កំពុងអង្គុយនៅក្រោយខ្ទមដ៏តូចមួយ ដែលធ្វើអំពីឈើតូចៗ និងប្រក់សំពត់កៅស៊ូចាស់ៗ អ្នកស្រី ឃួន តឿន អាយុ៣៣ឆ្នាំ បានយំខ្សិបខ្សួលយ៉ាងខ្លាំង បន្ទាប់ពីកូនរបស់អ្នកស្រីបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃចន្ទ។
«ខ្ញុំអាណិតកូនរបស់ខ្ញុំណាស់!»។
ទារកឈ្មោះចាន់ សំណាង អាយុ៩ខែ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃចន្ទម្សិលមិញនេះ នៅមន្ទីរពេទ្យគន្ធបុប្ផាក្រោយព្រះបរមរាជវាំង នាក្រុងភ្នំពេញ បន្ទាប់ពីបានសម្រាកព្យាលបាលអស់រយៈពេលជាងមួយខែ។
ឪពុកម្តាយកុមារជនរងគ្រោះបាននិយាយថា ទារកចាន់ សំណាង បានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃអស់ពេលជាយូរមកហើយ បន្ទាប់ពីក្រុមគ្រួសារបានទទួលរងគ្រោះជាមួយនឹងប្រជាពលរដ្ឋនៃសហគមបុរីកីឡាដទៃផ្សេងទៀត ដោយសារតែការបណ្តេញចេញដោយបង្ខំកាលពីខែមករា កន្លងទៅនេះ។
សពទារកចាន់ សំណាង ត្រូវបានឪពុកម្តាយបានប្រគល់ទៅឲ្យក្រុមគ្រូពេទ្យជាអ្នករៀបចំដោយសារតែគ្មានថវិកាសម្រាប់ធ្វើបុណ្យ។
អ្នកស្រី ឃួន តឿន ម្តាយរបស់ទារកចាន់ សំណាង បាននិយាយថា ដោយសារតែការរស់នៅរបស់អ្នកស្រីនៅកន្លែងដែលមានបរិស្ថានមិនស្អាតបានបណ្តាលឲ្យកូនរបស់អ្នកស្រីបានឆ្លងជំងឺស្លាប់។
«ឈូសឆាយផ្ទះហ្នឹងមក កូនខ្ញុំមានការក្តៅគ្រុញរាគអាចម៍ ព្រោះរវល់ខ្ញុំដើរតាមតវ៉ារហូតមិនដឹងថាកូនឈឺទេ។ ដល់ពេលឃើញថាកូនវារាគខ្លាំង ហើយហើម ដល់ពេលយកទៅពេទ្យៗពេទ្យថា វាឈឺខ្លាំងមើលមិនបានទេ»។
ប្រជាពលរដ្ឋប្រមាណ១១៧គ្រួសារ ដែលនៅសេសសល់ពីការបណ្តេញចេញដោយបង្ខំពីសហគមន៍បុរីកីឡាបានមកចងតង់កៅស៊ូចាស់ៗ និងជញ្ជាំងពីកន្ទេលចាស់ៗ សម្រាប់ធ្វើតូបស្នាក់នៅ។ ក្រុមគ្រួសារភាគច្រើនរស់នៅក្បែរទឹកស្អុយ និងគំរសំរាមដែលរុំជំជិតដោយសារសត្វរុយ ជាមួយនឹងការលាយឡំក្លិនស្អុយដែលភាយចេញពីគំនរសំរាម ហើយគ្មានទេបង្គន់អនាម័យបន្ទូរបង់ឲ្យបានត្រឹមត្រូវ។ ចំណែកឯទឹកស្អាតសម្រាប់ប្រើប្រាស់ក៏មិនគ្រប់គ្រាន់ដែរ។
