ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​សម្រេច​ថា​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ត្រូវជាប់​ពន្ធនាគារ​២ឆ្នាំ​​ក្នុង​រឿង​ព្រំដែន


លោក​សម​រង្ស៊ី មេដឹក​នាំ​គណបក្សជំទាស់​សម​រង្ស៊ី ​នៃ​ប្រទេស​កម្ពុជា​ ថ្លែង​ការណ៍​នៅ​ពេល​មាន​ការ​ប្រេជុំ​មហាជន​ធ្វើ​យុទ្ធនាការ​ នៅ​ក្នុង​ខេត្ដ​​កណ្ដាល​ ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា​ ឆ្នាំ​២០១១។
លោក​សម​រង្ស៊ី មេដឹក​នាំ​គណបក្សជំទាស់​សម​រង្ស៊ី ​នៃ​ប្រទេស​កម្ពុជា​ ថ្លែង​ការណ៍​នៅ​ពេល​មាន​ការ​ប្រេជុំ​មហាជន​ធ្វើ​យុទ្ធនាការ​ នៅ​ក្នុង​ខេត្ដ​​កណ្ដាល​ ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា​ ឆ្នាំ​២០១១។

តុលាការ​ជាន់​ខ្ពស់​នៃ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​អង្គារបាន​សម្រេចដំកល់​សាល​ដីការ​របស់​សាលា​ឧទ្ធរណ៍​ចំពោះ​ករណី​លោក​សម រង្ស៊ី​មេដឹកនាំគណៈ​បក្ស​ប្រឆាំង​ដោយ​សម្រេច​ឲ្យ​លោក​ជាប់​ពន្ធនាគា​ររយៈពេល​២​ឆ្នាំ​ដដែល។​ សាលក្រម​បាន​កើត​មាន​ឡើង​បន្ទាប់ពី​លោក​បាន​ដក​តម្រុយ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​កាលពីជាង​១​ឆ្នាំ​មុន​ដោយ​លោក​បាន​អះអាង​កសិករ​កម្ពុជា​បាន​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ជិត​ខាង​មាន​អំណាច​ជាង​របស់​ខ្លួន។

ចៅក្រម​តុលាការ​កំពូល​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​លោក​សម រង្ស៊ី​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ ត្រូវតែ​ទទួល​ទោស​រយៈពេល​២​ឆ្នាំ​ដែល​ត្រូវ​បាន​សម្រេច​កាលពី​ឆ្នាំ​ទៅ​ដោយ​សាលា​ឧទ្ធណ៍។

លោក​សម រង្ស៊ី​ ដែល​រស់នៅ​និរទេសខ្លួន​ក្នុង​ប្រទេស​បារាំង​ បាន​ត្រូវ​តុលាការ​កាត់​ឲ្យជាប់​ទោស​ពីការ​ញុះញង់​ឲ្យមាន​ការរើសអើង​ខាង​ជាតិ​សាសន៍​ហើយ​នឹង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បតិ្ត​សាធារណៈ​ក្នុង​ឧបទ្ទវហេតុ​កាលពី​ខែ​តុលា​ឆ្នាំ២០០៩​នៅ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

សមាជិក​ជាន់​ខ្ពស់​ខ្លះ​របស់​គណបក្ស​សម រង្ស៊ី​ ឬ ​SRP​ និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​សាលក្រម​នេះ​មិន​ធ្វើ​ឲ្យមាន​ការភ្ញាក់​ផ្អើល​ទេ។

លោក​សុន ឆៃ​ សមាជិក​សភា​ជើងចាស់​ម្នាក់​របស់​គណបក្ស​សម រង្ស៊ី​ SRP​ បាន​និយាយ​ថាតុលាការ​បាន​ធ្វើ​តាម​បញ្ជា​របស់​គណបក្ស​កាន់​អំណាច។

«មិន​មាន​ការភ្ញាក់​ផ្អើល​ទេ​ យើង​ទាំងអស់​បាន​ទស្សន៍ទាយ​ថា​តុលាការ​កំពូល​នឹង​រក្សា​សាលក្រម​ដោយ​បញ្ជូន​លោក​សម​ រង្ស៊ី​ឲ្យជាប់​ពន្ធនាគារ​២​ឆ្នាំ។​ហើយ​យើង​មិន​មាន​សេចក្តី​សង្ឃឹម​ថា​ប្រព័ន្ធ​យុត្តិធ៌ម​ក្នុង​ប្រទេស​កម្ពុជា​ឬ​តុលាការខ្លួន​ឯង​ នឹង​អាច​ធ្វើ​កំណែ​ទម្រង់​ណា​មួយ​ដើម្បីបង្កើន​ទំនុក​ចិត្ត​ខ្លះ​ពី​សាធារណៈ​ជន​ក្នុង​ថ្ងៃ​អនាគត​ទេ»។

