ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ត្រកួន​ដាំ​លើ​ទឹក​ស្អុយ​បង្ក​ឲ្យ​មាន​ជំងឺ​ដល់​អ្នក​បរិភោគ?


អ្នក​លក់​បន្លែ​ស្រស់​នៅ​ផ្សារកណ្តាល​ក្នុង​រាជធានីភ្នំពេញ
អ្នក​លក់​បន្លែ​ស្រស់​នៅ​ផ្សារកណ្តាល​ក្នុង​រាជធានីភ្នំពេញ

ជា​ច្រើន​ឆ្នាំ​មក​ហើយ​អាង​ស្ដុក​ទឹក​ បឹង​ទំពន់​ បាន​ផ្ដល់​ឱ​កាស​មួយ​យ៉ាង​សំខាន់ ​សម្រាប់ប្រជាពល​រដ្ឋ​ក្រី​ក្រក្នុង​ក្រុង​ភ្នំ​ពេញប្រកប​របរ​ចិញ្ចឹម​ជីវិតប្រចាំ​ថ្ងៃ។ នោះ​គឺ​មុខ​របរ​ដាំ​ត្រកួន​នៅ​លើ​ទឹក។​ ប្រជា​ពល​រដ្ឋ​ចំនួន​ជាង​២០០​គ្រួសារ​ បាន​សង់​ផ្ទះ​ជាប់​នឹង​បឹង​នេះ​ដែល​ផ្ទៃ​ទឹក​ពណ៌ខ្មៅក្រឹប​ និង​មាន​ក្លិន​ភាយ​ឆួល​ផង។ ពួក​គេ​អាច​រក​ចំណូល​ប្រ​ចាំថ្ងៃ​ពី ​២០.០០០​ រៀល​ទៅ​៣០.០០០​ រៀល។​

អ្នក​ស្រី ​ទឺល​ សា​រ៉ន​ ដែល​មាន​អាយុ​៤៩​ឆ្នាំ​ និង​មាន​កូន​បី​នាក់​បាន​ប្រ​កប​មុខ​របរដាំ​ត្រកួន​នៅ​ក្នុង​បឹង​ទំពន់​ តាំង​ពី​ឆ្នាំ​១៩៩០​ មក​ម្លេះ។ នៅរៀង​រាល់​ព្រឹក​ អ្នក​ស្រី​ ទឺល​ សា​រ៉ន​ ឈរ​រង់​ចាំ​អតិថិជន​ដែល​ជា​ឈ្មួញ​កណ្ដាល​មក​ទិញ​ត្រកួន​របស់​គាត់​ដល់​ទី​កន្លែង។ ឈ្មួញ​ទាំង​នេះ​ ទិញ​ត្រកួន​របស់​គាត់​ និង​ត្រកួន​របស់​អ្នក​ដ​ទៃ​ទៀត​ទៅ​លក់​នៅឯ​ផ្សារ​នា​នាក្នុង​ក្រុងភ្នំពេញ។​

«មក​ទទួល​ហ្នឹង​ ខ្ញុំ​បេះ​៥០​បាច់​ បើ​បង្ខំ​វាល់​ល្ងាច​ទៅ​១០០​បាច់​ទៅ។ យើង​បាញ់​ថ្នាំ​ ហើយ​មិន​ដល់​កន្លះ​ខែ​ទេ។ អញ្ចឹង​យើង​បាញ់​ថ្នាំ​ហើយ​ឲ្យ​សាប​ថ្នាំ​បាន​យើង​បេះ។ យើង​បេះ​រហូត​ដល់​ត្រ​កួន​យើង​អស់។ បើ​ត្រ​កួន​យើង​ច្រើន​ យើង​បេះ​បាន​យូរ​ តែ​បើ​តិច​ បេះ​ឆាប់​អស់»។

