ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​បុរីកីឡាស្វែង​រក​ជំនួយ​ពីប្រទេស​ផ្តល់​ជំនួយ


ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡាបាន​កាន់​ញ្ញត្តិ​របស់​ពួក​គេ​ទៅ​ប្រគល់យ​ស្ថានទូត​សហរដ្ឋ​អាមេរិក។
ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡាបាន​កាន់​ញ្ញត្តិ​របស់​ពួក​គេ​ទៅ​ប្រគល់យ​ស្ថានទូត​សហរដ្ឋ​អាមេរិក។

ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា​ប្រមាណ​៥០​នាក់​ ដែល​ត្រូវ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​ស្វែង​រក​ជំនួយ​អន្តរាគមន៍​ពី​ស្ថានទូត​សំខាន់ៗ​ចំនួន​បួន​ នៅ​ក្នុង​ក្រុង​ភ្នំពេញ ​ស្របពេល​ដែល​អ្នក​ភូមិ​របស់​ពួក​គេ​ដែល​ត្រូវ​ចាប់​ខ្លួន​ចំនួន​ប្រាំបី​នាក់ ​ត្រូវ​បញ្ជូន​ទៅ​ឃុំឃាំង​ជា​បណ្ដោះ​អាសន្ន។

តំណាង​បួន​នាក់​នៃ​សហគមន៍​បុរីកីឡា​បាន​កាន់​ញ្ញត្តិ​របស់​ពួក​គេ​ទៅ​ប្រគល់​បន្ត​បន្ទាប់​គ្នា​ឲ្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក ​ស្ថានទូត​បារាំង​ អាល្លឺម៉ង់ ​និង​ស្ថានទូត​អង់គ្លេស ​ដោយ​ស្នើ​ឲ្យ​ស្ថានទូត​ទាំង​នោះ​«ជួយ​ស្វែងរក​ដំណោះ​ស្រាយ»​ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ផ្ទះ​សម្បែង​ដែល​ត្រូវ​ឈូស​កម្ទេច​ចោល​កាល​ពី​ថ្ងៃ​អង្គារ​ ហើយ​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​ជន​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​ប្រាំបី​នាក់ ​និង​ផ្ដល់ការ​ផ្គត់ផ្គង់​សម្ភារៈ ​និង​ជម្រក​បណ្ដោះ​អាសន្ន​ដល់​ពួក​គេ។

នេះ​ទំនង​ជា​ការ​ប្រឹងប្រែង​តស៊ូ​ចុងក្រោយ​របស់​សហគមន៍​ដ៏​ក្រីក្រ​កណ្ដាល​ទី​ក្រុង​ភ្នំពេញ​នេះ ​បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​បាន​បង្ខំ​បណ្ដេញ​ពួក​គេ​ចេញ​ពី​លំនៅដ្ឋាន​កាល​ពីរ​ថ្ងៃ​មុន។ ​ពេល​បណ្ដេញ​ចេញ​នោះ​មាន​ការ​ក្រាញ​តវ៉ា ​និង​បង្ក​បាន​ជា​អំពើ​ហិង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ក្រុម​ប្រជាជន​ដែល​អះអាង​ថា ​ខ្លួន​គឺ​ជា​ជន​រងគ្រោះ ​និង​ក្រុម​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល។

ក្រោយ​ពី​ប្រគល់​ញ្ញត្តិ​ជូន​តំណាង​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ ​ អ្នកស្រី​ខេង​ ថា​ តំណាង​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​តំណាង​ទាំង​បួន​នាក់​ មាន​ប្រសាសន៍​ថា​ ពួកគាត់​ពឹងពាក់​ស្ថានទូត​បរទេស​ ដោយសារ​តែ ​ពុំ​មាន​អន្តរាគមន៍​ណា​មួយ​ពី​មន្ដ្រី​រដ្ឋាភិបាល។

