នៅថ្ងៃច័ន្ទនេះ ក្រុមមន្ត្រីអង្គការសហគមន៍តាមមូលដ្ឋានបានរិះគន់មាត្រា៤នៃសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលចំពោះការធ្វើឲ្យរាំងស្ទះដល់ការស្វែងរកជំនួយសម្រាប់ការអភិវឌ្ឍមូលដ្ឋាន និងដាក់កំហិតសេរីភាពនៃសកម្មភាពការងាររបស់ខ្លួន។
មាត្រា៤នៃច្បាប់នេះបានចែងថា អង្គការសហគមន៍មូលដ្ឋានគឺប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរួមគ្មាបង្កើត គ្រប់គ្រង និងធ្វើសកម្មភាពដោយខ្លួនឯង ដើម្បីបម្រើ និងការពារផលប្រយោជន៍ក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួន។
លោកហេង សំអ៊ូន អគ្គលេខាធិការសមាគមប្រជាធិបតេយ្យ ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងថាមាត្រា៤នៃច្បាប់អង្គការមិនមែនរដ្ឋាភិបាលបានហាមឃាត់ការចងសម្ព័ន្ធភាពរបស់អង្គការ សមាគមមិនមែនរដ្ឋាភិបាល។
«នៅក្នុងច្បាប់នេះ អត់មាននិយាយពីការចងសម្ព័ន្ធភាពនឹងគ្នាទេ។ ឧទាហរណ៍ ខ្ញុំ សមាគមទុគទុគឬ ម៉ូតូកង់បីអាចចងសម្ព័ន្ធភាពជាមួយសហគមន៍កសិករ និងកម្មកររោងចក្រ។ ប៉ុន្តែនៅក្នុងច្បាប់នេះ គេមិនឲ្យយើងចងសម្ព័ន្ធភាពជាមួយគ្នាទេ។ នេះហើយធ្វើឲ្យកម្លាំងរបស់យើងអាចចុះខ្សោយ។ យើងស្នើសុំដាច់ខាតមិនចង់ឲ្យមានច្បាប់នេះតែម្តង»។
លោក ញ៉ិល ភាព ប្រធានសហគមន៍យុត្តិធម៌សង្គម និងការបណ្តុះបណ្តាលវិស័យកសិកម្ម នៅភូមិកុកទ្រា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានបញ្ជាក់ថា សហគមន៍របស់លោកត្រូវការជំនួយពីអង្គការសមាគមមិនមែនរដ្ឋាភិបាល ដើម្បីយកមកអភិវឌ្ឍសហគមន៍។
លោកញ៉ិល ភាពបានបន្ថែមថា មាត្រា៤នេះបានបំផ្លាញផលប្រយោជន៍របស់សហគមន៍ និងរាំងស្ទះដល់ការអភិវឌ្ឍសហគមន៍ ខណៈដែលរដ្ឋាភិបាលមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ជួយអភិវឌ្ឍសហគមន៍។
«សហគមន៍មិនអាចធ្វើការភ្ជាប់បណ្តាញពីមួយទៅមួយបានទេ ហើយមិនឲ្យសហគមន៍អាចទៅរកជំនួយផ្សេងដើម្បីយកមកអភិវឌ្ឍនៅក្នុងមូលដ្ឋាន ជាពិសេស (សហគមន៍) មិនអាចស្វែងរកអង្គការដៃគូ ដើម្បីយកមកអភិវឌ្ឍសហគមន៍បានទេ។ ដូច្នេះច្បាប់នេះ យើងមិនអាចទទួលយកបានទេ»។
អ្នកស្រីយី វង្ស សមាជិកបណ្តាញសន្តិភាពសហគមន៍តស៊ូមតិខាងដីធ្លីនៅស្រុកជីក្រែង ខេត្តសៀមរាប បានថ្លែងថា មាត្រា៤ នៃសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលនេះបានរឹតត្បិតសេរីភាព និងសកម្មភាពនានារបស់សហគមន៍មូលដ្ឋានក្នុងការស្វែងរកជំនួយពីអង្គការអន្តរជាតិសម្រាប់យកមកអភិវឌ្ឍសហគមន៍ ហើយរារាំងដល់ការតស៊ូមតិរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍នីមួយៗ ក្នុងការការពារដីស្រែចម្ការរបស់ខ្លួនដែលតូវបានគេរំលោភយក។
«ក្នុងមាត្រា៤ រាជរដ្ឋាភិបាលបញ្ឈប់កុំឲ្យសហគមន៍យើង ខ្ញុំទាក់ទងជាមួយអង្គការនានា ហើយបានបញ្ឈប់មិនឲ្យសហគមន៍យើងខ្ញុំមានការចូលរួមទេ។ អញ្ចឹង ប្រជាពលរដ្ឋមិនពេញចិត្តក្នុងការចេញច្បាប់មាត្រា៤នេះទេ។ ខ្ញុំសូមឲ្យបញ្ឈប់។ ប្រជាពលរដ្ឋនៅក្នុងសហគមន៍មិនពេញចិត្ត និងមិនអាចទទួលយកមាត្រា៤នេះបានទេ។ មាត្រា៤នេះធ្វើឲ្យខាតប្រយោជន៍ដល់ពួកខ្ញុំជាប្រជាសហគមន៍ និងមិនអាចឲ្យពួកខ្ញុំអភិវឌ្ឍក្នុងសហគមន៍បានទេ។
សេចក្តីថ្លែងការណ៍រួមរបស់សហគមន៍មូលដ្ឋានបានបញ្ជាក់ថា ច្បាប់អង្គការមិនមែនរដ្ឋាភិបាលនេះ បង្កើតឡើងដើម្បីត្រួតត្រា ជាជាងលើកស្ទួយ និងពង្រឹងសង្គមស៊ីវិល ហើយធ្វើឲ្យបាត់បង់សិទ្ធិប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយបានស្នើសុំយ៉ាងទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការប៉ុនប៉ងចេញច្បាប់នេះ។
កាលពីថ្ងៃសុក្រនេះ ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិបានអំពាវនាវឲ្យប្រទេសផ្តល់ជំនួយដាក់ការគាបសង្កត់ទៅលើរដ្ឋាភិបាលកម្ពុជា ឲ្យកែសម្រួល ឬបោះបង់ចោលសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលដែលរឹតត្បិតសេរីភាពរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ច្បាប់អង្គការមិនមែនរដ្ឋាភិបាលនេះត្រូវបានធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ។
ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលមានគោលដៅបង្កើតច្បាប់អង្គការមិនមែនរដ្ឋាភិបាល សំដៅពង្រឹងនីតិរដ្ឋ។ អង្គការមិនមែនរដ្ឋាភិបាលគួរតែជួយពង្រឹងសណ្តាប់ធ្នាប់។
លោកនុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រដ្ឋាភិបាលនឹងទទួលយកអនុសាសន៍ និងកង្វល់ទាំងឡាយរបស់អង្គការសង្គមស៊ីវិលមកពិចារណា៕