ប៉ូលិសខេត្តក្រចេះកំពុងតាមស្វែងរកចាប់ខ្លួនខ្មាន់កាំភ្លើងម្នាក់ដែលបានបាញ់ឲ្យប្រជាពលរដ្ឋអ្នកតវ៉ារងរបួសក្នុងជម្លោះដីធ្លីមួយកាលពីថ្ងៃពុធ។
លោកឧត្តមសេនីយ៍ត្រី ជួង ស៊ាងហាក់ ស្នងការប៉ូលិសខេត្តក្រចេះបានឱ្យដឹងនៅថ្ងៃសុក្រនេះ ថាប៉ូលិសបានស្នើសុំឲ្យក្រុមហ៊ុនប្រគល់អត្តសញ្ញាណជននោះដើម្បីធ្វើការស្វែងរកចាប់ខ្លួន។
«យើងយកបានហើយឯកសារយើងយកបានរូបថតអស់ហើយឥឡូវយើងកំពុងសុំឲ្យក្រុមហ៊ុនបញ្ជាក់អត្តសញ្ញាណឲ្យយើង យើងបានដាក់បញ្ហានេះទៅឲ្យក្រុមហ៊ុនដែរ ប៉ុន្តែយើង កំពុងតែស្វះស្វែងរក។ រដ្ឋាភិបាលនឹងបង្កើតក្រុមថ្នាក់ជាតិមួយចុះមកសិក្សាស្រាវជ្រាវឲ្យបានជាក់លាក់ហើយរដ្ឋាភិបាលនឹងកាត់ដីដែលមានផលប៉ះពាល់ប៉ុន្មានពីក្រុមហ៊ុនដើម្បីប្រគល់ជូនបងប្អូនទុកបង្កបង្កើនផល ចិញ្ចឹមគ្រួសារតាមគ្រួសារនីមួយៗ»។
កាលពីថ្ងៃពុធសប្តាហ៍នេះប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ តំណាងឲ្យប្រជាពលរដ្ឋសរុបចំនួនជាង៥០០គ្រួសារ នៅស្រុកស្នួលខេត្តក្រចេះបានប្រមូលផ្តុំគ្នាតវ៉ាហាមឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុន TTY មិនឲ្យឈូសកម្ចេចដីដាំដំឡូងរបស់ពួកគេ។
កងសន្ដិសុខរបស់ក្រុមហ៊ុនបានឈរបាញ់រះលើប្រជាពលរដ្ឋដើម្បីបង្រ្កាបពួកគេ ដែលបណ្តាលឲ្យប្រជាពលរដ្ឋចំនួន៤នាក់ទទួលរងរបួស។
ក្រុមហ៊ុន TTY របស់លោកឧកញ៉ា ណា ម៉ារ៉ាឌី បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំជាង ៩.៧០០ហិកតាសម្រាប់ការអភិវឌ្ឍដាំដើមកៅស៊ូ។
ក្រុមប្រជាពលរដ្ឋបានតវ៉ាថាដីរបស់ពួកខ្លួនត្រូវបានប៉ះពាល់ដោយការផ្តល់ដីសម្បទាននោះ ក៏ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ពីទំហំដីប៉ះពាល់ពិតប្រាកដនៅឡើយទេ។
បន្ទាប់ពីមានការបង្រ្កាបដោយហិង្សានោះមក ក្រុមអ្នកតវ៉ាបានបិទផ្លូវលេខ៧៦A អស់រយៈពេលជាង ២០ម៉ោងដើម្បីទាមទារកដំណោះស្រាយមុននឹងត្រូវបើកផ្លូវនោះឲ្យដំណើរការឡើងវិញបន្ទាប់ពីមានការសន្យាពីរដ្ឋាភិបាលថានឹងតម្រូវឲ្យក្រុមហ៊ុនប្រគល់ដីឲ្យប្រជាពលរដ្ឋវិញ ព្រមទាំងនឹងធ្វើការតាមចាប់ខ្លួនខ្មាន់កាំភ្លើង យកមកផ្ដន្ទាទោសផងដែរ។
លោកស្នងការប៉ូលិសខេត្ត ជួង ស៊ាងហាក់ បញ្ជាក់ថាគណៈកម្មការមួយនឹងត្រូវបង្កើតឡើងដើម្បី ដោះស្រាយទំនាស់នេះ។ ក៏ប៉ុន្តែទោះបីជាមានការអះអាងពីដំណោះស្រាយយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែមិនទាន់ប្រាកដថាដំណោះស្រាយនោះនឹងអាចកើតមានមែនដែរ ឬយ៉ាងណានោះនៅឡើយទេ។
ជាក់ស្តែងអ្នកស្រី នេត រតនា ដែលជាជនរងគ្រោះត្រូវត្រង់ក្បាលជង្គង់នៅក្នុងការបាញ់ប្រហារ នោះបានឲ្យដឹងថាប្រជាពលរដ្ឋ នៅតែមានការព្រួយបារម្ភនៅឡើយចំពោះដំណោះស្រាយពីព្រោះថា នៅពេលនេះគ្រឿងចក្ររបស់ក្រុមហ៊ុននៅមិនទាន់បានដកចេញនៅឡើយ។
