យ៉ាងតិចមានកម្មករកាត់ដេរស្បែកជើងចំនួនបីនាក់បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ នៅថ្ងៃច័ន្ទនេះដោយសារតែខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារដោយអាវុធខ្លី។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីសិទ្ធិមនុស្ស និងសាក្សីឃើញផ្ទាល់ភ្នែក។ ក៏ប៉ុន្តែជនដៃដល់ពុំទាន់ត្រូវបានចាប់ខ្លួនភ្លាមៗទេ ដោយរង់ចាំលទ្ធផលការស៊ើបអង្កេតជាមុនសិន។
ហេតុការណ៍បាញ់ប្រហារនេះបានកើតមានឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង នៅក្នុងខណៈពេលដែលក្រុមកម្មករនៅក្នុងរោងចក្រចំនួនបីផ្សេងៗគ្នា ប្រមាណជាង១.០០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ារឿងប្រាក់ឈ្នួលម៉ោងបន្ថែម។ ហើយក្រោយមកមានការប៉ះទង្គិច ជាមួយនឹងសន្តិសុខក្រុមហ៊ុន និងអាជ្ញាធរមានសមត្ថកិច្ច។
ជនរងគ្រោះទាំងបីរូប ត្រូវបានក្រុមមន្ត្រីសិទ្ធិមនុស្សបញ្ជាក់អត្តសញ្ញាណថាមានឈ្មោះ ប៊ុន ចិន្តា អាយុ២១ឆ្នាំ ត្រូវបានបាញ់ចំសុដន់ខាងស្តាំ រួចហើយធ្លាយមកឆ្អឹងជំនីខាងស្តាំ កែវ នា អាយុ១៨ឆ្នាំ ត្រូវចំដៃខាងស្តាំ និង នុត សាខន អាយុ២៣ឆ្នាំត្រូវបាញ់ចំដៃខាងស្តាំនិងខ្នងខាងស្តាំ។
សាក្សីឃើញផ្ទាល់ភ្នែកមួយរូប បានប្រាប់វីអូអេតាមរយៈទូរស័ព្ទ ដោយស្នើសុំមិនបញ្ចេញឈ្មោះថាមូលហេតុ ដែលនាំឲ្យមានការប៉ះទង្គិចគ្នានេះ បានកើតមានឡើងដោយសារតែក្រុមសមត្ថកិច្ចជាច្រើនរាប់សិបនាក់ បានមកវាយបំបែកការតវ៉ារបស់ក្រុមកម្មករ។ ហើយក្រោយមកត្រូវបានក្រុមកម្មករ បានតបតមកវិញដោយគប់ដុំថ្ម និងវាយនឹងដំបង។ សាក្សីដដែលរូបនោះ បាននិយាយទៀតថាស្នូរគ្រាប់កាំភ្លើងបានបាញ់ចេញពីហ្វូងសមត្ថកិច្ចសំដៅទៅលើក្រុមកម្មករ។ ក៏ប៉ុន្តែគាត់មិនទាន់ដឹងថា ក្រុមសន្តិសុខឬក៏កម្លាំងសមត្ថកិច្ចទេជាអ្នកបាញ់។
«មូលហេតុ គឺដោយសារកម្មករនៅក្នុងរោងចក្រហ្នឹង ធ្វើបាតុកម្ម ដើម្បីទាមទាររឿងអី ខ្ញុំមិនទាន់បានទទួលជាព័ត៌មានទេ។ ពេលហ្នឹង ប៉ូលិស និងសមត្ថកិច្ចហ្នឹងទៅបាញ់រះទៅលើកម្មករ»។
ប្អូនស្រី កែវ នា អាយុ១៨ឆ្នាំ ជនរងគ្រោះមួយរូបនៅក្នុងចំណោមជនរងគ្រោះទាំងបីរូប បាននិយាយថា ប្អូនស្រីត្រូវបានបាញ់ឲ្យរងរបួសក្នុងខណៈពេលដែលមានការប៉ះទង្គិចជាមួយនឹងសមត្ថកិច្ច។
«ខ្ញុំទៅបន្ទប់ទឹក ហៅបងខ្ញុំ ដល់ពេលហើយគេបាញ់មកត្រូវដៃខ្ញុំ ហើយត្រូវដើមទ្រូងបងខ្ញុំ។ ខ្ញុំមិនដឹងទេ។ អាប៉ូលិសហ្នឹង ចុះពីលើឡានភ្លាម យកកាំភ្លើង ហូតកាំភ្លើង ដើរបាញ់គេពេញហ្នឹងតែម្តង»។
