ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឱនភាព​ដី​ជា​ការ​គំរាម​កំហែង​មួយ​នៅ​កម្ពុជា


កសិករ​ខ្មែរ​កំពុង​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​ក្នុង​រដូវ​ច្រូត​កាត់​នៅ​តំបន់​សាលា​គំរូ ខេត្ត​ពោធិ៍សាត់។ ក្រុម​មន្ត្រី​អង្គការ​កម្មវិធី​អភិវឌ្ឍ​សហប្រជាជាតិ (UNDP) នៅ​ពេល​ថ្មីៗ​នេះ​ព្រមាន​ថា ឱនភាព ឬ​ការ​ធ្លាក់​ចុះ​គុណភាព​ដី​​ បាន​ក្លាយ​ជា​កង្វល់​​ដ៏​ធំមួយ​សម្
កសិករ​ខ្មែរ​កំពុង​ច្រូត​ស្រូវ​នៅ​ក្នុង​ស្រែ​ក្នុង​រដូវ​ច្រូត​កាត់​នៅ​តំបន់​សាលា​គំរូ ខេត្ត​ពោធិ៍សាត់។ ក្រុម​មន្ត្រី​អង្គការ​កម្មវិធី​អភិវឌ្ឍ​សហប្រជាជាតិ (UNDP) នៅ​ពេល​ថ្មីៗ​នេះ​ព្រមាន​ថា ឱនភាព ឬ​ការ​ធ្លាក់​ចុះ​គុណភាព​ដី​​ បាន​ក្លាយ​ជា​កង្វល់​​ដ៏​ធំមួយ​សម្

ឱនភាព​ឬ​ការ​ធ្លាក់​ចុះ​គុណភាព​ដី បាន​ក្លាយ​ជា​កង្វល់ដ៏​ធំមួយ​សម្រាប់​កម្ពុជា ដោយសារប្រទេស​ដ៏​ក្រីក្រមួយ​នេះ​ពឹង​អាស្រ័យ​ជា​សំខាន់​ទៅលើ​វិស័យ​កសិកម្ម។

ក្រុម​មន្ត្រី​អង្គការ​កម្មវិធី​អភិវឌ្ឍ​សហប្រជាជាតិ (UNDP) បាន​ថ្លែង​នៅថ្ងៃ​ពុធ​នេះ​ថា ​ដី​កសិកម្ម​នៅ​កម្ពុជា​ភាគ​ច្រើន​មាន​កម្រិត​ជីជាតិ​ទាប ហើយ​ងាយរង​គ្រោះ​ដោយការ​រិចរិល​ដោយ​សារ​តែ​ការ​ធ្វើ​កសិកម្ម​មិន​ត្រឹម​ត្រូវ និង​ការ​បាត់បង់​គម្រប​ព្រៃឈើ។ សេចក្តី​អះអាង​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលាស្តីពី​សកម្មភាព​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱនភាព​ដី​នៅកម្ពុជា។

លោក​ស្រី អេឡេណា ទីឆេនកូ (Elena Tischenko) ​នាយិកា UNDP ប្រចាំ​នៅ​កម្ពុជា​មាន​ប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា​នេះ​ថា ផ្ទៃដី​៧០​ភាគរយ​ដោយ​រួម​ទាំង​តំបន់​ដាំដុះ​ដំណាំ​ស្រូវ​ផង​នៅ​ខេត្ត​សៀមរាប កំពង់ធំ កំពង់ស្ពឺ បាត់ដំបង និង​ក្រចេះ​ជាដើម ជា​ប្រភេទ​ដី​ដែល​មាន​កម្រិត​ជីជាតិទាប​ ហើយ​ងាយ​រងគ្រោះ​យ៉ាង​ខ្លាំង​ដោយ​សារការ​រិចរិល។ លោកស្រី​ថ្លែង​ថា៖

«ទី១​មាន​កង្វះ​ខាត​ខាង​ចំណេះដឹង​ដែល​ផ្អែក​លើ​វិទ្យាសាស្ត្រ និង​ឧបករណ៍​ហើយនឹង​បច្ចេកវិទ្យា​ដែល​ប្រាកដ​ប្រជា ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​ឱនភាព​ដី ឬ​ក៏​ដើម្បី​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ»។

អ្នកស្រី អេឡេណា ទីឆេនកូ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា កង្វះ​ការ​លើក​ទឹកចិត្ត​សម្រាប់​អ្នក​ពាក់​ព័ន្ធ​សំខាន់ៗ ក្នុង​ការ​បណ្តាក់ទុន​ធនធាន​របស់​ពួកគេ​ផ្ទាល់​ទៅ​ក្នុង​ការ​គ្រប់​គ្រង​ដី​ប្រកប​ដោយ​ចីរភាព ក៏​ជា​បុព្វហេតុ​ដែល​ចូលរួម​ចំណែក​ដល់​ការ​ធ្លាក់​ចុះ​គុណភាព​ដី ​ជាពិសេស​ដី​សម្រាប់​ដាំដុះ​ដំណាំ​កសិកម្ម​នៅ​កម្ពុជា​ផងដែរ។ សូម​បញ្ជាក់​ថា ការ​ធ្លាក់ចុះ​គុណភាព​ដី នឹង​ឈាន​ទៅដល់​ការ​រិចរិល​ដី​ដែល​នឹង​ធ្វើ​ឲ្យ​ផលិតភាព​កសិកម្ម​ធ្លាក់​ចុះ​រហូត​ដល់​កម្រិត​ទាប​បំផុត។

