ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ថៃឈាន​ជិតដល់​ការ​យល់ស្រប​លើ​ចំណុច​លម្អិត​នៃ​ការ​ដាក់​អ្នក​សង្កេត​ការណ៍


លោ​ក​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ហោ ណាំ​ហុង (ឆ្វេង​ទី​២)​ ចាប់​ដៃ​ជាមួយ​សមភាគី​ថៃ​របស់​លោក គឺ​លោក កាស៊ីត​ ភិរម្យ (Kasit Piromya) នៅ​ចំពោះ​វត្តមាន​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (កណ្តាល) រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហបុរី George Yeo
លោ​ក​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ហោ ណាំ​ហុង (ឆ្វេង​ទី​២)​ ចាប់​ដៃ​ជាមួយ​សមភាគី​ថៃ​របស់​លោក គឺ​លោក កាស៊ីត​ ភិរម្យ (Kasit Piromya) នៅ​ចំពោះ​វត្តមាន​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (កណ្តាល) រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហបុរី George Yeo

ប្រទេស​ឥណ្ឌូ​នេស៊ី​ដែល​ជា​អ្នក​ដើរតួ​សម្រប​សម្រួល​រវាង​កម្ពុជា​និង​ថៃ​ក្នុង​ក្របខណ្ឌ​អាស៊ាន​ បាន​និយាយ​ថា​បែបបទ​ការងារ​សម្រាប់​បញ្ជូន​ក្រុម​អ្នក​សង្កេត​ការណ៍​ ទៅ​កាន់​តំបន់​ជម្លោះ​នៃ​ប្រទេស​កម្ពុជា​និង​ថៃ​ជិត​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ហើយ​ ដោយ​សារ​ប្រទេស​ទាំង​ពីរ​បាន​យល់​ព្រម​ជា​គោលការណ៍​សឹង​តែ​គ្រប់​ចំណុច។​ នេះ​ជា​ការ​អះអាង​របស់​លោក​ ម៉ៃខល​ ធែននេ ​( Michael Tene )​ អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌូ​នេស៊ី​ដែល​បាន​ថ្លែង​ប្រាប់​ វីអូអេ​ ផ្នែក​ខេមរភាសា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អង្គារ។

«យើង​កំពុង​ធ្វើ​កិច្ចការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​រដ្ឋាភិបាល​ទាំង​ពីរ។​ យើង​មាន​សង្ឃឹមអំពី​បញ្ហា​នោះ។​ ហើយ​យើង​មាន​ជំនឿ​មុត​មាំ​ថា​បែបបទ​កាងារ​អាច​នឹង​ត្រូវ​បញ្ចប់បាន​នៅ​ថ្ងៃ​អនាគត​ដ៏​ឆាប់​បំផុត»។

លោក ​ធែននេ​ បាន​បន្ត​ថា៖

«ជា​ការណ៍​ពិត​ ការ​បញ្ជូន​ក្រុម​អ្នក​សង្កេត​ការណ៍​នឹង​ពឹង​ផ្អែក​ទៅ​លើពេល​វេលា​ណា ដែល​បែបបទ​ការងារ​ទាំង​ឡាយ​ត្រូវ​ព្រម​ព្រៀង​ដោយ​ភាគី​ទាំង​អស់»។

លោក​ ធែននេ​ ថ្លែង​ដូច្នេះ​ដោយ​បញ្ជាក់​ពី​សុទិដ្ឋិនិយម​ថា​ ក្នុង​ចំណោម​ចំណុច ទាំង​អស់​ នៅ​សល់​តែ​មួយ​ចំណុច​ទេ​ដែល​ភាគី​ទាំងពីរ​គឺ​ថៃ​និង​កម្ពុជា​នៅ​មិនទាន់​ព្រមព្រៀង។​ តែ​អ្នក​នាំ​ពាក្យ​រូប​នេះ​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​បែប​បទ​ការងារ​នោះ​ដោយ​អះអាង​ថា​ ជា​បញ្ហា​ដែល​កំពុង​ធ្វើ​បន្ត។

