ចាប់តាំងពីបញ្ហាសុខភាព សេដ្ឋកិច្ច ការសិក្សាអប់រំ រហូតដល់បញ្ហានយោបាយ គឺពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកនៅមិនទាន់បានទទួលបានការចាប់អារម្មណ៍ខ្លាំងក្លាពីអ្នកនយោបាយអាមេរិកនៅឡើយទេ បើប្រៀបទៅនឹងសហគមន៍ជាតិសាសន៍ដទៃទៀត ដូចជាសហគមន៍អាហ្វ្រិកនិងអេស្ប៉ាញជាដើម។
នៅក្នុងការជួបជុំរយៈពេលមួយថ្ងៃកន្លះក្នុងទីក្រុង Chicago រដ្ឋIllinois កាលពីចុងសប្តាហ៍នេះតំណាងសមាគមខ្មែរដែលមកពីតាមរដ្ឋនានានៅទូទាំងសហរដ្ឋអាមេរិក បានខិតខំរិះរកមធ្យោបាយផ្សេងៗ ដើម្បីនាំយកបញ្ហាសំខាន់ៗទាំងនេះឱ្យអ្នកតាក់តែងគោលនយោបាយនៅសហរដ្ឋអាមេរិកផ្តោតការយកចិត្តទុកដាក់លើបញ្ហារបស់សហគមន៍ខ្មែរ។
លោក វ៉ាន់ ស ជាអ្នករៀបចំម្នាក់ឱ្យមានការជួបប្រជុំនេះបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកពីមូលហេតុនៃការខកខានកន្លងមកនោះថា៖
“ជារួមទៅមានកត្តាពីរដែលមិនធ្វើឱ្យយើងទទួលបានការគាំទ្រឬការយល់ដឹងខ្លាំងពីសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកនេះគឺថា ទីមួយ មកពីយើងខ្វះតំណាងរបស់យើងក្នុងរចនាសម្ព័ន្ធដឹកនាំរបស់រដ្ឋាភិបាលអាមេរិកាំង។ ទីពីរមកពីយើងខ្វះសំឡេងរួមរបស់ខ្មែរយើងមួយឱ្យខ្លាំងក្លា ដែលចេញមកពីការរួបរួមនៃអង្គការសង្គមស៊ីវិលនានាដែលយើងអាចធ្វើការគាបសង្កត់បានទៅលើនយោបាយដឹកនាំរបស់សហរដ្ឋអាមេរិក”។
ការជួបជុំនេះក៏ដើម្បី រិះរកវិធីដើម្បីជំរុញឱ្យពលរដ្ឋខ្មែរអាមេរិកាំងចេះឆ្លៀតយកឱកាសដែលមាននៅអាមេរិកសម្រាប់ជាផលប្រយោជន៍ផ្ទាល់ខ្លួនគេផងដែរ។
លោកយ៉ាប់ គឹមទុង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី បានបញ្ជាក់ថា កត្តាផ្ទាល់ខ្លួននៃជនជាតិខ្មែរក៏ត្រូវមានការផ្លាស់ប្តូរផងដែរដើម្បីឱ្យមានការចូលក្នុងសហគមន៍អាមេរិកាំងបានល្អ។
“បញ្ហាធំៗគឺថា មានបញ្ហាសុខភាពពីរឿងរៀនសូត្រ ពីព្រោះនៅសហរដ្ឋអាមេរិកជាប្រទេសមួយជឿនលឿន ហើយមានសាលាមហាវិទ្យាល័យល្អៗច្រើន អាចប្រជាជនយើងបានទៅរៀនបានល្អ ក៏ប៉ុន្តែប្រជាជនយើងមួយចំនួនធំ ដូចបានដឹងស្រាប់ហើយថា គឺមានតែប្រហែល១១ភាគរយទេដែលបានរៀនចប់ពីមហាវិទ្យាល័យ។ ម្ល៉ោះហើយមានន័យថា ខ្មែរយើងនៅសហរដ្ឋអាមេរិកនៅមានកិច្ចការច្រើនដែលត្រូវការយកឱកាសនៅប្រទេសអាមេរិកដើម្បីបញ្ជូនកូនទៅរៀនសូត្រ ព្រោះមានមហាវិទ្យាល័យច្រើនណាស់ដែលយើងអាចទៅរៀនបាន ក៏ប៉ុន្តែយើងមិនទៅយកឱកាសហ្នឹង”។