កម្ពុជា​មាន​ផ្ទៃដី​ដាំដុះ​ចំនួន​ជាង​២.៧លាន​ហិកតា ហើយប្រជា​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើនពឹង​អា​ស្រ័យ​លើ​របរ​កសិកម្ម​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ពួកគេ។ វិស័យ​កសិកម្មគឺ​ជា​ចលករ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​មួយ​របស់​កម្ពុជា ដោយ​ចូលរួម​ចំណែក​ជាង​៣០​ភាគរយ​នៃ​ GDP ឬ​ផល​ទុន​សរុប​ក្នុង​ស្រុកក្នុង​ឆ្នាំ​២០១០កន្លងទៅ។

ក៏​ប៉ុន្តែ ផលិតភាព​កសិកម្ម​នៅ​កម្ពុជានៅ​មាន​កម្រិត​ទា​ប​ជាង​ប្រទេស​ជិត​ខាង​នៅ​ឡើយ ដោយសារ​តែកម្រិត​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅទាប ការ​ទទួល​បាន​សេវាកម្ម​នានា​នៅ​មាន​កម្រិត និង​ប្រព័ន្ធទឹក​ស្រោចស្រព​ដំណាំ​កសិករ​នៅ​មិន​ទាន់​គ្រប់​គ្រាន់។

លោក អ៊ុក សុខុន រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម និង​ជា​ប្រធាន​ថ្នាក់​ជាតិ​សម្រាប់​គម្រោង​«ការ​គ្រប់គ្រប់ដី​ប្រកប​ដោយ​និរន្តរភាព» មាន​ប្រសាសន៍​ស្របថា ឱនភាព ឬ​ការ​ធ្លាក់​ចុះ​គុណភាព​ដី​នៅ​កម្ពុជា​នេះ គឺ​បណ្តាល​មក​ពីការ​កាប់​រាន​ដី​ព្រៃ​ច្រើន​លើសលុប និង​ការធ្វើ​កសិកម្ម​មិន​ត្រឹម​ត្រូវ​តាម​ក្បួនខ្នាត​បច្ចេកទេស។

ប៉ុន្តែ លោក អ៊ុក សុខុន កត់​សម្គាល់​ថា ផ្ទៃ​ដី​ដែល​ធ្លាក់​គុណភាព​នៅ​កម្ពុជា​មិនមាន​ទំហំ​ធំធេង​ពេក​ទេ បើទោះ​ជា​លោក​ពុំអាច​បញ្ជាក់​ចំនួន​ឲ្យ​ពិត​ប្រាកដ​បាន​ក៏ដោយ។ លោក​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«តាម​ប៉ាន់​ប្រមាណ​មិន​ខូច​ច្រើន​ប៉ុន្មាន​ទេ។ យើង​នៅ​តែ​បង្ក​បង្កើន​ផល​បាន​ជា​រៀង​រហូត​ឲ្យ​តែ​យើង​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​បង្ក​បង្កើនផល និង​រៀបចំ​ជា​ពូជ​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​រៀបចំ​ដី​ឲ្យ​បាន​ត្រឹម​ត្រូវ រៀបចំ​ជី​ឲ្យ​បាន​ត្រឹម​ត្រូវ​ នោះ​យើង​នឹងមិន​មាន​ផល​ប៉ះពាល់​ច្រើន​ប៉ុន្មាន​ទេ»។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ លោក ឡាយ ឃីម ប្រធាន​ផ្នែក​បរិស្ថាន និងថាម​ពល​នៃ​អង្គការ ​UNDP​ មាន​ប្រសាសន៍​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ឱនភាព ឬ​ការ​រិចរិល​គុណភាពដី​នៅ​កម្ពុជា​នេះ ការលើក​កម្ពស់​គុណភាព​ដី​ឡើងវិញ​គឺ​ជា​ការ​ចាំបាច់ដូចជា​តាមរយៈ​ការ​ដាំដុះដំណាំ​ចម្រុះ​ជា​ជាង​ដំណាំ​តែ​មួយ​មុខ​ជាដើម។ លោក​និយាយ​ថា៖

«ហើយ​នឹង​ការ​លើក​កម្ពស់​ធ្វើ​យ៉ាងម៉េច​ឲ្យមាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ជួយលើកកម្ពស់​សំណើម​របស់​ដី​នៅក្នុង​ប្រទេស​កម្ពុជា​យើង»។

លោក ឡាយ ឃីម មាន​ប្រសាសន៍​បន្តថា វិធីសាស្ត្រ​មួយ​ទៀត​គឺ​ត្រូវ​ទប់​ស្កាត់​ឲ្យ​បាន​នូវការ​បាត់​បង់​គម្រប​ព្រៃឈើ​បន្ថែមទៀត​ ជាពិសេស​គឺ​នៅ​តាម​តំបន់​ជម្រាល ដើម្បី​ធានា​ដល់​គុណភាព​ដី​ប្រកប​ដោយ​ជីជាតិ​ឡើង​វិញ​នៅ​កម្ពុជា៕

XS
SM
MD
LG