ភ្នំពេញ៖ សំណើឈប់បាញ់របស់ប្រទេសកម្ពុជានឹងត្រូវដាក់ជូនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងទីក្រុងហ្សាកាតានៅសប្តាហ៍ក្រោយ ដើម្បីឱ្យបណ្តាប្រទេសអាស៊ានធ្វើជាសាក្សី។ ប្រទេសថៃបាននិយាយថា សំណើឈប់បាញ់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនទាន់ច្បាស់លាស់ទេ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវដល់ភាគីទាំងពីរបង្កើតបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងដោះស្រាយជម្លោះដោយសន្តិភាព។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកម្ពុជានឹងស្នើសុំឱ្យប្រទេសថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ជាអចិន្ត្រៃយ៍ ដោយមានការចុះហត្ថលេខាអមជាសាក្សីរបស់បណ្តាប្រទេសអាស៊ាន ឬប្រធានអាស៊ាន នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅសប្តាហ៍ក្រោយនេះ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃច័ន្ទ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងថៃថ្មីៗនេះ និងបានអំពាវនាវដល់ភាគីទាំងពីរបង្កើតបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងដោះស្រាយជម្លោះដោយសន្តិភាព។
នៅក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយពីបានជួបជាមួយលោកឧបនាយករដ្ឋមន្ត្រីថៃ Trairong Suwankiri លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងយ៉ាងដូច្នេះថា «នៅពេលប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានខាងមុខនេះ ប្រទេសកម្ពុជានឹងស្នើសុំឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសថៃអំពីបទឈប់បាញ់ ដោយមានអ្នកធ្វើសាក្សីគឺជាអាស៊ានរួម ឬប្រធានអាស៊ាន ព្រោះវាត្រូវតែមានក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ហើយអ្នកធ្វើសាក្សី គឺរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងពេលប្រជុំនោះ ឬក៏ប្រធានអាស៊ាន។ ហើយបើប្រធានអាស៊ានចុះហត្ថលេខាអម វាជាការល្អ។ ប៉ុន្តែវាស្ថិតនៅក្នុងដំណើរការចរចាគ្នា»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ថា ប្រទេសកម្ពុជានឹងលើកឡើងនូវចំណុចសំខាន់ចំនួនបួននៅក្នុងកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ៖
ទីមួយ៖ រាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃព្រមព្រៀងគ្នាឈប់បាញ់ជាស្ថាពរ និងជាអចិន្ត្រៃយ៍។
ទីពីរ៖ភាគីទាំងពីររក្សាស្ថានភាពដដែលនៃទីតាំងឈរជើងនៃកម្លាំងរៀងៗខ្លួន មិនចល័តកម្លាំង មិនបំពានគ្នា និងរង់ចាំរហូតមានដំណោះស្រាយជាស្ថាពរលើការបោះបង្គោលកំណត់ព្រំដែន។
ទីបី៖ភាគីទាំងពីរលើកទឹកចិត្តឱ្យមេបញ្ជាការនៅសមរភូមិជួរមុខពិភាក្សា និងសហការគ្នា ដើម្បីរក្សាស្ថិរភាពតាមព្រំដែន និងដើម្បីឱ្យសភាពការណ៍វិលទៅរក ស្ថានការណ៍មុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨។
ទីបួន៖ ដើម្បីធានាប្រសិទ្ធិភាពនៃបទឈប់បាញ់ ភាគីទាំងពីរស្នើសុំឱ្យមានការត្រួតពិនិត្យបទឈប់បាញ់ ដោយបណ្តាប្រទេសអាស៊ាន។
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាក់យ៉ាងដូច្នេះថា៖
