ពលរដ្ឋនៅបូរីកីឡាចំនួន៥នាក់ក្នុងចំណោម៧នាក់ត្រូវបានដោះលែងឱ្យមកនៅក្រៅឃុំហើយកាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃសអស់រយៈពេលជាងមួយខែក្នុងទំនាស់ដីធ្លីជាមួយនឹងលោកស្រីស៊ុយ ស៊ីផាន។
ពលរដ្ឋទាំង៧នាក់ ក្នុងនោះមានក្មេងជំទង់ផង ត្រូវបានអាជ្ញាប៉ូលិសចាប់ខ្លួនទាក់ទងនឹងការប្រឆាំងតបតនឹងមន្រ្តីមានសមត្ថកិច្ចក្នុងអំឡុងពេលចុះមកកម្ចេចផ្ទះរបស់ពួកគេនៅប្លុកបូរីកីឡា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ខែមករា។
នៅពេលដែលវិលមកដល់កន្លែងស្នាក់នៅវិញ លោកសេង គង់ ជាប្រជាពលរដ្ឋម្នាក់ដែលត្រូវបានដោះលែងឱ្យមានសេរីភាពបានបញ្ជាក់ប្រាប់វីអូអេថា៖
«ខ្ញុំសប្បាយចិត្តណាស់ដែលបានត្រូវដោះលែងចេញពីព្រៃសមកវិញ។ ខ្ញុំសូមអរគុណខាងបងៗហើយដែលបានជួយពួកខ្ញុំតាមកាសែត តាមសំឡេងវិទ្យុគឺសូមអរគុណទាំងអស់គ្នា»។
ចំណែកក្មេងជំទង់ពីរនាក់ផ្សេងទៀតក៏ត្រូវតុលាការសម្រេចឱ្យនៅក្រៅឃុំដែរប៉ុន្តែដោយសារពេលវេលាយប់និងមិនអាចបំពេញបែបបទទាន់ ដូច្នេះពួកគេអាចនឹងត្រូវដោះលែងនៅពេលក្រោយ ហើយពួកគេសង្ឃឹមថាអាចនឹងចេញផុតនៅថ្ងៃសៅរ៍នេះ។ នេះបើតាមការបញ្ជាក់របស់តំណាងពលរដ្ឋទាំងនោះ។
លោកជិន លីដា មេធាវីប្រចាំនៅអង្គការសិទ្ធិមនុស្សលីកាដូ ដែលតំណាងឱ្យពលរដ្ឋទាំងនោះ បានបញ្ជាក់ប្រាប់វីអូអេថា អ្នកទាំងនោះត្រូវបានតុលាការបញ្ជាឱ្យដោះលែងនៅក្រៅឃុំប្រាកដមែន៖
«គេឱ្យពួកគាត់នៅក្រៅឃុំបណ្តោះអាសន្នសិន ហើយរឿងនេះគេមិនទាន់កាត់ថាមានទោសឬអត់ទេ»។
លោកលីដាបញ្ជាក់ដូចនេះពេលកំពុងឈរចាំទទួលជនជាប់ចោទទាំងនោះពីពន្ធនាគារ។ យ៉ាងណាក៏ដោយលោកបញ្ជាក់បន្ថែមថា តុលាការគួរតែលើកលែងការចោទប្រកាន់ទាំងស្រុង។
«គ្រាន់តែនៅក្រៅឃុំបណ្តោះអាសន្ន។ ប៉ុន្តែសំខាន់ បើចង់ផ្តល់យុត្តិធម៌ឱ្យគាត់ទាល់តែសម្រេចក្តីលើកលែងការចោទប្រកាន់លើពួកគាត់ទៅ។ នេះគ្រាន់តែជាដំណាក់កាលមួយមានភាពយុត្តិធម៌មួយកម្រិត។ ប៉ុន្តែបើរឿងហ្នឹងបានលើកលែងការចោទប្រកាន់ទៅ ទើបមានភាពយុត្តិធម៌»។
ក្រុមមន្រ្តីសិទ្ធិមនុស្សបានស្វាគមន៍ការដោះលែងឱ្យនៅក្រៅឃុំនេះ ប៉ុន្តែទទូចថា ពួកគេមិនត្រូវទទួលរងការចោទប្រកាន់អ្វីទាំងអស់ចំពោះករណីនេះ ដោយសារតែពួកគេធ្វើឡើងដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេ ដែលរងការបំផ្លាញដោយបង្ខំតែប៉ុណ្ណោះ។
