ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កម្ពុជា​ពុំព្រម​ដក​ទង់​ជាតិ​ចេញ​ពី​វត្ត​ជិត​ប្រាសាទ​ព្រះវិហារ


ព្រះ​សង្ឃ​ថៃ​ចូល​រួម​បាតុកម្ម​ជាមួយ​ក្រុម​ចលនា​អាវ​លឿង​​​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ​២០១១ នៅ​ជិត​វិមាន​រដ្ឋាភិបាល​ក្នុង​ទី​ក្រុង​បាងកក​ ដើម្បី​​ប្រឆាំង​នឹង​ការណ៍​ដែល​រដ្ឋាភិបាល​ថៃ​មិន​បាន​លុប​ចោល​កិច្ច​ព្រមព្រៀង​ព្រំដែន​មួយ​ជាមួយ​ប្រទេស​កម្ពុជា។
ព្រះ​សង្ឃ​ថៃ​ចូល​រួម​បាតុកម្ម​ជាមួយ​ក្រុម​ចលនា​អាវ​លឿង​​​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ​២០១១ នៅ​ជិត​វិមាន​រដ្ឋាភិបាល​ក្នុង​ទី​ក្រុង​បាងកក​ ដើម្បី​​ប្រឆាំង​នឹង​ការណ៍​ដែល​រដ្ឋាភិបាល​ថៃ​មិន​បាន​លុប​ចោល​កិច្ច​ព្រមព្រៀង​ព្រំដែន​មួយ​ជាមួយ​ប្រទេស​កម្ពុជា។

ប្រទេស​ថៃ​បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខឹង​យ៉ាងខ្លាំង​ដោយសារ​សេចក្តី​ថ្លែងការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថៃ អាភីស៊ីត វីចាជីវ៉ា (Abhisit Vejjajiva)​ ឱ្យ​កម្ពុជា​ដក​ទង់ជាតិ​របស់​ខ្លួន​ចេញពី​ទឹកដី​របស់​កម្ពុជា។ ប្រទេស​កម្ពុជា​បានចាត់ទុក​សេចក្តីថ្លែងការណ៍​របស់​លោក​នាយករដ្ឋមន្ត្រី​ថៃ​ថា​ជាការ​ទាមទារ​ដ៏​ប្រមាថ។

ប្រទេស​កម្ពុជា​បាន​បដិសេធ​ការទាមទារ​នេះ​នៅថ្ងៃ​សុក្រ​ក្រោយពេល​លោក​នាយក​រដ្ឋមន្ត្រី​អាភីស៊ីត វីចាជីវ៉ា ​ឱ្យ​កម្ពុជា​ដកទង់​ជាតិ​របស់​ខ្លួន​ចេញពី​វត្ត​កែវ​សិក្ខា​គីរីស្វារៈ​នៅក្បែរ​ប្រាសាទ​ព្រះវិហារ។

យោង​តាម​កាសែតថៃ​បាងកកប៉ុស្តិ៍ (Bangkok Post​) បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បត៍​ថា​លោក​នាយក​រដ្ឋមន្ត្រី​ថៃអាភីស៊ីត វីចាជីវ៉ា​ បាន​ទាមទារ​ឱ្យ​ប្រទេស​កម្ពុជា​ដក​ទង់ជាតិ​របស់​ខ្លួន​ចេញពី​វត្ត​កែវ​សិក្ខាគីរី​ស្វារៈ​និង​បាន​បញ្ជាក់​ថា​វា​ត្រូវ​បាន​យល់ព្រម​ដោយ​ភាគី​ទាំងពីរ​មិន​ឱ្យ​តម្លើង​សញ្ញា​ណា​មួយ​បង្ហាញពី​កម្មសិទ្ធិ​នៅក្នុង​ តំបន់​ជម្លោះ​នោះទេ។

ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា​សេចក្តី​ថ្លែងការណ៍​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​នេះ​មិនអាច​ទទួល​យក​បាន​ទេ​ហើយ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ទាត់ចោល​យ៉ាងម៉ឺងម៉ាត់​នូវ​ការទាមទារ​ដ៏ប្រមាថ​បែបនេះ។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បន្ថែមថា​សេចក្តី​ថ្លែងការណ៍​បែបនេះ​ដោយ​នាយក​រដ្ឋមន្ត្រី​ថៃ​ស្របគ្នា​នឹង សមយុទ្ធ​យោធា​របស់​ប្រទេស​ថៃ​នៅ​ព្រំដែន​ជាប់​ប្រទេស​កម្ពុជា​គឺជា​ការញុះញង់​បង្កើត​ទឡ្ហីករណ៍​ ដើម្បី​ប្រព្រឹត្ត​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​កម្ពុជា​នៅ​ថ្ងៃអនាគត​យ៉ាង​ជាក់ច្បាស់។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បញ្ជាក់ថា​ប្រទេស​កម្ពុជា​សូមរក្សាសិទ្ធិ​ស្របច្បាប់​ដើម្បី​ការពារ​នូវ​បូរណភាព​និង​អធិបតេយ្យភាព​របស់​ខ្លួន។

បន្ទាប់ពី​ការចរចា​រវាង​មេបញ្ជាការ​កងទ័ព​ថៃ​និង​កម្ពុជា​អំពី​ការដក​សញ្ញា​ដែល​អាច​មាន​រឿង​ជម្លោះ​នៅ ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ​ប្រទេស​កម្ពុជា​បាន​យល់ព្រម​ដក​សញ្ញា​ផ្ទាំង​ថ្ម​នៅថ្ងៃអង្គារ​ដែល​សរសេរ ថា​«ទីនេះ!​ ជា​កន្លែង​ដែល​ទាហាន​សៀម​បាន​ឈ្លានពាន​ទឹកដី​ខ្មែរ​នៅ​ថ្ងៃ​ទី​១៥ ​ខែកក្កដា ​ឆ្នាំ២០០៨» ​និង​បាន​ដក​ទៅវិញ​នៅ​ម៉ោង១០​និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​១​ ខែធ្នូ ​ឆ្នាំ​២០១០។ ប៉ុន្តែ​សញ្ញា​ផ្ទាំងថ្ម​នេះ​ត្រូវបាន​ដាក់​ជំនួយ​ដោយ​សញ្ញា​ផ្ទាំងថ្ម​មួយទៀត​ដែល​បាន​សរសេរ​ថា​ «ទី​នេះ! ជា​ទឹក​ដីខ្មែរ»។ ប្រទេស​ថៃ​បាន​ជំទាស់​ថា​សញ្ញា​ផ្ទាំងថ្ម​ទីពីរ​នេះ​ក៏ត្រូវ​ដក​ចេញ​ដែរ។ ប្រទេស​កម្ពុជា​បាន​យល់ព្រម​ដក​សញ្ញា​ផ្ទាំងថ្ម​ទីពីរ​ចេញ​ប៉ុន្តែ​បាន​ដាក់​ជំនួស​ដោយ​បោះបង្គោល​បង្ហោះ​ទង់ជាតិ​ខ្មែរ​ឡើងវិញ​នៅ​វត្ត​កែវសិក្ខាគីរី​ស្វារៈ​របស់​កម្ពុជា​ដែល​ប្រទេស​ថៃ​បាន​ហៅថា​ជា​តំបន់​ជម្លោះ​នោះ។

ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា​វត្ត​កែវសិក្ខាគីរីស្វារៈ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​ដោយ ឈរ​លើ​អនុសញ្ញា​បារាំង​-សៀម​ឆ្នាំ១៩០៤​និង​ផែនទី​បារាំង​-សៀម​ចន្លោះ​ឆ្នាំ​១៩០៥-១៩០៨​ សេចក្តី សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឆ្នាំ១៩៦២​ និង​អនុស្សារណៈ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​ កម្ពុជា ​និង​ថៃ​ស្តីពី​ការវាស់វែង​និង​កំណត់​ខណ្ឌ​សីមា​ព្រំដែន​គោក​ឆ្នាំ​២០០០។

