ដោយគង់ សុឋានរិទ្ធ រាយការណ៍ពីរាជធានីភ្នំពេញ
ជាងមួយឆ្នាំមកហើយដែលប្រធានរដ្ឋបាលសាលាក្ដីខ្មែរក្រហម លោកស៊ាន វិសុទ្ធ បានសម្រាកពីការងារដោយហេតុផលព្យាបាលជម្ងឺ។ រហូតមកទល់ពេលនេះ ការវិលត្រឡប់ទៅកាន់កៅអីរបស់លោកវិញនៅតែមិនទាន់ច្បាស់លាស់នៅឡើយ។ មន្រ្ដីផ្លូវការរបស់សាលាក្ដីពិសេសនេះ បានអះអាងថា អវត្តមានរបស់លោកស៊ាន វិសុទ្ធ មិនបានរំខានដល់ដំណើរការរបស់សាលាក្ដីខ្មែរក្រហមនោះទេ ជាពិសេសដំណើរការឆ្ពោះទៅរកការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមក្នុងសំណុំរឿងលេខ០០២។ ក៏ប៉ុន្ដែមន្ដ្រីសង្គមស៊ីវិលយល់ឃើញផ្ទុយពីនេះ ដោយលើកឡើងថា ការទុកដំណែងប្រធានរដ្ឋបាលឲ្យនៅទំនេរដោយមិនមានការដោះស្រាយអ្វីនោះ អាចនឹងជះឥទ្ធិពលអាក្រក់ដល់សាលាក្ដី។
លោកគ្នុត រ៉ូសិនដ៍ហហ្គ (Knut Rosandhaug) អនុប្រធានរដ្ឋបាលសាលាក្ដីខ្មែរក្រហម បានបង្ហាញពីភាពចែកដាច់ស្រឡះក្នុងការជាប់ពាក់ពន្ធ័ជាមួយនឹងការឈប់សម្រាករបស់លោកស៊ាន វិសុទ្ធ ឬការបញ្ជូនលោកស៊ាន វិសុទ្ធ ទៅបំពេញការងារឡើងវិញ។ មន្ដ្រីអង្គការសហប្រជាជាតិដដែលនិយាយថា លោកមិនមានទំនាក់ទំនងជាមួយលោកស៊ាន វិសុទ្ធ ទេ ចាប់តាំងពីលោកស៊ាន វិសុទ្ធ ឈប់សម្រាកនោះមក ហើយក្នុងពេលនេះ លោកក៏មិនដឹងអំពីបញ្ហាសុខភាពរបស់លោកស៊ាន វិសុទ្ធដែរ។
លោក គ្នុតលើកឡើងថា លោកស៊ាន វិសុទ្ធមិនមែនជាមិត្តភ័ក្តិទេ គឺគ្រាន់តែជាសហការី ហើយលោកកំពុងសហការបានយ៉ាងល្អជាមួយប្រធានរដ្ឋបាលស្ដីទីគឺលោកក្រាញ់ តូនី។ លោកបន្តទៀតថា៖
«យើងមិនមែនជាមិត្តភ័ក្តិទេ។ យើងជាសហការី។ ខ្ញុំមិនលាយឡំគ្នារវាងមិត្តភ័ក្តិ និងសហការីទេ។ ខ្ញុំមិនមានយោបល់ទាក់ទងនឹងអ្នកណាដែលខ្ញុំនឹងធ្វើការជាមួយនោះទេ។ ខ្ញុំធ្វើការងារសម្រាប់ភាគីអង្គការសហប្រជាជាតិ ហើយរដ្ឋាភិបាលកម្ពុជានឹងចង្អុលថា អ្នកណាខ្ញុំនឹងធ្វើការជាមួយ។ វាគឺជាបុព្វសិទ្ធិរបស់រដ្ឋាភិបាល ក្នុងការតែងតាំងបុគ្គលិករបស់ខ្លួនក្នុងតុលាការ។ ខ្ញុំធ្វើការងារបានយ៉ាងល្អ និងទំនាក់ទំនងយ៉ាងល្អជាមួយប្រធានរដ្ឋបាលស្ដីទី និងជាមួយអ្នកដទៃទៀត»។
លោកស៊ាន វិសុទ្ធ បានសុំសម្រាកពីការងារចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០០៨ ដោយយោងទៅលើបញ្ហាសុខភាព។ ការសុំឈប់សម្រាករបស់លោក កើតឡើងស្របពេលដែលមានរឿងអាស្រូវពុករលួយក្នុងសាលាក្ដីខ្មែរក្រហម ដែលគេដឹងឮសុះសាយនាពេលចុងក្រោយនេះ។ ហើយបណ្ដាប្រទេសដែលចាប់អារម្មណ៍នឹងសាលាក្ដីពិសេសនេះ បានជំរុញឲ្យមានការដោះស្រាយលើបញ្ហានេះជាចាំបាច់។
