ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសកម្ពុជាបានចាប់ផ្តើមយុទ្ធនាការចែកចាយថ្នាំអាបេតចំនួន១០០តោនដល់ប្រជាពលរដ្ឋខ្មែរ សំដៅទប់ស្កាត់លទ្ធភាពនៃការផ្ទុះឡើងជម្ងឺគ្រុនឈាមនៅក្នុងឆ្នាំ២០១០នេះ។ មនុស្សយ៉ាងតិច១០នាក់បានស្លាប់ និងមនុស្សចំនួន៥៤៩៧នាក់បានទទួលរងផលប៉ះពាល់ពីជម្ងឺគ្រុនឈាមចាប់តាំងពីដើមឆ្នាំ២០១០នេះ។
លោកវេជ្ជបណ្ឌិត ង៉ាន់ ចន្ថា នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនឈាមនៃក្រសួងសុខាភិបាល បានថ្លែងប្រាប់វីអូអេថា យុទ្ធនាការចែកចាយថ្នាំ អាបេតនេះជាវិធានការដ៏សំខាន់ចាំបាច់សម្រាប់ទប់ស្កាត់ជម្ងឺគ្រុនឈាមនៅក្នុងរដូវភ្លៀងធ្លាក់នេះ ដោយភ្នាក់ងារសុខាភិបាលមានការព្រួយបារម្ភអំពីលទ្ធភាពនៃការផ្ទុះជម្ងឺគ្រុនឈាមនេះ។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា៖
«យើងដកយកថ្នាំពីឃ្លាំងឱសថរបស់រយីងនៅខេត្តកណ្តាលចំនួនប្រហែល៧៥តោន និងថ្នាំអាបេត ដែលនៅសល់តាមបណ្តាខេត្តផ្សេងៗប្រហែល៣០តោនទៀត។ យើងសរុបទៅប្រហែល១០០តោនគ្របដណ្តប់២៤ខេត្ត ក្រុងដែលយើងដំណើរការ។ ថ្នាំអាបេត ត្រូវបានដឹកជាបណ្តើរៗចេញពីឃ្លាំងឱសថនៅខេត្តកណ្តាលទៅតាមបណ្តាខេត្ត ក្រុងផ្សេងៗ»។
ខេត្តដែលមានជម្ងឺគ្រុនឈាមច្រើនជាងគេ គឺខេត្តកំពង់ចាម កំពង់ឆ្នាំង បន្ទាយមានជ័យ កំពត កែប ខេត្តកណ្តាល និងទីក្រុងភ្នំពេញ។
លោកវេជ្ជបណ្ឌិតង៉ាន់ ចន្ថា បានបញ្ជាក់ថា មន្ត្រីសុខាភិបាល និងអាជ្ញាធរប្រចាំតំបន់ប្រមាណ២០០នាក់នៅក្នុងខេត្តក្រុងនីមួយៗត្រូវចែកចាយថ្នាំអាបេតដល់ប្រជាពលរដ្ឋនៅក្នុងតំបន់។ លោកថ្លែងថា៖
«ចំពោះតំបន់ដែលក្រសួងសុខាភិបាល បានដាក់ថ្នាំអាបេត ជូននោះ សូមមេត្តាបងប្អូនកុំចាក់ទឹកចោលឱ្យសោះ ទុកពាងទឹកដែលមានថ្នាំ អាបេតឱ្យបានបីខែ ពីព្រោះថ្នាំនេះអាចមានប្រសិទ្ធិភាពសម្លាប់ដង្កូវទឹករហូតដល់បីខែ ហើយថ្នាំនេះពុំមានប៉ះពាល់សុខភាព ដូចជា ជនចាស់ជរា ជនមានជម្ងឺ កូនក្មេង និងស្ត្រីដែលមានផ្ទៃពោះ ឬស្រីបំបៅដោះទេ»។
ជម្ងឺគ្រុនឈាមចាប់ផ្តើមកើតខ្លាំងនៅរដូវចម្លងពីខែឧសភាដល់ខែតុលា។ មូសខ្លាខាំដែលមានផ្ទុកមេរោគគ្រុនឈានបានចាប់ផ្តើមខាំមនុស្សចាប់ពីព្រលឹមស្រាងៗរហូតដល់ព្រលប់។
លោកជា ឈិនស្រុង ប្រធានឃ្លាំងឱសថនៃក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាលនឹងអាចប្រើប្រាស់ថ្នាំអាបេត ចំនួន២០០តោននៅក្នុងឆ្នាំ២០១០នេះ និងត្រៀមបម្រុងក្នុងឃ្លាំងចំនួនជាង១០០តោនទៀត។
លោកប៊ុន រ៉េន ប្រធានការិយាល័យបច្ចេកទេសឃ្លាំងឱសថរបស់ក្រសួងសុខាភិបាលនៅខេត្តកណ្តាល បានបញ្ជាក់ថា សកម្មភាពដឹកជញ្ជូនថ្នាំអាបេត ទៅកាន់បណ្តាខេត្តនីមួយៗនៅក្នុងប្រទេសកម្ពុជាកំពុងចាប់ផ្តើមធ្វើយ៉ាងសកម្ម។ លោកបន្តថា៖
«យើងបានបញ្ចេញថ្នាំអាបេត ចំនួន៤.០០០គីឡូក្រាមទៅខេត្តស្វាយរៀង និងចំនួន៦.៧០០គីឡូក្រាមទៅខេត្តបាត់ដំបង»។
ក្រុមមន្ត្រីសុខាភិបាលបានថ្លែងថា យុទ្ធនាការចែកចាយថ្នាំអាបេត នេះត្រូវបានគ្រប់ដណ្តប់លើភូមិអ្នកស្រុកនៅទូទាំងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ២០០៩ ជម្ងឺគ្រុនឈាមបានសម្លាប់មនុស្ស៣៧នាក់ បើប្រៀបធៀបនឹងឆ្នាំ២០០៨សម្លាប់ចំនួន៦៥នាក់។