សាស្ត្រាចារ្យខ្មែរម្នាក់ទទួលបានរង្វាន់កិត្តិយសដ៏ល្បីល្បាញពីបណ្តាសាកលវិទ្យាល័យសហរដ្ឋអាមេរិក។
សាស្ត្រាចារ្យខ្មែរម្នាក់គឺអ្នកស្រីបណ្ឌិត ឆាន្នី សាក់ហាំហ្វ្រី ទទួលបានរង្វាន់កិត្តិយសដ៏ល្បីល្បាញពីគណៈគ្រប់គ្រងសាកលវិទ្យាល័យរដ្ឋហាវ៉ៃ ចំពោះការដែលអ្នកស្រីបានរៀបចំកម្មវិធីបង្រៀនភាសាខ្មែរបានល្អ ដល់និស្សិតមកពីបណ្តាប្រទេសនិងរដ្ឋផ្សេងៗ នេះបើតាមការអះអាងរបស់លោក John Mayer នាយកការិយាល័យផ្នែកភាសានិងអក្សរសាស្រ្តតំបន់ប៉ាស៊ីហ្វិក-ឥណ្ឌូចិនរបស់សាកលវិទ្យាល័យហាវ៉ៃ កោះManoa។
«កិច្ចការទាំងអស់របស់អ្នកស្រីឆាន្នី សាក់ហាំហ្រ្វី ទាក់ទងនឹងភាសាខ្មែរដែលអ្នកស្រីចំណាយពេលជាង២០ ឬ២៥ឆ្នាំនេះ បានបង្កើតជាកម្មវិធីដ៏ល្អឥតខ្ចោះបំផុតក្នុងស.រ.អ.»។
លោកថ្លែងប្រាប់ VOA ផ្នែកខេមរភាសាតាមទូរស័ព្ទយ៉ាងដូច្នេះ ដោយយោងថា អ្នកស្រីសាក់ហាំហ្រ្វីបានបង្កើតកម្មវិធីបង្រៀនភាសាខ្មែរជាសៀវភៅនិងថាស CD ហើយនិងបញ្ចូលកម្មវិធីក្នុងប្រព័ន្ធអេឡិចត្រូនិក internet ដើម្បីឲ្យអ្នករស់នៅកន្លែងផ្សេងៗ អាចរៀនភាសាខ្មែរបាន។
អ្នកស្រី ឆាន្នី សាក់ហាំហ្រី្វ ជនជាតិខ្មែរអាមេរិកាំងអាយុ៥៧ឆ្នាំ រស់នៅក្នុងរដ្ឋហាវ៉ៃមានកូន២នាក់ បានមករស់នៅប្រទេសអាមេរិកតាំងពីឆ្នាំ១៩៧២ ក្រោយពីទទួលបានអាហារូបករណ៍មកសិក្សានៅសាកលវិទ្យាល័យ East West Center ហើយអ្នកស្រីជាសាស្ត្រាចារ្យភាសាខ្មែរនៅសាកលវិទ្យាល័យ Hawaii University កោះManoa ជាច្រើនឆ្នាំហើយ មុនពេលអ្នកស្រីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសអាមេរិកផ្នែកភាសាសាស្ត្រ។ អ្នកស្រីបណ្ឌិតឆាន្នី សាក់ហាំហ្រី្វទទួលបានរង្វាន់ Regents’ Medal For Excellence in Teaching ឬជារង្វាន់មេដាយដ៏ឆ្នើមក្នុងការបង្រៀន ពីគណៈអភិបាលគ្រប់គ្រងសាកលវិទ្យាល័យទាំងអស់ក្នុងរដ្ឋហាវ៉ៃ ប្រចាំឆ្នាំ២០០៨ និងឆ្នាំ២០០៩។ អ្នកស្រីថ្លែងថា៖
«ខ្ញុំស្ញើបចិត្តខ្លួនឯង។ ខ្ញុំមិនសង្ឃឹមថា គេទទួលស្គាល់យើងបានប៉ុណ្ណឹងទេ ព្រោះខ្ញុំបានធ្វើការស្ម័គ្រចិត្តបង្រៀនហ្នឹងវា៣០ឆ្នាំជាងហើយ។ គេឲ្យប្រាក់ខែក៏ខ្ញុំបង្រៀន គេមិនឲ្យក៏ខ្ញុំបង្រៀន។ វាមិនជាសំខាន់ទេ។ ក៏ប៉ុន្តែដោយឃើញថា គេលើកស្ទួយអញ្ចឹង។ គេឲ្យរង្វាន់អញ្ចឹង ខ្ញុំនឹងមានចិត្តតទៅទៀត និងជួយភាសាខ្មែរយើងហ្នឹងឲ្យបានតទៅមុខទៀត។ អាហ្នឹងគឺថា បើយើងខំប៉ុណ្ណឹង គេសុំសរសើរយើងប៉ុណ្ណឹង។ យើងត្រូវខំតទៅទៀតដើម្បីឲ្យអ្នកដ៏ទៃទៀតគ្នាមាន លទ្ធភាពបង្រៀនភាសាខ្មែរយើងនៅសាកលវិទ្យាល័យផ្សេងៗ»។
ក្រោយពីមានការត្រួតពិនិត្យស្នាដៃ សម្ភារៈ ភស្តុតាងនានា គណៈអភិបាលសាកលវិទ្យាល័យបានផ្តល់រង្វាន់ដ៏ឆ្នើមនេះតាមការជ្រើសរើសចេញពីការប្រកួតប្រជែងជាមួយសាស្ត្រាចារ្យភាសារបស់ប្រទេសផ្សេងៗទៀត ដូចជាថៃ ឡាវ ភីលីពីន និងភាសាផ្សេងៗទៀតក្នុងតំបន់អាស៊ីអគ្នេយ៍ដែលមានកម្មវិធីបង្រៀនក្នុងសាកលវិទ្យាល័យហាវ៉ៃផងនោះ។
