ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិមនុស្ស​បារម្ភ​អំពី​ការ​ចាប់​អ្នកភូមិ​បុរីកីឡា​៣៨​នាក់​ឃុំឃាំង


អង្គការ​សិទ្ធិមនុស្ស​បារម្ភ​អំពី​ការ​ចាប់​អ្នកភូមិ​បុរីកីឡា​៣៨​នាក់​ឃុំឃាំង
អង្គការ​សិទ្ធិមនុស្ស​បារម្ភ​អំពី​ការ​ចាប់​អ្នកភូមិ​បុរីកីឡា​៣៨​នាក់​ឃុំឃាំង

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​អង្គការ​សិទិ្ធមនុស្ស​អន្តរជាតិ​ AMNESTY INTERNATIONAL ​និង​សម្ព័ន្ធ​អង្គការ​សង្គមស៊ីវិល​ក្នុង​ស្រុក​ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទីក្រុង​ភ្នំពេញដោះលែង​អ្នក​ភូមិ​បុរីកីឡា​ចំនួន​៣៨​នាក់​ជា​បន្ទាន់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​អំពី​រឿង​ជម្លោះ​ដីធ្លី។

ការ​អំពាវនាវ​នេះ​បាន​ធើ្វឡើង ​បន្ទាប់​ពី​អ្នក​ភូមិ​បុរីកីឡា​៣០​នាក់​ ដែល​រួម​មាន​ស្រ្តី​២៤​នាក់​ និង​កុមារ​៦​រូប​ ត្រូវ​បាន​ឃុំខ្លួន​នៅ​មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​៨​នាក់​ទៀត​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ និង​នៅ​ពន្ធនាគារ​ PJ​ (ប៉ូលិសព្រហ្មទណ្ឌ)​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​សបា្តហ៍​មុន។

អង្គការ​ AMNESTY INTERNATIONAL បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ដោយ​សន្តិភាព​ចំនួន​៣០​នាក់​ ដែល​ឥឡូវ​នេះ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មជ្ឈមណ្ឌល​សង្គម​កិច្ច​ព្រៃស្ពឺ។

ក្នុង​សេចក្តីថ្លែងការណ៍​រួម​ សម្ព័ន្ធអង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​បាន​ហៅ​ការ​ឃុំ​ខ្លួន​អ្នក​ភូមិ​បុរីកីឡា​នៅ​មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ​នេះ​ ជា​ការ​ខុស​ច្បាប់។

អង្គការ​ AMNESTY INTERNATIONAL​ ក៏​បាន​អំពាវនាវឲ្យ​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ​ដោះលែង​អ្នក​ភូមិ​បុរីកីឡា​៨​នាក់​សម្រាប់​ធើ្វ​ការ​ស៊ើបអងេ្កត​បន្ថែម​ទៀត​ ហើយ​កង​សន្តិសុខ​ដែល​គេ​រក​ឃើញ​ថា ​ទទួលខុស​ត្រូវ​ចំពោះ​ការ​ប្រើ​កម្លាំង​ជ្រុលហួស​ហេតុ​ គួរ​ត្រូវ​ព្យួរ​ការងារ​ និង​ផ្តន្ទាទោស។

អង្គការ​ AMNESTY INTERNATIONAL ​បាន​ទទូច​ឲ្យ​ក្រុម​អាជ្ញាធរ​ធ្វើ​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ពេញ​លេញ​ និង​ឯករាជ្យ​នៅ​ក្នុង​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ប្រមាណ​៣០០​គ្រួសារ​រស់នៅ​សហគមន៍​បុរីកីឡា​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី៣​ ខែ​មករា ​រួមទាំង​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​បណ្តេញ​កើត​ឡើង​ និង​ការ​ប្រើ​កម្លាំង​ជ្រុលហួស​ហេតុ​យ៉ាង​ជាក់ស្តែង​របស់​កង​សន្តិសុខ។

អង្គការ​ AMNESTY INTERNATIONAL ​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា​ គ្មាន​អ្នក​ឃ្លាំមើល​សិទិ្ធ​មនុស្ស​ណា​ម្នាក់​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​សួរ​សុខទុក្ខ​ស្រី្ត​ និង​កុមារ​៣០​នាក់​ នៅ​ក្នុង​មជ្ឈមណ្ឌល​សង្គម​កិច្ច​ព្រៃស្ពឺ​ ជា​កន្លែង​ដែល​អាជ្ញាធរ​បាន​ឃុំ​អ្នក​គ្មាន​ផ្ទះសម្បែង ​អ្នក​ប្រើ​គ្រឿងញៀន ​និង​ស្រ្តី​រក​ស៊ី​ផ្លូវភេទ​ និង​ជា​កន្លែង​ដែល​គេ​បាន​រាយការណ៍​ថា​ អ្នក​ជាប់ឃុំ​ត្រូវ​បាន​រំលោភ​ផ្លូវភេទ ​សម្លាប់​ និង​គំរាមកំហែង​ដោយ​អំពើ​ហិង្សា។

