ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​គ្រោង​ចូល​ជា​សមាជិក​អនុ​សញ្ញា​អន្តរជាតិ​ Rotterdam Convention​ ស្ដីពី​​ថ្នាំ​កសិកម្ម​មាន​គ្រោះថ្នាក់​


រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​កំពុង​ពិចារណា​អំពី​ការ​ដាក់​ប្រទេស​កម្ពុជា​ ឲ្យ​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​អន្តរជាតិ​មួយ​ ក្នុង​គោល​បំណងទប់ស្កាត់ការ​ហូរ​ចូល​នូវ​ថ្នាំ​កសិកម្ម​ និង​សារធាតុ​គីមី​កសិកម្ម​ប្រកប​ដោយ​គ្រោះ​ថ្នាក់ទៅ​ក្នុង​ប្រទេស។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​និយាយ​ថា ​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​ កំពុង​ពិចារណាដាក់​ប្រទេស​កម្ពុជា​ឲ្យ​ចូល​ជា​សមាជិក​នៃ​អនុ​សញ្ញា​អន្តរជាតិ​ Rotterdam​ Convention​ ស្ដីពី​នីតិវិធី​នៃ​ការ​យល់ព្រម​ផ្តល់​ព័ត៌មាន​ជាមុន​ ចំពោះ​ថ្នាំ​កសិកម្ម​និង​សារធាតុ​គីមី​ទាំង​ឡាយ​ដែល​មាន​គ្រោះថ្នាក់​ នៅក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ។

ថ្លែង​នៅ​រាជធានី​ភ្នំពេញ​ ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ចុងក្រោយ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​ថ្នាំ​កសិកម្ម​និង​សម្ភារៈ​កសិកម្ម​ នៅ​ថ្ងៃ​ពុធ​នេះ​ លោក​ ច័ន្ទ សារុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា ​ប្រមាញ់​ និង​នេសាទ​មាន​ប្រសាសន៍​ថា ​គោលបំណង​នៃ​ការ​ដាក់​ប្រទេស​កម្ពុជា​ឲ្យ​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​អន្តរជាតិ​នេះ​ គឺ​ដើម្បី​ជួយ​ទប់ស្កាត់​ការ​នាំចូលដោយ​ខុស​ច្បាប់​អន្តរជាតិ​នូវ​ថ្នាំ​កសិកម្ម​និង សារធាតុ​គីមី​កសិកម្ម​ដែល​មាន​គ្រោះថ្នាក់មក​ក្នុង​ប្រទេស​កម្ពុជា។

«ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និងនេសាទ​ បាន​ពិចារណា​លើ​ភាព​ចាំបាច់​ក្នុង​ក្រប​ខ័ណ្ឌ​អន្តរជាតិ​បន្ថែម​ទៀត​ ដោយ​ស្នើ​សុំ​រាជ​រដ្ឋាភិបាល​ដើម្បី​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូល​ជា​សមាជិក​អនុ​សញ្ញា​អន្តរជាតិ​ Rotterdam​ Convention​ ក្នុង​គោលបំណង​ទប់ស្កាត់​ការ​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​ធុង​សំរាម​សម្រាប់​បោះចោល​និង​សាកល្បង​ថ្នាំ​កសិកម្ម​និង​សារធាតុ​គីមី​កសិកម្ម​ដែល​មាន​គ្រោះថ្នាក់​ឬ​ហាមឃាត់»។

អនុសញ្ញា​អន្តរជាតិ​ Rotterdam​ Convention​ គឺ​ជា​សិន្ធិ​សញ្ញា​ពហុជាតិ​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៨​ ក្នុង​ទីក្រុង​ Rotterdam​ ប្រទេស​ហូឡង់​ ដើម្បី​លើក​កម្ពស់​ការ​ទទួល​ខុសត្រូវ​រួមគ្នា​មួយ​ទាក់​ទង​នឹង​ការ​នាំចូល​សារធាតុ​គីមី​កសិកម្ម​ដែល​មាន​គ្រោះថ្នាក់។

