ភ្នំពេញ៖ សភាព្រហ្មទណ្ឌរបស់សាលាឧទ្ឋរណ៍ នៅថ្ងៃអង្គារ៍នេះ បានលើកពេលសវនាការជំនុំជម្រះរឿងក្តីលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដោយគា្មនការកំណត់។ ការសម្រេចលើកពេលរបស់សាលាឧទ្ឋរណ៍នេះ ដោយសារតែមេធាវីការពារក្តីលោកសម រង្ស៊ី គឺលោកជួង ជុងី និងមេធាវីការពារក្តីលោកព្រំ ជា និងលោកស្រីមាស ស្រី គឺលោក គង់ សំអុន បានសម្រេចដើរចេញទាំងពីរនាក់ពីបន្ទប់សវនាការ។
នៅក្នុងបន្ទប់សវនាការរបស់សភាព្រហ្មទណ្ឌសាលាឧទ្ឋរណ៍ ដែលធ្វើឡើងជាសាធារណៈ មានការខ្វែងគំនិតគ្នាក្នុងការដាក់បញ្ចូលជនជាប់ចោទចំនួនពីររូប គឺលោកស្រីមាស ស្រី និងលោកព្រំ ជា ដែលកំពុងជាប់ពន្ឋនាគារនៅក្នុងខេត្តស្វាយរៀង។
លោក ព្រំ ជា និងលោកស្រី មាស ស្រី ត្រូវបានតុលាការខេត្តស្វាយរៀងកាត់ទោសឲ្យជាប់ពន្ឋនាគារ ក្នុងមា្នក់ៗចំនួន ១ ឆ្នាំពីបទធ្វើឲ្យខូចដោយចេតនានូវតម្រុយបង្គោលព្រំដែន ១៨៥ រវាងប្រទេសកម្ពុជា និងវៀតណាម ដែលបានប្រព្រឹត្តនៅស្រុកចន្ទ្រាកាលពីខែតុលាកន្លងទៅនេះ។ តុលាការក៏បានបង្គាប់ឲ្យលោកព្រំ ជា និងលោកស្រីមាស ស្រី ព្រមទាំងលោកសម រង្សី មេដឹកនាំគណបក្សប្រឆាំងឲ្យបង់ប្រាក់ពិន័យសរុបចំនួនជាង ៦៣ លានរៀល គឺស្មើនឹងប្រមាណជាង១៥.០០០ ដុល្លារអាមេរិក។
ចំណែកលោកសម រង្សី ត្រូវបានតុលាការដំបូងខេត្តស្វាយរៀង បានកាត់ទោសកាលពីថ្ងៃទី ២៧ ខែមករា ឲ្យជាប់ពន្ឋនាគាររយៈពេលពីរឆ្នាំពីបទធ្វើឲ្យខូចដោយចេតនានូវតម្រុយបង្គោលព្រំដែនលេខ ១៨៥ រវាងប្រទេសកម្ពុជា និងវៀតណាម និងញុះញុងឲ្យមានការរើសអើងជាតិសាសន៍។
បន្ទាប់ពីបានបើកសវនាការអស់រយៈពេលប្រមាណតែ៣០នាទីប៉ុណ្ណោះ លោកឃុន លាងម៉េង ប្រធានចៅក្រមជំនុំជម្រះនៃសាលាឧទ្ឋរណ៍ បានប្រកាសលើកពេលសវនាការគ្មានការកំណត់។ លោក ឃុន លាងម៉េង ក៏បានបង្គាប់ឲ្យតំណាងអយ្យការដឹកនាំជនជាប់ចោទគឺលោកស្រីមាស ស្រី និងលោក ព្រំ ជា ពីពន្ឋនាគារខេត្តស្វាយរៀង មកឃុំឃាំងនៅក្នុងពន្ឋនាគារម១ ឬព្រៃសវិញ ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនមកបន្ទប់សវនាការនៅពេលក្រោយ។
លោក ជួង ជុងី មេធាវីការពារក្តីឲ្យលោកសម រង្សី ក្រោយពីការទាមទាររបស់លោកបានជោគជ័យ លោកបានហៅការសម្រេចលើកពេលរបស់សាលាឧទ្ឋរណ៍នេះថា អាចទទួលយកបាន។ លោកជុងី ថ្លែងដូច្នេះថា៖
«អរគុណចំពោះប្រធានក្រុមប្រឹក្សាជំនុំជម្រះដោយគាត់សម្រេចយ៉ាងនេះ គឺត្រឹមត្រូវតាមគតិច្បាប់ ហើយជាការសម្រេចមួយដែលត្រឹមត្រូវបំផុត ហើយជាគំរូ គឺគាត់យល់ថា ធ្វើអញ្ចឹងគឺត្រឹមត្រូវ អញ្ចឹងខ្ញុំអរគុណគាត់ គឺជាគំរូសម្រាប់តុលាការស្រុកខ្មែរទាំងអស់»។
ចំណែកលោកចាន់ សុខយាង មេធាវីការពារក្តីរដ្ឋាភិបាលបាននិយាយថា ការស្នើសុំពន្យាពេល របស់មេធាវីការពារជនជាប់ចោទជាការខាតបង់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ។ លោកបានមានប្រសាសន៍ទៀតថា មេធាវីគិតតែផលប្រយោជន៍នយោបាយច្រើនជាងផលប្រយោជន៍របស់ជនជាប់ចោទ។ លោកមានប្រសាសន៍ថា៖
«ការអូសបន្លាយពេលនៃការឃុំខ្លួនមិនមែនរឿងធម្មតាទេ ការឃុំខ្លួនមួយថ្ងៃមិនរឿងធម្មតាទេ អញ្ចឹងបើសវនាការឆាប់ គឺខាងគាត់ៗអាចតវ៉ា ដើម្បីឲ្យតុលាការពិចារណាពីរឿងការឃុំខ្លួនកូនក្តីគាត់ ប៉ុន្តែបើសិនជា គាត់អូសបន្លាយពេល អានេះជារឿងរបស់គាត់»។
លោកស្រីកែ សុវណ្ណរ័ត្ន អ្នកតំណាងរាស្រ្តនិង ជាអគ្គលេខាធិការគណបក្សប្រឆាំងបានមានប្រសាសន៍ថា ការស្នើសុំលើកពេលបើកសវនាការជំនុំជម្រះរបស់មេធាវីការពារជនជាប់ចោទនេះ មិនមែនជារឿងនយោបាយទេ។ លោកស្រីបានលើកឡើងទៀតថា ការបើកសវនាការនៅថ្ងៃនេះ សាលាឧទ្ឋរណ៍ចង់ជំរុញរឿងក្តីនេះឲ្យទៅរលូន ពីព្រោះនេះជាចំណុចរសើបមួយរបស់រដ្ឋា ភិបាល។