កាលពីថ្ងៃសុក្រលោកនាយករដ្ឋមន្រ្តីហ៊ុន សែននៃប្រទេសកម្ពុជាបានរិះគន់យ៉ាងខ្លាំងលើវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី ដោយលោកនិយាយថាសេចក្តីរាយការណ៍របស់ពួកគេ«អន់ណាស់»។
លោកនាយករដ្ឋមន្រ្តីបានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយទាំងពីរនេះ ដែលផ្តល់ថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកស្ថិតនៅក្រោមក្រុមប្រឹក្សាភិបាលនៃការ ផ្សាយ ពីការបំភ្លៃព័ត៌មានឬគ្មានព័ត៌មានអ្វីទាំងអស់។
នាយករដ្ឋមន្រ្តីបានធ្វើអត្ថាធិប្បាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរអ្នកកាសែតរបស់ វីអូអេផ្សាយជាភាសាខ្មែរម្នាក់នៅឯសន្និសីទកាសែតក្នុងប្រទេសកម្ពុជា។ សំណួរនោះអំពីតុលាការខ្មែក្រហម ហើយលោកហ៊ុន សែននិយាយថាវាមិនមែនក្នុងប្រធានបទដែលត្រូវរាយការណ៍ដោយសន្និសីទសារព័ត៌មានទេដែលបានកើតមានឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីរបស់លោកហើយបានគ្របដណ្តប់ដោយសំណួរពីជម្លោះព្រំដែនកម្ពុជាជាមួយប្រទេសថៃ។
លោកហ៊ុន សែន បានសរសើរវិទ្យុបារាំងអន្តរជាតិហើយលោកបានស្នើផ្តល់ការងារឲ្យធ្វើដល់បុគ្គលិកខ្មែរនៅ វីអូអេ និងវិទ្យុអាស៊ីសេរីនៅស្ថានីយវិទ្យុក្នុងស្រុក។
វីអូអេសំឡេងសហរដ្ឋអាមេរិកបានឆ្លើយតបដល់សេចក្តីអត្ថាធិប្បាយរបស់នាយករដ្ឋមន្រ្តីដោយនិយាយថា «អ្នកយកព័ត៌មានរបស់វីអូអេនៅជុំវិញពិភពលោក រួមមានទាំងអ្នកកាសែតទាំងនោះដែលកំពុងរាយការណ៍ព្រឹត្តិការណ៍ក្នុងប្រទេសកម្ពុជា បានប្រកាន់បទដ្ឋាននៃភាពសុក្រិត និងភាពមិនលម្អៀង ទៅតាមបទដ្ឋានដែលកំណត់ដោយច្បាប់សហរដ្ឋអាមេរិក»។
រដ្ឋាភិបាលកម្ពុជាបានជំទាស់កាន់តែខ្លាំងឡើងដល់រឿងក្តីច្រើនជាងមុននៃការកាត់ទោសខ្មែរក្រហមដែលធ្វើឡើងតុលាការរួមកម្ពុជានិងអន្តរជាតិដែលកំពុងកាត់ទោសមេដឹកនាំខ្មែរក្រហមដែលបានគ្រប់គ្រងប្រទេសក្នុងចុងទសវត្សរ៍១៩៧០។ ប្រជាពលរដ្ឋជាង១លាននាក់បានស្លាប់នៅក្រោមរបបខ្មែរក្រហម អ្នកស្លាប់ជាច្រើនមកពីការដាច់ពោះស្លាប់ ឬធ្វើការជាទម្ងន់និងអ្នកខ្លះទៀតត្រូវគេសម្លាប់ចោល។
មេខ្មែរក្រហមម្នាក់បានត្រូវកាត់ឲ្យជាប់ទោសដោយតុលាការហើយ៤នាក់ផ្សេងទៀតនឹងត្រូវកាត់ទោស។ រដ្ឋាភិបាលនិយាយថាការកាត់ទោសបន្ថែម អាចធ្វើឲ្យគ្រោះថ្នាក់ដល់ស្ថិរភាពប្រទេសជាតិ។
វីអូអេសំឡេងសហរដ្ឋអាមេរិកផ្សាយព័ត៌មានជាង៤០ភាសាតាមរយៈរលកវិទ្យុអាកាសខ្លីនិងវិទ្យុ FM ទូរទស្សន៍ ផ្កាយរណបនិងប្រព័ន្ធអ៊ីនធឺណិត។ វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទៅកាន់ទ្វីបអាស៊ី។
ក្រុមប្រឹក្សាអភិបាលនៃការផ្សាយក៏មើលការខុសត្រូវវិទ្យុអឺរ៉ុបសេរី វិទ្យុ Liberty បណ្តាញផ្សាយព័ត៌មានតំបន់មជ្ឈិមបូព៌ា The Middle East Broadcasting Networks និងការិយាល័យផ្សាយទៅកាន់ប្រទេសគុយបា៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន