ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បង្ហាញ​ពង្រាង​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​​ក្រោយ​ពី​គ្រោះ​ថ្នាក់​កោះពេជ្រ


សប្បុរស​ជន​ឲ្យ​លុយ​អ្នកសុំទាន ​ពេល​ទឹកជំនន់​លិចក្រុង។
សប្បុរស​ជន​ឲ្យ​លុយ​អ្នកសុំទាន ​ពេល​ទឹកជំនន់​លិចក្រុង។

ភ្នំពេញ៖ ប្រទេស​កម្ពុជា​កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះ​មហន្តរាយ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ក្នុងការ​បង្ការ​គ្រោះថ្នាក់​នានា​ដែល​កើតឡើង​ដោយ​គ្រោះ​មហន្តរាយ។ ជាង​នេះ​ទៀត​សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​ដើម្បី​រឹត​បន្តឹង​ការប្រុងប្រយ័ត្ន​របស់​អាជ្ញាធរ​ក្នុងការ​ទទួល​ខុសត្រូវ​ផង​ដែរ។

សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​កំណត់​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​យ៉ាង​ធ្ងន់ធ្ងរ​ទៀត​ផង​ចំពោះ​មន្រ្តី​រូប​ណា ដែល​ខកខាន​មិនបាន​បំពេញ​ភារកិច្ច​ឬ​ដោយ​ការធ្វេស​ប្រហែស​ដែល​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​មនុស្ស។ សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​គ្រប់គ្រង​គ្រោះមហន្តរាយ​ នាថ្ងៃ​ទី៣០​ធ្នូមាន​ការចូលរួម​ពិភាក្សា​ពី​មន្រ្តី​ពាក់ព័ន្ធ​តាម​ស្ថាប័ន​និង​តាម​ក្រសួង​មួយ​ចំនួន។ ដោយ​កិច្ច​ពិភាក្សា​នេះ​ធ្វើឡើង​ជាង​១ខែ​ក្រោយពី​ហេតុការណ៍​ដ៏​គួរឱ្យរន្ធត់​នៅលើ​ស្ពាន​កោះពេជ្រ។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះ​មហន្តរាយ​មាន​៩​ជំពូក​៩២​មាត្រា​ដោយ​ច្បាប់​នេះ​បាន

បញ្ជាក់​ពី​គោលបំណង​ថា​ដើម្បី​ការពារអាយុ​ជីវិត​មនុស្ស​ សត្វ ​និង​ការពារ​បរិស្ថាន ​បញ្ចៀស​ការប៉ះ ពាល់​ដល់​សុខភាព​មនុស្ស ​និង​ការខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​និង​ឯកជន​គ្រប់គ្រង​កាត់បន្ថយ​ហានិភ័យ គ្រោះមហន្តរាយ​ ត្រៀម​បង្ការសម្រាប់​ឆ្លើយតប​គ្រោះអាសន្ន​ជាដើម។

លោក​ ញឹម វណ្ណដា​ ទេសរដ្ឋមន្រ្តី​និង​ជាអនុប្រធាន​ទីមួយ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ​បាន​មាន​ប្រសាសន៍​ថា​ជាយូរ​មកហើយ​ដែល​ប្រទេស​កម្ពុជា​មិនមាន​ច្បាប់​ស្តីពី​ការគ្រប់ គ្រង​គ្រោះ​មហន្តរាយ​នោះ​ទេ​ដូច្នេះ​លោកនឹង​ព្យាយាម​ជំរុញ​ច្បាប់​នេះ​អនុម័ត​ឱ្យ​បាន​ក្នុង​ពេល ឆាប់ៗ​ ក្នុង​អំឡុង​ពេល​ចុងឆ្នាំ​២០១១ ​ខាងមុខ​នេះ។

លោក​បាន​បន្ត​ថា នៅ​ពេល​ច្បាប់នេះ​ចូល​ជាធរមាន​ច្បាប់នេះ​អាច​ជួយ​ពង្រឹង​បន្ថែម​ទៅលើ​ការគ្រប់ គ្រង​គ្រោះមហន្តរាយ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​ដោយ​ច្បាប់នេះ​មាន​ការ​ដាក់​ទោស​ទណ្ឌ​ទៅលើ​មន្រ្តី​ណា​ដែល​ធ្វេសប្រហែស​ក្នុង​ការបំពេញ​ភារកិច្ច​របស់​ខ្លួន។

«ចង់​បាន​ច្បាប់​នេះ​មួយ​គឺ​ដើម្បី​គ្រប់គ្រង​សភាព​ការណ៍​គ្រោះ​មហន្តរាយ​ដែល​កើតឡើង​ដោយ​ធម្មជាតិ​ក្តី​ដោយ​មនុស្សក្តី​។ ពេល​នេះ​ចង់​បាន​ច្បាប់​នេះ​មួយ​ទៅ​ស្រួល​យើង​ប្រតិបត្តិ​ពីព្រោះ​កន្លងមក​យើង​ធ្វើការ​អត់មាន​អ្វី​ជាគោល​សម្រាប់​យើង​អនុវត្តទេ»។

ជាមួយ​គ្នា​នេះ​ដែរ ​លោក​ ជ្រាង សុផាន់​ អភិបាលរង​ក្រុង​ភ្នំពេញ​បាន​គ្រាំទ្រ​ចំពោះ​ការបង្កើត​ច្បាប់​នេះ​ដោយ​លោកមាន​ប្រសាសន៍​ថា​ច្បាប់នេះ​នឹង​ជួយ​ឱ្យ​មន្រ្តី​ដែល​ពាក់ព័ន្ធ​ទាំងអស់​មាន​ការប្រយ័ត្ន​ប្រយែង​បន្ថែម​ទៀត​នៅក្នុង​ការបំពេញ​ភារកិច្ច​របស់​ខ្លួន។

«ខ្ញុំ​គិត​ថា​វាជា​ការប្រសើរ​ដើម្បី​ពង្រឹង​យន្តការ​បាន​ល្អ​ទាល់តែ​មាន​ការដាក់​ពិន័យ​ធ្វើ​ឱ្យ​អ្នក​ដែល​កាន់​ការងារ​មួយៗ​ត្រូវ​យល់​ច្បាស់​ពី​ភារកិច្ច​របស់​ខ្លួន។ ខ្ញុំ​គ្រាន់តែ​អបអរសាទរ​នៅ​ពេល​ដែល​ច្បាប់នេះ​ចេញ​ពីព្រោះ​វា​ជួយ​ពង្រឹង​នូវ​យន្តការ​សម្រាប់​ការគ្រប់គ្រង​ដើម្បី​បញ្ចៀស​នូវ​ផលប៉ះពាល់​ដែល​កើត​ឡើង​ជា​យថាហេតុ»។

ព្រឹត្តការណ៍​ដ៏គួរ​ឱ្យ​រន្ធត់​នៅលើ​ស្ពាន​កោះពេជ្រ​កាល​ពីថ្ងៃទី២២​ ខែវិច្ឆិកា ​កន្លង​ទៅថ្មីៗ​នេះ​ ដែល​ធ្វើឱ្យ​មនុស្ស​៣៥៣នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​និង​៣៩៣​បាន​រងរបួស​បាន​ទទួលរង​ការរិះគន់​និង​មាន​ការទាមទារ​ឱ្យ​មាន​ការដាក់​ទោស​មន្រ្តី​ទទួលខុស​ត្រូវ​ក៏ប៉ុន្តែ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​និយាយ​ការពារ​ថា​នឹង​មិនមាន​ការផ្តន្ទាទោស​ណាមួយ​នោះ​ទេ​ដោយ​លោក​បាន​បញ្ជាក់​ថា​ព្រឹត្តការណ៍​នេះ​គឺជា​កំហុស​រួម។

សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏បាន​កំណត់​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​និង​មន្រ្តី​ពាក់ព័ន្ធ​ទាំងអស់​រៀបចំ​និង​ត្រៀម​លក្ខណៈ​ដោះស្រាយ​គ្រោះថ្នាក់​ឱ្យ​បាន​ល្អ​បំផុត។ ជាង​នេះ​ទៅទៀត​មន្រ្តី​ដែល​មាន​កំហុស​និង​ត្រូវ​ដាក់ទោស​ព្រហ្មទណ្ឌ​ពី​២ឆ្នាំ​ទៅដល់​១០ឆ្នាំ​ឬ​លើសពី​នេះ​និង​ពិន័យ​ជាប្រាក់​ពី​៥​លាន​រៀល​ទៅ​ដល់​២០​លាន​រៀល។

ដោយ​ឡែក​លោក យឹម សុវណ្ណ ​សមាជិក​សភា​គណបក្ស​ សម រង្ស៊ី ​បាន​មាន​ប្រសាសន៍​ថា​ទោះបី​ជា​ច្បាប់​មាន​លក្ខណៈ​ល្អ​ប្រសើរ​យ៉ាង​ណា​ក៏​ដោយ​ក៏​ប៉ុន្តែ​គ្មាន​ការអនុវត្ត​ច្បាប់​នោះ​បង្កើត​ឡើង​ក៏គ្មាន​ប្រយោជន៍​អ្វីដែរ។

«ពេល​ខ្លះ​ធ្វើច្បាប់​នេះ​គឺ​ធ្វើឱ្យ​តែល្អ​មើល​ទេ​ ប៉ុន្តែ​ដល់​ពេល​ការអនុវត្ត​ជាក់ស្តែង​អនុវត្ត​បាន​តិចតួច​ណាស់​ហើយ​ជាពិសេស​ទាក់ទង​នឹង​ការដាក់ទោស​ទណ្ឌ។ វប្បធម៌​គ្មាន​ទោសពៃរ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ចាក់​ជ្រៅ​ទៅ​បែប​នេះ​ ដូច្នេះ​ទោះបី​ជាសេចក្តី​ព្រាងច្បាប់​នេះ​ល្អ​យ៉ាងណា​ក៏ដោយ​ក៏ប៉ុន្តែ​ការអនុវត្ត​ច្បាប់​គេ​មិនមាន​ឆន្ទៈ​នយោបាយ​ក្នុង​ការអនុវត្ត​ច្បាប់​នោះ​គឺ​ចាត់ទុកថា​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ដដែល»។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ​លោក​ ចាន់ សាវ៉េត​ ប្រធាន​ផ្នែក​ឃ្លាំមើល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ អាដហុក​បាន​សាទរ​ចំពោះ​ការបង្កើត​ច្បាប់​នេះ​ឡើង។ ​លោក​បាន​មានប្រសាសន៍​ថា​ទោះបី​ជា​ច្បាប់

នេះ​មិនត្រូវ​បាន​គេអនុវត្ត​បាន​ល្អ​ដូច​មានចែង​នៅក្នុង​ច្បាប់​ក៏ដោយ​ក៏លោក​ជឿជាក់​ថា​ច្បាប់​នេះ​នឹង

ធ្វើឱ្យ​មាន​ការប្រសើរ​ឡើង​ផងដែរ​ចំពោះ​ការគ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG