ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​​និង​​ថៃ​ព្រមាន​គ្នា​ទៅវិញ​ទៅមក


ទង់ជាតិ​ដែល​បង្ហូត​នៅ​​ចំ​ពី​លើ​ប្រាសាទ​ព្រះវិហារ​មិន​ចម្រូង​ចម្រាស់​ទេ​ដោយ​សារ​អធិបតេយ្យភាព​របស់​ប្រាសាទ​នេះ​ត្រូវ​បាន​កំណត់​ច្បាស់​នៅ​ក្នុង​សាលក្រម​តុលាការ​អន្តរជាតិ។ ប៉ុន្តែ​ប្រទេស​ថៃ​​បាន​ទាមទារ​​ឲ្យ​មាន​ការ​ដក​ទង់ជាតិ​ខ្មែរ​ដែល​បង្ហូត​នៅ​វត្ត​កែវសិក្
ទង់ជាតិ​ដែល​បង្ហូត​នៅ​​ចំ​ពី​លើ​ប្រាសាទ​ព្រះវិហារ​មិន​ចម្រូង​ចម្រាស់​ទេ​ដោយ​សារ​អធិបតេយ្យភាព​របស់​ប្រាសាទ​នេះ​ត្រូវ​បាន​កំណត់​ច្បាស់​នៅ​ក្នុង​សាលក្រម​តុលាការ​អន្តរជាតិ។ ប៉ុន្តែ​ប្រទេស​ថៃ​​បាន​ទាមទារ​​ឲ្យ​មាន​ការ​ដក​ទង់ជាតិ​ខ្មែរ​ដែល​បង្ហូត​នៅ​វត្ត​កែវសិក្

ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​បាន​បង្ហាញ​សាច់ដុំ​ដាក់គ្នា​ទៅវិញ​ទៅមក​ ​នៅ​ថ្ងៃនេះ​ បន្ទាប់​ពី​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​នៅតំបន់​ប្រាសាទ​ព្រះវិហារ​កាន់តែ​មាន​សភាព​តានតឹង។

ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ប្រកាស​ថាកម្ពុជា​នឹង​រក្សា​សិទ្ធិ​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​ប្រកាស​សង្គ្រាម​របស់​ប្រទេស​ថៃ។

ប្រទេស​កម្ពុជា​បាន​ព្រមាន​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​ខ្លួន​នឹង​ឆ្លើយតប​ទៅ​នឹង​ការ​ប្រកាស​សង្គ្រាម​របស់ប្រទេស​ថៃដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ។

ការ​ប្រកាស​នេះ​ដែល​គេ​សម្គាល់​ថា​ ​គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​នាយក​រដ្ឋមន្ដ្រី​ថៃ​លោក​អាភីស៊ីត​ វិចាជីវ៉ា។ ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្ស៉ិល​មិញ​ ​នាយក​រដ្ឋមន្ដ្រី​ថៃ​ចាត់​ទុក​ថា​ ​ការ​ប្រើប្រាស់​កង​កម្លាំង​យោធា​គឺ​ជា​ ជម្រើស​ចុងក្រោយ​ដើម្បី​ទម្លាយ​ការ​ដោះស្រាយ​ជម្លោះ​ដែល​កំពុង​តែ​តានតឹង​នៅ​ជុំវិញ​វត្ត​កែវ​សិក្ខាគីរី​ស្វារៈ​ ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ​ដ៏​ចំណាស់​របស់​ខ្មែរ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​នេះ​ ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​សរសេរ​ថា​ ​"កម្ពុជា​រក្សា​សិទ្ធិ​ការពារ​អធិបតេយ្យភាព​ និង​បូរណ​ភាព​ដែនដី​របស់​ខ្លួន​ ​ក្នុង​ពេល​ដែល​នាយក​រដ្ឋមន្ដ្រីអាភីស៊ីត​ ​បាន​គំរាម​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា"នោះ។​ ក៏​ប៉ុន្ដែ​សេចក្ដី​ថ្លែង​ការណ៍​ដដែល​បាន​និយាយ​ការពារ​ថា​ ​ប្រទេស​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ចង់​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្ដិវិធី។

