អ្នក​និពន្ធ​ល្ខោន​អំពី​កម្ពុជា​ និង​ជា​ជនជាតិ​អាមេរិកដើមកំណើត​បារាំង​ បាន​ប្រាប់​វីអូអេ​ខ្មែរ​នៅ​ឯ​មហោស្រព​សេរីភាព​ក្នុង​ការ​តែង​និពន្ធ​អក្សរសិល្ប៍​អន្តរជាតិ​ ថា​កម្ពុជា​មាន​ប្រពៃណី​ និង​កេរដំណែល​សិល្បៈ​ធំធេង​ណាស់​ ហើយ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ គឺ​មាន​គំនិត​សិល្បៈ​ និង​ជា​អ្នក​សិល្បៈ​ដ៏​អស្ចារ្យ​ ដែល​គេ​អាច​មើល​ឃើញ​ភស្តុតាង​ជា​ច្រើន​នៅ​អង្គរ​វត្ត​ នៅ​ក្នុង​ស្ថាបត្យកម្ម​របស់​គេ​ និង​នៅ​ក្នុង​គ្រប់​ទម្រង់​នៃ​សិល្បៈ​របស់​គេ​ទាំង​អស់។

«ខ្ញុំ​យល់​ថា មាន​មនុស្ស​ដូចជា​ ម៉ម សុខលី​ ឈុន ស៊ីណា​ អៀង​ ស៊ីធុល និង​ខូ តារាឫទ្ធិ ដែល​ត្រូវបន្ត​កិច្ចការ​សិល្បៈ​របស់​ខ្លួន គឺមិន​ត្រឹម​តែ​ជា​ចំណង់​របស់​គេ​ប៉ុណ្ណោះ​ទេ​ តែ​ខ្ញុំ​ជឿ​ថា គេ​មាន​ជំនឿ​ថា នេះ​គឺ​ជា​បេសកម្ម​របស់​គេ ក្នុង​ការ​បន្ត​កេរដំណែល​របស់​គ្រូ​របស់​គេ។ ខ្ញុំ​យើង​ថា កត្តា​នេះ​គឺ​ជា​ថាមពល​ជំរុញ​ឲ្យ​ពួក​គេ​បន្ត​កិច្ចការ​របស់​ពួក​គេ ទោះ​បី​ជា​មាន​ស្ថានភាព​ដ៏​លំបាក និង​មាន​ផលវិបាក​ខាង​សេដ្ឋកិច្ច​ក្នុង​ជីវិត​ជា​អ្នក​សិល្បៈក៏​ដោយ»។

កម្មវិធី​សេរីភាព​នៃ​ការ​សរសេរ​ នៃ​សាកលវិទ្យាល័យ​ប្រោន​ បាន​ចាប់​ផ្តើម​ឡើង​កាល​ពី​២០​ឆ្នាំ​កន្លង​មក ក្រោយ​ពី​មាន​ការ​សម្លាប់​រង្គាល​នៅ​ទីលាន​ធាណាមេន (Tiananmen Square)។ នេះ​បើ​តាម​សម្តី​របស់​លោក រ៉ូប៊ើត ឃូវ័រ (Robert Coover) ដែល​ជា​សាស្ត្រាចារ្យ​នៃ​កម្មវិធី​សិល្បៈ​អក្សរសិល្ប៍​ នៅ​សាកល​វិទ្យាល័យ​ប្រោន។