ប្រជាពលរដ្ឋបានសង់ខ្ទមតូចៗ សម្រាប់ស្នាក់នៅ និងអ្នកខ្លះក្រាលសំពត់កៅស៊ូសម្រាប់គេងផ្ទាល់ដី និងមួយចំនួនទៀតមានគ្រែសម្រាប់គេង។
អ្នកស្រី សោម សុម៉ាលី ប្រធានក្រុមទី៣ នៃសហគមបុរីកីឡាបាននិយាយថាមានកុមារជាច្រើនមានជំងឺក្អក និងក្តៅខ្លួនដោយសារតែពួកគេមិនអាចទ្រាំនឹងបរិស្ថានជុំវិញរបស់ពួកគេបាន។
«ក្មេងនៅទីនេះ ឈឺច្រើនដែរហ្នឹង។ ក្តៅត្រជាក់ៗមិនទៀងដែរ សូម្បីតែកូនខ្ញុំ។ ភាគច្រើនក្អកក្តៅតែម្តង។ ដោយសារតែចំហាយជ្រំហ្នឹង វាឥតល្អ ហើយណាមួយហ្នឹងខាងលើហ្នឹងគេបោះសំរាមមក ដុំថ្ម សំបកដូងអីញ្ចឹង។ មុនដំបូងកូនខ្ញុំពីរនាក់ ធ្លាប់ត្រូវពកក្បាល»។
នៅចម្ងាយប្រមាណពីរម៉ែតពីផ្ទះទារករងគ្រោះ អ្នកស្រីកែវ ថា អាយុ៥៨ឆ្នាំ បាននិយាយថា ចៅរបស់អ្នកស្រីពីរនាក់កំពុងតែធ្លាក់ខ្លួនឈឺ។
«ឈឺដល់តែពីរនាក់ មួយអាយុមួយខួប មួយទៀតអាយុប្រាំពីរខែ។ ពីរនាក់ហ្នឹងតូចៗហ្នឹង ឈឺរហូត។ សុំឲ្យរដ្ឋាភិបាលជួយរកទីជម្រកឲ្យខ្ញុំនៅកន្លែងសំរាមហ្នឹង នៅប្រក់តង់ហ្នឹងក្តៅណាស់ ហើយឥតមានអីហូបផង។ ណាមួយចៅសុទ្ធតែកំព្រា មានម៉ែឥតឪពុក មានឪពុកឥតម្តាយ។ ខ្ញុំហ្នឹងចាស់ហើយ មិនដឹងទៅរកអីបានទេ»។
ទារកចាន់ សំណាង បន្ទាប់ពីបានស្លាប់បាត់បង់ជីវិតគ្មានក្រុមហ៊ុនណាចេញសំណង និងផ្តល់សោហ៊ុយសម្រាប់ចេញធ្វើបុណ្យទេ។ នេះបើតាមការបញ្ជាក់ពីឪពុកម្តាយរបស់កុមាររងគ្រោះ។
អ្នកស្រីស៊ុយ ស៊ីផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច ដែលជាដើមចមក្នុងការដឹកនាំកម្លាំងបណ្តេញប្រជាពលរដ្ឋចេញដោយបង្ខំពីសហគមបុរីកីឡាមិនបានធ្វើអត្ថាធិប្បាយទេ ដោយអ្នកស្រីនិយាយថាកំពុងតែជាប់រវល់ប្រជុំ។
«មានស្អីចាំល្ងាច ឬក៏ព្រឹក»។
លោកមឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគម បាននិយាយថារដ្ឋាភិបាលបានខកខានមិនបានបំពេញកាតព្វកិច្ចលើកត្តិកាសញ្ញាស្តីពីសេដ្ឋកិច្ច និងសង្គមកិច្ច ដែលរដ្ឋាភិបាលបានផ្តល់សច្ចាបណ្ណ។ លោកបានបញ្ជាក់ថាប្រជាពលរដ្ឋនៃសហគមន៍បុរីកីឡា ក្រោយពីបានបណ្តេញចេញដោយបង្ខំ ពួកគេមិនត្រូវបានធានាតាមកត្តិការសញ្ញានេះទេ៕