ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ស្នើ​ឱ្យ​មាន​អ្នក​សង្កេតការណ៍​អាស៊ាន​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ


លោក​ ហោ ណាំហុង រដ្ឋមន្ត្រីការ​បរទេស​កម្ពុជា​​ធ្វើ​សន្និសីទ​កាសែត​នៅ​ក្រោយ​កិច្ច​ពិគ្រោះ ​ជាមួយ​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​​ញូវយ៉ក​អំពី​បញ្ហា ​ជម្លោះ​​យោធា​នៅ​ព្រំដែន​ខ្មែរ​ថៃ។ ក្រុម​ប្រឹក្សា​នេះ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា​និង​ថៃ​ប
លោក​ ហោ ណាំហុង រដ្ឋមន្ត្រីការ​បរទេស​កម្ពុជា​​ធ្វើ​សន្និសីទ​កាសែត​នៅ​ក្រោយ​កិច្ច​ពិគ្រោះ ​ជាមួយ​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​​ញូវយ៉ក​អំពី​បញ្ហា ​ជម្លោះ​​យោធា​នៅ​ព្រំដែន​ខ្មែរ​ថៃ។ ក្រុម​ប្រឹក្សា​នេះ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា​និង​ថៃ​ប

ប្រទេស​កម្ពុជា​នឹង​ស្នើសុំ​ឱ្យ​បណ្តា​ប្រទេស​អាស៊ាន​បញ្ជូន​ក្រុម​អ្នក​សង្កេត​ការណ៍​មកកាន់​តំបន់​ជម្លោះ​ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ដើម្បី​ត្រួតពិនិត្យ​មើល​បទ​ឈប់បាញ់​គ្នា​ខណៈ​ដែល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នឹង​បើក​កិច្ចប្រជុំ​នៅ​សប្តាហ៍​ក្រោយ​នេះ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ។

លោក​រដ្ឋមន្ត្រី​ការបរទេស​ហោ ណាំហុង​ បាន​ថ្លែង​នៅ​ថ្ងៃពុធ​នេះ​ថា​ប្រទេស​កម្ពុជា​នឹង​ស្នើសុំ​ឱ្យ​សមាគម ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​បញ្ជូន​ក្រុម​អ្នក​សង្កេត​ការណ៍​មកកាន់​តំបន់​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ ដើម្បី​ធានា​នូវ​បទ​ឈប់បាញ់​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ។

លោក​ហោ ណាំហុង​ បាន​ថ្លែងប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ក្រោយពី​វិល​ត្រឡប់​មក​ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ថា​លោក​នឹង​ធ្វើ​សំណើ​ទៅកាន់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដែល​គ្រោងនឹង​ធ្វើឡើង​នៅថ្ងៃ​ទី២២​ ខែ​កុម្ភៈ​នៅក្នុង​ទីក្រុង​ហ្សាកាតា​ឱ្យ​ដាក់​ពង្រាយ​ក្រុម​អ្នក​សង្កេតការណ៍​របស់​ខ្លួន​នៅតំបន់​ជម្លោះ​ព្រំដែន​សម្រាប់​ត្រួតពិនិត្យ​មើល​បទ​ឈប់បាញ់​គ្នា។

«ការប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ទីក្រុង​ហ្សាកាតា​ ថ្ងៃទី២២​ ខែកុម្ភៈ​ នឹង​ជជែក​បញ្ហា​ជម្លោះ ព្រំដែន​ កម្ពុជា​-ថៃ​នេះ។ ខ្ញុំនឹង​ស្នើ​ឱ្យ​មាន​អ្នក​សង្កេត​ការណ៍​របស់​អាស៊ាន​មក​ត្រួតពិនិត្យ​មើល​បទ​ឈប់ បាញ់​ដើម្បី​ឱ្យ​មាន​ការឈប់​បាញ់»។

