ការស្រាវជ្រាវមួយដែលសហការដោយវិទ្យាស្ថានរបស់សហរដ្ឋអាមេរិកមួយបង្ហាញថា ប្រទេសកម្ពុជាត្រូវការបង្កើនការចំណាយថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគអេដស៍។
ក្រុមវេជ្ជបណ្ឌិតរបស់សហរដ្ឋអាមេរិក និងកម្ពុជា បានលើកឡើងនៅថ្ងៃអង្គារ៍នេះថាប្រទេសកម្ពុជាគួរតែបង្កើនការចំណាយរបស់ខ្លួនឲ្យកើនដល់ចំនួន ៦៨លានដុល្លារក្នុងមួយឆ្នាំសម្រាប់ការពារនិងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣១ហើយជាមួយគ្នានេះកម្ពុជាត្រូវកាត់បន្ថយការពឹងផ្អែកទៅលើជំនួយថវិកាសហគមន៍អន្តរជាតិ។
លោកវេជ្ជបណ្ឌិត សោភ័ណ វុនឋានៈ នាយករងវិទ្យាស្ថានជាតិសម្រាប់សុខភាពសាធារណៈ មានប្រសាសន៍ក្នុងកិច្ចពិភាក្សានៅមន្ទីររដ្ឋសភាក្នុងក្រុងភ្នំពេញ លើការផ្ដល់ហិរញ្ញប្បទានសម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ថា ការចំណាយទៅលើការទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍របស់រដ្ឋាភិបាលរហូតមកទល់ពេលនេះ បានកើនដល់ជាង ៥០ លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះ៩០ភាគរយនៃការចំណាយគឺជាថវិកាដែលបានមកពីប្រទេសផ្តល់ជំនួយ។
លោក វេជ្ជបណ្ឌិត សោភ័ណ វុនឋានៈ បញ្ជាក់ថាយោងតាម ការប៉ាន់ប្រមាណលើកំណើនសេដ្ឋកិច្ច ការប៉ាន់ប្រមាណលើនិន្នាការនៃការកាត់បន្ថយជំនួយបរទេស ដូច្នេះប្រទេសកម្ពុជាត្រូវការបង្កើនការចំណាយនូវថវិកាផ្ទាល់របស់ខ្លួនសម្រាប់ការប្រឆាំងនឹងជំងឺអេដស៍រហូតដល់ឆ្នាំ ២០៣១។
លោក សោភ័ណ វុនឋានៈ បានបញ្ជាក់ថា៖
«សេណារីយោ hard choice II គឺតម្រូវថវិកាជាង ៦០លានដុល្លារក្នុងមួយឆ្នាំ»។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមវេជ្ជបណ្ឌិត និងក្រសួងហិរញ្ញវត្ថុកម្ពុជាក្រោមជំនួយរបស់បច្ចេកទេសរបស់ក្រុមវេជ្ជបណ្ឌិតអាមេរិកាំងមកពីវិទ្យាស្ថានលទ្ធផលសម្រាប់ការអភិវឌ្ឍដែលមានចំណងជើងថា តម្លៃ និងហិរញ្ញប្បទានរយៈពេលវែងសម្រាប់ទប់ស្កាត់ការរីករាលដាល និងជំងឺអេដស៍នៅកម្ពុជាបានបង្ហាញថាម្ចាស់ជំនួយនានាបានកាត់បន្ថយការយកចិត្តទុកដាក់របស់ពួកគេមកលើការទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ហើយសម្លឹងមើលលើអាទិភាពផ្សេងៗទៀត ដោយសារតែគាប់ជួនគ្នាជាមួយនឹងវិបត្តិសេដ្ឋកិច្ចសកល និងដោយសារតែអត្រាប្រេវ៉ាឡង់នៃមេរោគនេះមានកម្រិតទាប។ ហើយជំនួយថវិការបស់ពួកគេនឹងត្រូវកាត់បន្ថយ។