សាស្ត្រាចារ្យ​ រ៉ូប៊ើត ឃូវ័រ​ មាន​ប្រសាសន៍​ថា​ គំនិត​នៃ​ការ​បង្កើត​កម្មវិធី​នេះ​គឺ​ក្នុង​គោលបំណង​ នាំ​យក​អ្នក​និពន្ធ​ទាំង​ឡាយ​ដែល​មាន​បញ្ហានៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន ឬ​ប្រឈម​នឹង​ការ​គំរាម​កំហែង ឬ​ជាប់​ពន្ធនាគារ។​ កម្មវិធី​ផ្តល់​អាហារូបករណ៍​ដល់​អ្នក​និពន្ធ។ អ្នក​និពន្ធ​ទី​១ ដែល​ទទួល​បាន​អាហារូបករណ៍​គឺ​មក​ពី​ប្រទេស​អ៊ីរ៉ង់ ប៉ុន្តែ​ឆ្នាំ​នេះ កម្មវិធី​ផ្តល់​អាហារូបករណ៍​ឲ្យ​អ្នក​និពន្ធ​ខ្មែរ​ម្នាក់​គឺ លោក​ ខូ តារាឫទ្ធិ ដែល​បាន​សរសេរ​កំណាព្យ ​ប្រលោមលោករឿង​ខ្លីៗ​មួយ​ចំនួន ដើម្បី​ឆ្លុះ​បញ្ចាំង​តថភាព​ និង​បញ្ហា​សង្គម​នានា​ដែល​មាន​នៅ​កម្ពុជា។

ដោយ​មាន​វត្តមាន​របស់​លោក​ ខូ តារាឫទ្ធិ សាស្រា្តចារ្យ​ឃូវ័រ មាន​ប្រសាសន៍​ថា វា​អាច​មាន​ប្រយោជន៍​ច្រើន​ក្នុងការ​រៀប​ចំមហោស្រព​សេរីភាព​តែង​និពន្ធ​អក្សរសិល្ប៍​អន្តរជាតិ ស្តី​ពី​ការ​ជំរុញ​ឲ្យ​មាន​សំឡេង​ខ្មែរ​ ដែល​មហោស្រព​នេះ​ផ្តោត​ជា​ពិសេស​ទៅ​លើ​ស្ថានភាព​តែង​និពន្ធ​នៅ​កម្ពុជា​ និង​ក្នុង​តំបន់។ មហោស្រព​ចាប់​ផ្តើម​ដោយ​ផ្តោត​ទៅ​លើ​បញ្ហា​នៅ​ក្នុង​ពិភពលោក ហើយ​បង្វែរ​ទិសដៅ​ទៅ​លើ​ទំនាក់​ទំនង​ប្រវត្តិសាស្រ្ត​រវាង​អាមេរិក កម្ពុជា និង​វៀតណាម។ ប្រធានបទ​នេះ​បាន​ទាក់​ទាញ​កវី​កំណាព្យ និង​អ្នក​និពន្ធ​វៀតណាម​មួយ​ចំនួន អតីត​ទាហាន​អាមេរិក​ក្នុង​សង្គ្រាម​វៀតណាម​ ដែល​ជា​អ្នក​និពន្ធ។ ថ្ងៃ​ព្រហស្បតិ៍​ដែល​ជា​ថ្ងៃ​ចុងក្រោយ​គឺ​ផ្តោ​ត​ទៅ​លើ​កម្ពុជា​ពេញ​មួយ​ថ្ងៃ​។

លោក ខូ តារាឫទ្ធិ អាយុ​៣៨​ឆ្នាំ ជាអ្នក​សិក្សា​ស្រាវជ្រាវ​ខ្មែរ​ដែល​បាន​ទទួល​អាហារូបករណ៍ក្នុង​កម្មវិធី​អ្នក​និពន្ធ​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ប្រោន សហរដ្ឋ​អាមេរិក ប្រចាំ​ឆ្នាំ​សិក្សា​២០១០-២០១១។
លោក ខូ តារាឫទ្ធិ អាយុ​៣៨​ឆ្នាំ ជាអ្នក​សិក្សា​ស្រាវជ្រាវ​ខ្មែរ​ដែល​បាន​ទទួល​អាហារូបករណ៍ក្នុង​កម្មវិធី​អ្នក​និពន្ធ​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ប្រោន សហរដ្ឋ​អាមេរិក ប្រចាំ​ឆ្នាំ​សិក្សា​២០១០-២០១១។

