ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់បើកផ្លូវឱ្យប្រទេសកម្ពុជានាំអង្ករចេញទៅកាន់ទីផ្សារប្រទេសចិន។ ប្រទេសចិន តម្រូវឱ្យកម្ពុជាបំបាត់ឱ្យបាននូវសមាសភាពចង្រៃ ដែលជាប្រភពបង្កហានិភ័យដល់អង្ករ។ ប្រជាពលរដ្ឋខ្មែរជាង៨០ភាគរយជាកសិករ ហើយព័ត៌មាននាំអង្ករចេញទៅចិននេះ ជាដំណឹងល្អសម្រាប់កសិករខ្មែរ និងសមាគមម៉ាស៊ីនកិនស្រូវ។
នៅថ្ងៃសុក្រនេះ ប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសចិន សម្រាប់នាំអង្ករចេញទៅកាន់ទីផ្សារចិន ដែលជាកត្តាបង្កើនការផលិតផលស្រូវនាំចេញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក Zhi Shuping រដ្ឋមន្ត្រីអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព និងអធិការកិច្ចនៃប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនបី៖ ទីមួយអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យត្រួតពិនិត្យអនាម័យសត្វ និងភូតគាមអនាម័យ ទីពីរពិធីសារនៃការនាំចេញអង្ករទៅកាន់សាធារណប្រជាមានិតចិន និងទីបី ផែនការសកម្មភាព ដែលត្រូវអនុវត្តបន្តដើម្បីនាំចំណិតដំឡូងមីទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។
លោកច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានក្រោយពីការចុះហត្ថលេខានៅសណ្ឋាគារ Inter-con ថា ប្រទេសចិន តម្រូវឱ្យកម្ពុជាបំបាត់ឱ្យបាននូវសមាសភាពចង្រៃ ដែលមានស្មៅពីរមុខ និងណេម៉ាតូតពីរមុខដែលមិនមែនជាសត្វល្អិត និងមិនមែនជាជម្ងឺ ប៉ុន្តែវាជាប្រភពម៉្យាងធ្វើហានិភ័យដល់អង្ករ។
«នៅពេលដែលយើងត្រូវនាំអង្ករចេញទៅសាធារណរដ្ឋប្រជាមានិតចិន ជំនាញការចិននឹងចុះមកពិនិត្យមើលនៅលើទីវាលស្រូវរបស់យើង ថាតើមានសមាសភាពចង្រៃបួននេះដែរឬទេ»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាបានចុះហត្ថលេខាលើពិធីសារនៃការនាំចេញអង្ករទៅសាធារណរដ្ឋប្រជាមានិតចិន ប៉ុន្តែកម្ពុជានៅតែប្រឈមនឹងបញ្ហាតម្លៃ និងបញ្ហាគុណភាពដែលនឹងត្រូវពិភាក្សាគ្នាអំពីតម្លៃ និងគុណភាពសម្រាប់ការនាំអង្ករចេញនេះ។
អង្ករកម្ពុជានាំទៅប្រទេសចិនត្រូវតែស្អាត គ្មានដី គ្មានគ្រាប់ស្មៅ គ្មានកម្ទេចកម្ទីចំបើង គ្មានអង្កាម ឬកន្ទក់ឡើយ។ ភាគីទាំងពីរនឹងពង្រីក និងពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងមន្ត្រីឯកទេស ភូតគាមអនាម័យនៃប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរព័ត៌មានបច្ចេកទេសស្តីពីភូតគាម អនាម័យលើអង្ករ នេះបើយោងតាមពិធីសារ។
ពិធីសារនេះបានបញ្ជាក់ថា អគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព និងអធិការកិច្ចនៃប្រទេសចិននឹងបញ្ជូនមន្ត្រីត្រួតពិនិត្យចំនួនបីទៅបួននាក់មកកម្ពុជាដើម្បីធ្វើការអង្កេតតាមដាននូវសមាសភាពចង្រៃក្នុងរយៈពេល១៥ថ្ងៃ និងធ្វើការត្រួតពិនិត្យជាបឋមលើតំបន់ផលិតកម្មស្រូវនៅក្នុងឆ្នាំទីមួយ ដែលជាឆ្នាំសាកល្បងសម្រាប់ការនាំចេញអង្ករកម្ពុជាទៅប្រទេសចិន។
លោក Zhi Shuping រដ្ឋមន្ត្រីអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព និងអធិការកិច្ចនៃប្រទេសចិន បានថ្លែងនៅក្នុងពិធីចុះហត្ថលេខាថា ការនាំចេញអង្ករកម្ពុជាទៅប្រទេសចិនមិនមានការកំណត់បរិមាណនាំចេញទេ។ ប៉ុន្តែ ការនាំចេញអង្ករនេះ ត្រូវធ្វើឡើងតាមសមត្ថភាពរបស់ប្រទេសកម្ពុជានាំចេញទៅចិន និងតាមតម្រូវការទីផ្សាររបស់ចិន។
ប្រជាពលរដ្ឋខ្មែរជាង៨០ភាគរយជាកសិករ។ ព័ត៌មាននាំអង្ករចេញទៅចិននេះជាដំណឹងល្អសម្រាប់កសិករខ្មែរ និងសមាគមម៉ាស៊ីនកិនស្រូវ។
លោក អ៊ុត រ៉េន អគ្គនាយកក្រុមហ៊ុន MEGA GREEN សម្រាប់ការនាំអង្ករចេញ បានបញ្ជាក់ថា សមាគមម៉ាស៊ីនកិនស្រូវរបស់យើងមានសមត្ថភាពផលិតនាំអង្ករចេញបាន និងម៉ាស៊ីនកិនស្រូវទំនើប អាចផលិតអង្ករប្រកបដោយគុណភាព។ ប៉ុន្តែប្រទេសកម្ពុជាប្រឈមនឹងសមត្ថភាពកំពង់ផែ សមត្ថភាពឃ្លាំងស្តុក និងសមត្ថភាពដឹកជញ្ជូន។
លោក អ៊ុត រ៉េន បានបន្ថែមថា ឥឡូវនេះអង្ករស្រូវប្រាំងក្នុងមួយតោនមានតម្លៃ៤៨៥ដុល្លារអាមេរិក និងក្នុងមួយហិចតាផលិតស្រូវបានដល់ទៅ៥តោន ព្រមទាំងមានម៉ាស៊ីនកិនស្រូវធំៗចំនួន៦ និងម៉ាស៊ីនកិនស្រូវចំនួន២៥ទៀត អាចកិនស្រូវនាំចេញបាន។
ប្រទេសកម្ពុជា បាននាំអង្ករទៅកាន់ទីផ្សារអឺរ៉ុបចំនួន៥០០០តោនក្នុងឆ្នាំ២០០៩ និងជាង១០០០០តោនក្នុងឆ្នាំ២០១០៕