ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​កំណត់​ទោស​សម្រាប់​កុមារ​ស្មើ​ពាក់​កណ្តាល​ទោស​មនុស្ស​ចាស់


កុមារ​ខ្មែរ​ម្នាក់​នៅ​តូប​កសែត​មួយ។ ប្រទេស​កម្ពុជា​កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ពិសេស​សម្រាប់​យុត្តិធម៌​កុមារ។
កុមារ​ខ្មែរ​ម្នាក់​នៅ​តូប​កសែត​មួយ។ ប្រទេស​កម្ពុជា​កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ពិសេស​សម្រាប់​យុត្តិធម៌​កុមារ។

កុមារ​ច្រើន​រយ​នាក់ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ហូតដល់​២០​ឆ្នាំ​ចំពោះ​ការ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ក្នុង​ឆ្នាំ​២០១០​នេះ។ ​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ពិសេស​សម្រាប់​យុត្តិធម៌​កុមារ។​ សេចក្តី​ព្រាងច្បាប់​នេះ​នឹង​ជួយ​កាត់​បន្ថយ​ទោស​ជាប់​ពន្ធនាគារ​សម្រាប់កុមារ​ ឬ​បង្វែរ​ឲ្យ​ទៅ​កសាង​ខ្លួន​នៅ​ក្នុង​មណ្ឌល​ ឬ​សហគមន៍ ​ដោយ​យោង​ទៅ​តាម​ទោស។

មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាលបាន​និយាយ​ថា​ ​បើ​យើង​ដាក់​ពន្ធនាគារ​កុមារ​ ​គឺ​ជាការ​បំផ្លាញ​អនាគត​របស់​កុមារ​ ​បន្ទាប់ពី​ជាប់​ពន្ធនាគារ។

ប្រទេស​កម្ពុជា​បាន​ធ្វើ​សេចក្តី​ព្រាងច្បាប់​ពិសេស​មួយ​សម្រាប់​លើក​កម្ពស់​យុត្តិធម៌​កុមារ​ដែល​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​ច្បាប់​សំដៅ​បន្ធូរ​បន្ថយ​រយៈពេល​ទោស​ជាប់​ពន្ធនាគារ​ទាប​ជាង​មនុស្ស​ចាស់​រហូត​ដល់​ពាក់​កណ្តាល។

នៅ​ក្នុង​សិក្ខា​សាលាស្តី​ពី​ច្បាប់​ពិសេស​ដើម្បី​ការពារ​យុត្តិធម៌​កុមារ​ ​នៅថ្ងៃ​អង្គារ​នេះ ​ ​លោក​ហ៊ី សោភា ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​បាន​ថ្លែងថា​ ​បើ​ទោស​ដាក់​ពន្ធនាគារ​អតិបរមា​សម្រាប់​មនុស្ស​ចាស់មាន​រយៈ​ពេល​ប្រាំឆ្នាំ​ កុមារអាច​ត្រូវ​បាន​មានទោស​ជាប់​ពន្ធនាគារ​ត្រឹមតែ​ពីរ​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ​ ​ ហើយ​បើ​ទោស​អតិ​បរមា​ដាក់​ពន្ធនាគារ​អស់មួយ​ជីវិត​សម្រាប់​មនុស្ស​ចាស់​ នោះ​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​សម្រាប់​កុមារ​មាន​ត្រឹមតែ​២០​ឆ្នាំ​ប៉ុណ្ណោះ។​ ទោស​ជាប់​ពន្ធនាគារ​ដែល​លើស​ពី​២០​ឆ្នាំ​មិន​អាច​ប្រើប្រាស់​ទៅ​លើ​កុមារ​បាន​ទេ។

លោក​ហ៊ី សោភា​បាន​បញ្ជាក់​ថា​ ​ចំពោះ​ទោស​អប្បបរមា​ចាប់ពី​១០ឆ្នាំ ​ឬ ​លើស​ពី​១០​ឆ្នាំ​ ​តុលាការ​មាន​សិទ្ធិ​សម្រេច​ដាក់​ពន្ធនាគារ​ត្រឹមតែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​សម្រាប់កុមារ។

«បើ​អប្បបរមា​នៃ​ទោស​ដាក់​ពន្ធនាគារ​ស្មើ ​ឬ​លើស​ពី​ប្រាំឆ្នាំ​ ឬ​តិច​ជាង​១០ឆ្នាំ​ ​ទោស​អប្បបរមា​ត្រូវ​បន្ថយ​មកត្រឹម​តែ​ប្រាំមួយ​ខែ​តែ​ប៉ុណ្ណោះ​សម្រាប់​កុមារ»។

លោក​ហ៊ី សោភា​បាន​បញ្ជាក់ថា​ ​ទោស​បន្ថែម​ចំនួន​ប្រាំ​ក្នុង​ចំណោម​១៩​ប្រភេទ​ទោស​ ​អាច​យក​ទៅ​ប្រើប្រាស់​លើ​អនីតិជន​បាន​ ​ដូចជា​ការ​រឹបអូស​ឧបករណ៍​ ​សម្ភារៈ​ ​កម្មវត្ថុ​នៃ​បទល្មើស​ ​ការ​រឹបអូស​ផលទុន​ ​ឧបភោគ​ភណ្ឌសម្ភារៈ​ ​ការ​ហាមឃាត់​ចំពោះ​ការ​កាន់កាប់ ​និង​ការ​យក​អាវុធ​តាម​ខ្លួន»។