លោក ខូ តារាឫទ្ធិ​ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី​បេក្ខជន​ឧទ្ទេសនាម​រាប់​រយ​នាក់​សម្រាប់​កម្មវិធី​នេះ។ យោង​តាម​សាស្រ្តាចារ្យ​ ឃូវ័រ បេក្ខភាព​របស់​លោក​ខូ តារាឫទ្ធិ មាន​ការទាក់​ទាញ​ពី​ព្រោះ​ប្រជាពលរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក​ ជាពិសេស​សហគមន៍​សាកលវិទ្យាល័យ​ប្រោន​ មាន​ការ​យល់​ដឹង​តិចតួច​បំផុត​អំពី​អក្សរ​សិល្ប៍​កម្ពុជា ហើយ​ជំនាន់​លោកខូ តារាឫទ្ធិ​គឺ​ជា​ជំនាន់​ថ្មី ដែល​តំណាង​ឲ្យ​ការ​ងើប​ឡើងថ្មី​នៃ​អ្នក​សិល្បៈ និង​អ្នក​និពន្ធ។ ដូច្នេះ​វាជា​ការ​សំខាន់​ក្នុង​ការ​យក​គាត់​មកសិក្សា​ស្រាវជា្រវនេះ។ សាស្រ្តាចារ្យ​ ឃូវ័រ​មាន​ប្រសាសន៍​ថា៖

«វាជាការ​ល្អ​ប្រសិន​បើ​អ្នក​អាច​រក​បាន​បេក្ខជន​ដែល​មាន​សមត្ថភាព​ពី​តំបន់​ដែល​សាកលវិទ្យាល័យមិន​ទាន់​បាន​យក​ចិត្ត​ទុក​ដាក់។ ហើយ​ជា​ការ​ពិត​ណាស់​ថា យើង​គ្មាន​កម្មវិធី​ស្តីអំពី​កម្ពុជា​ ឬ​វៀតណាម​ទេ។ យើង​មាន​សហគមន៍​កម្ពុជា​ដ៏​ធំ​នៅ​ទី​នេះ។ អ្នក​ដឹង​ទេ គេ​គិតថា សាកលវិទ្យាល័យ​ប្រោន គឺ​នៅ​កន្លែង​មួយ​ក្នុង​ពិភព​ផ្សេង​ទៀត។ ដោយ​មាន​អ្វី​មួយ​ដែល​អាច​ទាក់​ទាញ​គេ​ឲ្យ​មក​ចូល​ក្នុង​បរិវេណ​សាកលវិទ្យាល័យ ហើយ​ទាក់​ទាញ​គេ​ឲ្យ​ចូល​មក​ ហើយ​ការណ៍​ដែល​បង្កើត​សហគមន៍​ជា​មួយ​មនុស្ស​ទាំង​នេះ គឺ​ពិត​ជា​ទិដ្ឋភាព​ដ៏មាន​តម្លៃ​ដែល​កើត​ចេញ​ពីអ្វី​ដែល​យើង​កំពុង​ព្យាយាមធ្វើ»។

អ្នក​ស្រី​ឌ្យូឌីធ​ កាតាន​ (Judith Katan)​ ដែល​បើក​ពីរដ្ឋ​ខូណិកទីខាត់​ (Connecticut) ដើម្បី​មក​ចូលរួម​ក្នុង​មហោស្រព​នេះ បាន​ប្រាប់​វីអូអេ ខ្មែរ​ថា ការ​ពិភាក្សា​គឺ​ពេញ​ដោយ​គំនិត និង​ព័ត៌មាន អំពី​បទ​ពិសោធរបស់​មនុស្ស​ អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​ចំពោះ​សិល្បៈ​របស់​គេ អំពី​ពិភព​ប្រកប​ដោយ​ការ​ឆ្នៃ​ប្រឌិត​របស់​គេ អំពី​ជីវិត​ប្រកប​ដោយ​ឆ្នៃ​ប្រឌិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​ក្នុង​សង្គម​របស់​គេ​នៅ​សហរដ្ឋ​អាមេរិក។ លោក​ស្រី​កាតាន​បន្ត​ថា៖