លោក​សុន ឆៃ​ ថ្លែង​ថា​គោល​បំណង​របស់​គណបក្ស​គ្រប់គ្រងអំណាច​គឺ​ធ្វើ​ឲ្យ​ប្រាកដ​ថា​លោក​សម រង្ស៊ី ​មិន​អាច​ចូលរួម​ក្នុង​ការបោះឆ្នោត​លើក​ក្រោយ​ ដែល​ត្រូវ​គេ​គ្រោង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៣។

សេចក្តី​សម្រេច​នៅ​ថ្ងៃ​នេះ​ មាន​ន័យ​ថា​ លោក​សមរង្ស៊ី​មាន​ឱកាស​តិចតួច​ណាស់​ ​ក្នុង​ការចូលរួម​ការ​បោះឆ្នោត​ លើកលែង​តែ​មាន​ការសម្រប​សម្រួលខាង​នយោបាយមួយ។

លោក​សុន ឆៃ ​ថ្លែង​បន្ត​ទៀត​ថា​ សហគមន៍​អន្តរ​ជាតិ​ ដែល​បាន​វិនិយោគ​ទុន​ប្រាក់​រាប់ពាន់​លាន​ដុល្លា​ដើម្បី​ឲ្យមាន​ស្ថេរភាព​នយោបាយ​ក្នុង​ប្រ​ទេស​កម្ពុជា​ មិន​យល់​ពី​ស្ថានភាព​ធ្ងន់ធ្ងរ។

«ពួកគេ​ហាក់​ដូច​ជា​យល់​ច្រឡំ​ថា​រឿងក្តី​របស់​លោកសម​ រង្ស៊ី​ជា​រឿងក្តី​បុគ្គលដែល​វា​មិន​បាន​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​ដើម្បីរក្សា​បរិយាកាស​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ទេ។​ នេះ​ជា​កំហុស​ដ៏​ធំ​មួយ។​ ប្រទេស​ម្ចាស់​ជំនួយ​ ជា​ពិសេស​ប្រទេស​លោក​ខាង​លិច ​ដែល​បាន​ផ្តល់​ជំនួយ​យ៉ាង​ច្រើន​ដល់​ប្រទេស​កម្ពុជា​គួរតែ​ ពិនិត្យ​មើល​បញ្ហា​លោក​សម រង្ស៊ី​ឲ្យ​បាន​ហ្មត់ចត់»។

ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សនៈកិច្ច​កាលពី​ពេល​ថ្មីៗ​នេះ​របស់​លោក​ទៅកាន់​ទីក្រុង​ភ្នំពេញ​ លោក​ Surya Subedi ​បេសកជន​ខាង​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​មាន​ប្រសាសន៍​ថា​ មន្រ្តី​រដ្ឋាភិបាល​ គួរមាន​ការ​អត់ឱន​កាន់តែ​ច្រើន​ឡើង​ ហើយ​គួរ​ឈប់​ប្រើប្រាស់​តុលាការ​ប្រឆាំង​នឹង​អ្នក​រិះគន់​របស់​ខ្លួន។

មេដឹកនាំ​គណបក្ស​ប្រឆាំង​សម រង្ស៊ី​ បាន​ប្រឈមមុខ​បញ្ហា​ផ្លូវច្បាប់​កាន់តែ​ច្រើន​ឡើង។ កាលពីឆ្នាំ​ទៅ​លោក​បាន​ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ​បន្ទាប់​ពី​លោក​បាន​បង្ហាញ​ផែនទី​នៅ​សន្និសិទសាព័ត៌មាន ​ដែល​រដ្ឋាភិបាល​អះអាង​ថា​មិន​បង្ហាញ​ព្រំដែន​ត្រឹមត្រូវ​រវាង​វៀតណាម​និង​កម្ពុជា។

រដ្ឋាភិបាល​និយាយ​នៅពេល​នោះ​ថា​ សកម្មភាព​របស់​លោក​ ស្មើ​និង​ការផ្សាយ​ព័ត៌មាន​មិន​ពិត​និង​ក្លែងក្លាយ​ឯកសារ​សាធារណៈ។

បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ជា​បញ្ហា​រសើប​មួយ​សម្រាប់​រដ្ឋាភិ​បាល។​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​រក្សា​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋា​ភិបាល​ក្រុង​ហាណូយ​ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន ​មិន​ទុក​ចិត្ត​ប្រទេស​ជិតខាង​ដែល​មាន​អំណាច​ខ្លាំង​ជាងនេះ​ទេ៕

ប្រែ​សម្រួល​ដោយ ​ជឹង ប៉ូជីន

XS
SM
MD
LG