របាយការណ៍ដដែលលើកជាឧទាហណ៍ថាទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្ដរជាតិរបស់ប្រទេសអង់គ្លេស នឹងបិទការិយាល័យរបស់ខ្លួននៅប្រទេសកម្ពុជា នៅឆ្នាំ ២០១១ ខាងមុខនេះ ហើយប្រទេសនេះនឹងបញ្ឈប់ការផ្ដល់ជំនួយសម្រាប់កម្មវិធីសុខភាពដល់កម្ពុជានៅឆ្នាំ ២០១៣។
លោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត រីឆាដ ស្នូលនីក (Richard Snolnik) មកពីសកលវិទ្យាល័យចចវ៉ាស៊ីនតោន (George Washington University) និងជាអ្នកសម្របសម្រួលក្នុងការធ្វើការស្រាវជ្រាវលើតម្លៃនៃការព្យាបាលជំងឺអេដស៍នៅ កម្ពុជា មានប្រសាសន៍ថា លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញពីការសន្និដ្ឋានលើចំណុចសំខាន់ ៗ ចំនួនបួននោះ គឺបើទោះជាកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធទប់ទល់នឹង ការរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍ក៏ដោយក៏ជំងឺឆ្លងដ៏ប្រល័យនេះនឹងមិនរលាយបាត់នោះទេ។ ហើយជម្រើសនយោបាយដែលប្រទេសកម្ពុជាប្រើក្នុងពេលបច្ចុប្បន្ននេះអាចនឹងបង្កឲ្យមានភាពខុសគ្នាយ៉ាងធំសម្បើមក្នុងការចំណាយសម្រាប់ទប់ទល់នឹងជំងឺនេះប្រកបដោយប្រសិទ្ធភាពនោះ។
«ជាពិសេសនៅពេលមានវិបត្តិសេដ្ឋកិច្ច មានហានិភ័យខ្លាំងណាស់ថា ដៃគូអភិវឌ្ឍន៍របស់កម្ពុជា នឹងបញ្ឈប់ការផ្ដល់ជំនួយហិរញ្ញវត្ថុចំនួន ៩០ភាគរយដល់កម្មវិធីកម្ចាត់មេរោគអេដស៍និង ជំងឺអេដស៍។ ដូច្នេះចំណុចទីបីដែលយើងរកឃើញនោះគឺថា រដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍របស់ខ្លួនត្រូវតែធ្វើការរួមគ្នាដើម្បីរៀបចំគម្រោងផ្ដល់ថវិកាមួយ។ ដូច្នេះនៅពេលដែលដៃគូអភិវឌ្ឍន៍ចាប់ផ្ដើមដកខ្លួនរដ្ឋាភិបាលចាប់ផ្ដើមជំនួសថវិកាផ្ទាល់របស់ខ្លួន។ ចំណុចសន្និដ្ឋានចុងក្រោយមានសារៈសំខាន់ណាស់ដោយសារតែប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ អេដស៍ និងមេរោគអេដស៍ តែបែរជាជំនួយត្រូវកាត់ផ្ដាច់យ៉ាងតក់ក្រហល់នោះ កម្មវិធីប្រយុទ្ធនឹងជំងឺ អេដស៍អាចនឹងបាត់បង់ចីរភាព ហើយចំនួននៃការឆ្លងមេរោគថ្មីៗនឹងកើនឡើង»។