កាលពីខែសីហា ឆ្នាំ២០០៨ លោកស៊ាន វិសុទ្ធ ធ្លាប់បាននិយាយថា លោកនឹងលាឈប់ពីការងារ ប្រសិនបើការចោទប្រកាន់អំពីអំពើពុករលួយត្រូវបានរកឃើញ នៅក្នុងនាយកដ្ឋានរដ្ឋបាលខាងភាគីកម្ពុជាដែលលោកកាន់កាប់នោះ។
ថ្វីបើពុំមានភាពជាក់លាក់ណាមួយ ក្នុងការវិលចូលទៅកាន់ការងារជាប្រធានរដ្ឋបាល យោងតាមប្រភពពីមន្ដ្រីមួយចំនួននៅទីស្ដីការគណរដ្ឋមន្ដ្រីបានឲ្យដឹងថា ពួកគេបានឃើញលោកស៊ាន វិសុទ្ធ ចាប់ផ្ដើមអង្គុយធ្វើការនៅទីស្ដីការគណរដ្ឋមន្ដ្រីអស់រយៈពេលជាងពីរសប្ដាហ៍មកហើយ។ ហើយការងាររបស់លោកស៊ាន វិសុទ្ធ ស្ថិតក្នុងក្របខ័ណ្ឌនៃខុទ្ទកាល័យលោកសុខ អាន ដែលជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីទីស្ដីការគណរដ្ឋមន្រ្ដី។
ទាក់ទងតាមទូរសព្ទ័នៅថ្ងៃច័ន្ទនេះ លោកស៊ាន វិសុទ្ធ ហាក់ដូចជាមានអារម្មណ៏រំខាន នៅពេលដែលត្រូវបានសាកសួរអំពីការចូលបម្រើការងាររបស់លោកឡើងវិញនៅក្នុងសាលាក្ដីខ្មែរក្រហម ។ ដោយមិនធ្វើអត្ថាធិប្បាយច្រើន លោកស៊ាន វិសុទ្ធ មានប្រសាសន៍យ៉ាងខ្លីមុននឹងលោកផ្ដាច់ខ្សែទូរសព្ទ័ថា ក្រៅពីមាននាទីជាប្រធានរដ្ឋបាលសាលាក្ដីខ្មែរក្រហម លោកក៏មានតួនាទីមួយទៀតដែរ គឺជាទីប្រឹក្សារាជរដ្ឋាភិបាល ហើយនៅពេលនេះ លោកមិនដឹងថា លោកនឹងចាប់ផ្ដើមការងាររបស់លោកនៅសាលាក្ដីខ្មែរក្រហមនៅពេលណានោះទេ។ លោកឆ្លើយតបតាមទូរស័ព្ទថា៖
«មិនទាន់កំណត់ទេ។ ខ្ញុំមានតួនាទីមួយទៀតគឺទីប្រឹក្សារដ្ឋាភិបាល»។
សូមរំលឹកថា កាលពីដើមឆ្នាំ២០០៧ អង្គការច្បាប់មួយរបស់សហរដ្ឋអាមេរិក (OSJI) បានបរិហារថា ខ្លួនបានទទួលព័ត៌មានថា បុគ្គលិកកម្ពុជាក្នុងសាលាក្តីខ្មែរក្រហមបានចំណាយប្រាក់ខែមួយផ្នែករបស់ពួកគេ ចែករំលែកដល់មន្រ្តីរដ្ឋាភិបាលជាថ្នូរនឹងមុខដំណែងដែលពួកគេទទួលបាន។ ប៉ុន្តែការលើកឡើងនោះត្រូវបានបដិសេធដោយភាគីកម្ពុជា។
ការិយាលយ័ត្រួតពិនិត្យកិច្ចការផ្ទៃក្នុងរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉កបានពិនិត្យមើលបញ្ហានេះ បន្ទាប់ពីមានបណ្ដឹងពីបុគ្គលិកខ្មែរម្នាក់។
ដោយសារតែស្ថិតក្នុងការស៊ើបអង្កេតពីសំណុំរឿងពុករលួយនេះ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានបង្កកប្រាក់ខែសម្រាប់បុគ្គលិកខ្មែរក្នុងសាលាក្ដីខ្មែរក្រហមចំនួនជាង៧០ ម៉ឺនដុល្លារអស់មួយរយៈ។ ក្រោយមកគណកម្មការមួយត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយការចោទប្រកាន់អំពីអំពើពុករលួយនេះ មុននឹងបង្កើតក្រុមប្រឹក្សាឯករាជ្យមួយក្រុម ដែលដឹកនាំដោយលោកអ៊ុត ឈន ប្រធានអាជ្ញាធរសវនកម្មជាតិ។
លោក គ្លុត រ៉ូសិនដ៍ហហ្គ អនុប្រធានរដ្ឋបាលសាលាក្ដីខ្មែរក្រហមបញ្ជាក់បន្ថែមថា លោកមិនបានទទួលរបាយការណ៍ណាមួយអំពីបញ្ហានេះទេ ដោយហេតុថា ការដោះស្រាយអំពើពុករលួយស្ថិតនៅខាងភាគីកម្ពុជា។
កាលពីដើមខែមករា ឆ្នាំ២០០៩ មេធាវីបរទេសចំនួន៣រូបរបស់លោកនួន ជា អតីតប្រធានសភាខ្មែរក្រហម ដែលកំពុងជាប់ឃុំឃាំងបណ្ដោះអាសន្ន បានប្ដឹងទៅកាន់តុលាការក្រុងភ្នំពេញដើម្បីប្រឆាំងនឹងអំពើពុករលួយនៅក្នុងសាលាក្ដីពិសេសនេះ។ ក្នុងបណ្ដឹងនោះ លោកសហមេធាវី មីស្ស៊ែល ផេសមែន (Michiel Pestman) អមដោយមេធាវីជំនួយការពីររូបផ្សេងទៀត គឺលោកវិកទ័រ ខូបប៍ (Victor Koppe) និងលោកអ៊ែនឌ្រូ អ៊ីនុហ្ស៊ី (Andrew Ianuzzi) បានផ្ដោតទៅលើលោកស៊ាន វិសុទ្ធ និងលោកកែវ ធីវុធ អតីតប្រធានផ្នែកបុគ្គលិកកម្ពុជាក្នុងសាលាក្ដីខ្មែរក្រហមជាគោលដៅសំខាន់។
មេធាវីបរទេសទាំងបីបានថ្លែងថា អំពើពុករលួយនៅក្នុងសាលាក្ដីខ្មែរក្រហមធ្ងន់ធ្ងរខ្លាំងណាស់ ហើយអំពើពុករលួយនេះនឹងធ្វើឲ្យប៉ះពាល់ដល់យុត្តិធម៌កូនក្ដីរបស់លោក។ ក៏ប៉ុន្ដែ ក្រោយមកតុលាការក្រុងភ្នំពេញបានសម្រេចមិនចាត់ការក្នុងរឿងនេះវិញ។ ហើយលោកស៊ាន វិសុទ្ធក៏បានបន្ដ ស្ថិតនៅក្នុងកាលៈទេសៈនៃការសម្រាកពីការងារសាលាក្ដីខ្មែរក្រហម ដោយបញ្ហាសុខភាព។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា តួនាទីរបស់លោកស៊ាន វិសុទ្ធ មិនគួរបន្ដទុកទំនេរចោលដូច្នេះទេ។ វាអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការកាត់ទោសអ្នកជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងលេខ០០២ ដ៏មានសារៈសំខាន់។ សំណុំរឿងនេះ ដែលមានជនជាប់សង្ស័យ ដូចជា នួន ជា ខៀវ សំផង អៀង សារី អៀង ធារិទ្ធ និងអាចមានឌុច អតីតប្រធានគុកទួលស្លែងផងដែរ។ លោកឆាំង យុ ថ្លែងដូច្នេះថា៖
«ការដែលមិនដោះស្រាយតួនាទីរបស់លោកស៊ាន វិសុទ្ធ នេះ គឺថា វាបង្កឲ្យមានការមិនជ្រះស្រឡះមន្ទិលសង្ស័យ ហើយវាអាចប៉ះពាល់ដល់ដំណើរការទាំងមូលដែរ។ ឥឡូវនេះ ករណី០០២ មិនទាន់ចាប់ផ្ដើម គួរតែឆក់ឱកាសនេះ តុលាការដោះស្រាយបញ្ហានេះ មុនរឿងក្ដី០០២ ចាប់ផ្ដើមឡើងឲ្យវារលូន ឲ្យវាជ្រះស្រឡះ កែលំអរអ្វីដែលជាការខុសឆ្គង មិនគួរបន្ដនៅក្នុងសំណុំរឿង០០២»។