លោក តែ ប៊ូយ នាយកកម្មវិធីនៃសមាគមអប់រំជាតិរបស់សហរដ្ឋអាមេរិកដែលបានចូលរួមក្នុងការជួបប្រជុំនោះដែរបានសម្តែងការយល់ស្រប។
“យើងតែងតែគិតថា ស្រុកអាមេរិកនេះជាស្រុករបស់គេ។ យើងជាខ្មែរ ដូច្នេះអ្នកកាន់នយោបាយត្រូវតែពួកអាគាំង មិនមែនពួកខ្មែរអាមេរិកាំងទេ។ ដូច្នេះយើងតែងតែគិតថា ពួកអាមេរិកាំងគេចេះដឹងច្រើនជាងយើង។ គេបញ្ញាជាងយើង ប៉ុន្តែការណ៍ពិតទៅ អ្នកដែលដឹងពីតម្រូវការសិក្សារបស់កូនចៅរបស់យើងគឺយើងហ្នឹងឯងជាឪពុកម្តាយ”។
ក្រុមអ្នកចូលរួមក៏បានទទួលស្គាល់ដែរថា ក្នុងរយៈពេល៣៥ឆ្នាំដែលពលរដ្ឋខ្មែរជាច្រើនបានមករស់នៅសហរដ្ឋអាមេរិកនេះគឺសម្រេចបានជោគជ័យច្រើន ដែលមានដូចជាអ្នកខ្លះបានតស៊ូរៀនសូត្ររហូតបានដល់ថ្នាក់បណ្ឌិតពីសាលាល្បីៗឈ្មោះ បានចូលធ្វើការក្នុងស្ថាប័នធំៗមួយចំនួនរបស់រដ្ឋាភិបាលអាមេរិកាំងដែរ ប៉ុន្តែគេនៅពុំទាន់បានប្រើប្រាស់ឱ្យអស់លទ្ធភាពនិងធនធានទាំងនោះនៅឡើយ ហើយជាការសំខាន់ណាស់ដែលគេត្រូវភ្ជាប់ទំនាក់ទំនងជាមួយអ្នកទាំងនោះ។ ឧទាហរណ៍ ពលរដ្ឋខ្មែរអាមេរិកាំងខ្លះបានធ្វើការនៅកន្លែងធំៗដែលពាក់ព័ន្ធជាមួយក្រុមអ្នកតាក់តែងគោលនយោបាយ ប៉ុន្តែសហគមន៍ខ្មែរមិនបានប្រើប្រាស់ពួកគេជាបណ្តាញធ្វើឱ្យមានឥទ្ធិពលដល់គោលនយោបាយទាំងនោះនៅឡើយទេ។
លោក ស៊ីវ ស៊ីចាន់ ដែលជាខ្មែរម្នាក់ធ្លាប់បានបម្រើការងារជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានលើកសរសើរដល់សមិទ្ធិផលដែលខ្មែរអាមេរិកាំងសម្រេចបាន ហើយបានលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរត្រូវចូលរួមប្រឡូកក្នុងសកម្មភាពនយោបាយឱ្យបានច្រើនថែមទៀត។
“សំខាន់ខ្មែរយើងត្រូវតែចុះឈ្មោះបោះឆ្នោត ហើយត្រូវតែបោះឆ្នោតគ្រប់ពេលវេលា តាំងពីក្នុងរដ្ឋរហូតដល់បោះឆ្នោតធំៗឱ្យប្រធានាធិបតីជាដើម គឺយើងត្រូវសកម្មក្នុងការងារនយោបាយ ព្រោះថា នៅទីនេះ បើសិនជាយើងចង់ឱ្យសំឡេងយើងឮ ទាល់តែយើងនិយាយ ទាល់តែយើងចូលរួម។ បើថា យើងអត់ចូលរួម ហើយនៅតែផ្ទះទេ គឺសំឡេងយើងអត់ឮទេ។ ដូច្នេះជារឿងសំខាន់ដែលយើងត្រូវចូលឱ្យមានសកម្មភាពនយោបាយ”។
