ខណៈពេលដែលគណបក្សសាធារណរដ្ឋបានឈ្នះគ្រប់គ្រងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃអង្គារ ក្រុមអ្នកនយោបាយនិងអង្គការសង្គមស៊ីវិលកម្ពុជារំពឹងថា អាចនឹងមានការផ្លាស់ប្តូរខ្លះក្នុងគោលនយោបាយអន្តរជាតិរបស់សហរដ្ឋអាមេរិក ប៉ុន្តែមើលឃើញថា វាជាសញ្ញាកាន់តែល្អឡើងសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ។
ក្រុមអ្នកប្រជាធិបតេយ្យនៅប្រទេសកម្ពុជាមើលឃើញថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារសប្តាហ៍មុនដែលលទ្ធផលបានធ្វើឱ្យគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបាត់បង់ការគ្រប់គ្រងអំណាចក្នុងសភាតំណាងរាស្ត្រគឺជាគំរូល្អមួយដែលអ្នកដឹកនាំអំណាចក្នុងប្រទេសកម្ពុជាគួររៀនសូត្រតាម។
តាមលទ្ធផលនៃការបោះឆ្នោតបានឱ្យដឹងថា រហូតមកដល់ពេលនេះគណបក្សសាធារណរដ្ឋឈ្នះបានអាសនៈចំនួន២៣៩ រីឯគណបក្សប្រជាធិបតេយ្យឈ្នះបានតែ១៨៧ប៉ុណ្ណោះពីក្នុងសភាជាតិដែលមានអាសនៈសរុបចំនួន៤៣៥។ នៅមានអាសនៈចំនួន៩មិនទាន់សម្រេចថា ឈ្នះចាញ់នៅឡើយដោយសារលទ្ធផលប្រកៀកប្រកិតគ្នាពេកនិងត្រូវរាប់ឡើងវិញ។ ហើយបើមិនដាច់ស្រេចអាចនឹងត្រូវឱ្យតុលាការសម្រេចក្តី។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតនៅអាមេរិកបង្ហាញពីគោលនយោបាយនៃតុល្យភាពអំណាចនៅក្នុងសង្គមប្រជាធិបតេយ្យ ហើយសម្រាប់កម្ពុជាកាន់តែបង្ហាញនូវនិន្នាការវិវត្តកាន់តែល្អឡើងៗសម្រាប់ក្រុមអ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ។ យ៉ាងណាក៏ដោយ លោកកឹម សុខាយល់ថា ជាទូទៅក្រុមអ្នកសាធារណរដ្ឋតែងតែមានជំហរតឹងរឹងខ្លាំងចំពោះក្រុមជនផ្តាច់ការ។
«ក្នុងនាមជាអ្នកដែលចង់បានប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ខ្ញុំចង់ឱ្យក្រុមសាធារណរដ្ឋបន្តនយោបាយក្រៅប្រទេស ដូចដែលលោកធ្លាប់ធ្វើគឺធ្វើយ៉ាងម៉េចឱ្យជំហររឹងប៉ឹងជាមួយនឹងពួកផ្តាច់ការនៅស្រុកណាក៏ដោយ ដូចជាស្រុកខ្មែរក៏ដោយ។ កាលណាពួកកាន់អំណាចផ្តាច់ការធ្វើអ្វីខុសត្រូវតែហ៊ានជំទាស់គឺមិនត្រូវលួងលោមទេ។ ខ្ញុំថា ការលួងលោមពួកផ្តាច់ការនេះមិនមែនជាជោគជ័យទេ។ នយោបាយសាធារណរដ្ឋដែលតែងតែព្រមានទៅពួកផ្តាច់ការនៅក្រៅប្រទេសជាការមួយល្អ ហើយវាមានប្រយោជន៍ដល់ពួកអ្នកតស៊ូប្រជាធិបតេយ្យនៅក្រៅប្រទេសដែរ»។
លោកស្រីមួរ សុខហួរ អគ្គលេខាធិការរងនៃគណបក្សសម រង្ស៊ី បានបញ្ជាក់ប្រាប់ វីអូអេ សំឡេងសហរដ្ឋអាមេរិកថា ការឈ្នះចាញ់នៅក្នុងការបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិកគឺជាលទ្ធផលបង្ហាញឱ្យឃើញពីលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែសម្រាប់ជាគោលនយោបាយអន្តរជាតិគឺនឹងមិនប៉ះពាល់ខ្លាំងទេ៖