ក៏​ប៉ុន្តែ​បើ​តាម​ការ​អះអាង​ឲ្យ​ដឹង​ពី​មន្ត្រី​កម្ពុជា​និង​ថៃ​វិញ​គឺ​ថា​បែប​បទ​ការងារ សម្រាប់​ក្រុម​អ្នក​សង្កេត​ការណ៍​ដែល​កម្ពុជា​និង​ថៃ ​និង​ឥណ្ឌូនេស៊ី​ត្រូវ​គិតគូរ​រួម​មាន​ទាំង​ទីតាំង​ រយៈ​ពេល​ មុខនាទី​ សមត្ថកិច្ច​ កិច្ចការ​ផ្សេងៗ​ ទាក់​ទង​នឹង​ការ​សង្កេត​ការណ៍​រឿង​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ព្រំដែន​ និង​ការ​ធានា​បទ​ឈប់​បាញ់​គ្នា​ជា​ស្ថាពរ​ដែល​ភាគី​ថៃ​និង​កម្ពុជា​បាន​យល់​ព្រម​ជា​មួយ​គ្នា​ក្នុង​ពេល​កិច្ច​ប្រជុំ​អាស៊ាន​កាល​ពី​ខែ​មុន។

ថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេមរភាសា​ពី​ទីក្រុង​បាងកក​នៅ​ថ្ងៃនេះ​លោក​ ថានី​ ថោង ភក្តី​ អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ថៃ​បាន​អះអាង​ថា​ ចំណុច​មួយ​ ដែល​ស្ថិត នៅ​ក្រោម​កិច្ច​ពិភាក្សា​គ្នា​គឺ​បញ្ហា​ថា​តើ​កន្លែង​ណា​ ទំហំ​ប៉ុណ្ណា​ ដែល​ត្រូវ​គេ​ដាក់ ពង្រាយ​ក្រុម​អ្នក​សង្កេត​ការណ៍។ លោក ​ថោង ភក្តី​ ដែល​ អះអាង​ថា​ថៃ​នឹង​ចូល​រួម​ប្រជុំ​នៅ​ឥណ្ឌូនេស៊ី​នោះ​ បាន​បន្ត​ថា​បញ្ហា​បែប​បទ​ ការងារ​ផ្សេងៗ​ទៀត​ជុំវិញ​បញ្ហា​អ្នក​សង្កេត​ការណ៍​ គឺ​ស្ថិត​នៅ​ក្រោម​ការពិភាក្សា​គ្នា ​ជា​ពិសេស​ នៅ​ពេល​ដែល​មាន​កិច្ច​ប្រជុំ​ គណៈ​កម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​ លោក ​កុយ គួង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ថ្លែង​ជា​ហូរ​ហែរ​ថា​ប្រទេស​កម្ពុជា​ តាំង​ពី​ដំបូង​បាន​យល់​ព្រម​តាម​សំណើ​របស់​ឥណ្ឌូ​នេស៊ី​ដោយ​ឥត​លក្ខខណ្ឌ​ទាក់​ទង​នឹង​ បែប​បទ​ការងារ។ ហើយ​នឹង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​ថៃ។

តាម​ការ​សម្រប​សម្រួល​របស់​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ ប្រទេស​កម្ពុជា​ និង​ថៃ​ បាន​ព្រម​ព្រៀង​គ្នា​ថា​នឹង​ជួប​ប្រជុំ​នៅ​ទី​ក្រុង​បូហ្គ័រ ប្រទេស​ឥណ្ឌូនេស៊ី​ ក្នុង​លំដាប់​គណៈ​កម្មាធិការ​ព្រំដែន​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ និង​បញ្ហា​ក្រុម​អ្នក​សង្កេតការណ៍​ឥណ្ឌូ​នេស៊ី​ជាង​៣០នាក់​ ម្ខាង​ពាក់​កណ្តាល។ ក៏ប៉ុន្តែ​ទាំង​ភាគី​ឥណ្ឌូនេស៊ី​ដែល​ធ្លាប់​បាន​ស្នើ​ជា​បឋម​ឲ្យ​មាន​ជំនួប​ប្រជុំ​នៅ​ថ្ងៃទី​២៤​ ដល់ទី២៥​ខែ​មិនា​នេះ ​អះអាង​ជា​ចុង​ក្រោយ​ថា​ថ្ងៃ​ខែ​ជាក់​លាក់​សម្រាប់​កិច្ច​ប្រជុំ ​រវាង​ថៃ​និង​កម្ពុជា ​ដែល​ឥណ្ឌូ​នេស៊ី​ជា​ម្ចាស់​ផ្ទះ​នោះ​មិន​ត្រូវ​គេ​កំណត់​ច្បាស់ លាស់​នៅ​ឡើយ​ទេ។

