ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​នៅ​ឡុង​ប៊ិច​ជួប​គ្នា​រក​វិធី​អភិវឌ្ឍ​សហគមន៍​


ការជួប​ប្រជុំ​មួយរបស់​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡុង​ប៊ិច រដ្ឋកាលីហ្វនីយ៉ា
ការជួប​ប្រជុំ​មួយរបស់​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡុង​ប៊ិច រដ្ឋកាលីហ្វនីយ៉ា

ការជួប​ប្រជុំ​មួយ​ខែ​ម្តង​ដូច​នេះ​របស់​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡុង​ប៊ិចរដ្ឋ​កាលី​ហ្វញ៉ាគឺ​ជា​ឱកាស​មួយ​ដែល​អនុញ្ញាត​ឱ្យ​សមាជិក​លើក​ឡើង​ពី​ក្តី​កង្វល់​នានា​ចាប់​តាំង​ពី​បញ្ហា​សុខភាព​ ការថែ​រក្សា​វប្បធម៌​រហូត​ដល់​ការ​អនុវត្ត​សិទ្ធិ​ជា​ពលរដ្ឋ​អាមេរិកាំង​ពេញច្បាប់​ជាដើម។

ការ​ជួប​ប្រជុំ​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​មាន​ប្រជា​ពលរដ្ឋខ្មែរ​ប្រមាណ​៥០​នាក់​រួម​ទាំង​ប្រធាន​និង​តំណាង​សមាគមខ្មែរ​ចំនួន​ប្រាំ​ដែល​មាន​ដូចជា​ អង្គការ​សហគមន៍​ខ្មែរ (United Cambodian Community) សមាគម​ខ្មែរ​នៅ​ទ្វីប​អាមេរិក (Cambodian Association of America) សកម្មភាព​ស្ត្រី​ខ្មែរ (Khmer Girls in Action) សមាគម​មាតា​បិតា​ខ្មែរ ​(Khmer Parents Association) និង​គ្រួសារ​សុខ​ភាព​ល្អ​(Families in Good Health) បាន​ចូល​រួមដើម្បី​ជំរុញសុខុមាល​ភាព​សហគមន៍​ខ្មែរ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។​

ក្រៅ​ពី​នេះ​មាន​អង្គការ​មួយ​ចំនួន​ទៀត​ក៏​បាន​មក​បង្ហាញ​ខ្លួន​និង​ពន្យល់​អ្នក​ចូល​រួម​ឱ្យ​ដឹង​ពី​សេវាកម្ម​ផ្សេងៗ​ទៀត​នៅ​ក្នុង​សហគមន៍​ដែល​ពួក​គេ​ផ្តល់​ឱ្យ។

លោក​ស្រី Helene​ Ansel​ ជា​អ្នក​ជំនួយ​ការ​ពិសេស​របស់​សមាជិក​ព្រឹទ្ធ​សភា​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​លោក Alan Lowenthal ​បាន​មក​ចូល​រួម​ពន្យល់​ប្រជា​ពលរដ្ឋពី​គម្រោង​មួយ​ដែល​លោក​ស្រី​រួម​ជា​មួយ​អង្គការ​ផ្សេង​ទៀត​កំពុង​ធ្វើ​គឺ​ផ្តល់​នូវ​ចិញ្ចើម​ផ្លូវ​ដើរ​ដើម្បី​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​ដល់​សហគមន៍​នឹង​ជំរុញ​ឱ្យ​ប្រជាជន​ដើរ​ជា​ប្រចាំ​ដើម្បី​ធ្វើ​លំហាត់​ប្រាណ​ផង​ដែរ។ ​លោក​ស្រី​បញ្ជាក់​ផង​ដែរ​ថា៖

«យើង​ចង់​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​ដើរ​ជា​ប្រចាំ​ជា​ផ្នែក​មួយ​នៃ​លំហាត់​ប្រាណ​របស់​គាត់​ ហើយ​ក៏​ដូច​ជា​សង្កេត​មើល​កន្លែង​ជិត​ខាង​តើ​កន្លែង​ណា​មាន​សុវត្ថិភាព​ឬ​គ្មាន​សុវត្ថិភាព​សម្រាប់​ពួក​គាត់ ហើយ​នេះ​ក៏​ដូច​ជា​ផ្តល់​ឱកាស​ឱ្យ​គាត់​ជួប​ស្គាល់​អ្នក​ជិត​ខាង​ផង​ដែរ»។​