យោង​តាម​លោក​កួយ គួង​ ​អនុ​រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ ​បាន​ឲ្យ​ដឹង​ថា​ ​ក្រសួង​ការ​បរទេស​ថៃ​កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​ផ្ញើ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ច្បាប់​មក​កាន់​ស្ថានទូត​កម្ពុជា​ប្រចាំ​ក្រុង​បាងកក​ ​ដោយ​ទាមទារ​ឲ្យ​ប្រទេស​កម្ពុជា​ដោះ​ទង់ជាតិ​ចេញ​ពី​វត្ត​កែវ​សិក្ខាគីរីស្វារៈ​ ​និង​ត្រូវ​រុះរើ​ ​រំលាយ​វត្ត​នេះ​ចេញ។ ​នាយក​រដ្ឋមន្ដ្រី​ថៃធ្លាប់​បាន​ប្រកាស​ថា​ ​ទីតាំង​នៃ​វត្ត​របស់​ខ្មែរ​បច្ចុប្បន្ន​នេះ​គឺ​ជា​ចំណែក​នៃ​ទឹកដី​របស់​ប្រទេស​ថៃ។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ ​ក្រសួង​ការ​បរទេស​ខ្មែរ​បាន​បង្ហាញ​ភស្ដុតាង​ដោយ​សង្ខេប​ថា​ ​វត្តកែវ​សិក្ខាគីរី​ស្វារៈ​បាន​ស្ថិត​ក្នុង​ទឹកដី​កម្ពុជា​យ៉ាង​ស្រប​ច្បាប់។

លោក​កួយ គួង​មាន​ប្រសាសន៍​ថា​ ​ប្រទេស​កម្ពុជា​នឹង​មិន​រំលាយ​វត្ត​នេះ​ទេ។

«កម្ពុជា​មិន​ធ្វើការ​ផ្លាស់ប្ដូរ​ទីតាំង​វត្ត​កែវ​សិក្ខាគីរីស្វារៈ​នេះ​ទេ​ ហើយ​បន្ដ​ដាក់​ទង់ជាតិ​កម្ពុជា​នៅ​លើ​វត្ត​នោះ​ដដែល»។

លោក​កួយ គួង​បញ្ជាក់​ថា​ ​រហូត​មកទល់​ពេលនេះ​ ​នៅ​មិនទាន់​មាន​ប្រតិកម្ម​ពី​ប្រទេស​ថៃ​ចំពោះ​សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រទេស​កម្ពុជា​នោះ​នៅ​ឡើយ​ទេ។

ប្រទេស​ជិតខាង​គ្នា​ទាំងពីរ​ ​កម្ពុជា​ និងថៃ​មាន​ការ​ប្រឈមមុខ​ដាក់គ្នា​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០០៨​មក​ម្ល៉េះ​ ​បន្ទាប់ពី​អង្គការ ​UNESCO ​បាន​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​ដ៏​ចំណាស់​របស់​ខ្មែរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក។ ​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ ​ចំនួន​បី​លើក​ ​ហើយ​បាន​បណ្ដាល​ឲ្យ​មាន​ការស្លាប់​ ​និង​របួស​ទាំង​សងខាង។

លោក​ឧត្តម​សេនីយ៍​ទោ​ស្រី ឌឹក​ ​ដែល​ជា​មេបញ្ជាការ​ផ្ទាល់​នៅ​តំបន់​ជម្លោះ​ប្រាសាទ​ព្រះវិហារ​ ​បដិសេធ​មិនព្រម​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​លើ​ស្ថានភាព​ចុងក្រោយ​នៅ​តំបន់​ដែល​កំពុង​មាន​ការ​ប្រទាញ​ប្រទង់​នោះ​ទេ។ ​ដោយ​ឡែក​មន្ដ្រី​ជាន់​ខ្ពស់​យោធា​ ​រាប់​ទាំង​លោក​ទៀ បាញ់​ ​រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ​ផង​ ​VOA​ មិនអាច​ធ្វើ​ទាក់ទង​ជួប​ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​បាន​ទេ។

ទោះ​ជា​យ៉ាងណា​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានាបាន​រាយ​ការណ៍​ថា​ ​ទាំង​ប្រទេស​ថៃ​ ​ទាំង​ប្រទេស​កម្ពុជា​ សុទ្ធ​តែ​បាន​បញ្ជូន​កងទ័ព​ ​និង​គ្រឿង​សព្វាវុធ​ទៅកាន់​តំបន់​ជម្លោះ​ដើម្បី​ត្រៀម​ជើង​ការ​ទប់ទល់​គ្នា៕

XS
SM
MD
LG