«ខ្ញុំ​ពិត​ជា​យល់​ថា អ្វីៗ​គ្រប់យ៉ាង​ពិត​ជា​ធ្វើ​ឲ្យ​រំជួល​ចិត្ត​ខ្លាំង​ណាស់។ ពិត​ណាស់​ថា ការ​ស្តាប់​រឿង​រ៉ាវ​របស់​មនុស្ស​តែង​តែ​ធ្វើ​ឲ្យ​យើង​រៀន និង​យល់​ដឹង​ថែម​ទៀត។ ដូច្នេះ​ខ្ញុំ​រៀន​បាន​ច្រើន ពី​ការ​ស្តាប់​រឿង​របស់​គេ។ វាគ្មិន​ម្នាក់ៗមាន​រឿង​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍។ អ្នក​ដឹង​ទេ ខ្ញុំ​មិន​អាច​និយាយ​សង្ខេប​ឲ្យ​បាន​គ្រប់​គ្រាន់​អំពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នោះ​ទេ​ ប៉ុន្តែ​ការ​តស៊ូ​ទាំង​ឡាយ​ដែល​នៅ​តែ​ត្រូវបាន​បន្ត​នៅ​កម្ពុជា​ សម្រាប់​អ្នក​ដែល​ព្យាយាម​ទទួល​ព័ត៌មាន​ និង​ផលិត​ព័ត៌មាន។ ខ្ញុំ​ដឹង​អំពី​រឿង​នេះពី​ព័ត៌មាន​ ប៉ុន្តែ​ការណ៍​ដែល​បាន​ស្តាប់​អ្នក​បាន​ប្រាប់​អំពី​រឿង​នេះ​ដោយ​ផ្ទាល់​គឺ​ពិត​ជា​រំជូល​ចិត្ត​ និង​ក្រៀម​ក្រំណាស់»។

តារា​ហ៊ីបហប់ ខ្មែរ​អាមេរិក​ប្រាជ្ញ លី គឺ​ជា​វាគ្មិន​ម្នាក់​ក្នុងមហោស្រព​សេរីភាព​ក្នុង​ការ​តែង​និពន្ធ​អក្សរសិល្ប៍​អន្តរជាតិនេះ។ លោក ប្រាជ្ញ លី​ ដែល​រស់​នៅ​ទីក្រុង​ឡងប៊ិច​ រដ្ឋ​កាលីហ្វ័រញ៉ា ថ្លែង​ថា វា​ជា​កិត្តិយស​ណាស់​ដែល​លោក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​មហោស្រព​នេះ ដែល​បាន​ផ្តល់​ឱកាស​លោក​បាន​ទាក់​ទង​អ្នក​និពន្ធ​កម្ពុជា​ផ្សេងៗ​ទៀត។​ លោក​ប្រាជ្ញ លី ថ្លែង​ថា៖

«ខ្ញុំ​ពេញ​ចិត្ត​ណាស់ ពីព្រោះ​ខ្ញុំ​អាច​ភ្ជាប់​បណ្តាញ​ និង​បាន​ឃើញ​អ្នក​ទាំង​នេះ​មាន​ទិសដៅ​ដូចខ្ញុំ​ដែរ ហើយ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ និង​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ ដូច​លោក តារារិទ្ធ ជា​ដើម។ គាត់​ដាក់ជីវិតគាត់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ ដោយ​និយាយ​ចេញ​មក​នូវ​អ្វី​ដែល​គាត់​ចង់​និយាយ។ គា្រន់​តែ​មួយ​សប្តាហ៍​នេះ គាត់​ក្លាយ​ជា​វិរបុរស​របស់ខ្ញុំ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ដែរ ថា អ្វី​ដែល​គាត់​និយាយ​គឺ​ជា​ពិត​ជា​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ អ្នក​ដឹង​ទេ យើង​មិនឯកោ​នោះ​ទេ។ យើង​មិន​ឯកោ​ក្នុង​ការ​ប្រយុទ្ធនោះ​ទេ»។