បឹង​ទំ​ពន់​ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ។ វា​មាន​ទំ​ហំ​ជាង​៣.០០០​ ហិកតា។ បឹងនេះ​គឺ​ជា​អាង​ស្រូប​ទឹក​សំណល់​ និង​ទឹក​ជំនន់​ដ៏​ធំ​បំផុត​របស់​រាជ​ធានី​ភ្នំពេញ។​

អ្នក​ស្រី​ ទឺល​ សា​រ៉ន​ ដាំ​ត្រ​កួន​នៅ​លើ​ផ្ទៃ​ទឹក​នេះ​ទំហំ​កន្លះ​ហិកតា។ គាត់​អះ​អាង​ថា​ គាត់​ជួល​ផ្ទៃ​ទឹក​នេះ​ពី​ម្ចាស់​ឯក​ជន​ក្នុង​តម្លៃ​ មួយ​ឆ្នាំ​ ៨សែន​រៀល​ដើម្បី​ដាំ​ត្រ​កួន​នេះ។ ការ​ដាំ​ត្រកួន​លើ​ផ្ទៃ​ទឹក​ធ្វើ​ជា​រង​ដូច​ការ​ដាំ​ត្រកួន​លើ​ផ្ទៃ​ដី​ដែរ។ រង​នីមួយៗ​មាន​ គម្លាត​ពី​គ្នា​មួយ​មែត្រ។ ប្រជាពលរដ្ឋ​នៅ​ទី​នេះ​ ប្រើ​ទូក​តូច​ល្មម​សម្រាប់​ផ្លាស់​ទី​ទៅ​ធ្វើ​ការ​ដាំ និង​ប្រមូលផល​ត្រ​កួនលើ​ផ្ទៃ​ទឹក។

ស្ថិត​នៅ​ក្នុង​សហ​គមន៍​បឹង​ទំពន់​ ដូច​គ្នា​ដែរ​អ្នក​ស្រី​ ក្រួច​សុខ​ធឿន​ អាយុ​៣០​ឆ្នាំ​ប្រកប​មុខរបរ​ដាំ​ត្រកួន​នេះ​តាំង​ពី​ក្មេង​ជា​មួយ​ក្រុម​គ្រួសារ​ របស់​គាត់។ អ្នក​ស្រី​បាន​រៀប​រាប់​ថា​កម្រៃ​នៃ​ការ​លក់​ត្រកួន​ក៏​ដូចជា​កម្រៃ​បាន​ពី​ផល​ដំណាំ​ផ្សេងៗ​ទៀត​ដែរ​គឺ​ពឹង​ផ្អែក​លើ​ការ​លូត​លាស់​របស់​វា។

«វា​មិន​ទៀង​ដែរហ្នឹង។ ជួន​កាល​១០០​បាច់​ ជួន​កាល​៧០​បាច់​ទៅ។ វា​ដោយ​ត្រកួន​ល្អ​មិន​ល្អ»។

អ្នក​ស្រី​ ទឺល​ សា​រ៉ន​ បាន​រៀប​រាប់​ថា​ ការ​ដាំ​ត្រ​កួន​លើ​ផ្ទៃ​ទឹក​ជា​ដំបូង​ គេ​ត្រូវ​យក​ពូជ​ត្រ​កួន​ទៅ​សាប​លើ​ថ្នាល​ដី​ជា​មុន​សិន​ លុះ​ដល់​ពេល​ត្រកួន​នោះ​ដុះ​បាន​ រយៈ​ពេល​ពីរ​សប្ដាហ៍​ទើប​គេ​ដក​ រួច​យក​ទៅ​ក្រង​ជា​បាច់​ដើម្បី​យក​ទៅ​ដាំ​បណ្តែត​ទឹក។ ក្រោយ​ពី​ដាំ​នៅ​ទឹក​រយៈ​ពេល​ប្រមាណ​ជា​មួយ​ខែ​ទើប​អាច​បេះ​យក​ទៅ​លក់​បាន។ អ្នក​ស្រី​ ទឺល​ សា​រ៉ន​ បាន​បន្ថែម​ថា​ ថ្វី​បើ​ទឹក​បឹង​សម្បូរ​ជាតិ​ជី​ច្រើន​ដែល​អាច​ឲ្យ​ត្រកួន​ងាយ​លូត​លាស់​បាន​ ក៏​ប៉ុន្ដែ​គេ​ត្រូវ​ប្រើ​គីមី​មួយ​ចំនួន​ទៀត​ ដូច​ជា​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ ផ្សំ​ជាមួយ​នឹង​ថ្នាំ​ម្សៅ​សម្រាប់​ជំនួយ​ការ​លូត​លាស់​របស់​ត្រកួន​ និង​ធ្វើ​ឲ្យ​ដើម​ត្រកួន​ថ្លោស​ល្អ។​