«មើលទៅ មិនមានអ្វីជាប៉ះពាល់ដ៏សំខាន់ទេ។ ប្រសិនបើនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកមានការផ្លាស់ប្តូរច្រើននោះ វាអាចមានការផ្លាស់ប្តូរ ប៉ុន្តែមើលទៅនយោបាយរបស់គេសម្រាប់ការអភិវឌ្ឍ ការទំនាក់ទំនងជាមួយនឹងប្រទេសនានាជាពិសេសជាមួយតំបន់អាស៊ីយើងនេះ ដូចជាលោកស្រីហ៊ីលឡារី ក្លីនតុនទើបមកហើយគឺនៅដដែល»។
យ៉ាងណាក៏ដោយលោកស្រីមួរ សុខហួរបានយល់ស្របជាមួយលោកកឹម សុខាថា ការដែលគណបក្សសាធារណរដ្ឋឈ្នះឆ្នោតអាចនឹងជាសម្ពាធទៅលើបណ្តាប្រទេសណាដែលកាន់លទ្ធិផ្តាច់ការ។
«បើសិនជាអ្នកសាធារណរដ្ឋនិយមមានជំហរជាមួយរឿងប្រជាធិបតេយ្យ រឿងយកចិត្តមនុស្សនោះគឺគេមានការចាត់វិធានការស្រួចជាងពួកប្រជាធិបតេយ្យ ព្រោះហេតុអី ដូចជាខាងលោកប៊ូស កន្លងមកគឺគេយល់ឃើញថា ត្រូវមានការផ្លាស់ប្តូរនៅប្រទេសណាអញ្ចឹង គេមានជំនួយត្រង់ៗទៅ។ ប៉ុន្តែបើខាងប្រជាធិបតេយ្យ គេយកសំឡេងយកការពិចារណាវែងឆ្ងាយជាង។ គេមិនយកទ័ពគេយកទៅវាយភ្លាមៗទេ។ ប៉ុន្តែវាអត់ប៉ះពាល់ដល់ប្រទេសកម្ពុជាយើងទេ ពីព្រោះ យើងអត់មានការឈ្លោះជម្លោះរហូតដល់ការប្រើប្រាស់អាវុធទេ»។
ការបោះឆ្នោតកាលពីដើមសប្តាហ៍នេះគឺជាការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភាខ្លះ ហើយកើតឡើងចំពាក់កណ្តាលអាណត្តិរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា។ បើទោះបីជាបាត់បង់ការគ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្រ្ត ក៏គណបក្សរបស់លោកប្រធានាធិបតីនៅគ្រប់គ្រងព្រឹទ្ធសភាដដែល។
ប្រទេសកម្ពុជាបានចាត់ទុកថា ការបោះឆ្នោតនេះនិងលទ្ធផលនៃគោលនយោបាយពេលខាងមុខជាកិច្ចការនយោបាយផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់ វីអូអេ សំឡេងសហរដ្ឋអាមេរិកថា៖
«ចំពោះលទ្ធផលនៃការបោះឆ្នោតនៅឯសហរដ្ឋអាមេរិកនេះគឺថា កម្ពុជាមិនអាច ជាពិសេស ខ្ញុំមិនអាចធ្វើបទអត្ថាធិប្បាយអ្វីទៅលើដំណើរការ ឬក៏លទ្ធផលនៃការបោះឆ្នោតនេះបានទេ ព្រោះនេះគឺជាកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកសុទ្ធសាធ»។