កាល​ពី​ថ្ងៃ​ទី៣​ ខែ​មករា​ ផ្ទះ​របស់​អ្នក​ភូមិ​បុរីកីឡា​ប្រមាណ​៣០០​គ្រួសារ​ត្រូវ​បាន​បំផ្លាញ​ដោយ​កម្មករ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​នៅ​ក្នុង​ឆ្នាំ​២០០៣។ ​កង​សន្តិសុខ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ និង​គ្រាប់​ជ័រ​ប្រឆាំង​នឹង​អ្នក​ភូមិ​ ហើយ​អ្នក​ភូមិ​បាន​គប់​ដុំ​ថ្ម​ ដំបង ​និង​ដប​ទឹក​ដាក់​កង​សន្តិសុខ។​ ក្នុង​អំឡុង​ការ​ប៉ះ​ទង្គិច​គ្នា​នេះ មនុស្ស​ជាង​៦០​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​រង​របួស។

អ្នកស្រី​សន​ ទូច ​អាយុ​៤១​ឆ្នាំ​នៅ​ភូមិ​១២​ ក្នុង​សហគមន៍​បុរីកីឡា ​បាន​ថ្លែង​ថា៖

«ខ្ញុំ​សូម​អំពាវនាវ​ដល់​សម្តេច​ហ៊ុន ​សែន ​សូម​ឲ្យ​ជួយ​ដោះលែង​អ្នក​ភូមិ​បុរីកីឡា​៣៨​នាក់​ ដែល​ត្រូ​វបាន​ចាប់​ឃុំ​ខ្លួន​ដោយ​គ្មាន​ទោស​កំហុស​អី្វ​ទេ​ ហើយ​ជួយ​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​ឲ្យ​បាន​ទីជម្រក​នៅ​កន្លែង​ក្នុង​បុរីកីឡា​នេះ»។

លោក​កើត ​ឆែ ​នាយករង​រដ្ឋបាល​នៃ​សាលា​រាជធានីភ្នំពេញ​ មិន​បាន​ធើ្វ​សេចក្តី​អត្ថាធិប្បាយ​ទេ​ ដោយ​បញ្ជាក់​ថា​ លោក​មិន​ទាន់​បាន​ទទួល​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ AMNESTY INTERNATIONAL​ នេះ​នៅ​ឡើយ​ទេ។

លោក​ឡាវ ​ម៉ុងហៃ ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​គួរតែ​ពិនិត្យ​ពិចារណា​លើ​សេចក្តីថ្លែង​ការណ៍​របស់​អង្គការ​ AMNESTY INTERNATIONAL​ឲ្យ​បាន​ដិតដល់​ ហើយ​អាជ្ញាធរ​មិន​គួរ​ចាប់​ឃុំឃាំង​អ្នក​ភូមិ​បុរីកីឡា​ទាំង​នេះ​ទេ។

«ភារកិច្ច​របស់​រដ្ឋ​ត្រូវ​ដោះស្រាយ​រឿង​ហ្នឹង។​ ខ្ញុំ​មើល​ទៅ​ឃើញ​ដូច​ទិដ្ឋភាព​ហ្នឹង​មិន​ខុស​ឆ្ងាយ​ពី​ការ​ជន្លៀស​ឆ្នាំ​១៩៧៥។​ វា​គ្រាន់តែ​ការ​ជន្លៀស​នេះ​ខ្នាត​តូច​ប៉ុណ្ណោះ​ ហើយ​ជន្លៀស​គ្នា​យក​ទៅ​ចាក់ចោល​អញ្ចឹង​ ដូច​នៅ​ភ្នំបាត។ ​ការ​បណ្តេញ​ចេញ​នេះ​ដូច​ជា​មាន​ភាព​ឃោរឃៅ​ខ្លាំង»។

លោក ​ឡាវ​ ម៉ុងហៃ ​បាន​លើក​ឡើង​ថា​ បញ្ហា​ជម្លោះ​ដីធ្លី ​និង​ការ​បណ្តេញ​ចេញ​នៅ​កម្ពុជា​បាន​ធើ្វ​ឲ្យ​ជន​រងគ្រោះ​ដែល​មាន​ជីវភាព​ក្រីក្រ​ស្រាប់​កាន់​តែ​ក្រីក្រ​ថែមទៀត៕

XS
SM
MD
LG