លោក ​ម៉ៃខល​ ធែននេ​កាល​ពី​ថ្ងៃ​អង្គា​បាន​អះអាង​ថា​ កាល​បរិច្ឆេទ​នៅ​តែ​បន្ត ពិភាក្សា​ជា​មួយ​ នឹង​ភាគី​ពាក់​ព័ន្ធ​នៅ​ឡើយ។ តែ​លោក​ កុយ​ គួង ​អ្នក​នាំ​ពាក្យ ក្រសួង​ការ​បរទេស​កម្ពុជា​អះអាង​កាល​ពី​ថ្ងៃ​អង្គារ​ថា​លោក​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​ការ​ផ្លាស់​ប្តូរ​ថ្ងៃ​ប្រជុំ​នោះ​ទេ។

«គឺ​ព័ត៌មាន​ដែល​យើង​បាន​ទទួល​កន្លង​មកៗ​ដល់​ពេល​នេះ​គឺ​កិច្ច​ប្រជុំ​នេះ​នឹង​ធ្វើ នៅ​ថ្ងៃ​ទី​២៤​ទី​២៥ខែ​មិនា​ខាង​មុខ​នេះ​ ហើយ​មក​ដល់​ពេល​នេះ​ យើង​អត់​ទាន់ មាន​ទទួល​ព័ត៌មាន​អី​ឲ្យ​ប្លែក​ពី​ហ្នឹង»។

ដោយ​ឡែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ ​ថានី ​ថោង ​ភក្តី​បាន​អះអាង​ថា ថ្ងៃ​ខែ​នៃ​កិច្ច​ប្រជុំ​ទំនង​ជា​នឹង​ត្រូវ​ពន្យារ​ពេល​ទៅ​ថ្ងៃ​ទី​៧ ថ្ងៃ​ទី៨​ខែ​មេសា​ ដោយ​សារ​តែ​កម្មវិធី​មិន​ត្រូវ​គ្នា​រវាង​មន្ត្រី​កម្ពុជា​និង​ថៃ។​ លោក​បាន​បន្ត​ថា​មន្ត្រី​ថៃ​បាន​បើក កិច្ច​ប្រជុំ​ត្រៀម​រៀបចំ​រួច​ហើយ​ថ្ងៃនេះ​ ដើម្បី​ចូល​រួម​ប្រជុំ​ជា​មួយ​កម្ពុជា​នៅ​ឯ​ប្រទេស​ឥណ្ឌូនេស៊ី។

កងទ័ព​នៃ​ប្រទេស​កម្ពុជា​និង​ថៃ​ដែល​កំពុង​តាន​តឹង​តាម​បណ្តោយ​ព្រំដែន​បាន​វាយ​ប្រយុទ្ធ​គ្នា​កាល​ពី​ថ្ងៃ​ទី​៤ ​ដល់​ថ្ងៃ​ទី​៧ ​ខែកុម្ភៈ​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ ដោយ​សារ​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ការ​រំលោភ​បំពាន​ព្រំដែន​ បូរណភាព​ ទឹក​ដី។​ ការ​វាយ​ប្រយុទ្ធ​គ្នា​ដែល​រង​គ្រោះ​ដល់​កង​ទ័ព​ និង​ប្រជា​ពលរដ្ឋ​ទាំង​ពីរ​ប្រទេស​ ហើយ​និង​ខូច​ខាត​ដល់​ប្រាសាទ​ព្រះ​វិហារ​ដែល​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​នោះ​ តម្រូវ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​កោះ​ប្រជុំ​ជា​បន្ទាន់​កាល​ពី​ពាក់​កណ្តាល​ ខែ​កុម្ភៈ​ ដើម្បី​ឲ្យ​មាន​កិច្ច​ឈប់​បាញ់​គ្នា​ជា​ស្ថាពរ​ ហើយ​នឹង​បន្ត​ដោះស្រាយ​បញ្ហា​ជម្លោះ​នេះ​ ក្នុង​ក្របខណ្ឌ​សមាគម​អាស៊ាន៕

XS
SM
MD
LG