«មក​រើ ​មក​កកាយ​អញ្ចឹង! ​ឲ្យ​ខ្ញុំ​ទៅ​សង្ឃឹម​ខ្មែរ​យើង​យ៉ាង​ម៉េច​បាន​ទៀត? ​បើ​ខ្មែរ​យើង​ធ្វើ​បាប​ខ្មែរ​យើង​ម្លឹង​ហើយ​ហ្នឹង! ​បើ​គ្មាន​អ្នក​ណា​ដោះស្រាយ​ ឬ​អ្នក​ធំ​ណា​ជួយ​ខ្ញុំ​បាន​ផង​ហ្នឹង» ​ម្ល៉ោះ​ហើយ​ខ្ញុំ​ត្រូវ​តែ​មក​ពឹង​ស្ថានទូត​ហ្នឹង​ ឲ្យ​គេ​មក​ជួយ​ខ្ញុំ​ម្តង»។

មន្រ្តី​អ្នក​នាំពាក្យ​ស្ថានទូត​នានា​បាន​អះអាង​ថា ​ខ្លួន​បាន​ទទួល​ញ្ញត្តិ​របស់​ក្រុម​ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា​រួច​ហើយ​នៅ​ថ្ងៃ​នេះ។

លោក​សន​ ម៉ាកគិនតូស្ស ​(Sean J. McIntosh) ​អ្នក​នាំពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ មាន​ប្រសាសន៍​តាម​សារ​អេឡិចត្រូនិក​ថា ​សហ​រដ្ឋ​អាមេរិក​នៅ​តែ​មាន​ការ​ព្រួយបារម្ភ​ពី​សក្ដានុពល​នៃ​ជម្លោះ​ដីធ្លី​ដែល​មិន​មាន​ការ​ដោះស្រាយ​ ហើយ​ដែល​បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។

មន្ដ្រី​អ្នកនាំ​ពាក្យ​ដដែល​បាន​លើក​ឡើង​ថា ​ការ​ប៉ះទង្គិច​ «ដ៏គួរ​ឲ្យ​សោក​ស្ដាយ»​ នៅ​សហគមន៍​បុរី​កីឡា​គឺ​ជា​ការ​ក្រើន​រំឭក​មួយ​ចំពោះ​សារៈ​សំខាន់ ​នៃ​ការ​ពិនិត្យ​មើល​ទៅ​លើ​សិទ្ធិ​កាន់​កាប់​កម្ម​សិទ្ធិ​ និង​ប្រព័ន្ធ​ដោះស្រាយ​ទំនាស់​ ដោយ​ឯករាជ្យ​ មាន​តម្លាភាព​ និង​ប្រកប​ដោយ​ការ​យល់​ដឹង​ពី​សារធារណ​ជន។ ហើយប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ត្រូវ​ចាត់​ទុក​ថា ​មាន​សិទ្ធិ​ស្មើៗ​គ្នា។

លោក​សន ​ម៉ាកគិនតូស្ស​មាន​ប្រសាសន៍​បន្ថែម​ថា ​សហ​រដ្ឋ​អាមេរិក​ស្នើ​ឲ្យ​ក្រុម​អ្នក​តវ៉ា​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា ​ហើយ​សហ​រដ្ឋ​អាមេរិក​អំពាវនាវ​ដល់​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រកាន់​នូវ​ភាព​អត់ធ្មត់​ជា​អតិបរមា។

លោក​ហូ ​វ៉ាន់​ តំណាង​រាស្ដ្រ​មក​ពី​គណបក្ស​សម ​រង្ស៊ី ​ដែល​មាន​វត្តមាន​ដើម្បី​ជួយ​សម្រួល​ញ្ញត្តិ​របស់​ក្រុម​ប្រជាជន​មាន​ប្រសាសន៍​ថា ​ប្រជាជន​ទ័លច្រក​ទើប​ស្វែងរក​ជំនួយ​ពី​ស្ថានទូត​បរទេស។

«គាត់​មាន​ការ​លំបាក ​មាន​ការ​ស្មុគស្មាញ។ ​ឥឡូវ​ប្រជាជន​គាត់​ឥត​ដឹង​ទៅ​ណា​ទេ​គឺ​តែល​តោលៗ។​ តើ​នរណា​មួយ​ដែល​ទទួល​ខុស​ត្រូវ ​ជួយ​គាត់​ទៅ!​ ​វា​ឥត​មាន​ទេ។ ​គាត់​ត្រូវ​តែ​ដង្ហើយ​ហៅ​ថ្នាក់​ស្ថានទូត ​ឬ​អន្តរជាតិ​នា​នា​ដើម្បី​ជួយ​គាត់​ផង​ ពីព្រោះ​គាត់​ដល់​ពេល​អស់​ទី​ពឹង​រលីង​ហើយ»។

