ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​គ្រោង​នឹង​សម្ភោធ​បើក​ស្ថាន​កុង​ស៊ុល​នៅ​ក្រុង​ Philadelphia​ នៅ​ខែ​កញ្ញា​


លោក​​​ហែម ហេង​ ឯក​អគ្គរាជ​ទូត​កម្ពុជា​​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ (រូបឆ្វេង) និង​ឯកឧត្តម​​ទៀ បាញ់​ឧបនាយក​រដ្ឋមន្រ្តី​ (រូបស្តាំ) នៅ​ឯ​វត្ត​ខ្មែរ​មួយ​ក្នុង​សហរដ្ឋអាមេរិក​។ ​
លោក​​​ហែម ហេង​ ឯក​អគ្គរាជ​ទូត​កម្ពុជា​​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ (រូបឆ្វេង) និង​ឯកឧត្តម​​ទៀ បាញ់​ឧបនាយក​រដ្ឋមន្រ្តី​ (រូបស្តាំ) នៅ​ឯ​វត្ត​ខ្មែរ​មួយ​ក្នុង​សហរដ្ឋអាមេរិក​។ ​

វ៉ាស៊ីនតោន៖​ ប្រទេស​កម្ពុជា​នឹង​បើក​ស្ថាន​កុង​ស៊ុល​កិត្តិ​យស​មួយ​ក្នុង​ទី​ក្រុង​ Philadelphia ​នៅ​ចុង​ខែ​កញ្ញា​នេះ​ ទី​ដែល​មាន​សហគមន៍​ខ្មែរ​រស់​នៅ​ច្រើន​ ក្នុង​គោល​បំណង​នាំ​យក​សេវា​កម្ម​ឱ្យ​បាន​ប្រសើរ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ ​និង​ក៏​ដើម្បីទាក់​ទាញ​ភ្ញៀវ​ទេសចរ​និង​អ្នក​វិនិយោគ​ទុន​ឱ្យ​ចូល​ទៅ​ប្រទេស​កម្ពុជា។

តាម​គម្រោង​ ស្ថាន​កុងស៊ុល​ថ្មី​នេះ​នឹង​ត្រូវ​សម្ភោធ​បើក​ដោយ​លោក ​ហោ​ ណាំហុង​ រដ្ឋ​មន្រ្តី​ក្រ​សួង​ការ​បរទេស​ខ្មែរ​ នៅ​ថ្ងៃទី២៥​ ខែ​កញ្ញា​ខាង​មុខ​នេះ។

លោក ​ហែម ហេង​ ឯក​អគ្គរាជ​ទូត​កម្ពុជាប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ក្នុង​បទ​សម្ភាស​មួយ​ថា​ នេះ​ជា​ស្ថាន​កុង​ស៊ុល​កិត្តិយស​ទី​បី​ហើយ​ដែល​កម្ពុជា​បើក​នៅ​សហរដ្ឋ​អាមេរិក។

«គោល​បំណង​ដែល​កម្ពុជា​យើង​បើកស្ថាន​កុង​ស៊ុល​កិត្តិយស​នេះ​គឺ​សម្រាប់​ទី​មួយ គឺ​ជួយ​សម្រួល​ដល់​បងប្អូន​ខ្មែរ​យើង​ដែល​គាត់​មាន​សញ្ជាតិ​ជា​អាមេរិកាំង​ក្តី​ដែល​នៅ​មាន​សញ្ជាតិ​ជា​ខ្មែរ​ក្តី​ ដើម្បី​ជួយ​សម្រួល​នូវ​បែបបទ​ឯកសារ​ច្បាប់​ផ្សេងៗ​សម្រាប់​ពួក​គាត់។​ ទី​ពីរ​ដើម្បី ​ការពារ​នូវ​ផល​ប្រយោជន៍​របស់​ពួក​គាត់​នៅ​សហរដ្ឋ​អាមេរិក។​ ហើយ​ទី​បី ​យើង​ចង់​ពង្រីក​នូវ​ទំនាក់​ទំនង​និង​សហ​ប្រតិបត្តិ​ការ​ខាង​ពាណិជ្ជកម្ម​ ខាង​ទេសចរ​ណ៍​ និង​ខាង​វប្បធម៌។​ យើង​ចង់​ផ្សព្វ​ផ្សាយ​អំពី​ការ​ធ្វើ​វិនិយោគនៅ​ស្រុក​ខ្មែរ​យើង​ចង់​ទាក់​ទាញ​ប្រជាជន​អាមេរិកាំង​ឱ្យ​ទៅ​ទស្សនា​នៅ​ ស្រុកខ្មែរ​ជា​ដើម»។