អនុសញ្ញា​អន្តរជាតិ​នេះ​ ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​គ្នា​ដោយ​ចំហរ​រវាង​ប្រទេស​ជា​សមាជិក​ទាក់ទង​នឹង​ការ​ហាមឃាត់​ ឬ​ការ​ដាក់​កម្រិត​ទៅ​លើ​សារធាតុ​គីមីជាក់លាក់​ណា​មួយ និង​អំពាវនាវ​ដល់​ប្រទេស​នាំចេញ​សារធាតុ​គីមី​ដែល​មាន​គ្រោះថ្នាក់​ ឲ្យ​ប្រើ​ស្លាក​សញ្ញា​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ​ នឹង​ការណែនាំ​ពី​របៀប​ប្រើប្រាស់​ប្រកប​ដោយ​សុវត្ថិភាព​ ហើយ​នឹង​ផ្តល់​ព័ត៌មាន​ដល់​អ្នកទិញ​អំពី​ការ​ហាម​ឃាត់​ឬ​ការ​កម្រិត​នានា​ទៅលើ​ការ​ប្រើប្រាស់​សារធាតុ​គីមី​ទាំងនោះ​ផងដែរ។

បច្ចុប្បន្ន​ មាន​ប្រទេស​ចំនួន​ ១៣៤​ ដោយ​រួម​ទាំង​ប្រទេស​ថៃនិង​វៀតណាម​ផង​ដែរ​ បាន​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​អន្តរជាតិ​ Rotterdam​ Convention​ នេះ។

លោកច័ន្ទ សារុន​ មាន​ប្រសាសន៍​ថា​ កន្លង​មក​ការ​ធ្វើ​អាជីវកម្ម​សម្ភារៈ​កសិកម្ម​ ពោល​គឺ​ជី​គីមី​កសិកម្ម​និង​សារធាតុ​គីមី​កសិកម្ម​ដែល​មាន​គ្រោះ​ថ្នាក់​ នៅ​តែ​ចោទ​ជា​បញ្ហា​នៅឡើយ​សម្រាប់​កម្ពុជា​ ដោយសារ​តែ​កង្វះ​ខាត​ទាំង​សមត្ថភាព​ធនធាន​មនុស្ស​ ទាំង​ឧបករណ៍​ ច្បាប់សម្រាប់​គ្រប់គ្រង​ស្ថានភាព​ប្រឈម​នេះ។

«យើង​ជួប​បញ្ហា​ជាច្រើន​ មាន​ជា​អាទិ៍​សម្ភារៈ​កសិកម្ម​មួយ​ចំនួន​នៅតែ​នាំចូល​ពី​ប្រទេស​ជិត​ខាង​ដោយ​ល្មើស​ច្បាប់​ និង​ចរាចរ​នៅលើ​ទីផ្សារ​ដោយ​គ្មាន​បមាណីយ​គុណភាព​ ហើយ​ស្លាក​សញ្ញា​ព័ត៌មាន​លើ​សំបក​វេច​ខ្ចប់​ភាគច្រើន​ជាភាសា​បរទេស​ដែល​កសិករ​មិន​អាច​យល់​បាន»។

ការ​អង្កេត​ឆ្នាំ​២០០៩​ របស់​ក្រសួង​កសិកម្ម​ទៅលើ​ថ្នាំ​កសិកម្ម​និង​ជីគីមី​បាន​បង្ហាញ​ថា​ ជីគីមី​ដែល​ចរាចរ​លើ​ទីផ្សារ​និង​បាន​ចុះ​បញ្ជិកា​ដោយ​ក្រសួង​កសិកម្ម​ រុក្ខា ​ប្រមាញ់​ និង​នេសាទ​ មាន​ ៣៣%​ ដែល​ក្នុង​នោះ​ មាន​ស្លាក​ព័ត៌មាន​ជា​ភាសា​ខ្មែរ​តែ​ ១៤%​ ប៉ុណ្ណោះ។​ ចំណែក​ថ្នាំ​កសិកម្ម​វិញ​ មាន​ ១២%​ ដែល​បាន​ត្រូវ​ចុះ​បញ្ជិកា​ ប៉ុន្តែ​ក្នុង​នោះ​មាន​តែ​ ២%​ ប៉ុណ្ណោះ​ ដែល​មាន​ស្លាក​ព័ត៌មាន​ជា​ភាសា​ខ្មែរ។