កម្មវិធីបង្រៀនភាសាដល់និស្សិតបរទេស និសិ្សតអាមេរិកាំង និស្សិតខ្មែរអាមេរិកាំងដែលមិនចេះភាសាខ្មែរ មាន៤វគ្គ ដែលត្រូវរៀនពីស្រះ ព្យញ្ជនៈ ហើយរៀនប្រកបពាក្យផ្សំ ពាក្យនិយាយសន្ទនា ស្តាប់ រៀនវេយ្យករណ៍ រៀនសរសេរសាកល្បងពីអ្វីមួយ និងរៀនពីកម្មវិធីផ្សេងៗទៀត។ អត្តបទភាសាខ្មែររបស់ VOA ផ្នែកខេមរភាសា និងសេចក្តីរាយការណ៍ជាសំឡេងក៏ត្រូវជ្រើសរើសយកមកចាក់ផ្សាយឲ្យសិស្សស្តាប់ដែរ នេះបើតាមការអះអាងបន្ថែមរបស់អ្នកស្រីឆាន្នី សាក់ហាំហ្វ្រី ដែលបានបន្ថែមថា និស្សិតត្រូវចំណាយពេលរៀន៤ឆ្នាំ ទើបទទួលបានសញ្ញាប័ត្របញ្ជាក់ការសិក្សា ហើយពេលបញ្ចប់នោះអាចចេះស្ទាត់ ប្រើការបានទាំងសរសេរ ស្តាប់ និងនិយាយ។
លោកស្រីបានអះអាងដែរថា មាននិស្សិតប្រមាណមួយពាន់នាក់ហើយដែលបាន រៀនជាមួយអ្នកស្រី ហើយមួយចំនួនទៅបម្រើការងារក្នុងប្រទេសកម្ពុជា ជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល អ្នកស្រាវជ្រាវ ជាដើម ហើយជាទូទៅមាននិស្សិតយ៉ាងតិច៣០នាក់ដែលរៀនភាសាខ្មែរក្នុងមួយត្រីមាស។
កញ្ញា Mariko Miyahiya អាយុ២៤ឆ្នាំ មកពីប្រទេសជប៉ុន ជានិស្សិតអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Hawaii University។ នាងជាសិស្សផ្នែកភាសាខ្មែររបស់សាស្រ្តាចារ្យ Channy Sak Humphry។ នាងបានរៀនភាសាខ្មែរមួយឆ្នាំហើយ។ នាងបាននិយាយសន្ទនាជាភាសាខ្មែរប្រាប់ VOA តាមទូរស័ព្ទពីរដ្ឋហាវ៉ៃ មកថា នាងរៀនភាសាខ្មែរ ព្រោះនាងមានមិត្តភ័ក្រខ្មែរច្រើន។ នាងចង់ជជែកលេង និងចង់ទៅធ្វើការនៅស្រុកខ្មែរក្នុងថ្ងៃអនាគត។
«ខ្ញុំចង់រៀនទៀតដើម្បីនិយាយលេងជាមួយគេទៀត ហើយខ្ញុំចង់ធ្វើការនៅស្រុកខ្មែរ នៅអង្គការដែរ»។
នៅពេលសួរថា តើនាងបានរៀនប៉ុន្មានឆ្នាំហើយ ចេះអ្វីខ្លះហើយមកដល់ពេលនេះ? នាង Mariko បានថ្លែងជាភាសាខ្មែរតបមកវិញភ្លាមៗថា «ខ្ញុំរៀនភាសាខ្មែរបានមួយឆ្នាំហើយ ហើយខ្ញុំរំពឹងថា នឹងទៅរៀនមួយឆ្នាំទៀត»។
នាងក៏បានថ្លែងដែរថា នាងឧស្សាហ៍ស្តាប់ VOA ខេមរភាសាដែរដើម្បីបង្កើនចំណេះដឹងភាសាខ្មែររបស់នាង។
អ្នកស្រី Channy Sak Humphry ដែលអះអាងពីការឆ្លៀតបង្រៀនតាម Internet ដោយអត់គិតថ្លៃនៅពេលទំនេរនោះ បានបន្ថែមថា អ្នកស្រីចង់ឲ្យកម្មវិធីរបស់អ្នកស្រីផ្នែកភាសាខ្មែរនេះបង្រៀននៅតាមសាកលវិទ្យាល័យក្នុងប្រទេសអាមេរិកឲ្យបានច្រើន។
«ខ្ញុំចូលចិត្តបង្រៀន ព្រោះខ្ញុំចង់ឲ្យមនុស្សជាទូទៅ និស្សិតនិងមនុស្សធម្មតា មិនមែនថាតែនិស្សិតសុទ្ធទេ ចេះដឹងអំពីភាសាខ្ញុំ។ ភាសាខ្មែរយើងយល់ច្បាស់អំពីអក្សរសាស្ត្រ ភាសាសាស្ត្រ និងវប្បធម៌ខ្មែរយើង»។
អ្នកស្រីបានថ្លែងថា នេះជាអ្វីដែលអ្នកស្រីអាចរួមចំណែកជួយប្រទេសកម្ពុជា ពីចម្ងាយ៕