អង្គការសិទិ្ធមនុស្សលីកាដូបានចេញផ្សាយរបាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីសម្តែងការព្រួយបារម្ភអំពីការចាប់ខ្លួន និងការបាញ់ប្រហារទៅលើអ្នកតវ៉ារឿងជម្លោះដីធ្លីក្នុងរយៈពេលបីខែកន្លងមកនេះ។
របាយការណ៍នេះ បានធើ្វឡើងស្របពេលដែលអ្នកភូមិជាង២០០នាក់នៅខេត្តកំពង់ស្ពឺបាននាំគ្នាតវ៉ានៅមុខតុលាការ ទាមទារឲ្យដោះលែងអ្នកជាប់ឃុំចំនួន៩នាក់ទាក់ទងនឹងរឿងជម្លោះដីធ្លី។
អង្គការសិទិ្ធមនុស្សលីកាដូបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ឧប្បត្តិហេតុបាញ់យ៉ាងតិច៥លើក ដោយកងកម្លាំងប្រដាប់អាវុធបានបើកការបាញ់ប្រហារទៅលើពួកអ្នកតវ៉ា ដែលធ្វើឲ្យអ្នកតវ៉ា១៩នាក់រងរបួសនៅកន្លែង។
សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា ឧប្បត្តិហេតុនីមួយៗត្រូវបានចងក្រងជាឯកសារវីដេអូ និងរូបថត ប៉ុន្តែជនល្មើសបានរត់គេចពីការដាក់ទណ្ឌកម្ម ដែលជាឧទាហរណ៍ប្រព័ន្ធនិទណ្ឌភាពដ៏គ្រោះថ្នាក់របស់ប្រទេសកម្ពុជា។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទិ្ធមនុស្សលីកាដូ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ឧប្បត្តិហេតុថ្មីៗទាំងនេះគឺជាជម្ងឺនៃអំពើអាក្រក់កើនឡើងនៅក្នុងសង្គមកម្ពុជា។
លោកស្រី ពុង ឈីវកេកបានបន្ថែមថា វាដល់ពេលដោះស្រាយមូលហេតុឫសគល់នានានៃអំពើអាក្រក់នេះដើម្បីធានានូវសមធម៌ តម្លាភាព និងភាពត្រឹមត្រូវក្នុងសិទិ្ធដីធ្លី។
សេចក្តីថ្លែងការណ៍នេះបានលើកយកករណីបាញ់នៅខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង រាជធានីភ្នំពេញ ខេត្តរតនគីរី និងខេត្តក្រចេះ។
លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទិ្ធមនុស្សលីកាដូ បានថ្លែងថា ក្នុងរយៈពេលបីខែ ការបាញ់ប្រហារចំនួនប្រាំករណីបានកើតឡើង ដោយសារតែការរំលោភដីធ្លី ដែលកើតចេញពីការតវ៉ា និងកើតចេញពីការបណ្តេញប្រជាពលរដ្ឋចេញពីផ្ទះសម្បែងរបស់ពួកគាត់ដោយបង្ខំ។
«មានទំនាស់ធ្ងន់ធ្ងរ។ មានការបាញ់ប្រហារ។ មានការរងរបួស។ មានការបណ្តេញចេញ។ យើងចាត់ទុកថា វាជាករណីរំលាភទៅលើសិទិ្ធមនុស្ស ក៏ដូចជារំលោភទៅលើសិទិ្ធមានដីធ្លី និងសិទិ្ធមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ»។
លោកឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា រដ្ឋាភិបាលមិនបានបោះបង់ចោលបញ្ហាសិទិ្ធមនុស្សទេ។
«អី្វដែលយើងអាចធើ្វបានដើម្បីអភិវឌ្ឍប្រទេសឲ្យបានចីរភាពទាំងផ្នែកផ្លូវច្បាប់ ទាំងការងារបច្ចេកទេស និងគោរពទៅតាមវប្បធម៌ ប្រពៃណីរបស់យើងផងដែរ។ យើងធើ្វអ្វីៗ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ»។
ស្របពេលជាមួយគ្នានេះ អ្នកភូមិជាង២០០នាក់មកពីឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានមកជួបជុំគ្នានៅមុខតុលាការ ដើម្បីទាមទារឲ្យតុលាការជួយរកយុត្តិធម៌ លើកលែងទោស និងដោះលែងអ្នកជាប់ឃុំ៩នាក់ ទាក់ទងនឹងរឿងជម្លោះដីធ្លី ពីព្រោះអ្នកទាំងនោះមិនមានទោសកំហុសដូចការចោទប្រកាន់នោះទេ។
ក្រុមហ៊ុន Phnom Penh Sugar បានចោទប្រកាន់អ្នកទាំងនេះអំពីការរំលាភយកដី និងបំផ្លិចបំផ្លាញទ្រព្យរបស់ក្រុមហ៊ុនក្នុងជម្លោះដីធ្លីទំហំជិត៧០០០ហិចតានៅឆ្នាំ២០១០។
អ្នកស្រីយឹម ពៅ អាយុ៣៤ឆ្នាំ នៅភូមិអូរព្រឡៅ ឃុំអមលាំង បាននិយាយយ៉ាងដូច្នេះថា៖
«ឥឡូវយើងមកសុំឲ្យគេដោះខ្លួនយាយនួន។ គាត់អត់ព្រមឲ្យដីទៅគេ ហើយអញ្ចឹងគេចាប់ខ្លួនគាត់។ បើគាត់អត់មានអី្វផង គាត់ត្រូវបានគេចាប់ខ្លួនគាត់។ ព្រោះរឿងអយុត្តិធម៌ហ្នឹងហើយបានខ្ញុំមកសុំខ្លួនយាយនួនហ្នឹងបានចេញពីការឃុំឃាំងវិញ»។
លោកយ៉ន ភុល អាយុ៥៣ឆ្នាំនៅភូមិអូរព្រឡៅ ឃុំអមលាំង ដែលភរិយារបស់លោកត្រូវជាប់ឃុំរឿងជម្លោះដីធ្លី បានបញ្ជាក់ថា លោកមានការសោកស្តាយយ៉ាងខ្លាំងចំពោះការចាប់ខ្លួនភរិយារបស់លោកដែលគ្មានកំហុស។ លោកមានការតូចចិត្តយ៉ាងខ្លាំងចំពោះអំពើអយុតិ្តធម៌នេះ។
«យើងនិយាយមិនចេញទេ ពីព្រោះវាជ្រុលហួសហេតុ។ សម្រាប់ខ្ញុំ វាអយុតិ្តធម៌ពេកហើយ ព្រោះថា គ្រាន់តែចាប់ប្រពន្ធបាន ហៅខ្ញុំទៅចរចាប្រគល់ដីអញ្ចឹង»។
របាយការណ៍របស់អង្គការសិទិ្ធមនុស្សលីកាដូបានបង្ហាញថា ក្នុងឆ្នាំ២០១១ អ្នកភូមិយ៉ាងតិច៥០នាក់ត្រូវបានចាប់ដាក់ពន្ធនាគារ និងជាង១០០នាក់បានជាប់បណ្តឹងនៅតុលាការ និងអ្នកខ្លះបានរត់គេចពីការចាប់ខ្លួនរបស់តុលាការ៕