នៅថ្ងៃច័ន្ទនេះ អង្គការមិនមែនរដ្ឋាភិបាលបានលើកឡើងនូវកង្វល់អំពីភាពមិនច្បាស់លាស់នៃការចុះឈ្មោះ និងការរឹតបន្តឹងសិទ្ធិសេរីភាពលើសកម្មភាពរបស់អង្គការសង្គមស៊ីវិល នៅក្នុងសេចក្តីព្រាងច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល។
កង្វល់នេះត្រូវបានធ្វើឡើងនៅក្នុងជំនួបមួយព្រឹក នៅទីស្តីការក្រសួងមហាផ្ទៃរវាងមន្ត្រីរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីផ្តល់អនុសាសន៍ និងកង្វល់នានាពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីអង្គការ និងសមាគមមិនមែនរដ្ឋាភិបាលលើកទីបួន។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងក្រោយកិច្ចប្រជុំថាអង្គការមិនមែនរដ្ឋាភិបាលមានការព្រួយបារម្ភយ៉ាងខ្លាំង ទៅលើចំណុចសំខាន់បីទាក់ទងនឹងនីតិវិធី និងតម្រូវការចុះឈ្មោះ ការតម្រូវឲ្យអង្គការអន្តរជាតិចុះអនុស្សរណៈយោគយល់គ្នាជាមួយរដ្ឋាភិបាល និងការដាក់កម្រិតសកម្មភាពការងារលើអង្គការសហគមន៍នៅតាមមូលដ្ឋាន។
លោកអ៊ូ វីរៈបានបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលមានការព្រួយបារម្ភច្រើនអំពីមាត្រា៥ស្តីពីការចុះឈ្មោះដែលមានភាពមិនច្បាស់លាស់ ឬភាសាមិនច្បាស់លាស់។
«ខ្លឹមសារនៃការចុះឈ្មោះហ្នឹងហាក់ដូចជាមានភាពស្រពិចស្រពិល។ ភាសាអត់ច្បាស់លាស់។ យើងគ្រាន់តែខ្លាចអាជ្ញាធរអត់អនុវត្តតាមត្រឹមត្រូវ ហើយគាត់យកលេសបកស្រាយស្រេចចិត្ត។ អញ្ចឹងសំខាន់បំផុតទាក់ទងរឿងចុះឈ្មោះ យើងស្នើសុំបញ្ជាក់ឲ្យច្បាស់លាស់»។
លោកយ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានបន្ថែមថា ការបង្កើត និងដំណើរការរបស់អង្គការ និងសមាគមមិនមែនរដ្ឋាភិបាលគឺធ្វើដោយសេរីមិនចាំបាច់ចុះបញ្ចី និងជូនដំណឹងទេ។
«មាត្រាប្រាំនៃពង្រាងច្បាប់ទីបួនហ្នឹងមិនមានការកែប្រែទេ។ នោះមានការព្រួយបារម្ភធំហើយ អនុវត្តទៅយ៉ាប់ហើយ។ មានន័យថា មានការរឹតត្បឹតនូវសិទ្ធិសេរីភាពក្នុងការចងក្រង ការប្រមូលផ្តុំ បង្កើតជាអង្គការ សមាគមហ្នឹង។ វារំលោភដល់សិទ្ធិសេរីភាពដែលធានាដោយរដ្ឋធម្មនុញ្ញ»។
លោកយ៉េង វីរៈក៏បានលើកឡើងថា អង្គការសហគមន៍នៅតាមមូលដ្ឋានត្រូវតែអាចធ្វើការសម្រាប់ផលប្រយោជន៍សហគមន៍ និងសាធារណៈក្រៅពីមូលដ្ឋានរបស់ខ្លួន។
«សេចក្តីព្រាងរាល់ថ្ងៃនេះមានការរឹតត្បឹតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ហើយ។ មាត្រាបួនសរសេរដូចរាល់ថ្ងៃហ្នឹងគឺនេះឯង»។
លោកអ៊ូ វីរៈបានលើកឡើងថា មាត្រា១៥នៃសេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលនេះបានបង្ខំឲ្យអង្គការអន្តរជាតិចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយរដ្ឋាភិបាល ដែលមានការរឹតត្បឹតសិទ្ធិ។
លោកអ៊ូ វីរៈបានបន្ថែមថា ច្បាប់នេះបានតម្រូវឲ្យអង្គការអន្តរជាតិមិនអាចចំណាយលើពី២៥ភាគរយនៃមូលនិធិទាំងមូលទៅលើប្រាក់ខែបុគ្គលិក ការងាររដ្ឋបាលនានា ព្រមទាំងសម្ភារៈនានា។
«ខ្ញុំមើលខ្លឹមសារច្បាប់នេះហាក់ដូចជាមានការរើសអើងទៅលើអង្គការអន្តរជាតិ ហើយនិងអង្គការសហគមន៍នៅតាមមូលដ្ឋាន។ ខ្ញុំមើលទៅវារឹតត្បិតទៅលើអង្គការអន្តរជាតិដែលផ្តោតទៅលើសិទ្ធិមនុស្ស និងការពង្រឹងលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំមើលទៅវារឹតត្បឹតអង្គការដែលពឹងផ្អែកទៅលើជំនាញវិភាគ ជំនាញតស៊ូមតិ ឬ ជំនាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។
ជំនួបរវាងមន្ត្រីរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលនេះមិនទាន់បានចេញជាលទ្ធផលទេ ប៉ុន្តែលោកនុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រាប់កិច្ចប្រជុំថា លោកនឹងរង់ចាំទទួលអនុសាសន៍ និងកង្វល់ផ្សេងៗ ជាលាយលក្ខអក្សរពីអង្គការ និងសមាគមមិនមែនរដ្ឋាភិបាលក្នុងរយៈពេលមួយសប្តាហ៍នេះ ដើម្បីយកមកពិចារណា ហើយនិងអាចជួបគ្នាម្តងទៀត៕