«ព្រួយបារម្ភនៅភ័យ ភ័យខ្លាច បើគ្រឿងចក្រក្រុមហ៊ុនមិនទាន់ដកចេញអញ្ចឹងខ្ញុំខ្លាចក្រែងមាន សកម្មភាពឈូសឆាយទៀត។ខ្ញុំចង់បានថាឲ្យរដ្ឋាភិបាលដោះស្រាយឲ្យគិតគូរដល់ប្រជាពលរដ្ឋទាំងអស់ហើយចង់បានសន្តិភាពដូចមុនមិនឱ្យមានក្រុមហ៊ុនមកលូកលាន់ដីប្រជាពលរដ្ឋអញ្ចឹងមកបាញ់ប្រជាពលរដ្ឋអញ្ចឹងទៀតទេ»។
ជាមួយគ្នានោះដែរលោក អំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថាការបង្កើតគណៈកម្មការសម្រាប់ដោះស្រាយទំនាស់ខាងលើគឺជាការប្រសើរមួយក៏ប៉ុន្តែបើសិនការដោះស្រាយនេះធ្វើមិនបានទៅតាមការសន្យានោះទេបាតុភាព ជម្លោះដីធ្លីនេះនឹងបង្កឲ្យរីករាលដាលកាន់តែធំទៅៗ។
«បើសិនការអនុវត្តមិនបានទៅតាមកិច្ចសន្យានោះទេ យើងនៅតែបារម្ភខ្លាចក្រែងបញ្ហាដីធ្លីនេះកាន់តែក្តៅគគុកឡើង ហើយក៏វាបង្កឲ្យមានបាតុភាពផ្សេងៗទៀតកើតឡើងជាបន្តកាលណាមានបាតុភាពកើតឡើងជាបន្តវាបណ្តាលឲ្យប្រជាពលរដ្ឋនេះ រងគ្រោះជាបន្តទៅទៀត»។
ដោយឡែកលោកចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលការរំលោភផ្នែកសិទ្ធិមនុស្សរបស់អង្គការ ការពារសិទ្ធិមនុស្សអាដហុក សង្ស័យថាក្រុមហ៊ុន TTY បានប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់រដ្ឋា ភិបាលដែលតាមធម្មតាកងសន្ដិសុខមិនត្រូវប្រដាប់អាវុធស្វ័យប្រវត្តិបែបនេះទេ។
លោកឧត្តមសេនីយ៍ទោ អ៊ិត សារិន ទីប្រឹក្សាក្រសួងការពារជាតិ និងជាតំណាងក្រុមហ៊ុន TTY មិនអាចធ្វើការទំនាក់ទំនងដើម្បីបំភ្លឺជុំវិញបញ្ហាទាំងអស់នេះបានទេ។
ទំនាស់ដីធ្លីនៅតែជាបញ្ហាដ៏ក្តៅគគុកនៅក្នុងប្រទេសកម្ពុជា។ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាធា្លប់បានព្រមានថាបញ្ហាទំនាស់ដីធ្លីនិងការបណ្តេញចេញពលរដ្ឋទាំងបង្ខំនៅកម្ពុជាសព្វថ្ងៃអាចនាំទៅរកអស្ថិរភាពក្នុងសង្គម ដោយសហរដ្ឋអាមេរិកបានជំរុញឲ្យរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធដោះស្រាយបញ្ហាជំលោះដីធ្លីប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវ។
យោងតាមតួលេខដែលចេញផ្សាយដោយអង្គការសិទ្ធមនុស្សអាដហុកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថាអង្គការនេះបានរកឃើញថាតុលាការបានចោទប្រកាន់អ្នកភូមិចំនួន ៤៧៥នាក់ដែលជាប់ពាក់ព័ន្ធនៅក្នុងជម្លោះដីធ្លីចំនួន២២០ករណី កាលពីឆ្នាំ២០១១ គឺមានការកើនឡើងចំនួន ១៦៩ករណីបើធៀបនឹងឆ្នាំ២០១០។
របាយការណ៍នេះក៏បានបញ្ជាក់ផងដែរថា ចំនួនប្រជាពលរដ្ឋគេចខ្លួនពីផ្ទះសម្បែងដោយសារតែបារម្ភអំពីការចាប់ខ្លួនក៏កើនឡើងដល់៣៣៥នាក់ផងដែរ គឺកើនឡើង៨៨ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១០៕