លោក​អុក វិបុល​ ប្រធាន​កម្មវិធី​យុត្តិធម៌​កុមារ​នៃ​អង្គការ​ជំនួយ​ផ្នែកច្បាប់​នៃ​កម្ពុជា​ ​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​មិនមា​នលក្ខណៈ​ពេល​លេញ​សម្រាប់​យុត្តិធម៌​ដល់​កុមារ​ទេ។​ ដូច្នេះ​យើង​ត្រូវ​ការច្បាប់​ពិសេស​សម្រាប់​អនីតិជន​ ​ដូច​លោក​ហ៊ី សោភា​បាន​លើក​ឡើង។

លោក​អុក វិបុល​បាន​បន្ថែម​ថា​ ​តុលាការ​ ​មេធាវី​ ​ប៉ូលិស​យុត្តិធម៌ ​និ​ងមន្ត្រី​សង្គម​កិច្ច​គួរតែ​ត្រូវបាន​បណ្តុះ​បណ្តាល​ជំនាញ​ពាក់ព័ន្ធ​ជាមួយ​កុមារ​ ​ហើយ​សិក្ខាសាលា​នេះ​មាន​គោលដៅ​ជំរុញ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​ ​ដែល​កំពុង​នៅ​ក្នុង​ដៃ​របស់​ក្រុម​ប្រឹក្សា​អ្នកច្បាប់​ប្រចាំ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី។

លោក​អុក វិបុល​បាន​បន្ត​ថា​ ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​ ​តុលាការ​នៅ​តែ​មាន​ការ​ដាក់ទោស​ដល់​អនីតិជន​ឱ្យ​ជាប់​ពន្ធនាគារ​ប្រហាក់​ប្រហែល​មនុស្ស​ចាស់។ ​វា​មាន​ន័យ​ថា​ ​តុលាការ​បាន​បន្ធូរ​បន្ថយ​ទោស​ជាប់​ពន្ធនាគារ​សម្រាប់​កុមារ​ ​ប៉ុន្តែ​វា​មិនទាន់​ដល់​កម្រិត​ចង់​បាន​នៅ​ឡើយ​ ​ហើយ​តុលាការនៅតែ​ប្រើច្បាប់​អន្តរកាល​ UNTAC ​និង​ក្រម​ព្រហ្មទណ្ឌ​ថ្មី​សម្រាប់​កាត់ទោស​កុមារ ​និង​មនុស្ស​ចាស់។

លោក​អុក វិបុល​បាន​ថ្លែង​ថា​ ​បើ​យើង​ដាក់​ពន្ធនាគារ​កុមារ​ ​វា​ប៉ះពាល់​ដល់​អនាគត​របស់​កុមារ​ ហើយ​បន្ទាប់ពី​ជាប់​ពន្ធនាគារ​ ​កុមារ​ត្រូវ​ទទួល​រង​នូវ​ការ​រើសអើង​នៅ​ក្នុង​សហគមន៍​ ​ការ​ផ្លាស់ប្តូរ​ទីលំ​នៅ​ ​មាន​លិខិត​ថ្កោល​ទោស​ និង​ការ​រើសអើង​នៅ​ក្នុង​ការ​រក​ការងារ​ធ្វើ។

លោក​អុក វិបុលបាន​បន្តថា​ ​បើ​ក្មេង​បាន​ប្រព្រឹត្ត​បទល្មើស​ប្រឆាំង​នឹង​ច្បាប់​ ​ តុលាកា​រពិសេស​សម្រាប់​កុមារ​គួរតែ​សម្រេច​យក​កុមារ​នោះ​ទៅ​ថែ​រក្សា​នៅ​មណ្ឌល​ ​ឬ​សហគមន៍ដើម្បី​ធ្វើការ​អប់រំ​ និង​បង្រៀន​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ។ វា​ប្រសើរ​ជាង​ដាក់​នៅ​ក្នុង​ពន្ធនាគារ។

«បើ​ក្មេង​មាន​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ​ ​កុមារ​ត្រូវតែ​ចូល​ទៅ​ក្នុង​កន្លែង​តុលាការ​ពិសេស​ដែល​មាន​ច្បាប់​ និង​នីតិវិធី​ពិសេស​ដើម្បី​ការពារ​ក្មេង​នោះ»។

លោក​អំ សំអាត ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​Licadho ​បាន​បញ្ជាក់ថា​ ​កុមារ​ចំនួន​៧៤២​នាក់ ​ដែល​រួមមាន​ស្រី​២៩​នាក់​ ​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៨​ ​ទូទាំង​ប្រទេស​ នៅ​ក្នុង​ឆ្នាំ​២០១០​នេះ។ ​កុមារ​ទាំងនេះ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រវាង​ពី​ប្រាំ​ឆ្នាំ​ដល់​២០​ឆ្នាំ​ចំពោះ​ការប្រព្រឹត្ត​បទល្មើស​ព្រហ្ម​ទណ្ឌ​ប្រឆាំង​នឹង​ច្បាប់​ ​ដូច​ជា​ ​មនុស្សឃាត​ ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ ​លួច​ប្លន់​ ​ការបង្ក​របួសស្នាម​ ​និង​រំលោភ​សេព​សន្ទវៈ​ជាដើម៕

XS
SM
MD
LG