ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពន្ធ​យានយន្ត​ផ្តល់​ប្រយោជន៍​ដល់​មន្តី្រ​ពន្ធដារ


អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុង​​ទី​ក្រុង​ភ្នំពេញ។
អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុង​​ទី​ក្រុង​ភ្នំពេញ។

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​អ្នក​ប្រើប្រាស់​យានយន្ត​បាន​រិះ​គន់​ភ្នាក់ងារ​ពន្ធដារ​អំពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ការ​ប្រមូល​ពន្ធ​ប្រចាំ​ឆ្នាំ២០១០​លើ​យាន​ជំនិះ​គ្រប់​ប្រភេទ​ដែល​មន្ត្រី​ពន្ធដារទាម​ទារឲ្យ​មាន​ការបង់​ប្រាក់​លើស​តម្លៃ​រដ្ឋ​កំណត់​ ដែល​ប៉ាន់​ប្រមាណ​ថា​មាន​១លាន​ដុល្លារ​អាមេរិក។

សព្វ​ថ្ងៃ​នេះ មាន​យានយន្ត​ចំនួន​១.៣៩១.៥៦៥​គ្រឿង ​ដែល​រួមមាន​ម៉ូតូ​ចំនួន​១.១៣៥.៦៣៨​គ្រឿង​ ត្រូវ​បាន​ចុះ​បញ្ជី​ និង​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរណ៍នៅ​កម្ពុជា។

លោក​វន់ ពៅ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា បើ​យានយន្ត​មួយ​គ្រឿង​តម្រូវ​ឲ្យ​បង់​ពន្ធ​លើស​តែ​២.០០០រៀល ​ហើយ​ដែល​ប្រាក់​នោះ​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​បុគ្គល​ជា​មន្ត្រីពន្ធដារ​នោះ​ វា​មាន​ន័យ​ថា ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចំណាយ​ប្រាក់​ប្រមាណ​១លាន​ដុល្លា​រ​អាមេរិក​ប្រចាំ​ឆ្នាំ​ដោយ​ឥត​ប្រយោជន៍ទៅ​ឱ្យ​មន្ត្រី​ពន្ធដារ​ខិលខូច។ លោក​វន់ ពៅ ​បាន​បញ្ជាក់​ថា ម្ចាស់​យានយន្ត​ភាគច្រើន​បំផុត​ត្រូវ​បាន​បង្ខំ​ឱ្យ​បង់​ប្រាក់​លើស​តម្លៃ​ដែល​បាន​កំណត់​នៅក្នុង​វិក័យបត្រ័ ដែល​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ។ លោក​ថ្លែង​ថា៖

«តម្លៃ​ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​បង់​លើស​ដល់​មន្ត្រី​ពន្ធដារ​ រួមមាន ​ជា​ឧទាហរណ៍ តម្លៃ​កំណត់​ ដោយ​ក្រសួង​៣.០០០រៀល​ និង​តម្លៃ​ប្រជា​ពលរដ្ឋ​ត្រូវ​បង់​៥.០០០រៀល។ តម្លៃ​កំណត់​ដោយ​ក្រសួង​ ៤.៥០០រៀល​ និង​តម្លៃ​ប្រជា​ពលរដ្ឋ​ត្រូវ​បង់​៦.០០០រៀល។ ក្រៅ​ពីនោះ​ រថយន្ត​ត្រូវ​បាន​តម្រូវ​ឱ្យ​បង់ ពន្ធ​លើស​តម្លៃ​កំណត់​របស់​ក្រសួង​ដល់​ទៅ​១០.០០០​ ទៅ​២០.០០០រៀ់ល»។

លោក​លី សៅ ​អាយុ៣៧ឆ្នាំ​ អ្នក​រត់​ម៉ូតូឌុប ​បាន​និយាយ​ថា ការ​បង់​ពន្ធ​លើស​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​លោក ហើយ​ឥឡូវ​នេះ ការចិញ្ចឹម​ជីវិត​ដោយ​របរ​រត់​ម៉ូតូ​ឌុច​នេះ មាន​ការ​ពិបាក​ណាស់​ចាប់​តាំងពីមាន​វិបត្តិ​សដ្ឋកិច្ច​ពិភពលោក ពីព្រោះ​មាន​អ្នក​រត់ម៉ូតូ​ឌុប​ច្រើន​ជាង​អ្នក​ជិះម៉ូតូ​ឌុប។ លោក​លី សៅ ​បាន​បន្ត​ថា ក្នុង​មួយថ្ងៃ​ លោក​រក​ប្រាក់​បាន​ច្រើន​បំផុត​៣០.០០០​រៀល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ និង​កូន​ទៅ​សាលារៀន ​ហើយ​ការ​បង់ពន្ធ​លើស​តម្លៃ​នេះ ជា​ការ​ដាក់​បន្ទុក​មួយ​កម្រិត​ ទៀត​ដល់​ជីវិភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់លោក។ លោក​បន្តថា៖