លោក សែម សំអាត ស្នងការប៉ូលិសរងខេត្តស្វាយរៀង មិនបានធ្វើអត្ថាធិប្បាយទេ ដោយលោកបាននិយាយថាកំពុងជាប់រវល់។
លោក ជៀង អំ អភិបាលខេត្តស្វាយរៀង បាននិយាយថា សមត្ថកិច្ចពុំបានបាញ់ប្រហារទៅប្រជាពលរដ្ឋទេ។ លោកបានមានប្រសាសន៍ថា យ៉ាងតិចមានមន្ត្រីប៉ូលិសចំនួនបួនរូប បានទទួលរងរបួសដែរ ដោយសារតែក្រុមកម្មករបានគប់នឹងដុំថ្ម។ លោកបានបញ្ជាក់ទៀតថា អាជ្ញាធរកំពុងស្រាវជ្រាវចាប់ជនដៃដល់ទៅផ្តន្ទាទោសតាមច្បាប់។
«ស្នើថា សុំឲ្យដោះស្រាយតាមសន្តិវិធី តាមផ្លូវច្បាប់។ យើងមានអី យើងជជែកគ្នា។ ខ្ញុំណែនាំប៉ូលិសណាស់ កុំឲ្យប្រើអំពើហិង្សា។ បើមានអីដោះស្រាយតាមសន្តិភាព អហិង្សា យើងការពារប្រជាជនទាំងអស់គ្នាហ្នឹង មិនទៅកាន់ជើងខាងណាទេ»។
លោក ចាន់ សាវ៉េត មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុក បានថ្កោលទោសចំពោះព្រឹត្តិការណ៍បាញ់ប្រហារនេះ។ លោកបានមានប្រសាសន៍ថា ជនដៃដល់មិនត្រូវលើកលែងទេ។
«អ្វីដែលជាការព្រួយបារម្ភ យើងឃើញថាជាអំពើឃោរឃៅ ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅពេលដែលអ្នកដែលប្រើប្រាស់អាវុធជាកម្លាំងសន្តិសុខ ហើយទៅបាញ់បង្រ្កាបប្រជាពលរដ្ឋ ក៏ដូចជាកម្មករ។ ជារឿងមួយដែលខ្ញុំថ្កោលទោស»។
ការបាញ់ប្រហារទៅលើក្រុមកម្មករដេរស្បែកជើងនេះ បានធ្វើឡើងជាលើកទី២ហើយក្នុងពេលដើមឆ្នាំ២០១២នេះ បន្ទាប់ពីមានការបាញ់ប្រហារនៅស្រុកស្នួល ខេត្តក្រចេះ។ កាលពីថ្ងៃទី១៨ ខែមករា កន្លងទៅនេះ យ៉ាងតិចមានប្រជាពលរដ្ឋចំនួនបួននាក់បានទទួលរងរបួស ដោយសារតែការបាញ់ប្រហារ ដែលបង្កឡើងដោយសន្តិសុខក្រុមហ៊ុនចម្ការកៅស៊ូ TTY របស់លោកឧកញ៉ា ណា ម៉ារ៉ាឌី នៅក្នុងខណៈពេលដែលពួកគេ បានប្រមូលផ្តុំគ្នាតវ៉ារឿងវិវាទដីធ្លី។
បន្ទាប់ពីមានការបាញ់ប្រហារ អាជ្ញាធរមិនបានចាប់ខ្លួនជនដៃដល់ទៅផ្តន្ទាទោសភ្លាមៗទេ រហូតដល់មានប្រតិកម្មពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចេញបញ្ជាដោយផ្ទាល់មាត់ឲ្យចាប់ខ្លួន ទើបសមត្ថកិច្ចហ៊ានចាប់ខ្លួនជនដៃដល់ទៅផ្តន្ទាទោសតាមច្បាប់។ ចំណែកឯនៅខេត្តស្វាយរៀង ក្រុមមន្ត្រីសិទ្ធិមនុស្សបានរិះគន់ថា ថាតើគួរតែរង់ចាំអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឬក៏យ៉ាងណា ដើម្បីនាំខ្លួនជនដៃដល់ទៅផ្តន្ទាទោសតាមច្បាប់នោះ៕