ថ្វីបើមន្រ្ដីសង្គមស៊ីវិលផ្សេងទៀត ដែលធ្វើការទាក់ទងនឹងដំណើរការកាត់ទោសពួកអតីតមេដឹកនាំ ខ្មែរក្រហមបានអះអាងថា ខ្លួនមិនបានជួបបញ្ហាអ្វី ជាពិសេសក្នុងទំនាក់ទំនងជាមួយសាលាក្ដី នៅពេលអវត្តមានរបស់ប្រធានរដ្ឋបាលលោកស៊ាន វិសុទ្ធ នោះក្តី ក៏លោកឆាំង យុ លើកឡើងថា មានបញ្ហាមួយចំនួនបានកើតឡើងជាក់ស្ដែង ទាក់ទងទៅនឹងការបញ្ជូនឯកសារដែលមានមិនភាពជាក់លាក់ក្នុងតម្រូវការ ត្រូវធ្វើទំនាក់ទំនងជាមួយមន្ដ្រីដឹកនាំរដ្ឋបាល។
ក៏ប៉ុន្ដែលោកគ្នុត រ៉ូសិនដ៍ហហ្គ មានប្រសាសន៏ថា ប្រសិនបើអង្គការសង្គមស៊ីវិល មានបញ្ហាអ្វីនោះ រូបលោកជាមួយនឹងលោកក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទីសាលាក្ដីខ្មែរក្រហម អាចជួយដោះស្រាយ ជូនពួកគេបាន។
លោក រាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម បញ្ជាក់បន្ថែមថា ថ្វីបើ លោកស៊ាន វិសុទ្ធ អវត្តមានពីការងារ ក៏ប៉ុន្ដែកិច្ចការសាលាក្ដីខ្មែរក្រហមពុំមានឧបសគ្គក្នុងដំណើររបស់ខ្លួននោះទេ។ លោករាជ សម្បត្តិបានថ្លែងដូច្នេះថា៖
«គាត់បានដាក់ពាក្យថាឈឺ ហើយគាត់សុំច្បាប់ អញ្ចឹងយើងអត់ដឹងថ្ងៃណាគាត់មកទេ ប៉ុន្ដែកិច្ចការនៅតុលាការអត់មានអ្វីស្ទះទេ។ គឺឯកឧត្តមក្រាញ់ តូនី គាត់ធ្វើកិច្ចការហ្នឹង បំពេញកន្លែងដែល ឯកឧត្តមស៊ាន វិសុទ្ធសម្រាកព្យាបាលជំងឺ»។
សូមបញ្ជាក់ថា ពុំមានមាត្រាណាមួយនៃវិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហម បានចែងច្បាស់លាស់ ពីករណីដែលកៅអីរបស់ប្រធានរដ្ឋបាលនៅទំនេរយូរពេកនោះទេ។ ក៏ប៉ុន្ដែមាត្រាទី ៣១ នៃច្បាប់ស្ដីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា ឬហៅថាសាលាក្ដីខ្មែរក្រហមបានចែងថា ប្រធានការិយាល័យរដ្ឋបាលត្រូវតែងតាំងដោយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់រយៈពេល ២ ឆ្នាំ ហើយអាចត្រូវបានតែងតាំងបន្ដទៀតបាន។
មន្រ្ដីឃ្លាំមើលដំណើរការសាលាក្ដីមួយចំនួនជឿថា លោកស៊ាន វិសុទ្ធ ទំនងជាត្រូវបោះបង់តួនាទីរបស់លោកជាប្រធានរដ្ឋបាលសាលាក្ដីខ្មែរក្រហម ហើយអង្គការសហប្រជាជាតិបានធ្វើមិនដឹងមិនឮចំពោះបញ្ហានេះ ដោយសារការរក្សាភាពស្ងៀមស្ងាត់ អាចជាប្រយោជន៏ក្នុងការរក្សាមុខមាត់ ទាំងភាគីកម្ពុជា និងភាគីអង្គការសហប្រជាជាតិសម្រាប់សាលាក្ដី ពិសេសនេះ នៅពេលដែលសាលាក្ដីនេះ បានទទួលរងនូវការរិះគន់អំពីអំពើពុករលួយរួចស្រេចទៅហើយនោះ៕