បន្ទាប់ពីមានការរិះគន់ខ្លាំងៗចម្រុះគ្នារបស់អង្គការក្រៅរដ្ឋាភិបាលក្នុង និងក្រៅប្រទេសអំពីការចាប់ខ្លួនអតីតប្រជាពលរដ្ឋនៅតំបន់បុរីកីឡា រួចហើយយកទៅមណ្ឌលកែប្រែព្រៃស្ពឺសាលាក្រុងភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានមួយដែលបានចាត់ទុកថាអាជ្ញាធរមិនបានយកប្រជាពលរដ្ឋទៅឃុំឃាំងទេ។
កាលពីថ្ងៃពុធកន្លងទៅនេះយ៉ាងតិចមានប្រជាពលរដ្ឋរស់នៅអតីតតំបន់បូរីកីឡាប្រមាណ៣០នាក់ក្នុងនោះមានកុមារចំនួនប្រាំមួយនាក់ត្រូវបានអាជ្ញាធរប៉ូលិស និងសន្តិសុខសាលាខណ្ឌដូនពេញបានចាប់បញ្ជូនចូលក្នុងរថយន្តក្រុងដោយបង្ខំរួចហើយយកទៅមណ្ឌលកែប្រែមិត្តភាពព្រៃស្ពឺដែលមានទីតាំងឋិតនៅសង្កាត់ចោមចៅ ខណ្ឌដង្កោ ជាយក្រុងភ្នំពេញ។
ការចាប់បញ្ជូនខ្លួនប្រជាពលរដ្ឋនេះបានកើតមានឡើងនៅពេលដែលប្រជាពលរដ្ឋប្រមាណជាជិត១០០នាក់បានដើរក្បួនបាតុកម្មដោយសន្តិវិធីហើយក្រោយមកបានដាក់ញ្ញត្តិទៅសាលាក្រុងភ្នំពេញ ដើម្បីឲ្យដោះលែងប្រជាពលរដ្ឋនៅតំបន់បុរីកីឡាប្រាំបីនាក់ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស និងប៉េហ្ស៊ីឲ្យមានសេរីភាពឡើងវិញព្រមទាំងផ្តល់ទីជម្រកសមរម្យដល់ពួកគេបន្ទាប់ពីការបណ្តេញចេញដោយបង្ខំកាលពីថ្ងៃទី៣ខែមករាកន្លងទៅនេះ។
សាលាក្រុងភ្នំពេញកាលពីថ្ងៃសុក្រនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលមានចំណងជើងថា «ការណ៍ពិតនៃការបញ្ជូនប្រជាពលរដ្ឋ២២គ្រួសារទៅមណ្ឌលព្រៃស្ពឺ» សាលាក្រុងបាននិយាយថាអាជ្ញាធរបានចាប់បញ្ជូនពួកគេទៅស្នាក់នៅបណ្តោះអាសន្ននៅមណ្ឌលព្រៃស្ពឺមិនមែនជាការឃុំឃាំងទេគឺទទួលបានការថែទាំនិងរង់ចាំការបណ្តុះបណ្តាលវិជ្ជាជីវៈ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថាប្រជាពលរដ្ឋដែលចាប់បញ្ជូនទៅមណ្ឌលកែប្រែព្រៃស្ពឺមិនមែនជាប្រជាពលរដ្ឋដែលរស់នៅតំបន់បុរីកីឡារហូតដល់ឆ្នាំ២០០៣ទេ។ មានចំនួនប្រាំបួនគ្រួសារបានទិញផ្ទះនៅលើដីរដ្ឋដោយខុសច្បាប់ ប្រាំមួយគ្រួសារជាប្រភេទទិញទិញផ្ទះខុសច្បាប់នៅលើដីរដ្ឋ ហើយមិនបានស្នាក់នៅទេគឺទុកជួលយកកម្រៃ មួយគ្រួសារបានទិញផ្ទះស្នាក់នៅរួចហើយក៏ប៉ុន្តែលក់បន្តមកតវ៉ាសុំឲ្យកូន មានមួយគ្រួសារទៀតជាប្រភេទមនុស្សដែលឆ្លៀតមកស្នាក់នៅដើម្បីទាមទារលុយកាក់។
