គណៈកម្មការបន្ទាន់ត្រូវបានបង្កើតឡើងភា្នមៗដើម្បីសង្គ្រោះជនរងគ្រោះ រៀបចំបញ្ជូនសពទៅគ្រួសាររបស់គេដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ឧបត្ថម្ភដល់គ្រួសារសព ធ្វើកោសល្យវិច័យសាកសព និងស៊ើបអង្កេតអំពីមូលហេតុនៃឧបទ្ទវហេតុនេះ បន្ទាប់ពីមនុស្ស៣៧៩នាក់ស្លាប់ និង៧៥៥នាក់រងរបួសនៅក្នុងការជាន់លើគ្នានៅស្ពានកោះពេជ្រកាលពីយប់ថ្ងៃច័ន្ទទី២២ខែវិច្ឆិកាឆ្នាំ២០១០។
នៅថ្ងៃបន្ទាប់មនុស្សទាំងហ្វូងៗក្នុងទឹកមុខក្រៀមក្រម និងទឹកភ្នែករលីងរលោង ធ្វើដំណើរពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយ ដើម្បីស្រាវជ្រាវរកសាច់ញាតិរបស់ពួកគេ ដែលបានបាត់ខ្លួន។
អ្នកស្រីហន សំអាន អាយុ៤១ឆ្នាំ នៅស្រុកល្វាឯម ខេត្តកណ្តាលដែលកំពុងអង្គុយសម្លឹងមើលសពប្អូនស្រី បាននិយាយថា អ្នកស្រីបានចំណាយពេលប្រាំបីម៉ោងចាប់តាំងពីម៉ោង១២ពាក់កណ្តាល យប់ដើម្បីស្រាវជ្រាវរកសពប្អូនស្រីរបស់គាត់ដែលបានបាត់ខ្លួនដោយធ្វើដំណើរទៅរកមើលនៅមន្ទីរពេទ្យរុស្ស៊ី មន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យព្រះកុសមៈ ហើយទីបញ្ចប់អ្នកស្រីបានរកឃើញសពប្អូនស្រីនៅមន្ទីរពេទ្យកាល់ម៉ែត។
ចំណែកឯលោកសៅ សុខ វិញមិនខុសពីអ្នកស្រីហន សំអាន ទេ ដោយលោកបានដើរជាមួយមិត្តភក្តិបីនាក់ទៀត ដែលមកពីខេត្តកំពង់ចាម ស្រាវជ្រាវរកប្អូនប្រុស ដែលបានបាត់ខ្លួនពីម៉ោង១២ពាក់ កណ្តាលយប់ដល់ម៉ោងប្រាំបួនព្រឹកនៅក្នុងមន្ទីរពេទ្យបី ប៉ុន្តែលោកមិនទាន់បានរកឃើញដំណឹងប្អូនប្រុសទេ ហើយលោកបានបន្តស្រាវជ្រាវរកនៅមន្ទីរពេទ្យផ្សេងទៀត ដើម្បីឱ្យប្រាកដថា ប្អូនប្រុសស្លាប់ ឬរស់។
លោកញឹម វណ្ណដា អនុប្រធានទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែតថា មានអ្នកស្លាប់១៤០នាក់ នៅមន្ទីរពេទ្យកាល់ម៉ែត ១៣៩នាក់នៅមន្ទីរពេទ្យរុស្ស៊ី និង៤៨នាក់នៅមន្ទីរពេទ្យព្រះកុសមៈ។
នៅកន្លែងកើតហេតុ មានព្រះសង្ឃប្រមាណ៤០០អង្គ បានធ្វើពិធីសូត្រមន្តតាមប្រពៃណីដើម្បីឧទ្ទិសដល់អ្នកស្លាប់ទាំងអស់ឱ្យទៅកាន់សុគតិភព។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានហៅឧបទ្ទវហេតុនេះថា ជាសោកនាដកម្មដ៏ធំបំផុតនៅកម្ពុជា ចាប់តាំងពីការកាប់សម្លាប់ដ៏ឃោរឃៅរបស់ពួកខ្មែរក្រហមនៅទសវត្សរ៍១៩៧០ ហើយលោកបានប្រកាសយកថ្ងៃទី២៥ ខែ វិច្ចិកាធ្វើជាថ្ងៃកាន់មរណៈទុក្ខជាតិ។
លោកញឹម វណ្ណដា បានបញ្ជាក់ថា រដ្ឋាភិបាលកំពុងជួយរៀបចំចាត់ចែងឲ្យគ្រួសារសពដឹកជញ្ចូនទៅលំនៅដ្ឋាន ដើម្បីធ្វើពិធីបុណ្យតាមប្រពៃណី។ លោកបន្តថា៖
«ពេទ្យកាល់ម៉ែត បានធ្វើកោសល្យវិច័យ ត្រួតពិនិត្យអត្តសញ្ញាណ និងឈ្មោះរបស់អ្នកស្លាប់បាន៦០ភាគរយ។ សពដែលមានក្រុមគ្រួសារ ឪពុកម្តាយ ឬប្តីច្បាស់លាស់ដឹកបញ្ចូនចេញ ហើយយើងមានរៀបចំម្ឈូស ក្រណាត់ និងកៅស៊ូសម្រាប់សពនីមួយៗ»។
លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការស៊ើបអង្កេតឧបទ្ទវហេតុ បានអំពាវនាវដល់អ្នករងរបួស អ្នកដែលបានឃើញទិដ្ឋភាពផ្ទាល់ និងអ្នកដែលអាចផ្តល់ព័ត៌មានផ្សេងៗទៀតសម្រាប់ការស៊ើបអង្កេត ឲ្យសហការជាមួយកម្លាំងសមត្ថកិច្ច ដើម្បីធ្វើការស៊ើបអង្កេតអំពីមូលហេតុពិតប្រាកដនៃសោកនាកម្មនេះ។
អ្នកស្រីសុខ ណាវី អាយុ៤១ឆ្នាំ នៅខេត្តកណ្តាល បាននិយាយយ៉ាងដូច្នេះថា៖
«សពប្អូនស្រីខ្ញុំមានជាំពេញខ្លួន ប៉ុន្តែផ្ទៃមុខមិនជាំទេ តែជាំដៃ ជើង និងដងខ្លួន ជាំឡើងខ្មៅ ជាំរបៀប គេដើរជាន់ពីលើពិបាកមើលណាស់»។
កញ្ញាភឿង ស្រីលាក់ អាយុ២២ឆ្នាំ អ្នករស់រានមានជីវិតពីឧបទ្ទវហេតុនោះដែលកំពុងបញ្ចូលស៊ីរ៉ូមនៅមន្ទីរពេទ្យកាល់ម៉ែត បានពិពណ៌នាហេតុការណ៍នោះយ៉ាងដូច្នេះថា៖
«ខ្ញុំបានតាំងអារម្មណ៏ថា ខ្ញុំអត់សន្លប់ទេ បើខ្ញុំសន្លប់ និងដួលទៅប្រហែលជាគេជាន់ខ្ញុំស្លាប់ហើយ។ តែបន្ទាប់ពីស្ទះអស់រយៈពេលបួនម៉ោង ខ្ញុំសន្លប់ដោយសារខ្ញុំដកដង្ហើមអត់រួច។ នៅពេលខ្ញុំដឹងខ្លួនឡើង ខ្ញុំនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ហប់មែនទែន ហើយខ្យល់ក៏អត់សូវមានដែរ ចាប់ផ្តើមអត់មានខ្យល់តែម្តង ហើយហប់មែនទែនអត់មានចេញទៅណារួចទេ។ ខ្ញុំមានអារម្មថា ខ្ញុំប្រហែលជាអត់រស់ទេ និងមានអារម្មណ៍អស់សង្ឃឹម ហើយលែងខ្វល់ពីការស្លាប់ហើយ ពីព្រោះអ្វីដឹងថា ចេញអត់រួចហើយ»។
លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា លោកមិនធ្លាប់បានជួបប្រទះគ្រោះថ្នាក់ ដ៏ធំបែបនេះទេ៕