ក្រសួង​ការបរទេស​កម្ពុជា​បាន​បន្ថែម​ថា​នៅក្នុង​ចន្លោះ​ឆ្នាំ១៩០៥-១៩០៨​ គណៈកម្មការ​បារាំង​-សៀម ​បាន​ធ្វើ​ផែនទី​សរុប​ចំនួន​១១ផ្ទាំង​ក្នុងនោះ​មាន​ទាំង​ផែនទី​កំណត់​សីមា​ព្រំដែន​នៅ​តំបន់​៦ ​ដែល​ជាតំបន់ ប្រាសាទ​ព្រះវិហារ​ផងដែរ។

ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា​យោង​តាម​ផែនទី​ដែល​ផលិត​ដោយ​គណៈកម្មការ​បារាំង-សៀម​ វត្ត​កែវសិក្ខាគីរីស្វារៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​កសាង​ឡើង​នៅឆ្នាំ​ ១៩៩៨ ​មាន​ទីតាំង​ស្ថិតនៅ​ យ៉ាងច្បាស់​ក្នុង​ទឹកដី​កម្ពុជា។ ហេតុនេះ ​ការដាក់​បង្គោល​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅលើ​វត្ត នេះ ​គឺជា​ភាព​សមស្រប​តាមច្បាប់។

លោក​រដ្ឋមន្ត្រី​ការបរទេស​ពី​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​នឹង​ជួប​ពិភាក្សា​គ្នា​ពី​បញ្ហា​នយោបាយ​សន្តិសុខ​និង​សេដ្ឋកិច្ច​នៅ​សប្តាហ៍​ក្រោយ​នេះ​សំដៅ​ពង្រឹង​ពង្រីក​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ជាប់​ជិតខាង​ទាំងពីរ​នេះ។

លោក​ហោ ណាំហុង ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ​និង​លោកកាសិត​ ភីរម្យ​ (Kasit Piromya) ​រដ្ឋមន្ត្រី​ការបរទេស​ថៃ​នឹង​ដឹកនាំ​គណៈ​ប្រតិភូ​រៀងៗ​ខ្លួន​មក​ចូលរួម​កិច្ចប្រជុំ​លើកទី៧​របស់​គណៈកម្មការ​ចម្រុះ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ដែល​នឹង​ធ្វើឡើង​នៅក្នុង​ខេត្ត​សៀមរាប​ នៅថ្ងៃទី​៣​និង​ទី៤ ខែកុម្ភៈ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់ថា​កិច្ចប្រជុំ​នេះ​សំដៅ​ពង្រឹង​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​លើ​គ្រប់វិស័យ​រវាង​ប្រទេស​ទាំងពីរ។

លោក​កុយ គួង​ អនុរដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ថ្លែង​យ៉ាងដូច្នេះ ថា៖

«កិច្ចប្រជុំ​នេះ​នឹង​មិន​ពិភាក្សា​ទាក់ទង​នឹង​បច្ចេកទេស​ដោះស្រាយ​ព្រំដែនទេ។ កិច្ចប្រជុំ​នេះនឹង ពិភាក្សា​ពី​កិច្ច​សហប្រតិបត្តិការ​និង​ទំនាក់ទំនង​ទូទៅ​ដូចជា​សេដ្ឋកិច្ច ​ទេសចរណ៍ ​ទេសចរណ៍​វប្បធម៌ អប់រំ ​និង​ការឆ្លងកាត់​ព្រំដែន»។

សេចក្តី​ថ្លែងការណ៍​បាន​សរសេរថា​ក្នុង​អំឡុង​កិច្ចប្រជុំ​ភាគីទាំង​ពីរ​នឹង​អនុម័ត​កំណត់​ហេតុ​ពិភាក្សា​នៃ កិច្ច​ប្រជុំ​នេះ៕

XS
SM
MD
LG