ស្ថាន​កុងស៊ុល​កិត្តិយស​ពីរ​ ដែល​បាន​បើក​ឱ្យ​ដំណើរ​ការ​រួច​មក​ហើយ​ មាន​នៅ​ទីក្រុង​ Seattle​ រដ្ឋវ៉ាស៊ីនតោន​ សរអ ​ភាគ​ខាង​លិចនិង​ទីក្រុង​ឡូវ៉ែលរដ្ឋ​ Massachusetts​ សរអ​ភាគ​ខាង​កើត។

លោក​សុក​ សាវឿន​ អាយុ ៤៨​ឆ្នាំ​ ជាខ្មែរ​អាមេរិកាំង​ដែល​បាន​មក​នៅ​សហរដ្ឋ​អាមេរិក​តាំង​ពី​ឆ្នាំ​១៩៨៤​ នឹង​ត្រូវ​ទទួល​តំណែង​ជា​កុងស៊ុល​កិត្តិយស​ប្រចាំ​ទីក្រុង​ Philadelphia ​នេះ។

នៅ​ក្នុង​បទសម្ភាស​មួយ​ជា​មួយ​វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក ​សុក​ សាវឿន បាន​បញ្ជាក់​ថាដោយ​មាន​ស្ថាន​កុង​ស៊ុល​នៅ​ក្នុង​សហគមន៍​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​និង​ជន​ជាតិ​ដទៃ​ទៀត​អាច​នឹង​មក​សុំ​ទិដ្ឋាការ​ទៅ​ប្រទេស​កម្ពុជា​ ពន្យា​លិខិត​ឆ្លង​ដែន​ និង​លិខិត​ស្នាម​ដែល​មាន​ដូច​ជា​លិខិត​អាពាហ៍​ពិពាហ៍​និង​សំបុត្រ​កំណើត​ជាដើម។

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ទីក្រុង​នេះ​ក៏​មាន​សក្តានុពល​ល្អ​សម្រាប់​ទាក់​ទាញ​ឱ្យ​មាន​ទេស​ចរ​និង​អ្នក​វិនិយោគ​បរទេស​ទៅ​ប្រទេសកម្ពុជា​ផង​ដែរ។

«នៅ​កន្លែង​នេះ​ទៀត​សោត​ គឺ​ចំ​មណ្ឌល​ដែល​មាន​ជន​ជាតិ​ដូចជា ​កូរ៉េ​ ចិន ​វៀតណាម​ និង​ជនជាតិ​មួយ​ចំនួន​ទៀត ​ដែល​អ្នក​ទាំងនេះ​ចូលចិត្ត​ជា​ភ្ញៀវ​ទេសចរ​នៅ ​ប្រទេស​កម្ពុជា​យើង​ដែរ។​ បញ្ហា​វិនិ​យោគ​ដែល​ខ្ញុំ​បាន​ស្រាវ​ជ្រាវ​និង​តាម​ដាន​មួយ​ចំនួន​នៅ​ក្នុង​សហគមន៍​អាស៊ី​ទូទៅ​ ក្នុង​ទីក្រុង​ Philadelphia​នេះ​ គឺ​អ្នក​ដែល​ទៅ​ធ្វើ​វិនិយោគ​ច្រើន​ជា​ជន​ជាតិ​កូរ៉េ​ដែល​គេ​ច្រើន​តែ​អញ្ជើញ​ចុះឡើង​ដើម្បី​រក​ជំនួញ​នៅ​កម្ពុជា»។

ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​ មាន​ការ​សង្ស័យ​ខ្លះ​ចំពោះ​ការ​បើក​ស្ថាន​កុង​ស៊ុល​នៅ​ទីក្រុង​នេះ​ ដោយសារតែ​ក្រុង​នេះ​មាន​ចំរុះ​ដោយ​អ្នក​គាំទ្រ​គណបក្ស​ផ្សេងៗ​នៅ ​ប្រទេស​កម្ពុជា​ ដែល​មាន​ដូច​ជា​គណបក្ស​សម រង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​ជា​ដើម។

លោក​អ៊ូ គឹមហួត ​សកម្មជន​ម្នាក់​របស់​គណបក្ស​សិទ្ធិមនុស្ស​បាន​បញ្ជាក់​ថា​ មាន​បញ្ហា​ជា​ច្រើន​ដែល​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជួប​ប្រទះ​រាប់​តាំង​ពី​បញ្ហា​ក្នុង​គ្រួសារ​រហូត​ដល់​បញ្ហា​ស្វែង​រក​សេវា​កម្ម​សុខាភិបាល​ដោយ​សារ​តែ​មាន​ការលំបាក​ក្នុង​ការ​និយាយ​ភាសា​ ដែល​ជា​បញ្ហា​បន្ទាន់​ដែល​ត្រូវ​ដោះស្រាយ​ជាជាង​បញ្ហា​ដែល​ស្ថាន​កុលស៊ុល​នេះ​គ្រោង​ត្រូវ​ធ្វើ។​ លោក​ក៏​បាន​យល់​ដែរ​ថា​ អាច​នឹង​មាន​បំណង​ផ្សេង​ក្នុង​ការ​បង្កើត​ស្ថាន​កុងស៊ុល​នេះ។

«ខ្ញុំ​មិន​ជា​សង្ឃឹម​ទេ​ តាម​សមត្ថភាព​របស់​អ្នក​ដែល​គេ​តែង​តាំង​ហ្នឹង​ បើ​ក្រែង​គេ​ថែម​ជំនួ​យ​មក​យ៉ាង​ម៉េច​មិនដឹង​ទេ​ ប៉ុន្តែ​ខ្ញុំ​មើល​ទៅ​ឃើញ​ថា​ប្រហែលទាក់​ទង​នឹង​រឿង​នយោបាយ​ច្រើន​ជាង​ជួយសម្រួល​សុភមង្គល​របស់​ប្រជាជន​ខ្មែរនៅ​ទីនេះ។ ​គេ​អាច​នឹង​ដាក់​មក​ជា​ភ្នែក​ជាច្រមុះ​របស់គេ​ ដើម្បី​តាម​ដាន​មើល​អស់​លោក​គណបក្ស​ប្រឆាំង​ឬ​ក៏​ក្រុម​អ្នក​ប្រឆាំង​ក្រុម​អី វាមាន​អ្នក​ណា​ខ្លះ​ កម្លាំង​ប៉ុណ្ណា​អី​ប៉ុណ្ណា​ហ្នឹង​ គេ​សម្រាប់​ធ្វើវិធី​ទប់​ទល់​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច។​ ខ្ញុំ​នេះមិន​ដឹង​ដល់​ជ្រៅ​ទេ​រឿង​ល្បិច​របស់​គេ។​ ក៏​ប៉ុន្តែ​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា​ ខ្ញុំជឿថា​បើ​យើង​នៅ​បន្ត​ល្បិច​ហ្នឹង​គឺ​យើង​កុំ​និយាយ​ពី​ការ​ទុកចិត្ត​ ហើយ​បើ​យើង​គ្មាន​ការ​ទុកចិត្ត​ទេ​នោះ​ កុំ​និយាយ​ពីសាមគ្គី​ បើ​យើង​និយាយ​សាមគ្គី​មិន​បាន​ទេ​ នោះ​កុំ​និយាយ​ពី​កម្លាំង​សម្រាប់​ទប់​ទល់​ ទុក​ឱ្យ​ខ្មែរសូម្បី​តែ​ខ្មែរ​កំពុង​សោយ​សុខ​រាល់​ថ្ងៃ​នេះ​ក៏​មិន​អាច​សោយ​សុខ​ហ្នឹង​យូរ​បាន​ទេ»។