នៅក្នុងសហរដ្ឋអាមេរិកមានជនជាតិខ្មែរ ប្រមាណពី២៥ទៅ២៧ម៉ឺននាក់ ប៉ុន្តែតាមការបញ្ជាក់ប្រាប់នានាឱ្យដឹងថា ពីក្នុងចំនួននេះគឺមានជនជាតិខ្មែរដែលចូលសញ្ជាតិអាមេរិកាំងគឺមានតែចំនួនជាង៦ម៉ឺននាក់តែប៉ុណ្ណោះ ដែលនេះជាការមួយធ្វើឱ្យពួកគាត់បាត់បង់ផលប្រយោជន៍ជាច្រើន ជាពិសេសសិទ្ធិក្នុងការបោះឆ្នោត ដែលជាទុនដ៏សំខាន់សម្រាប់ទាក់ទាញអ្នកនយោបាយឱ្យមកស្តាប់បញ្ហារបស់ពួកគេ។ អ្នកដែលមិនបានចូលសញ្ជាតិដោយសារគាត់មិនដឹងពីបែបបទដែលត្រូវបំពេញ មិនយល់ពីតម្លៃក្នុងការត្រូវចូល ហើយក៏មានអ្នកខ្លះមើលឃើញថា ជីវភាពគាត់បានគ្រាន់បើហើយ ដូច្នេះមិនចាំបាច់ចូលពាក់ព័ន្ធច្រើនថែមទៀតក្នុងសង្គមអាមេរិកាំងទេ។
លោក Mike Quigley សមាជិកសភាតំណាងរាស្ត្រដែលបានចូលរួមក្នុងកម្មវិធីជួបប្រជុំនោះ បាននិយាយថា សហគមន៍ខ្មែរក៏ដូចជាសហគមន៍ជនជាតិដទៃទៀតដែរ កំពុងជួបប្រទះបញ្ហាច្រើនដោយសារតែការធ្លាក់ចុះខាងផ្នែកសេដ្ឋកិច្ចនាពេលនេះ។ ប៉ុន្តែដោយសារលោកបានជាប់ឆ្នោតទៅធ្វើការនៅឯរដ្ឋសភាជាតិក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី គឺកាន់តែបង្កឱកាសល្អឱ្យលោកជួយលើកយកកង្វល់របស់ជនជាតិខ្មែរយកទៅដោះស្រាយនៅថ្នាក់ជាតិបាន។
“យើងមិនធ្វើតែសកម្មមួយទេ។ ខ្ញុំគិតថា នេះគឺជាទំនាក់ទំនងដែលត្រូវកសាងពីពេលនេះទៅ។ ខ្ញុំបានទៅធ្វើការនៅទីក្រុងវ៉ាស៊ីនតោនបានមួយឆ្នាំហើយ ដូច្នេះខ្ញុំបានដឹងបន្ថែមទៀតពីរបៀបក្នុងការធ្វើឱ្យសម្រេចការងារមួយចំនួន។ ដូច្នេះខ្ញុំគិតថា នឹងធ្វើការជាមួយការិយាល័យនៅទីនេះនិងនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដើម្បី អង្គុយធ្វើការឱ្យបានញឹកញាប់តាមដែលត្រូវការ ដើម្បីពិនិត្យមើលករណីនិមួយៗ និងបញ្ហាទូទៅ។ នេះមិនមែនជាកិច្ចការតែមួយទេដែលយើងត្រូវធ្វើ គឺមានកិច្ចការច្រើន”។
ការជួបជុំនៅទីក្រុងChicago ឆ្នាំនេះរៀបចំដោយសមាគមខ្មែរប្រចាំរដ្ឋIllinois និងអង្គការគ្រឹះសម្ព័ន្ធខ្មែរ សហការជាមួយនិងគម្រោងគំនិតផ្តួចផ្តើមសុខភាពជាតិសម្រាប់ពលរដ្ឋខ្មែរអាមេរិកាំង៕