«ខ្ញុំ​បាន​បង់​៤.៥០០​រៀល សម្រាប់​ប័ណ្ណ​បង់​ពន្ធ​ទោចក្រ​យានយន្ត​ ប៉ុន្តែ​មន្ត្រី​ពន្ធ​ដារ​បាន​តម្រូវ​ឱ្យ​ ខ្ញុំបង់​៦.០០០រៀល។ ខ្ញុំ​មាន​ការ​អក់អន់​ស្រពន់​ចិត្ត​ដោយសារ​មន្ត្រី​ពន្ធ​ដារ​បាន​យក​លើស​ពី​ថ្លៃ​កំណត់​របស់​រដ្ឋ»។

លោក​វ៉ា សានិត​ អាយុ​៣៥ឆ្នាំ​ អ្នក​លក់​ទឹក​អំពៅ​ក្នុង​ខណ្ឌ​ចំការមន​ បាន​ថ្លែង​ថា ការ​ទារ​បង់​ពន្ធ​លើស​នេះ មាន​ផល​ប៉ះពាល់​បន្តិច​បន្តួច​ដល់​ជីវភាព​រស់នៅ​របស់​លោក​ ប៉ុន្តែ​វា​ជា​ទង្វើ​ខុស​ច្បាប់។ លោក​ថ្លែង​ថា៖

«ខ្ញុំ​មាន​អារម្មណ៍​មិន​សូវល្អ​ ពីព្រោះ​វា​ជា​ទម្លាប់​អាក្រក់​មួយ​ ដែល​ប៉ះពាល់​ដល់​កិត្យានុភាព​សង្គម។ យើង​គួរតែ​លប់​ទៅ​អំពើ​របៀបនេះ។ ប្រាក់​២០០០រៀល​នេះ មាន​តម្លៃ​ណាស់​សម្រាប់​អ្នក​ក្រីក្រ​ និង​ខំ​ធ្វើ​យក​ប្រាក់​មក​ដោះស្រាយ​ជីវភាព»។

លោក​សុខ វង ​អាយុ​៤៥ឆ្នាំ ​អ្នក​បើក​រថយន្ត​ដឹក​ទំនិញ​បាន​និយាយ​ថា លោក​បាន​បង់​ពន្ធ​ប្រចាំ​ឆ្នាំ​លើស​តម្លៃ​កំណត់​របស់​ក្រសួង​សេដ្ឋកិច្ច​ដល់​ទៅ​២០.០០០រៀល ​ហើយ​ម៉្យាង​ទៀត​ប៉ូលីស​ក៏​បាន​បង្ខំ​ឱ្យ​លោក​បង់​ប្រាក់​ដល់​៣០.០០០​រៀល​ ក្នុង​ពេល​ដឹក​ទំនិញ​នៅតាម​ផ្លូវ។ ករណី​ទាំង​ពីរ​នេះ បាន​គ្រប​សង្កត់​មក​លើ​ជីវិភាព​របស់​លោក។

លោក​សន ជ័យ អ្នក​សម្រប​សម្រួល​បណ្តាញ​គណនេយ្យភាព​សង្គម​អាស៊ីបូព៌ា ​និង​ប៉ាស៊ីហ្វិក​ បាន​ថ្លែងថា ការ​បង់​ពន្ធ​លើស​តម្លៃ​កំណត់​របស់​ក្រសួង​សេដ្ឋកិច្ច​នេះ​ គឺជា​ការ​ធ្វើ​បាប​ផ្លូវចិត្ត ​និង​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ។ លោក​បន្តថា៖

«​យើង​បង្កើត​ទូរសព្ទ័​សម្រាប់​ផ្តល់​ដំណឹង​ភ្លាមៗ ដែល​មាន​លេខ​០១៧ ​៥៥៩​ ១២២ សម្រាប់​ការ​ហៅ​ចូល​របស់​ប្រជា​ពលរដ្ឋ​ ដើម្បី​រាយការណ៍​ពី​ឈ្មោះ​ និង​អត្តលេខ​របស់​មន្ត្រី​ពន្ធដារ​ទាំង​ឡាយ​ណា​ ដែល​បង្ខំ​ឱ្យ​ប្រជា​ពលរដ្ឋ​បង់​ប្រាក់​លើស។ យើង​នឹង​បោះពុម្ភៈ​ផ្ទាំង​ប៉ុស្ទ័រ (Poster​) ជាង​២លាន​សន្លឹក​ ចែក​ទូទាំង​ប្រទេស​កម្ពុជា»។

អគ្គ​នាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ថា​ ម្ចាស់​យានយន្ត​ត្រូវ​បង់​ប្រាក់​ពន្ធ​ឱ្យ​គ្រប់​តាម​ចំនួន​ទឹក​ប្រាក់​ពន្ធ​កំណត់​ក្នុង​តារាង​ពន្ធ។ ក្នុង​ករណី​ភ្នាក់ងារ​ពន្ធដារ​ទារ​ប្រាក់​លើស​ពី​ចំនួន​ ដែល​បាន​កំណត់​ សូម​រាយការណ៍​អំពី​ឈ្មោះ ​និង​អត្តលេខ​របស់​ភ្នាក់ងារ​នោះ ​មក​កាន់​អគ្គនាយកដ្ឋាន​ពន្ធដារ។

XS
SM
MD
LG