អ្នកស្រី ជុំ ងាន់ អាយុ៤៩ឆ្នាំដែលកំពុងរស់នៅមណ្ឌលកែប្រែព្រៃស្ពឺបាននិយាយប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទមកថាការបកស្រាយរបស់សាលាក្រុងភ្នំពេញគឺជាការណ៍មិនពិត។ លោកស្រីបានបញ្ជាក់ថាប្រជាពលរដ្ឋរស់នៅមណ្ឌលកែប្រែព្រៃស្ពឺប្រៀបបីដូចជាមន្ទីរឃុំឃាំង បើទោះបីជាពួកគេបានទទួលអាហារនិងទឹកសម្រាប់ងូតក៏ដោយក៏ប៉ុន្តែពួកគេគ្មានសិទ្ធិដើរហើរចេញពីមណ្ឌលទេ។
«សាលាក្រុងចាប់ពួកខ្ញុំសុទ្ធតែសែងឡើងឡានកុំមកដោះដៃទទេ ឥតបានទេចេញទៅវិញទៅអង្គុយនៅមុខសាលាក្រុងទៀតឲ្យតែនិយាយអីញ្ចឹង»។
អតីតអ្នកភូមិបុរីកីឡាប្រមាណ៣០នាក់ត្រូវបានដាក់នៅក្នុងបន្ទប់រួមគ្នាមួយទំហំប្រាំម៉ែតបួនជ្រុង ក៏ប៉ុន្តែនៅក្នុងមណ្ឌលនេះមានមនុស្សវិកលចរិកជាច្រើន នេះបើតាមការបញ្ជាក់របស់អ្នកស្រីជុំ ងាន់។
លោក ចាន់ សាវ៉េត មន្ត្រីស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុកបាននិយាយថាប្រជាពលរដ្ឋបុរីកីឡាត្រូវបាននាំខ្លួនដោយបង្ខំយកទៅដាក់មណ្ឌលកែប្រែព្រៃស្ពឺ។ លោកបានបញ្ជាក់ថាប្រជាជនមិនអនុញ្ញាតឲ្យចេញមកក្រៅទេ ដែលទង្វើនេះគឺជាការបង្ខាំងឬឃុំខ្លួន។
«យើងមិនមែនចេះតែថារដ្ឋាភិបាលធ្វើនេះខុស ធ្វើអញ្ចុះខុសនោះទេ ហើយចេះតែនិយាយដោយគ្មានលក្ខខណ្ឌនោះទេ។ គឺយើងឃើញសកម្មភាពនៃការធ្វើខាងបុរីកីឡានេះ យើងបានទទួលផ្លូវការគឺគ្មានការស៊ើបអង្កេតទេបន្ទាប់ពីមានការកើតឡើង»។
កាលពីថ្ងៃទី៣ ខែមករានេះ អាជ្ញាធរមានសមត្ថកិច្ចជាច្រើនរាប់រយនាក់បានបណ្តេញប្រជាពលរដ្ឋជាច្រើននៅតំបន់បុរីកីឡារហូតដល់មានការប៉ះទង្គិចដោយបង្ហូរឈាមមួយរវាងសមត្ថកិច្ចនិងប្រជាពលរដ្ឋ។ មានប្រជាពលរដ្ឋយ៉ាងតិចប្រាំបីនាក់ត្រូវបានចាប់ឃុំខ្លួនភ្លាមៗក្រោមបទចោទប្រកាន់ថាបានប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងអ្នករាជការសាធារណៈ និងបទបង្ករបួសស្នាមក៏ប៉ុន្តែមិនមានសមត្ថកិច្ចណាម្នាក់ត្រូវបានចាប់ខ្លួនពីបទវាយប្រជាពលរដ្ឋឲ្យរងរបួសទេ៕