ប្រទេសកម្ពុជាមានទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាមេរិក ជាពិសេសលើផ្នែកជាច្រើន ដូចជាការប្រឆាំងអំពើភេរវកម្ម និងការជួញដូរមនុស្សជាដើម។ មានការព្រួយបារម្ភខ្លះនៅក្នុងជួរអង្គការសង្គមស៊ីវីលដោយសារនិន្នាការនៃការផ្តោតការយកចិត្តទុកដាក់នៃគណបក្សទាំងពីរមានខុសគ្នាខ្លះ ដូចជាលើវិស័យសង្គមកិច្ចជាដើម។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា តាមធម្មតាគណបក្សសារធារណរដ្ឋតែងតែជំរុញឱ្យមានការកាត់បន្ថយការយកពន្ធ ដូចនេះវាអាចនឹងមានផលប៉ះពាល់ដល់ការកាត់បន្ថយនូវសេវាកម្មខ្លះ។
«ប្រសិនបើកាត់នូវថវិកាជំនួយអន្តរជាតិ បានន័យដូចជាកម្មវិធីជំនួយសុខភាព ឬមួយកម្មវិធីជំនួយអប់រំនៅក្នុងឆាកអន្តរជាតិ ដូចជានៅប្រទេសកម្ពុជា វាអាចមានការធ្លាក់ចុះ។ ហើយប្រសិនបើវាធ្លាក់ចុះ វាអាចមានបញ្ហា។ ប៉ុន្តែយើងអត់ទាន់ដឹងថា វានឹងឈានទៅដល់យ៉ាងម៉េចទេ។ បើតាមខ្ញុំទាយនឹងមានការកែប្រែបន្តិចបន្តួច ហើយនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរយើងបន្តិចបន្តួច ដោយសារគោលនយោបាយអន្តរជាតិរបស់អាមេរិកពឹងផ្អែកទៅលើសភាទាំងពីរហ្នឹង ប៉ុន្តែក៏ទៅលើប្រធានាធិបតីដែលជាគណបក្សដដែល គណបក្សប្រជាធិបតេយ្យដដែល គឺលោកបារ៉ាក់ អូបាម៉ា។ ដូច្នេះបើសិនជាគោលនយោបាយ នៅក្នុងរយៈពេលពីរឆ្នាំខាងមុខមិនមានការកែប្រែប៉ុន្មានទេ ប៉ុន្តែថវិកានឹងមានការកែប្រែ»។
ចំណែកលោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានបញ្ជាក់ពីការព្រួយបារម្ភថា អាចនឹងមិនមានការយកចិត្តទុកដាក់ដល់បញ្ហាសិទ្ធិកម្មករច្រើនដូចមុន។ ប៉ុន្តែលោកបញ្ជាក់ថា ជាសញ្ញាល្អដែលគណបក្សសាធារណរដ្ឋផ្តោតលើការបង្កើតការងារនៅសហរដ្ឋអាមេរិក ព្រោះវាអាចផ្តល់ជាផលប្រយោជន៍ដល់ប្រទេសកម្ពុជាដែរ។
«បើសិនជាគណបក្សដែលបានសំឡេងគាំទ្រច្រើន ហើយបង្កើតការងារឱ្យបានច្រើនទៅតាមម្ចាស់ឆ្នោតដែលចង់បានពេលនោះ ហើយផលប្រយោជន៍កម្ពុជាយើងនឹងទទួលបានទៅតាមរយៈនោះដែរ ពីព្រោះយើងដឹងហើយថា ទីផ្សារសម្លៀកបំពាក់ក៏ដូចជាស្បែកជើងនៅកម្ពុជាយើងគឺទីផ្សារធំគឺសហរដ្ឋអាមេរិកហ្នឹងហើយ ហើយប្រសិនបើអ្នកគ្រប់គ្រងអំណាចនៅសហរដ្ឋអាមេរិកបង្កើតការងារឱ្យប្រជាពលរដ្ឋអាមេរិកឱ្យបានច្រើន ពេលនោះគេក៏ត្រូវចំណាយលុយច្រើនដើម្បីទិញសម្លៀកបំពាក់ ហើយផលប្រយោជន៍ទាំងអស់ហ្នឹងនឹងមានការបញ្ជាទិញមកកម្ពុជាយើងឱ្យកាន់តែច្រើនដែរ។ អញ្ចឹងកម្មករកម្មារិនីនៅកម្ពុជាយើង ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ក៏ទទួលបានផលប្រយោជន៍ទៅតាមរយៈហ្នឹងដែរ»។
តាមក្រុមអ្នកវិភាគនានាឱ្យដឹងថា ពលរដ្ឋសហរដ្ឋអាមេរិកមានការខកចិត្តជាមួយនឹងល្បឿនទៅមុខយឺតៗនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិកនិងការចង់ឱ្យមានការបង្កើតការងារបន្ថែមឱ្យបានឆាប់រហ័ស៕