ក្នុង​ចំណោម​ថ្នាំ​កសិកម្ម​ដែល​គ្មាន​ការ​ចុះ​បញ្ជិកា​ជាង​ ៨៧%​ ដែល​ដាក់​លក់​នៅលើ​ទីផ្សារ​ មាន​ ៥%​ជា​ប្រភេទ​ថ្នាំ​កសិកម្ម​ដែល​ត្រូវ​ហាម​ឃាត់​ដោយ​ក្រសួង​កសិកម្ម​ រុក្ខា ​ប្រមាញ់​ និង​នេសាទ​ ហើយ​មាន​ ៦%​ ជា​ប្រភេទ​ថ្នាំ​កសិកម្ម​ដែល​ហាម​ឃាត់​ដោយ​អង្គការ​សុខភាព​ពិភពលោក។

ក្រសួង​កសិកម្ម​ បាន​ចុះ​បញ្ជី​ថ្នាំ​កសិកម្ម​ចំនួន​ ១១៦​ប្រភេទ​ ដែល​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​ ដោយ​សារថ្នាំ​ទាំងនោះ​មាន​សារធាតុ​គីមី​ដែល​មាន​គ្រោះ​ថ្នាក់​ខ្លាំង។

លោកគាម មករាឌី​ ប្រធាន​កម្មវិធី​បរិស្ថាន​និង​សុខភាព​នៃ​អង្គការ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា​ហៅ​កាត់​ថា​ CEDAC​ បាន​មាន​ប្រសាសន៍​ថា​ វា​ជា​ការ​ចាំបាច់​ដែល​កម្ពុជា​ត្រូវ​តែ​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​អន្តរជាតិ​ Rotterdam​ Convention​ នេះ​ ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ដោយ​ខុស​ច្បាប់​នូវថ្នាំ​កសិកម្ម​និង​សារធាតុ​គីមី​កសិកម្ម​ដែល​មាន​គ្រោះ​ថ្នាក់​នានា​នោះ។

«ចាំបាច់​ក្នុងការ​ដែល​យើង​ចូល​ជា​សមាជិក​ Rotterdam​ Convention​ ហ្នឹង​ គឺ​ដោយសារ​អញ្ចេះ។​ នៅ​ពេល​ដែល​មាន​ការ​នាំចូល​សារធាតុ​គីមី​ដែល​មាន​គ្រោះថ្នាក់​ខ្លាំង​ហ្នឹង​ គឺ​គេ​អាច​នឹង​ជូន​ព័ត៌មាន​មក​ដល់​ប្រទេស​របស់​យើង​មុន​ អញ្ចឹង​យើង​អាច​មាន​សិទ្ធិ​បដិសេធ​នូវ​ការ​នាំចូល​នូវ​សារធាតុ​គីមី​អស់​ហ្នឹង​បាន»។

លោកឈិត សំអាត​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ ក៏​គាំ​ទ្រ​គោលបំណង​ចង់​ឲ្យ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​អន្តរជាតិ​នេះ​ដែរ​ ដោយ​លោក​មាន​ប្រសាសន៍​ថា​ ការ​ធ្វើ​បែប​នេះ​នឹង​អនុញ្ញាត​ឲ្យ​កម្ពុជា​អាច​រៀបចំ​ផែនការ​និង​បទ​ដ្ឋាន​ច្បាប់​បន្ថែម​ទៀត​ ដើម្បី​គ្រប់គ្រង​ថ្នាំ​កសិកម្ម​និង​សារធាតុ​គីមី​ដែល​មាន​គ្រោះថ្នាក់​នៅ​កម្ពុជា​ឲ្យ​ស្រប​ទៅ​នឹង​អនុសញ្ញា​អន្តរជាតិ​នោះ៕

XS
SM
MD
LG