យោង​ទៅ​តាម​ពិសោធន៍ និង​ការ​សិក្សា​របស់​លោក​បណ្ឌិត​ ឌី ​សំអាត​ អនុ​ប្រធាន​នាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិ​កម្ម ​និង​រុក្ខ​ប្របាញ់​ និង​នេសាទ ពិសោធន៍​ទៅ​លើ​ការ​ដាំ​ត្រកួន​នៅ​វៀតណាម​ បង្ហាញ​ថា​ ត្រ​កួន​ដែល​ដាំ​នៅ​លើ​ដី និង​ដាំ​ក្នុង​ទឹក​កខ្វក់​ផ្ទុក​សារធាតុ​លោហៈ​ច្រើន ​ដូចជា​ជាតិ​ មេតាន ​បារត​ និង​ជាតិ​អា​សេ​និច។

«ត្រកួន​ដាំ​នៅ​ដី​ល្អ និង​ដី​កាក​សំណល់​ហើយ​គេ​វិភាគ​គុណភាព​ត្រកួន​ទាំង​ពីរ​នៅ​លើ​ដី​កខ្វក់ ហ្នឹង គេ​ឃើញ​មាន​សារធាតុ​ពុល​ជា​ច្រើន​ ដែល​បន្សល់​នៅ​ក្នុង​ត្រ​គួន​ នឹង​ឯង​ធ្វើ​អោយ​ប៉ះ​ពាល់​សុខ​ភាព»។

ក៏​ប៉ុ​ន្ដែ​ លោក​បណ្ឌិត​ ឌី​ សំអាត​ មិន​អាច​ពន្យល់​ថា​ ជាតិ​គីមី​ទាំង​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់ ​សុខ​ភាព​បែប​ណា​នោះ​ទេ។​

លោក​សាស្ដ្រាចារ្យ​ឈូក​បូរិន​ ព្រឹទ្ធ​បុរស​នៅ​មហា​វិទ្យាល័យ​វិទ្យាសាស្រ្ត​ ជលផល​បាន​រៀប​រាប់​ថា​ ដំបូង​បំផុត​សារធាតុ​នៅ​ក្នុង​ទឹក​ស្អុយ​គឺ​មាន​ អាសូត​ ផូស្វ័រ​ ប៉ូតាស្យូម​ ដែល​ហៅ​កាត់​ថា​N​P​K​ ដែល​សារធាតុ​ទាំង​នោះ​បាន​មក​ពី​ទឹក​នោម លាមក ​និង​កាក​សំណល់​ផ្សេងៗ។ សារធាតុ​ទាំង​នេះ​ធ្វើ​ឲ្យ​ពុល​សត្វ​ រស់​នៅ​ក្នុង​ទឹក​ដូចជា​ត្រី​ជា​ដើម​ហើយ​ក្លិន​វា​ក៏​ប៉ះ​ពាល់​ដល់​សុខភាព​ប្រជាជន​ រស់​នៅ​ជាប់​នោះ​ផង​ដែរ។​

