ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ឥណ្ឌា​ធ្វើកិច្ច​ព្រមព្រៀង​​ឥណទាន​ចំនួន​១៥​លាន​ដុល្លារ


ប្រទេស​កម្ពុជា​និង​ប្រទេស​ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្តល់​ឥណទាន​ចំនួន​១៥​លាន​ដុល្លារ​អាមេរិកសម្រាប់​គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក​ស្ទឹង​តា​សាល​ ​ដែល​នឹង​ផ្តល់​ផល​ប្រយោជន៍​ជំរុញ​ការ​ធ្វើ​ស្រូវ​ ​រនាំង​ទប់ស្កាត់​ទឹកជំនន់​ ​និង​ស្ថានីយ៍វារី​អគ្គិសនី។ អ្នក​ជំនាញ​កសិកម្ម​ បាន​និយាយថា​ គម្រោង​នេះ​ជា​ជំហ៊ាន​វិជ្ជមាន​ ដើម្បី​បង្កើន​ដំណាំ​ស្រូវ ​និង​ផលិតផល​ស្រូវ​ ប៉ុន្តែ​វា​ទាមទារ​ឱ្យ​កសិករមាន​ចំពោះ​ដឹងនិង​ជំនាញ​កសិកម្ម​ត្រឹមត្រូវ។

ប្រទេស​ឥណ្ឌា​បាន​ផ្តល់​ប្រាក់​ឥណទាន​ចំនួន​១៥​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កម្ពុជា​សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក​ស្ទឹង​តាសាល ​សំដៅ​ពង្រីក​ផ្ទៃ​ដី​ដាំ​ស្រូវ​ជាង​២៥០​.០០០​ហិកតា​និងបញ្ចៀស​ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។

លោក​ P. Dalal​ នាយក​ធនាគារ​ EXIM ​និង​លោក​អូន​ ព័ន្ធមុន្នីរ័ត្ន​ រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋ​កិច្ច ​និង ហិរញ្ញវត្ថុ​កម្ពុជា​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្តល់​ឥណទាន​ចំនួន​១៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក​ស្ទឹង​តាសាល​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ។

គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក​ស្ទឹង​តាសាល​ ​នៅ​ក្នុង​ស្រុក​ឱរ៉ាល់​ ​ខេត្ត​កំពង់ស្ពឺ​នេះនឹង​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​សំខាន់​ដល់​ការងារ​កសិកម្ម​របស់​កសិករ​ ​ធ្វើ​រនាំង​ទប់ស្កាត់​ទឹក​ជំនន់​ ​និង​ស្ថានីយ​វារីអគ្គិសនី។

លោក​ចាន់ យុទ្ធថា​ ​នាយក​ខុទ្ទកា​ល័យ​ក្រសួង​ធនធាន​ទឹកនិង​ឧតុនិយម​ ​បាន​ថ្លែង​ថា​ ​គម្រោងអភិវឌ្ឍន៍​ធនធាន​ទឹក​ស្ទឹង​តាសាល​នេះ​ ​បាន​ផ្តល់​សារៈ​សំខាន់​ណាស់​សម្រាប់​ស្រោច​ស្រព​លើ​ផ្ទៃដី​ កសិកម្ម​ជាង​២៥០.០០០​ហិកតា​ទាំង​រដូវ​វស្សា ​និង​រដូវ​ប្រាំង​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។

«គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក​ស្ទឹង​តាសាល​នេះ មាន​គោល​បំណង​បី​សំខាន់៖​ បម្រើ​ដល់​ការ​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវ​វស្សា​ចំនួន​២០.០០០​ហិកតា​និង​ស្រូវ​ប្រាំង​ចំនួន​៥.០០០​ហិកតា​ ​បម្រើ​ដល់​ការ​ទប់ស្កាត់​ទឹក​ជំនន់​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​ជួរ​ភ្នំ​ឱរ៉ាល់​និង​បម្រើ​ដល់​ការ​កសាង​វារីអគ្គិសនីខ្នាតតូច»។

លោក​ចាន់ យុទ្ធថា ​បាន​បន្តថា​គម្រោង​នេះ​ជួយ​ស្តុប​ទឹក​ភ្លៀង ​ដើម្បី​កុំ​ឱ្យ​មាន​ទឹក​ជំនន់​ នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅតំបន់​ជួរ​ភ្នំ​ក្រវ៉ាញ ​និង​ភ្នំឱរ៉ាល់ ​ហើយ​ជួយ​បង្កើត​វារី​អគ្គិសនី។

ក្រុម​មន្ត្រី​ខេត្ត​កំពង់​ស្ពឺ​បាន​ថ្លែង​ថា​ ​គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក​ស្ទឹង​តាសាល​នេះ​ជា​កត្តា​ដ៏​សំខាន់​ ដើម្បី​ជួយ​ជំរុញ​ផលិតផល​ស្រូវ​របស់​កសិករ​សម្រាប់​លើក​កម្ពស់​ជីវភាព​ ​ពីព្រោះ​ពួក​គាត់​អាច​ធ្វើ​ស្រូវ​បាន​ទាំង​រដូវ​វស្សា​ និង​រដូវ​ប្រាំង។

លោក​យី គឹមថាន​ ​ប្រធាន​គម្រោង​នៃ​មជ្ឈ​មណ្ឌល​សិក្សានិង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ​បាន​ថ្លែង​ថា​ ​ គម្រោង​នេះ​ជា​ជំហ៊ាន​វិជ្ជមាន​ដើម្បី​បង្កើន​ដំណាំ​ស្រូវ​ និង​ផលិត​ផល​ស្រូវដោយសារ​តែ​មាន​ធនធានទឹក​នេះ។

«បើ​យើង​មាន​ការវិវឌ្ឍ​បែប​ប្រព័ន្ធ​ធារាសាស្ត្រ​បាន​គ្រប់គ្រាន់​ ​វា​នឹង​ជា​ការ​ល្អ​សម្រាប់​កសិករ​ ​ហើយ​វា​អាច​ចូល​រួម​ចំណែក​ឈាន​ទៅ​រក​គោល​នយោបាយ​ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​ស្រូវ»។

លោក​យី គឹមថាន​ បាន​បញ្ជាក់​ថា​ ​បើ​កសិករ​មិន​មាន​ចំណេះ​ដឹង​និង​ជំនាញ​កសិកម្ម​ត្រឹមត្រូវ​ទេ​ ផលិត​ផល​ស្រូវ​របស់​គាត់​មិន​អាច​កើន​ឡើង​បាន​ទេ។

លោក​យី គឹមថាន ​បាន​ថ្លែង​តាម​សម្តី​ដើម​ថា​ ​«យើង​មាន​ធនធាន​ទឹក​តែ​មួយ​មុខ​ ​យើង​មិនអាច​ សម្រេច​ដល់​ផលិត​ផល​ស្រូវ​ខ្ពស់​បាន​ទេ​ ​បើ​យើង​មិន​មាន​ចំណេះ​ជំនាញ​កសិក​នោះ៕»

XS
SM
MD
LG