«ខ្ញុំប៉ាន់ស្មានទុកជាមុនថា ភាគីថៃមិនព្រម ចំណុចទីបួននេះទេ ប៉ុន្តែខ្ញុំសូមប្រកាសទុកឱ្យហើយថា បើភាគីថៃមិនព្រមចំណុចទីបួន ឱ្យមានការត្រួតពិនិត្យបទឈប់បាញ់ដោយបណ្តាប្រទេសអាស៊ានទេ ប្រទេសកម្ពុជាសូមស្វាគមន៍ទទួលយកកងទ័ពនៃបណ្តាប្រទេសអាស៊ានមកនៅលើទឹកដីរបស់ខ្លួនតែម្នាក់ឯង ជាឯកតោភាគី ដើម្បីឱ្យគេមកធ្វើប៉ូលិសត្រួតពិនិត្យកងទ័ពកម្ពុជា»។
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជូនចំណុចទាំងបួននៃពង្រាងបទឈប់បាញ់ជាអចិន្ត្រៃយ៍ទៅ លោកនាយករដ្ឋមន្ត្រីថៃ Abhisit Vejjajiva តាមរយៈលោកឧបនាយករដ្ឋមន្ត្រីថៃ Trairong Suwankiri ដែលបានមកបើកការតាំងពិព័រណ៍ពាណិជ្ជកម្មថៃនៅក្នុងទីក្រុងភ្នំពេញ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ថា ការចរចាព្រំដែន និងប្រាសាទព្រះវិហារត្រូវបានធ្វើឡើងដោយមានការចូលរួមពីភាគីទីបី ប៉ុន្តែការចរចាពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌និងកិច្ចការផ្សេងទៀតត្រូវធ្វើឡើងដោយទ្វេភាគី។
លោកនាយករដ្ឋមន្ត្រីថៃ Abhisit Vejjajiva បានថ្លែងនៅក្នុងកាសែត Bangkok Post នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសទាំងពីរនៅក្នុងជម្លោះ ត្រូវធ្វើការចរចា ហើយអាស៊ានអាចធ្វើជាអ្នកសម្រួល។
លោកAbhisitបានបញ្ជាក់ថា អាស៊ានគ្មានតួនាទីចូលពាក់ព័ន្ធនៅក្នុងបញ្ហាជម្លោះនេះទេ ហើយថាសំណើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅមិនទាន់ច្បាស់លាស់ទេ។
កងទ័ពកម្ពុជាប្រចាំនៅតំបន់ប្រាសាទព្រះវិហារបានថ្លែងថា កងទ័ពកម្ពុជាត្រូវការបទឈប់បាញ់ និងមិនត្រូវការសង្គ្រាមទេ។ ប៉ុន្តែកងទ័ពកម្ពុជានៅតែមានស្មារតី និងឆន្ទៈប្រយុទ្ធការពារបូរណភាពទឹកដី បើមានការឈ្លានពានពីកងទ័ពថៃ។
លោកប្រាក់ ភី ប្រធានភូមិធម្មជាតិ នៅក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បាននិយាយថា លោកមិនចង់ឱ្យមានសង្គ្រាមកើតឡើងរវាងប្រទេស និងប្រទេសទេ។ សង្គ្រាមបានបង្កការលំបាកយ៉ាងខ្លាំង។ ប្រជាពលរដ្ឋរត់គេចចេញពីផ្ទះសម្បែង បាត់បង់អាយុជីវិត បាត់បង់មុខរបរចិញ្ចឹមជីវិត និងមានការភ័យខ្លាច។
«សម្តេចប្រកាសបទឈប់បាញ់ជាអចិន្ត្រៃយ៍នេះ ប្រជាពលរដ្ឋមានការត្រេកអរយ៉ាងខ្លាំង។ ខ្ញុំសប្បាយចិត្តណាស់ បើមានការឈប់បាញ់គ្នា ដើម្បីឱ្យប្រជាពលរដ្ឋរកស៊ី ជួបជុំបងប្អូន និងក្រុមគ្រួសារល្អូកល្អើន ពីព្រោះវាជិតដល់រដូវធ្វើស្រែហើយ»។
លោកឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានកម្ពុជា ដើម្បីកិច្ចសហប្រតិបត្តិការនិងសន្តិភាព បានថ្លែងថា កិច្ចព្រមព្រៀងបទឈប់បាញ់នេះគឺជាគោលការណ៍មួយដើម្បីទប់ស្កាត់បាននូវជម្លោះប្រដាប់អាវុធ នៅតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហារ។
«កិច្ចព្រមព្រៀងឈប់បាញ់មានសារៈសំខាន់ ដើម្បីឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរវាងភាគីជម្លោះក្នុងការថែរក្សាសន្តិភាពនៅក្នុងតំបន់ ក៏ដូចជាពិភពលោក។ ដូច្នេះ នេះគឺជាសញ្ញាល្អមួយដែលភាគីទាំងពីរ បើអាចចុះហត្ថលេខាលើបទឈប់បាញ់នៅថ្នាក់កំពូលរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ ហើយមានភាគីទីបីចូលរួមនោះ។ នេះជាសញ្ញាវិជ្ជមានមួយដល់តំបន់ និងពិភពលោក»។
ការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃកាលពីថ្ងៃទី៤ដល់ថ្ងៃទី៧ខែកុម្ភៈនេះបានសម្លាប់មនុស្សយ៉ាងតិច១០នាក់ និងជនស៊ីវិលច្រើនពាន់គ្រួសារនៃប្រទេសទាំងពីរគ្មានទីជម្រក៕