នៅ​ពេល​ដែលសួរ​ថា តើ​តន្រ្តី​របស់​គាត់​ផ្តល់​វិភាគ​ទាន​ទេ​ចំពោះ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​សង្គម​កម្ពុជា លោក​បា្រជ្ញ លី និយាយថា គាត់​ដឹង​ថា ប្រជាពលរដ្ឋ​ស្តាប់​ចម្រៀង​របស់​គាត់។ ចម្រៀង​របស់​គាត់​មាន​ការ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​រដ្ឋាភិបាល ប៉ុន្តែ​អ្វី​ដែល​គាត់​ព្យាយាម​ធ្វើ​គឺ​លើក​ឡើង​ពី​បញ្ហា​សង្គម។ លោក ប្រាជ្ញ​ លី​បន្ត​ថា ប្រសិន​បើ​រដ្ឋា​ភិបាល​និយាយថា ខ្ញួន​ហាម​ប្រាម​ចម្រៀង​របស់​គាត់ គឺ​មាន​ន័យ​ថា ចម្រៀង​របស់​គាត់​គឺ​ត្រូវ​បាន​រិត​ត្បិត​ ហើយ​រដ្ឋាភិបាល​មាន​អារម្មណ៍​ថា តន្រ្តី​របស់​គាត់​គឺ​ជា​ការ​គំរាម​មួយ​ដល់​ខ្លួន ពីព្រោះ​ប្រជាពលរដ្ឋ​ស្តាប់​វា។ លោក​ប្រាជ្ញ បន្ត​ទៀត​ថា៖

«វា​ពិត​ជា​មាន​ផល​ប៉ះពាល់​ក្នុង​ទម្រង់​ណា​មួយ​ និង​មធ្យោបាយ​ណាមួយ ប៉ុន្តែ​ខ្ញំ​មិនដឹក​នាំ​គេ​ទេ។ ខ្ញុំ​មិន​និយាយ​ថា យើង​គួរ​ធ្វើ​នេះ យើង​គួរធ្វើ​នោះ​ទេ។ ខ្ញុំ​និយាយ​ថា នេះ​គឺ​ជា​បញ្ហា។ យើង​ត្រូវ​ការ​ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ។ ខ្ញុំ​មិន​មែន​ជា​អ្នក​នយោបាយ​ទេ។ ខ្ញុំ​គឺ​ជា​តន្រ្តីករ។ ខ្ញុំ​ជា​សិល្បៈករ។ ដូច្នេះ​ខ្ញុំ​នឹង​មិន​បញ្ជា​ថាគួរ​ធ្វើ​យ៉ាង​នេះ យើង​គួ​ធ្វើ​យ៉ាង​នោះ​ទេ។ វា​មិន​មែន​ជា​កិច្ច​ការ​របស់​ខ្ញុំ​ទេ។ ខ្ញុំ​មិន​មែន​ត្រូវ​គេ​បោះ​ឆ្នោត​ឲ្យ​ធ្វើ​ដូច្នេះ​ទេ»។

មហោស្រព​សេរីភាព​ក្នុង​ការ​តែង​និពន្ធ​អក្សរសិល្ប៍​អន្តរជាតិត្រុវ​បាន​បញ្ចប់​ទៅ​ដោយ​មាន​ការ​អាន​ស្នាដៃ​ផ្ទាល់​ ដោយកវី​ប្រលោម​លោក​ ដ្យេហ្វ រ៉ៃមិន (Geoff Ryman) អ្នក​និពន្ធ​ប្រលោមលោក​បែប​វិទ្យាសាស្ត្រ​ បែប​គំនិត​ស្រមើ​ស្រមៃ និង​បែប​មនោគតិ​និយម ហើយ​ជា​អ្នក​និពន្ធ​សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា ចម្រៀង​ចុង​ក្រោយ​របស់​ព្រះ​រាជា (the King's Last Song) ហើយ​បន្ទាប់​មក​មាន​លោក​ប្រាជ្ញ លី​ និង​ក្រុម​តន្ត្រី​របស់​លោក​សម្តែង​ និង​ប្រគុំ​តន្ត្រី​ រែប និង​ហ៊ីបហប់ ដែល​ជា​តន្រ្តី​សម្រាប់​យុវវ័យ ដែល​មាន​អ្នក​ចូល​ទស្សនា​យ៉ាង​ច្រើន​កុះករ៕

XS
SM
MD
LG