លោក​សៀក ​សុផាត​ សាស្រ្តា​ចារ្យ ​ផ្នែក​បរិ​ស្ថាន​ នៅ​សា​កល​វិទ្យា​ល័យ​ ភូមិន្ទ​ភំ្នពេញ​វិញ​ បាន​រៀប​រាប់​ថា​ ការ​ដាំ​ត្រកួន​នៅ​ក្នុង​បឹង​ទំពន់​នេះ​ អាច​ជួយ​ បន្សុទ្ធ​ទឹក​បឹង​មួយ​ផ្នែក​ដែរ​ ដោយសារ​ត្រកួន​ជួយ​ស្រូប​យក​សារធាតុ​ អាសូតផូស្វ័រប៉ូតាស្យូម​ ពី​ទឹក​បឹង។ ​លោក​សាស្ដ្រា​ចារ្យ​សៀក ​សុផាត ​ បញ្ជាក់​ថា​ ទឹក​បឹង​កខ្វក់​តែង​តែ​មាន​ផ្ទុក​សារធាតុ​ពុល​ ប៉ុន្តែ ​វា​មិន​មាន​បញ្ហា​ធំ​ដុំ​ ដែល​ផ្តល់​ផលប៉ះពាល់​ដល់​ត្រកួន​នៅទីនោះទេ។

«យោង​ទៅ​តាម​ការ​ស្រាវជ្រាវ ​ត្រកួនហ្នឹង​អត់​មាន​បាន​ស្រូប​យក​ជាតិពុល​ទេ​ ពី​ព្រោះ​នៅ​ក្នុង​ទឹក​ ត្រកួន​ស្រូប​យក​ជាតិ​ជី​N​P​K។ ឫស​វា​អាច​ចាប់​យក​ហេវវីមេត​ថល​ខ្លះ​ តែ​តាម​ការ​ស្រាវ​ជាវ​ គឺ​វា​មាន​ចំ​នួន​តិច​នៅ​ក្នុងហ្នឹង ហេវវីមេតថល​ក៏​ជា​ជាតិ​ ពុល​ដែរ។

«យ៉ាង​ណា​ក៏​ដោយ​លោក ​វេជ្ជ​បណ្ឌិត ​ថម៉ាស មហ្វ៊ី (Thomas​ Murphy) សហនាយក​មន្ទីរ​ពិសោធន៍ ​និង​ជា​អ្នក​ដឹកនាំ​ការ​ស្រាវ​ជ្រាវ​នៃ​សកល​វិទ្យាល័យ​វិទ្យា​សាស្ដ្រ​សុខា​ភិបាល​បាន​និយាយ​ថា​ ត្រកួន​ក្នុង​បរិដ្ឋាន​មិន​ស្អាត​អាច​នឹង​បណ្ដាល​ឲ្យ​អ្នក​បរិភោគ​មាន​ជំងឺ​រាក​រូស​ដែរ​ប្រសិន​បើ​មាន​ការ​ចម្អិន​មិន​ស្អាត​ល្អ។​

«ជំងឺ​រាគ​គឺ​ជា​បញ្ហា​ចំបង​បំ​ផុត​ដែល​ត្រូវ​ប្រ​ឈម​មុខ​ ហើយ​ត្រកួន​ យើង​មិន​អាច​យក​មក​បរិភោគ​ ដោយ​មិន​បានសម្អាត​ជា​មុន​បាន​ទេ»។

ក៏​ប៉ុន្ដែ​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក​ប្រកប​របរ​ដាំ​ត្រ​កួន​មិន​យល់​ថា​ ត្រកួន​ដែល​គាត់​ដាំ​នៅ​ទី​នេះ​បង្ក​ផលវិបាក​ដល់​សុខ​ភាព​នោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ​នៅ​មិន​ទាន់​មាន​ការ​សិក្សា​ជា​ផ្លូវ​ការ​ណា​មួយ​របស់​ក្រុម​អាជ្ញា​ធរ​រដ្ឋា​ភិបាល​ចំពោះ​សារធាតុ​ដែល​ស្ថិត​ក្នុង​អាង​ស្រូប​ទឹក​សំ​ណល់​នៅ​បឹង​ទំពន់​នេះ​នៅ​ឡើយ​ទេ។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​ឯករាជ្យ៕

XS
SM
MD
LG