ក្រុមមន្រ្តីរដ្ឋាភិបាលបាននិយាយនៅថៃ្ងអង្គារនេះថារដ្ឋាភិបាលបានធើ្វវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកសំដៅរឹតបន្តឹងការប្រើប្រាស់មួកសុវត្ថិភាព និងការបង្កើនការផាកពិន័យឲ្យកាន់តែធ្ងន់ធ្ងរបន្ថែមទៀតដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជិត២.០០០នាក់ក្នុងមួយឆ្នាំនៅកម្ពុជា ដែលតួលេខនេះនៅតែមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ។ របាយការណ៍របស់នគរបាលបានបញ្ជាក់ថាចាប់ពីខែវិច្ឆិកា ឆ្នាំ២០១០ដល់ខែវិច្ឆិកា ឆ្នាំ២០១១ មានអ្នកស្លាប់ជិត១.៩០០នាក់ និងរងរបួសជាង៨.៧០០នាក់។
លោកស្រី មឹន មាណវី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានថែ្លងប្រាប់ក្រុមអ្នកយកព័ត៌មានថា មាត្រាចំនួន៣១នៃច្បាប់ចរាចរណ៍ផ្លូវគោកត្រូវបានធើ្វវិសោធនកម្ម និងបនែ្ថមប្រាំបីមាត្រាទៀតនឹងជួយកាត់បន្ថយការស្លាប់ និងការរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ហើយពង្រឹងការពាក់មួកសុវត្ថិភាពសម្រាប់អ្នកបើកម៉ូតូ និងអ្នករួមដំណើរ ព្រមទាំងបងើ្កនការផាកពិន័យឲ្យកាន់តែធ្ងន់ធ្ងរ។
លោកស្រីអនុរដ្ឋលេខាធិការ បានបន្ថែមថាការធើ្វសោធនកម្មនេះក៏នឹងជួយពង្រឹង និងពង្រីកប្រសិទ្ធភាពនៃយុទ្ធសាស្រ្ត និងយន្តការសម្រាប់កាត់បន្ថយចំនួនអ្នកស្លាប់ និងករណីគ្រោះថ្នាក់ចរាចរណ៍ឲ្យថយចុះនៅកម្រិតទាប និងទិដ្ឋភាពនៃគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅស្រាលពីមួយថៃ្ងទៅមួយថៃ្ង។
«ចំណុចសំខាន់មួយនៃសេចក្តីព្រាងនៃវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅក្នុងបទប្បញ្ញតិ្តបានតម្រូវឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ព្រមទាំងកុមារត្រូវពាក់មួកសុវត្ថិភាព។ យើងផ្តោតឲ្យខ្លាំងលើការកាត់បន្ថយចំនួនអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។ ចំពោះអ្នកធើ្វដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពទាំងអ្នកជិះខាងមុខ និងអ្នក ជិះខាងក្រោយ។ អ្នកស្លាប់បានកើនឡើង១៥ភាគរយ»។
លោក ព្រាប ចាន់បុល សមាជិកក្រុមការងារវិសោធនកម្មច្បាប់នេះ បានលើកឡើងថាការពាក់មួកសុវត្ថិភាពមាន៧២ភាគរយ នៅពេលថៃ្ង និង៤២ភាគរយនៅពេលយប់។
«យើងបានកែសម្រួលតមៃ្លប្រាក់ផាកពិន័យ។ នៅក្នុងបទលហុ យើងបងើ្កនតមៃ្លប្រាក់ផាកពិន័យប្រាំដង។ វាបានន័យថាកាលពីមុនផាក៣.០០០រៀលចំពោះការមិនពាក់មួកត្រូវថែមប្រាំដងស្មើនឹង១៥.០០០រៀល។ បើយើងប្រៀបធៀបជាមួយប្រទេសវៀតណាម វានៅទាប នៅឡើយ។ ប្រទេសវៀតណាមបានផាកពិន័យ១០ដុល្លារអាមេរិកចំពោះការមិនពាក់មួកនេះ»។
របាយការណ៍ឆ្នាំ២០១០ បានបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរជាង១.៨០០នាក់បានស្លាប់ និងជាង១.៧០០នាក់ទៀតបានរងរបួស ហើយមនុស្សយ៉ាងតិច៥នាក់ជាមធ្យមក្នុងមួយថៃ្ងរងគ្រោះថ្នាក់ចរាចរណ៍ ហើយគ្រោះថ្នាក់ចរាចរណ៍បានធើ្វឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណ២៧៩លានដុល្លារអាមេរិក។
លោកឧត្តមសេនីយ៍ត្រី គិម យីដេត អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មូលេហតុនៃគ្រោះថ្នាក់ចរាចរណ៍នេះគឺការប្រើប្រាស់ល្បឿនលឿនលើសកំណត់ នៅតែជាបញ្ហាមួយធ្ងន់ធ្ងរនៅឡើយដែលមានចំនួន៤០ភាគរយ ការបើកបរគ្រោះថ្នាក់ក្នុងពេលស្រវឹងមាន១១ភាគរយ ការបើកបរមិនគោរពច្បាប់ចរាចរណ៍ ឬ ធេ្វសប្រហែសមាន១៧ភាគរយ»។
វិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកនេះអាចនឹងបញ្ចប់នៅដើមឆ្នាំក្រោយ៕