បច្ចុប្បន្នកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ចំនួនប្រមាណជា ៦ ម៉ឺននាក់។ របាយការណ៍ដែលស្រាវជ្រាវរួមគ្នារវាងក្រុមវេជ្ជបណ្ឌិតកម្ពុជា និងក្រុមវេជ្ជបណ្ឌិតមកពីសហរដ្ឋអាមេរិក និងអ្នកស្រាវជ្រាវពីក្រសួងហិរញ្ញវត្ថុលើតម្លៃនៃការព្យាបាលជំងឺអេដស៍នៅកម្ពុជាបានបង្ហាញថា ប្រទេសកម្ពុជាបានប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ប្រកបដោយជោគជ័យហើយករណីឆ្លងថ្មីៗបានធ្លាក់ចុះពីជាង
១៥.០០០ ករណីក្នុងមួយឆ្នាំ នៅទសវត្សរ៍១៩៩០ មកត្រឹម២.០០០ ករណីនាពេលបច្ចុប្បន្ននេះ។
វេជ្ជបណ្ឌិត មាន ឈីវុន ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមជ្ឈមណ្ឌលជាតិ ដើម្បីមេរោគ អេដស៍និងជំងឺសើស្បែក និងកាមរោគ មានប្រសាសន៍ថាកម្ពុជាធ្វើបានត្រឹមត្រូវនឹងអាចកាត់បន្ថយការឆ្លងថ្មីថែមទៀត ក្នុងរយៈពេល ២០ ឆ្នាំទៅមុខទៀត។ ហើយធនធានថវិកាក៏នឹងត្រូវបន្ដកើនឡើងដែរ។ ដូច្នេះត្រូវមានវិនិយោគលើតម្លៃថោក និងមានប្រសិទ្ធភាព។ លោកវេជ្ជបណ្ឌិត មាន ឈីវុន ព្រមានថា ការបរាជ័យណាមួយក្នុងបញ្ហានេះនឹងធ្វើឲ្យការផ្ទុះនៃការចម្លងថ្មីកាន់តែខ្លាំងក្លា។
លោកស្រី ហូ ណូន ប្រធានគណៈកម្មាការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន កិច្ចការនារី និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋសភាមានប្រសាសន៍ថា ការផ្ដល់ហិរញ្ញវត្ថុលើការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍គួរតែផ្ដោតលើគោលដៅមួយចំនួន។
«ហិរញ្ញប្បទានលើជំងឺអេដស៍ មេរោគអេដស៍សម្រាប់រយៈពេលខាងមុខគួរផ្ដោតលើអន្ដរាគមន៍បង្ការលើគ្រប់ប្រជាជនគោលដៅ ជាពិសេសប្រជាជនវ័យក្មេង បុរសរួមភេទជាមួយបុរស អ្នកប្រើប្រាស់គ្រឿងញៀន និងប្រជាជនចំណាកស្រុក»។
ដោយឡែកលោក ប្រាក់ ធុល អនុប្រធានគណៈកម្មាការទី៨ដដែលនេះនៃរដ្ឋសភារំពឹងថារដ្ឋាភិបាលនឹងពិចារណាលើការផ្ដល់ហិរញ្ញវត្ថុដែលនឹងមានកម្រិតកើនឡើងនេះ។
«យើងសង្ឃឹមថា រាជរដ្ឋាភិបាលប្រាកដជាយកចិត្តទុកដាក់លើហិរញ្ញប្បទាននេះ រួមជាមួយនឹងដៃ គូអភិវឌ្ឍន៍នានា»។
មេរោគអេដស៍កើតនិងឆ្លងរាតត្បាតក្នុងពិភពលោកយើងនេះ ចាប់តាំងពីប្រមាណជា ៣០ ឆ្នាំមកហើយ។ ដោយឡែកប្រទេសកម្ពុជា ត្រូវបានគេរកឃើញថា មានការឆ្លងរាតត្បាតនៃជំងឺនេះនៅចាប់តាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ។ ការចម្លងមេរោគអេដស៍ក្នុងពេលនេះត្រូវគេរកឃើញតាមរយៈស្ដ្រីរកស៊ីផ្លូវភេទ តាមរយៈបុរសរួមភេទដូចគ្នា ឬហៅថា MSM នឹងតាមរយៈការចាក់ថ្នាំញៀនដោយប្រើម្ចុលរួមគ្នាជាដើម៕