កម្ពុជាបានប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីការឈ្លានពានរបស់ថៃចូលមកក្នុងទឹកដីកម្ពុជានៅក្បែរប្រាសាទព្រះវិហារចាប់តាំងពីថ្ងៃសុក្រមក។ កងទ័ពកម្ពុជានិងថៃបានវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង ឈានចូលដល់ថ្ងៃទីបួន ហើយនៅថ្ងៃច័ន្ទនេះ។
នៅថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិឱ្យកោះប្រជុំជាបន្ទាន់ដើម្បីបញ្ឈប់ការឈ្លានពានរបស់ថៃចូលមកក្នុងទឹកដីកម្ពុជានៅក្នុងតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រនៅសាកលវិទ្យាល័យមួយនារាជធានីភ្នំពេញយ៉ាងដូច្នេះថា៖
«យើងទើបនឹងធ្វើលិខិតថ្មីៗយប់ម៉ិញនេះទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យកោះប្រជុំជាបន្ទាន់។ ផែនការរបស់គេ (ប្រទេសថៃ) នៅពេលនេះមានចេតនាដ៏ច្បាស់លាស់ ដើម្បីវាយយកតំបន់៤,៦គីឡូម៉ែត្រទាំងអស់ដោយចាប់ផ្តើមពី ចាក់ច្រែង តាសឹម វាលឥន្ទ្រីយ៍ ភ្នំទ្រព្យ។ យើងអាចហៅថាការប៉ះទង្គិចទ្រង់ទ្រាយធំ ឬក៏សង្គ្រាមតូចនៅតាមព្រំដែនកម្ពុជា-ថែ ដែលវាយលាតសន្ធឹងលើតំបន់ ៤,៦ គីឡូម៉ែត្រការ៉េ»។
លោកនាយរដ្ឋមន្ត្រីបន្តទៀតថា៖
«បើយន្តហោះថៃឆ្លងចូលដែនអាកាសកម្ពុជា អ្នកឯង (ថៃ) ឈ្លានពានពេញបន្ទុក និងបង្ហាញពិភពលោក ហើយក្រុមប្រឹក្សាសន្តិសុខត្រូវធ្វើសកម្មភាព។ នេះមិនមែនជាការគំរាមកំហែងត្រឹមតែកម្ពុជាទេ តែវាគំរាមកំហែងសន្តិសុខតំបន់ហើយ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងទៀតថា រដ្ឋាភិបាលរបស់លោកស្នើសុំអង្គការសហប្រជាជាតិបញ្ជូនកងកម្លាំងមកកាន់តំបន់ជម្លោះនៅក្បែរប្រាសាទព្រះវិហាររបស់កម្ពុជា។
លោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាបានជួបដាច់ដោយឡែកជាមួយតំណាងអង្គទូតបរទេសនៅក្នុងទីក្រុងភ្នំពេញ ដើម្បីជម្រាបប្រាប់អំពីការឈ្លានពានរបស់ថៃចូលមកក្នុងទឹកដីកម្ពុជា និង អំពីសំណើរបស់កម្ពុជាឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោកហោ ណាំហុង បានបញ្ជាក់ថា នៅយប់ថ្ងៃច័ន្ទនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងធ្វើការប្រជុំផ្ទៃក្នុងអំពីការវាយប្រយុទ្ធគ្នារវាងកម្ពុជា និងថៃនៅតំបន់ជម្លោះតាមបណ្តោយព្រំដែន ហើយលោកនឹងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ដើម្បីរាយការណ៍ជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីការឈ្លានពានរបស់ថៃ។
លោក ផាន់នីតាន់ វ៉ាថាណាយ៉ាកន (Panitan Watanayagorn) អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានថ្លែងប្រាប់វីអូអេថា ប្រទេសថៃនឹងផ្ញើលិខិតទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិអំពីឧប្បទ្ទវហេតុរវាងកងទ័ពកម្ពុជា និងថៃ ហើយថៃមិនទទួលខុសត្រូវចំពោះការខូចខាតប្រាសាទព្រះវិហារនោះទេ។
លោក ម៉ារទី ណាតាឡេហ្កាវ៉ា (Marty Natalegawa) រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ដែលបានជួបជាមួយលោក ហោ ណាំហុង បានបញ្ជាក់ថា គោលបំណងទស្សនកិច្ចរបស់លោកមកកម្ពុជា គឺដើម្បីស្តាប់ភាគីកម្ពុជាអំពីការវាយប្រយុទ្ធគ្នាជាមួយភាគីថៃនៅតំបន់ព្រំដែន ហើយនៅថ្ងៃស្អែក លោកនឹង ជួបជាមួយលោក កាស៊ីត ភីរម្យ (Kasit Pirumya) រដ្ឋមន្ត្រីការបរទេសថៃ។
លោក ណាតាឡេហ្កាវ៉ា បានបញ្ជាក់ថា លោកចង់ឃើញភាគីទាំងពីរដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី៕