ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​អនុម័ត​ច្បាប់​លទ្ធកម្ម​សាធារណៈ​ ដោយ​អវត្តមាន​គណបក្ស​ប្រឆាំង


រដ្ឋសភា​បាន​អនុម័ត​នីតិកម្ម​នៅ​ថៃ្ង​អង្គារ​នេះ​។​
រដ្ឋសភា​បាន​អនុម័ត​នីតិកម្ម​នៅ​ថៃ្ង​អង្គារ​នេះ​។​

ដោយ​គ្មាន​វត្តមាន​របស់​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ រដ្ឋសភា​បាន​អនុម័ត​នីតិកម្ម​ដ៏​មាន​សារៈសំខាន់​ថ្មី​មួយ​នៅ​ថៃ្ង​អង្គារ​នេះ​ សំដៅ​ធានា​ឲ្យ​មាន​តម្លាភាព ​គណនេយ្យ​ភាព​ និង​ជំនឿទុក​ចិត្ត​ក្នុង​លទ្ធកម្ម​សាធារណៈ។

ច្បាប់​លទ្ធកម្ម​សាធារណៈ​នេះ​បាន​ធើ្វ​ឡើង ​បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន​បាន​រអ៊ូ​រទ្រាំ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​ដេញ​ថៃ្ល​របស់​ក្រសួង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន។

លោក​ជៀម ​យាប ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ​ហិរញ្ញវត្ថុ ​និង​សវនកម្ម​នៃ​រដ្ឋ​សភា បាន​ថែ្លង​នៅ​ក្នុង​សម័យ​ប្រជុំ​សភាថា៖

«យើង​ជៀសវាង​ធើ្វ​យ៉ាងម៉េច​កុំ​ឲ្យ​បុគ្គល​ទាំង​ឡាយ​ធើ្វ​នំ​អត់​ម្សៅ​បំបាត់ ​កេង​ប្រវ័ញ្ច​ កេង​បន្លំ​រដ្ឋ​យើង​បាន»។

សមាជិក​សភា​ចំនួន​៨៤​រូប​ ដែល​មាន​វត្តមាន​នៅ​ក្នុង​សម័យ​ប្រជុំ​សភា ​បាន​បោះ​ឆ្នោត​គាំទ្រ​សេចក្តីព្រាង​ច្បាប់​នេះ​ដោយ​គ្មាន​ការ​ពិភាក្សា​ ឬ​ការ​កែសម្រួល។

អ្នក​សម្រប​សម្រួល​សម័យ​ប្រជុំ​នេះ​ប្រកាស​ថា៖

«អង្គសភា​បាន​អនុ​ម័តសេ​ចក្តីព្រាង​ច្បាប់​ស្តី​ពី​លទ្ធកម្ម​សាធារណៈ​ទាំង​មូល ​ដោយ​មាន​សំឡេង​គាំទ្រ​៨៤​លើ​៨៤»។

លោក​គាត ​ឈន់ ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​បាន​ថែ្លង​ក្នុង​សម័យ​ប្រជុំ​សភា​ថា​ រដ្ឋសភា​បាន​ផ្តល់​នូវ​ឧបករណ៍​ថ្មី​មួយ​ទៀត​សមស្រប​តាម​ពេលវេលា​សម្រាប់​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់​កាល​ទី​ពីរ។

លោក​គាត ​ឈន់​បាន​បន្ថែម​ថា​ ការ​អនុម័ត​ច្បាប់​នេះ​មិន​គ្រាន់​តែ​ពង្រឹង​ជំនឿ​ទុក​ចិត្ត​លើ​ការ​គ្រប់គ្រង​ថវិកា​ប៉ុណ្ណោះ​ទេ ​ប៉ុនែ្ត​វា​បង្កើន​នូវ​គណនេយ្យភាព​ហិរញ្ញវត្ថុ​សាធារណៈ។

«អត្ថបទ​ច្បាប់​នេះ​នឹង​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ទៀត​សម្រាប់​រាជរដ្ឋាភិបាល​ធ្វើ​កិច្ចការ​លទ្ធកម្ម​សាធារណៈ​ដោយ​តម្លាភាព ​គណនេយ្យភាព​ និង​ការ​ជឿ​ទុក​ចិត្ត​បាន​ដើម្បីប្រឆាំង​នឹង​អី្វ​ដែល​ជា​បាតុភូត​នាំ​ឲ្យ​មាន​ការ​ខាតបង់​ដល់​ថវិកា​របស់​រដ្ឋ។ ​រដ្ឋសភា​បាន​ផ្តល់​នូវ​សញ្ញា​មួយ​ដ៏​ខ្លាំង​ចំពោះ​រដ្ឋាភិបាល​ក្នុង​ការ​ប្រឹងប្រែង​បន្ត​កំណែ​ទម្រង់​ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ ​ក៏​ដូច​ជា​កំណែ​ទម្រង់​នៅ​គ្រប់​ការដ្ឋាន​ទាំងអស់ ​និង​ការដ្ឋាន​អភិវឌ្ឍន៍​ដទៃ​ទៀត»។