លោកសៀ ភីរម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារសិទ្ធិលំនៅដ្ឋាន បានបញ្ជាក់ថា៖
«តាមអ្វីដែលយើងសង្កេតមើលឃើញគឺថា មិនត្រូវយកពួកគាត់ទៅដាក់ក្នុងពន្ធនាគារទេ ពីព្រោះតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តីគឺបញ្ហាជម្លោះ ដីធ្លីនេះគឺមិនឱ្យមានការចាប់ឃុំខ្លួនទេ។ ហើយទាក់ទងនឹងបញ្ហាកាលពីថ្ងៃ៣ គឺបើសិនជាក្រុមហ៊ុនមិនប្រើប្រាស់កម្លាំងឱ្យទៅរុះរើផ្ទះរបស់គាត់ និងឈូសឆាយផ្ទះរបស់គាត់ ក៏គាត់មិនប្រើនូវស្វ័យការពាររបស់គាត់ដែរ»។
មានពលរដ្ឋជាង៣០០គ្រួសារបានរងផលប៉ះពាល់ដោយសារការវាយកម្ចេចដោយបង្ខំដើម្បីយកទីធ្លាកន្លែងនោះឱ្យក្រុមហ៊ុនផានអ៊ីម៉ិចរបស់លោកស្រីស៊ុយ ស៊ីផានយកមកអភិវឌ្ឍជាសំណង់ផ្ទះល្វែង។ ពលរដ្ឋបានវាយតបតគ្នាជាមួយនឹងសមត្ថកិច្ច ដោយមានការគ្រប់ដុំថ្មនិងដបទឹកសុទ្ធជាដើម រហូតដល់មានការចាប់ខ្លួន។
យ៉ាងណាក៏ដោយ ទាំងលោកពុត សាមានប្រជាពលរដ្ឋម្នាក់ទៀតដែលជាប់ឃុំជាមួយនឹងលោកសេង គង់បានបញ្ជាក់ថា ស្ថានភាពរស់នៅក្នុងពន្ធនាគារមានស្ថានភាពល្អជាទេ ដោយគ្មានអ្នកណាធ្វើបាបអ្វីឡើយ។ លោកសេង គង់បន្ថែមថា ការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានប្រសិទ្ធិភាព ហើយលោកសុំឱ្យយកចិត្តទុកដាក់បន្ថែមទៀតដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់គឺការប្រគល់លំនៅដ្ឋាន៖
«ខ្ញុំសូមអំពាវនាវឱ្យសម្តេចហ៊ុន សែន ក៏ដូចជាសម្តេចហេង សំរិនដែរ ដែលបានចារមកឱ្យសាលាក្រុងដោះស្រាយ។ ខ្ញុំថា ពិតជារកយុត្តិធម៌ជូនប្រជាពលរដ្ឋពិតប្រាកដមែន»។
បើទោះបីជាមានសេរីភាពឡើងវិញមែន ប៉ុន្តែអ្នកទាំងនោះនៅត្រូវប្រឈមមុខនឹងការគ្មានផ្ទះសម្បែងនៅឡើយ ដោយសារពួកគេខ្លះរស់នៅតាមសំយ៉ាបផ្ទះអ្នកជិតខាង និងអ្នកខ្លះទៀតរស់នៅតាមក្រោមជណ្តើរនៃអគារដែលបានសាងសង់រួចហើយសម្រាប់អ្នកមុនរស់នៅ។
លោកពេជ្រ លឹមឃួន តំណាងប្រជាពលរដ្ឋបានបញ្ជាក់ថា៖
«យើងនៅតាមក្រោមអគារថ្មី តាមសំយ៉ាបអគារថ្មីមួយជួរ អគារថ្មី ដោយរស់នៅទីនេះបន្តិចទីនោះបន្តិច។ បើយើងចុះចោលកន្លែងយើង គឺបាត់បង់ការតស៊ូរបស់ប្រជាពលរដ្ឋយើង។ បើអញ្ចឹង យើងនៅតស៊ូឱ្យបានជ័យជម្នះទៅថ្ងៃខាងមុខ»។
មានពលរដ្ឋជាង១០០គ្រួសារនៅបន្តរស់នៅដើម្បីទាមទារកម្មសិទ្ធិលើសំណង់ថ្មីដែលនឹងត្រូវសាងសង់។ អ្នកខ្លះទៀតបានព្រមព្រៀងយកតាមការផ្តល់ជូនរបស់ក្រុមហ៊ុនដោយទទួលជាសំណង និងទៅនៅទីតាំងថ្មី៕