ប្រទេស​សមាគម​អាស៊ាន​មាន​ប្រទេស​ប្រ៊ុយណេ​ កម្ពុជា​ ឥណ្ឌូនេស៊ី ឡាវ ​ម៉ាឡេស៊ី ​ភូមា ហ្វីលីពីន​ សិង្ហបូរី ថៃ ​និងវៀតណាម​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ អង្គការ​សហ​ប្រជាជាតិ​បាន​សម្តែង​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង​អំពី​ការវាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ​កាល​ពេលថ្មីៗ​នេះ​នៅ​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​និង​បាន​អំពាវនាវ​ដល់​ភាគី​ទាំងពីរ​ឱ្យ​បង្កើត​បទ​ឈប់បាញ់​ជា​អចិន្ត្រៃយ៍។ សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​បាន អំពាវនាវ​ដល់​ភាគី​ទាំងពីរ​បង្ហាញ​នូវ​ភាព​អត់ធ្មត់​ជា​អតិបរមា​និង​បញ្ចៀស​សកម្មភាព​ណាមួយ​ដែល​អាច ធ្វើ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ហោ ណាំហុង ​បាន​បន្ថែមថា​ប្រទេស​កម្ពុជា​ត្រូវតែ​ចរចា​ជាមួយ​ថៃ​ដើម្បី​ដោះ ស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន។ ប្រទេស​កម្ពុជា​មិនអាច​ជៀសវាង​ការចរចា​ជាមួយ​ថៃ​បានទេ។ ប៉ុន្តែ​ការ​ចរចា​ជាមួយ​ថៃ​ត្រូវ​មាន​ការ​ចូលរួម​ពី​ភាគី​ទីបី​ ជាពិសេស​អាស៊ាន​នេះ។

«ក្នុង​កិច្ចប្រជុំ​នៅ​ហ្សាកាតា​ខាងមុខ​នេះ ​ខ្ញុំនឹង​ស្នើ​ឱ្យ​មាន​វត្តមាន​របស់​តំណាង​អាស៊ាន ​ឬ ​ប្រធាន​អាស៊ាន​ ចូលរួម​គ្រប់​កិច្ចប្រជុំ​ស្តីពី​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ។ សូម្បី​តែ​កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំដែន កម្ពុជា​-ថៃ​ក៏​ត្រូវ​តែ​មាន​វត្តមាន​របស់​តំណាង​ប្រធាន​អាស៊ាន​ចូលរួម​ដែរ។ ដូច្នេះ​ ការចាំបាច់​ត្រូវឱ្យ​មាន អ្នកទីបី​ចូលរួម​ស្តាប់​មើល​ការព្រមព្រៀង​ និង​ថាតើ​នរណា​អនុវត្ត​ និង​នរណា​មិន​អនុវត្ត»។

សំណើ​របស់​ប្រទេស​កម្ពុជា​នេះ​ផ្ទុយនឹង​គោលជំហរ​របស់​ប្រទេស​ថៃ​ដែល​បាន​អំពាវនាវ​ឱ្យ​មាន​ការចរចា​ទ្វេភាគី​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។

ការវាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​ថៃ​ពីថ្ងៃ​ទី៤​ដល់​ថ្ងៃទី៧​ ខែកុម្ភៈ ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១០ នាក់ ​និង​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ច្រើន​រាប់ពាន់​គ្រួសារ​នៃ​ប្រទេស​ទាំងពីរ​គ្មាន​ទី​ជម្រក។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបទេស​កម្ពុជា​បាន​បញ្ជាក់​ថា​កាលពី​យប់ថ្ងៃ​អង្គារ​និង​ព្រឹក​ថ្ងៃពុធ​នេះ​ កងទ័ព​ថៃ​បាន​គប់គ្រាប់​បែក​ បាញ់​កាំភ្លើង​ត្បាល់​ទំហំ​៨១​មីលីម៉ែត្រ ​និង​កាំភ្លើង​យន្ត​ជាច្រើន​គ្រាប់មក តំបន់​ភ្នំ​ទ្រព្យ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១.៦០០​ម៉ែត្រ​ពី​ព្រំដែន​ក្នុង​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ។ប៉ុន្តែ​កងទ័ព​កម្ពុជា​មិនបាន​បាញ់​តបត​វិញ​ទេ។

លោក​ សានសើន កែវកំណើត (Sansern Kaewkamnerd) ​អ្នកនាំពាក្យ​កងទ័ព​ជើងគោក​ថៃ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៕

XS
SM
MD
LG