ភ្នំពេញ៖ ប្រទេសកម្ពុជាបានស្នើសុំនៅថ្ងៃច័ន្ទនេះ ឱ្យរដ្ឋសភាថៃអនុម័តកិច្ចព្រមព្រៀងចំនួនបីរបស់គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ សំដៅជំរុញការបោះបង្គោលព្រំដែនក្នុងនោះមានតំបន់ប្រាសាទព្រះវិហារដែលមានជម្លោះរវាងប្រទេសទាំងពីរ។
ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងពេលជួបពិភាក្សាការងាររវាងលោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង និងសមភាគីថៃរបស់លោក គឺលោកកាសិត ភីរម្យ (Kasit Pirumya) នៅក្នុងទីក្រុងភ្នំពេញ និងបន្ទាប់ពីសភាថៃ បានខកខានការអនុម័តលើកិច្ចព្រមព្រៀងចំនួនបីរបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ជាច្រើនលើក។
លោកហោ ណាំហុង បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានក្រោយពីជំនួបនោះថា៖
«ខ្ញុំបានសំណូមពរថា ពេលណាសភាថៃអនុម័តកិច្ចព្រមព្រៀងបីរបស់គណៈកម្មការចម្រុះព្រំដែន កម្ពុជា-ថៃ ហើយសុំឱ្យប្រជុំគណៈកម្មការព្រំដែនកម្ពុជា-ថៃ ឱ្យបានរហ័សដើម្បីបោះបង្គោលព្រំដែន រវាងប្រទេសកម្ពុជានិងថៃ។ លោក កាសិត ភីរម្យ រដ្ឋមន្ត្រីការបរទេសថៃ បាននិយាយថា ឥឡូវនេះ គណៈកម្មការសភាកំពុងពិនិត្យមើលថាតើកិច្ចព្រមព្រៀងបីរបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ នេះស្ថិតនៅក្នុងមាត្រា១៩០ឬអត់។ បើកិច្ចព្រមព្រៀងបីរបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃមាននៅក្នុងមាត្រា១៩០នៃរដ្ឋធម្មនុញ្ញថៃ សភាថៃត្រូវអនុម័ត។ បើកិច្ចព្រមព្រៀងបីរបស់គណៈកម្មការ ចម្រុះព្រំដែនកម្ពុជា-ថៃមិនមាននៅក្នុងមាត្រា១៩០នៃរដ្ឋធម្មនុញ្ញថៃ រដ្ឋាភិបាលសម្រេច»។
លោក កាសិត ភីរម្យ បានថ្លែងថា លោកបានតែងតាំងឯកអគ្គរាជទូតមួយរូបសម្រាប់ទទួលបន្ទុក កិច្ចការព្រំដែនដែលនឹងមកទីក្រុងភ្នំពេញឆាប់ៗនេះដើម្បីជួបពិភាក្សាការងារព្រំដែនជាមួយលោកវ៉ា គឹម ហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា។
ក្នុងអំឡុងការពិភាក្សាគ្នានោះ លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង ក៏បានសុំឱ្យភាគីថៃកុំប្រើអំពើហិង្សាឬបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរដែលបានច្រឡំឆ្លងដែនចូលទឹកដីថៃដោយបញ្ជាក់ថាបើប្រជាពលរដ្ឋខ្មែរធ្វើអ្វីមួយខុសច្បាប់នៅក្នុងទឹកដីថៃ អាជ្ញាធរថៃគួរតែចាប់តាមនីតិវិធីធម្មតានិងកុំឱ្យប្រើអំពើហិង្សា។
លោក កាសិត ភីរម្យ បានសន្យាថានឹងលើកយកសំណើនេះទៅពិភាក្សាដើម្បី បញ្ឈប់អំពើហិង្សានេះ។
លោកអៀង សុផលឡែត អ្នកនាំពាក្យផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងប្រាប់ក្រុម អ្នករាយការណ៍ព័ត៌មានក្រោយពីជំនួបថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រាប់លោក កាសិត ភីរម្យ ថានេះជាពេលដ៏ត្រឹមត្រូវនិងសមស្របមួយដើម្បីជំរុញគ្រប់យន្តការទាំងអស់សម្រាប់សហការរួមគ្នានិងធ្វើការរួមគ្នាឆ្ពោះទៅរកដំណោះស្រាយបញ្ហានានា។
នៅក្នុងពេលជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) អគ្គមេបញ្ជាការកងទ័ពជើងគោកថៃបានមកបំពេញទស្សនកិច្ចជាផ្លូវការរយៈពេលពីរថ្ងៃនៅកម្ពុជានាថ្ងៃច័ន្ទនេះដើម្បីជួបពិភាក្សាការងារព្រំដែនជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមេបញ្ជាការកងយោពលខេមរៈភូមិន្ទជាន់ខ្ពស់មួយចំនួន។
លោកឧត្តមសេនីយ៍ ឧត្តមដេត លីប៊ុត (Udomdet Leebut) មេបញ្ជាការយោធភូមិភាគទី១ និងលោកឧត្តមសេនីយ៍ ថាវ៉ាត់ឆៃ សាមុទសាខន (Thawatchai Samutsakhon) មេបញ្ជាការយោធភូមិភាគទី២ បានហែរហមដំណើររបស់លោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់ អូចា ផងដែរ។
កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) បានរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចាមកកម្ពុជានេះ សំដៅណែនាំខ្លួន បន្ទាប់ពីត្រូវបានតែងតាំងជាអគ្គមេបញ្ជាកងទ័ពជើងគោកថៃ ដើម្បីពង្រឹងចំណងទាក់ទងយោធារវាងប្រទេសទាំងពីរ និងដើម្បីពិភាក្សាបញ្ហានៅតំបន់ប្រាសាទព្រះវិហារជាមួយក្រុមមេដឹកនាំយោធាកម្ពុជា៕