លោក​យឹម ​សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សម ​រង្ស៊ី ​បាន​ថែ្លង​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ទុក​ផ្លូវ​សម្រាប់​ឲ្យ​មន្រ្តី​មាន​អំណាច​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដោយ​សារ​ដី​សម្បទាន​ធំៗ ​និង​រ៉ែ​ ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ​ មិន​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ច្បាប់​លទ្ធកម្ម​នេះ​ទេ។

«បើ​គ្មាន​គណបក្ស​ប្រឆាំង​នោះ​ទេ ​បើ​គ្មាន​មតិ​ប្រឆាំង​នោះ​ទេ​ សភា​គ្មាន​អំណាច។ ហើយ​គ្មាន​តុល្យភាព​រវាង​អំណាច​របស់​រដ្ឋាភិបាលនិង​អំណាច​របស់​រដ្ឋសភា​នឹងកាន់​តែ​ចុះ​ខ្សោយ​ទៅៗ​ គ្មាន​ការ​កែ​សម្រួល​ និង​គ្មាន​ការ​ត្រួត​ពិនិត្យ។ ​នៅ​ពេល​ដែល​ច្បាប់​យក​ទៅ​អនុវត្ត​គ្មាន​ប្រសិទិ្ធភាព នៅ​ពេល​ដែល​ច្បាប់​ធើ្វ​គ្រាន់​តែ​ជា​ការ​បិទ​បាំង​នូវ​ទង្វើ​ពុករលួយ​របស់​អ្នក​មាន​អំណាច​ ​ប្រជាពលរដ្ឋ​ជា​អ្នក​រង​គ្រោះ។ ​យើង​នឹង​នៅ​បន្ត​ការ​បាត់បង់​ថវិកា​មួយ​ឆ្នាំៗ​ រាប់​រយ​លាន​ដុល្លារ ​ដោយ​សារ​តែ​អំពើ​ពុក​រលួយ»។

លោក​កឹម​ សុខា ​ប្រធាន​គណបក្ស​សិទិ្ធ​មនុស្ស ​បាន​ថែ្លង​ថា​ គណបក្ស​សិទិ្ធ​មនុស្ស​គាំទ្រ​នូវ​ខ្លឹមសារ​ច្បាប់​លទ្ធកម្ម​សាធារណៈ​នេះ​ ប៉ុន្តែ​គណបក្ស​សិទិ្ធ​មនុស្ស​ព្រួយ​បារម្ភ​ចំពោះ​ការ​អនុវត្ត​ច្បាប់​នេះ​ជាក់​ស្តែង។

«ច្បាប់​ព្រឹក​មិញ​ល្អ ​ប៉ុន្តែ​យើង​បារម្ភ​ក្នុង​ការ​អនុវត្ត​ដែល​ប៉ះពាល់​ ប្រកាន់បក្ខ​ពួក ​ប្រើប្រាស់​អំណាច​បុគ្គល​ពី​លើ​មក។​ អាហ្នឹង​ហើយ​ជា​ឧបសគ្គ​នូវ​ការ​អនុវត្ត​ច្បាប់​ទៅ​វិញ​ទេ»។

លោក​គាត ​ឈន់​បាន​បញ្ជាក់​ថា​ អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ​នឹង​ទទួល​ទោស​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ និង​ក្រម​ព្រហ្មទណ្ឌ​ ហើយ​ច្បាប់​នេះ​បាន​ធើ្វ​ឡើង​យោង​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​តម្រូវ​ឲ្យ​មន្រ្តី​ប្រឆាំង​អំពើ​ពុករលួយ​មាន​សមត្ថកិច្ច​ស៊ើបអង្កេត​លើ​បទ​ល្មើស​ពុក​រលួយ។

លោក​គាត​ ឈន់​បាន​បន្ត​ថា​ អង្គភាព​រដ្ឋ​ផ្សេង​ទៀត ​ដែល​បាន​ដឹង​អំពី​បទល្មើស​ពុក​រលួយ​ទាំងឡាយ​ ត្រូវ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អំពី​រឿង​ហេតុ​នៃ​បទ​ល្មើស​ទាំង​នេះ៕

XS
SM
MD
LG