ប៉ុន្តែ​លោក​ហែម​ ហេង​ បាន​ច្រាន​ចោល​ការ​សង្ស័យ​នេះ​ដោយ​បញ្ជាក់​ថា​ ស្ថានកុង​ស៊ុល​ធ្វើ​តែ​ការ​ងារ​ដោយមិន​ប្រកាន់​និន្នាការ​នយោបាយ​ទេ។

«ធម្មតា​គឺ​កុងស៊ុល​កិត្តិយស​ ដែល​គាត់​ជួយ​ការងារ​ហ្នឹង​គឺ​មិន​មែន​ជួយ​អ្នក​ដែល​គាំទ្រ​តែ​រាជរដ្ឋា​ភិ​បាល​ទេ។​ អ្នក​ប្រឆាំង​ក៏​យើង​ជួយ​សម្រប​សម្រួ​ល​ការងារ​ដែរ​ឱ្យ​តែ​ជា​ប្រជាជន​ខ្មែរ​ យើង​ជួយ​ទាំង​អស់។​ មិន​មែន​ជួយ​តែ​អ្នក​នេះ​ឬ​ជួយ​អ្នក​នោះ យើង​មាន​ការ​រើស​អើង​គឺ​អត់​មាន​ការ​រើស​អើង​ទេ​ ដូច្នេះ​កុង​ស៊ុល​ដល់​ពេល​គាត់​ធ្វើការ​គាត់​ជា​មនុស្ស​អព្យាក្រិត​ គាត់​គាំ​ទ្រ​រាជ​រដ្ឋាភិបាល​ក៏​ប៉ុន្តែ​គាត់​អព្យាក្រិត​ក្នុង​ការ​ជួយ​បង​ប្អូន​ខ្មែរ​យើង​ ទោះ​បី​បង​ប្អូន​យើង​មាន​និន្នាការ​កាន់​គណបក្ស​ណា​ក៏​ដោយ​ក៏​គាត់​ជួយ​ដែរ ​គាត់ជួយ​សម្រួល​ដែរ​ អត់​មាន​រើស​អើង​ប្រកាន់​បក្ស​ប្រកាន់​ពួក​ទេ​ ហើយ​គម្រោង​ដែល​យើង​បង្កើត​នូវ​កុងស៊ុល​កិត្តិយស​គឺមិន​មែន​ដើម្បី ​ទប់​ទប់​ជា​មួយ​គណបក្ស​ដទៃ​ទេ​ គឺ​អត់​មាន​ទេ»។

គេ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ប្រមាណ​ជាង​ ១៨.០០០​នាក់​រស់​នៅ​ក្នុង​ទីក្រុង​Philadelphia ​ដោយ​រស់​នៅ​ផ្តុំគ្នា​នៅ​ភាគ​ខាង​ជើង​និង​ភាគ​ខាង​ត្បូង​ទីក្រុង។​ ទីក្រុង​ Philadelphia ​គឺ​ជា​ទីក្រុង​ធំ​ជាង​គេ​បំផុត​ក្នុង​រដ្ឋ​ Pennsylvania​ ហើយ​ក៏​ជា​ទីក្រុង​ធំ​ទី​៦របស់​សហរដ្ឋ​អាមេរិក​ ដោយ​មាន​ពលរដ្ឋ​សរុប​ជាង​ មួយ​លាន​ ប្រាំសែន​នាក់៕

XS
SM
MD
LG