ជាមួយ​គ្នា​នេះ​ផង​ដែរ​ក៏​មាន​ការ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទៅចុះ​ឈ្នោះ​បោះឆ្នោត​ដោយ​សារ​តែ​ចំនួន​អ្នក​បោះ​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​មាន​តិច​នៅឡើយ។ ​លោក​នេត​មនោរម្យ​ជា​តំណាង​ខាង​គណៈ​កម្មការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តំបន់​Los Angeles​សង្កេត​ឃើញ​ថា​តួ​លេខ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​មាន​កម្រិត​ទាប​យ៉ាង​ខ្លាំង។ ​លោក​មាន​ប្រសាសន៍​ថា​នៅ​LA​ County​តំបន់Los Angeles មាន​៨៨​ទីក្រុង​ហើយ​ក្នុង​នោះ​គឺ​មាន​ខ្មែរ​អាមេរិកាំង​ពី​៤​ទៅ​៦​ម៉ឺន​នាក់​ហើយ​ពេល​ដែល​បោះ​ឆ្នោត​ម្តងៗ​មាន​អ្នក​ទៅ​បោះ​ឆ្នោតអត់​ដល់​៤​ពាន់​នាក់​ទេ។

​លោក​មនោរម្យ​បាន​ជំរុញ​ឱ្យ​អ្នក​ចូល​រួម​ក្នុង​ការ​ប្រជុំ​សហគមន៍​នេះទៅចុះ​ឈ្មោះ​បោះឆ្នោត​ហើយ​ជួយ​ផ្សព្វ​ផ្សាយ​ទៅ​ដល់​អ្នក​ដទៃ​ទៀត។ ​

លោកបញ្ជាក់​បន្ថែមថា៖

«បោះ​ឆ្នោត​មួយ​សំខាន់​មែន​ទែន​គឺសំឡេង​យើង​អាច​ប្រើ​គេ​បាន។ ឧទាហរណ៍​យើង​ចង់​បាន ​Cambodia ​Town។ ទីក្រុង​មួយៗ​គេ​ដឹង​ច្បាស់​ណាស់​ថា​ខ្មែរ​យើង​មាន​ប៉ុន្មាន​អ្នក ​បោះ​ឆ្នោត​ប៉ុន្មាន​នាក់​បើ​គេ​មើល​ទៅ​ឃើញ​យើង​បោះ​ឆ្នោត​ច្រើន​គេ​នឹង​ស្តាប់​យើង​ហើយ​។ ​ហ្នឹង​ហើយ​អំណាច​របស់​យើង»។

បញ្ហា​ការ​និរ​ទេស​ក៏​ត្រូវ​បាន​លើក​ឡើង​យក​មក​បង្ហាញ​នឹង​ពន្យល់​ប្រាប់​ដល់​អ្នក​ចូល​រួម​ដោយ​លោក David Ros ជា​អ្នក​រៀប​ចំ​ចលនា​សេចក្តី​ស្រឡាញ់​មួយ​(organizer of One Love Movement)

​លោក​ពន្យល់​ថា​ជា​រឿយៗ​នៅ​មាន​ការ​មិន​យល់​ជា​ច្រើន​ជុំ​វិញ​បញ្ហា​ការ​និរទេស ហើយ​សហគមន៍​ចាំ​បាច់​ត្រូវ​យល់​ពី​បញ្ហា​នេះ៖

«មនុស្ស​ភាគ​ច្រើន​នៅ​យល់​ច្រឡំ​ពី​បញ្ហា​និរទេស។ ​គេ​គិត​ថា​និរ​ទេស​ជន​គឺ​សុទ្ធ​តែ​ជា​ឧក្រិដ្ឋជន​អ្នកប្រព្រឹត្ត​បទល្មើល។ ​ប៉ុន្តែ​អ្វី​ដែល​គេ​មិន​បាន​ដឹង​នោះ​គឺ​អ្នក​ទាំង​នោះ​បាន​ទទួលទោស​ហើយ​ទៅ​ហើយ។ ហើយ​គេ​បាន​កែ​ខ្លួន​សាង​ជីវិត​ថ្មី​រួម​ទាំង​មាន​គ្រួសារ​មាន​កូន​បង់​ពន្ធ​ប្រចាំឆ្នាំ​បង់​ផ្ទះ​និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​សកម្មជន​នៅ​ក្នុង​សហគមន៍»។

នៅ​មាន​អង្គការ​ជា​ច្រើន​ទៀត​ដែល​ក៏​ឆ្លៀត​ឱកាស​បង្ហាញ​ជូនពី​សេវា​របស់​ពួកគេ​ដែរ​ ក្នុង​នោះ មាន​ការ​ផ្តល់​នូវ​សេវា​កម្ម​ពេទ្យ​និង​មេធាវី​ខាង​អន្តោ​ប្រវេសន៍​ដោយ​ឥត​គិត​ថ្លៃ​ជូន​ដល់​អ្នក​ដែល​ក្រ​គ្មាន​លទ្ធភាព​និង​កម្មវិធី​ក្នុង​សហគមន៍​ផ្សេង​ទៀត​ដូច​ជា​ការ​រាំ​របាំ​ការ​បង្រៀន​ភ្លេង​បង្រៀន​អក្សរ​ជា​ដើម៕

XS
SM
MD
LG