ទំនាស់​ដីធ្លី​នៅ​សហគមន៍​បុរី​កីឡា​បាន​អូល​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​ក្រុមហ៊ុន​ផាន ​អ៊ីម៉ិច​បាន​សន្យា​សាងសង់​អគារ​ចំនួន​ដប់​ដើម្បី​ផ្ដល់​ទី​ជម្រក​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​នៅ​ទីនេះ​ជា​ថ្នូរ​ទៅ​នឹង​ការ​យក​ដី​ក្នុង​សហគមន៍​មក​អភិវឌ្ឍ។ ​ក៏ប៉ុន្ដែ​នៅ​ទីបំផុត ​ក្រុមហ៊ុន​បាន​សាងសង់​ត្រឹមតែ​ប្រាំបី​អគារ​ហើយ​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​ជា​ច្រើន។ ​លោក​ស្រី​ស៊ុយ​ សុផាន ម្ចាស់​ក្រុមហ៊ុន​ធ្លាប់​បាន​មាន​ប្រសាសន៍​ថា ​អគារទាំង​ប្រាំបីនេះ​បាន​ឆ្លើយតប​គ្រប់គ្រាន់​ទៅ​នឹង​ចំនួន​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​សា្នក់នៅ​រួច​ទៅ​ហើយ ​ក៏ប៉ុន្ដែ​ក្រុម​ប្រជាជន​បាន​ច្រានចោល​សេចក្ដី​លើក​ឡើង​នេះ។

លោក​អំ ​សំអាត ​ប្រធាន​ការិយាល័យ​គ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ចាត់​ទុក​ថា ​ការ​បណ្ដេញ​ចេញ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ទីនេះ​ជួប​ប្រទះ​ភាព​ក្រីក្រ​ថែម​មួយ​កម្រិត​ទៀត។

«ធ្វើ​អញ្ចឹង​ទៅ​គឺ​វា​ផ្ទុយ​ទៅ​នឹង​គោល​នយោបាយ​ចតុកោណ​របស់​រដ្ឋាភិបាល ​ក្នុង​ស្នូល​មួយ​ ដែល​និយាយ​អំពី​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជា​ពលរដ្ឋ។ ​ប៉ុន្តែ​បើ​សិនអភិវឌ្ឍ​ទៅ​ វា​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ ប៉ះពាល់​ដល់​ជីវភាព​ប្រជា​ពល​រដ្ឋ​អញ្ចឹង! ​តើ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត​ ដែល​គាត់​អាច​កសាង​ជីវភាព​បាន​ប្រហែល​ដែល​គាត់​រស់​នៅ​បុរី​កីឡា»។

ប្រជា​ពលរដ្ឋ​ ដែល​ត្រូវ​បណ្ដេញ​ចេញ ​ត្រូវ​បាន​ដឹក​ជញ្ជូន​ចេញ​ភ្លាមៗ​ទៅ​កាន់​តំបន់​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ។ ​ដោយឡែក​ ប្រជា​ពលរដ្ឋ​សហគមន៍​បុរី​កីឡា​ចំនួន​ប្រាំបី​នាក់ ​នៅ​ថ្ងៃ​នេះ​ ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ ​ក្នុង​នោះ​ប្រាំពីរ​នាក់​ត្រូវ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃស ​និង​ម្នាក់​ទៀត​នៅ​ពន្ធនាគារ​ប៉េហ្ស៊ី​(ប៉ូលិស) ​កណ្ដាល​ក្រុង​ភ្នំពេញ។ ​អ្នក​ភូមិ​ទាំង​ប្រាំ​នាក់​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា ​និង​ការប្រឆាំង​មន្ដ្រី​សាធារណៈ៕

XS
SM
MD
LG