ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​និង​រដ្ឋសភា​កម្ពុជា​បាន​ជ្រើស​តាំង​អ្នក​តំណាង​របស់​ខ្លួន​សម្រាប់​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ


ព្រឹទ្ធសភា​និង​រដ្ឋសភា​កម្ពុជា​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ ធម្មនុញ្ញ​ ២​ រូប​ ឱ្យ​ធ្វើ​ជា​តំណាង​របស់​ស្ថាប័ន​នីតិ​បញ្ញត្តិ​ នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​ អំពើ​ពុក​រលួយ​ ប៉ុន្តែ​ក្រុម​អ្នក​វិះគន់​មិន​សូវ​មាន​ជំនឿ​លើ​សមាសភាព​នេះ​ទេ។

លោក​ ជន សក្តា​ ជូន​សេចក្តី​រាយការណ៍​ដូច​ត​ទៅ៖

ព្រឹទ្ធសភា​និង​រដ្ឋសភា​បាន​តែង​តាំង​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ លោក​ ប្រាក់ សុខ​ និង​លោក​ តុប សំ​ ឱ្យ​ធ្វើ​ជា​តំណាង​របស់​ខ្លួន​នៅ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ ដែល​មន្ត្រី​គណបក្ស​ប្រឆាំង​ និង​អង្គការ​សង្គម​ស៊ីវិល​បាន​និយាយ​ថា​ពួក​គេ​មិន​សូវ​មាន​ជំនឿ​លើ​សមាសភាព​នេះ​ទេ។

លោក​ តុប សំ​ អាយុ​ ៦៣​ ឆ្នាំ​ បាន​ទទួល​សម្លេង​ឆ្នោត​គាំទ្រ​ចំនួន​ ៨៣​ ទល់​នឹង​ ២៣​ សម្លេង​ ពី​សមាជិក​រដ្ឋ​សភា​ដើម្បី​ក្លាយ​ទៅ​ជា​តំណាង​ របស់​រដ្ឋ​សភា​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ។​ លោក​ តុប សំ​ ធ្លាប់​ធ្វើ​ជា​អនុ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ពី​ឆ្នាំ​ ១៩៨៩​ ដល់​ឆ្នាំ​ ១៩៩៨​ និង​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​រយៈ​ពេល​ ១២​ ឆ្នាំ​ តាំង​ពី​ឆ្នាំ​ ១៩៩៨​ ដល់​ឆ្នាំ​ ២០១០។

លោក​ ប្រាក់ សុខ​ អាយុ​ ៦៧​ឆ្នាំ​ បាន​ទទួល​សម្លេង​ឆ្នោត​គាំទ្រ​ចំនួន​ ៤៥​ ទល់​នឹង​ ៨​សម្លេង​ពី​សមាជិក​ព្រឹទ្ធសភា​ ដើម្បី​ក្លាយ​ទៅ​ជា​តំណាង​របស់​ព្រឹទ្ធសភា​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ។​ លោក​ ប្រាក់ សុខ​ ធ្លាប់​ធ្វើ​ជា​អនុ​ប្រធាន​តុលាការ​កំពូល​ និង​ សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ រយៈ​ពេល​ ១២​ ឆ្នាំ​ តាំង​ពី​ឆ្នាំ​ ១៩៩៨​ ដល់​ឆ្នាំ​ ២០១០។

ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​សមាជិក​ចំនួន​ ១១​ រូប​ ដែល​តំណាង​ឱ្យ​ព្រះ​បរម​រាជវាំង​ ព្រឹទ្ធសភា​ រដ្ឋសភា​ គណៈរដ្ឋមន្ត្រី​ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ អាជ្ញាធរ​សវនកម្មជាតិ​ និង​ ស្ថាប័ន​ផ្សេងៗ​ទៀត។

ក្រុម​ប្រឹក្សា​នេះ​មាន​ភារកិច្ច​កសាង​យុទ្ធសាស្ត្រ​និង​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ ពិគ្រោះ​យោបល់​ និង​ផ្តល់​អនុសាសន៏​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជាប់​ពាក់​ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​ទីស្តីការ​គណៈរដ្ឋមន្ត្រី។​ព្រឹទ្ធសភា​និង​រដ្ឋសភា​នឹង​បញ្ចូន​ឈ្មោះ​លោក​ តុប សំ​ និង​លោក​ ប្រាក់ សុខ​ ទៅ​ជូន​រដ្ឋាភិបាល​ ដើម្បី​ចូល​រួម​ជា​មួយ​តំណាង​ផ្សេងៗ​ទៀត​ដើម្បី​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហស្ថលេខា​លើ​ព្រះ​រាជ​ក្រឹត្យ​តែង​តាំង​ជា​ផ្លូវការ។

លោក​ តុប សំ​ និង​លោក​ ប្រាក់ សុខ​ មន្ត្រី​គណបក្ស​គ្រប់​គ្រង​អំណាច​ CPP បាន​ប្តេជ្ញា​ចិត្ត​ខិតខំ​បំពេញ​ការងារ​ថ្មី​នេះ។

"ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ និង​ខិត​ខំ​ធ្វើ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ភារកិច្ច​ថ្មី។​ លោក​បាន​ប្តេជ្ញា​ចិត្ត​ខិត​ខំ​បំពេញ​ការងារ​នេះ​ ឱ្យ​ស័ក្តិសម​នឹង​សេចក្តី​ជឿ​ទុក​ចិត្ត​របស់​ ព្រឹទ្ធសភា​ដែល​បាន​បោះឆ្នោត​ជូន​រូប​លោក"។

លោក​ស្រី​ ម៉ម ស៊ីថា​ នាយីកា​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ថ្លែង​ថា​យើង​មិន​មាន​ជំនឿ​លើ​ឯករាជ្យភាព​ និង​ប្រសិទ្ធភាព​របស់​តំណាង​ព្រឹទ្ធសភា​ និង​រដ្ឋសភា​ទាំង​២​រូប​នេះ​ ក្នុង​ការ​ ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ពីព្រោះ​ឥស្សរជន​ទាំង​នេះ​ គឺ​ជា​មន្ត្រី​គណបក្ស​គ្រប់​គ្រង​អំណាច។

"ឥឡូវ​សមាសភាព​យើង​អត់​សូវ​មាន​ជំនឿ​ក្នុង​ការ​ចាត់​ការ។​ យើង​នៅ​តែ​មាន​កង្វល់​ក្នុង​ការ​អនុវត្តន៍។​ នេះ​គ្រាន់​តែ​ជា​កង្វល់​មួយ​ដែល​យើង​បាន​ទទួល​ព័ត៌មាន​អម្បាញ់មិញ​នេះ"។

លោក​ស្រី​បាន​បន្ត​ថា​ ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ អាច​សម្រេច​ទៅ​លើ​រឿង​ក្តី​ពុក​រលួយ​តូច​តាច​ដែលប្រព្រឹត្តដោយ​អ្នក​គ្មាន​អំណាច​ ប៉ុន្តែ​មិន​អាច​សម្រេច​ទៅ​លើ​រឿង​ក្តី​ពុក​រលួយ​ធំ​ដុំ​ ដែល​មាន​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​នោះ​ទេ។

លោក​ សុន ឆ័យ​ តំណាង​រាស្ត្រ​គណបក្ស​សម រង្សី​ បាន​ថ្លែង​ថា​ លោក​ តុប សំ​ និង​លោក​ ប្រាក់ សុខ​ ដែល​ធ្លាប់​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​មាន​បទ​ពិសោធន៍​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ទេ​ ប៉ុន្តែ​ប្រសិទ្ធភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស្ថិត​នៅ​លើ​ឆន្ទៈ​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល។

"ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទៅ​លើ​ប្រវត្តិ​របស់​ឯកឧត្តម​ប្រាក់ សុខ​ និង​ឯកឧត្តម​តុប សំ​ទេ។​ ប៉ុន្តែរឿង​សំខាន់​យើងត្រូវ​មាន​ឆន្ទៈ​ ហើយ​ការ​ប្រើ​ប្រាស់​ច្បាប់​ (ប្រឆាំង​អំពើ​ពុក​រលួយ)​ របស់​យើង​ដែល​មាន​ភាព​ស្មុគ​ស្មាញ​ អាច​ធ្វើ​ទៅ​កើត។​ យើង​មិន​អាច​វិនិច្ច័យ​សមាសភាព​ ២​ រូប​នេះ​ (ថា)​ហ៊ាន​ធ្វើ​ប៉ុណ្ណា​ដើម្បី​បំពេញ​តួ​នាទី​នោះ។​ យើង​នឹង​រង់​ចាំ​មើល​ទៅ​ទៀត​ បាទ"។

លោក​ ប៉ែន ថុល​ សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ដែល​បាន​ធ្វើ​ការ​ជា​មួយ​លោក​ ប្រាក់ សុខ​ និង​លោក​ តុប សំ​ អស់​រយៈ​ពេល​ ៦​ ឆ្នាំ​ បាន​បញ្ជាក់​ថា​លោក​ ប្រាក់ សុខ​ និង​លោក​ តុប សំ​ មាន​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ល្អ​ជា​មួយ​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​៧​រូប​ទៀត​ និង​ធ្វើ​កិច្ចការ​អ្វីៗ​ផ្អែក​លើ​ច្បាប់​ទាំង​ស្រុង។

"មនុស្ស​ដឹង​ខុស​ត្រូវ​ មាន​តម្រិះ​គ្រប់​គ្រាន់​ មាន​សមត្ថភាព​គ្រប់​គ្រាន់​ និង​ ធ្វើ​កិច្ចការ​អ្វីៗ​ច្បាស់​លាស់​ណាស់។​ មនុស្ស​ល្អ​ត្រឹម​ត្រូវ​ ធ្វើ​កិច្ចការ​អ្វីៗ​មធ្យ័ត​ និង​មាន​ការ​ស្រឡាញ់​រាប់​អាន​គ្នា"។

ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ នៅ​ក្នុង​ខែ​មិនា​ និង​ព្រះ​មហាក្សត្រ​ស្តេច​បាន​ឡាយ​ព្រះ​ហស្ថលេខា​នៅ​ក្នុង​ខែ​មេសា​ ហើយ​ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ចុង​ឆ្នាំ​នេះ៕

XS
SM
MD
LG