ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រួម​មតិគ្នា​តែ​មួយ​ពេល​ដែល​មាន​ទំនាស់​ជាមួយ​ថៃ


សិស្សានុសិស្ស​ខ្មែរ​គ្រវី​ទង់ជាតិ​កម្ពុជា​ក្នុង​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​វិមាន​ឯករាជ្យ​ក្នុង​រាជធានី​ភ្នំពេញ។
សិស្សានុសិស្ស​ខ្មែរ​គ្រវី​ទង់ជាតិ​កម្ពុជា​ក្នុង​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​វិមាន​ឯករាជ្យ​ក្នុង​រាជធានី​ភ្នំពេញ។

ក្រុម​អ្នក​សង្កេតការណ៍​កម្ពុជា​និយាយ​ថា​ចលនា​ជាតិ​និយម​ដែល​ភាគី​ខ្មែរ​ទាំង​អស់​បាន​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​សាមគ្គីភាព​ក្នុង​«សំឡេង​រួម​តែ​មួយ»បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​ច្រើន​ជាង​ពេល​ណាៗ​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ ខណៈពេល​ដែល​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ចុង​ក្រោយ​ជាមួយ​ប្រទេស​ថៃ​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​២០១១។

ស្របគ្នា​ជាមួយ​នឹង​នយោបាយ​អន្តរជាតិ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ក្រុម​អ្នក​នយោបាយ​កម្ពុជា​ គណបក្ស​ជំទាស់ គណបក្ស​គ្រប់គ្រង​ប្រទេស​ ពលរដ្ឋ​កម្ពុជា​ទូទៅ​ មន្ត្រី​សង្គម​ស៊ីវិល​ រាជវង្សានុវង្ស​ មន្ត្រី​រាជការ​ជាដើម​ បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​និង​ថ្កោលទោស​រួម​គ្នា ទៅ​នឹង​អ្វី​មួយ​ដែល​គេ​ចោទ​ប្រកាន់​ថា​ប្រទេសថៃ​បាន​ឈ្លាន​ពាន​ទឹកដី​កម្ពុជា។​ ការថ្កោល​ទោស​ព្រមៗ​គ្នា​របស់​ជនជាតិ​កម្ពុជា​ប្រឆាំង​នឹង​ថៃ​ដូច​នេះ​ ត្រូវ​គេ​ចាត់​ទុក​ថា​បាន​បង្ហាញ​ឲ្យ​ឃើញ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជាង​៣​ទសវត្សរ៍​ចុង​ក្រោយ​ថា​ទំនាស់​ផ្ទៃ​ក្នុង​ទាំងឡាយ​ត្រូវ​គេ​ទុក​ចោល​មួយ​ឡែក​មក​គិត​គូរ​ពី​បញ្ហា​រួម​ គឺ ​បូរណភាព​ទឹក​ដី។

ដោយ​មិន​ទាន់​គិត​ពី​ទម្ងន់​ផ្លូវ​ច្បាប់​ដែល​កម្ពុជា​មាន​ប្រៀប​លើ​ប្រទេស​ថៃ លោក ស្រី ​ជា​ វណ្ណាតអតីត​នាយិកា​មជ្ឈ​មណ្ឌល​អភិវឌ្ឈន៍​សង្គម​និង​ជា​អ្នក​វិភាគ​ឯករាជ្យ​បាន​ទទួល​ស្គាល់​ថា​កម្លាំង​រួបរួម​គ្នា​ មាន​សន្ទុះ​ខ្លាំង​នៅ​ពេល​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការថែ​រក្សា​បូរណភាព​ទឹកដី​ អធិបតេយ្យភាព​ដែន​ដី។

«ដោយសារ​ជា​ភាសា​របស់​រដ្ឋាភិបាល​ផង​ហើយ​ក៏​ស្របគ្នា​ជាមួយ​នឹង​ភាសា​របស់​ប្រជា​ពលរដ្ឋ​ទូទៅ​ផង​ សាធារណជន​ដែរ ​ដល់​អញ្ចឹង​ហើយ​សំឡេង​របស់​ រដ្ឋាភិបាល​ ហើយ​នឹង​សំឡេង​សាធារណជន​ហ្នឹង​ស្របគ្នាអញ្ចឹង​ហើយ​ឲ្យ​មើល​ទៅ​ ឃើញ​សំឡេង​អ្នក​ជាតិ​និយម​ហ្នឹង​ខ្លាំងក្លា​ដោយសារ​ចេញ​ពី​បេះដូង​ប្រជាពលរដ្ឋ​ផង​ហើយ​ក៏​ជា​គោលការណ៍​របស់​រដ្ឋាភិបាល​ស្រប​ជា​មួយ​គ្នា»។

លោកស្រី​បាន​បញ្ជាក់​បន្ថែម​ថា​ ស្ថានភាព​ព្រំដែន​ពេលនេះ ​កម្ពុជា​គ្មាន​ការ​បែកបាក់​ផ្ទៃក្នុង​ទេ​ដែល​លោកស្រី​ហៅថា​នេះ​ជា​«កម្លាំង»​ដែល​កម្ពុជា​ អាច​តវ៉ា​ជាមួយ​ប្រទេស​ថៃ​ដោយ​ងាយ​ស្រួល។

លោក ​បណ្ឌិត​ ឡៅ ​ម៉ុងហៃ​ អតីត​អ្នកស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាស៊ី​និង​ជា​អ្នក​វិភាគ​ឯករាជ្យ​ម្នាក់​ក្នុង​នយោបាយ​កម្ពុជា​បាន​ថ្លែង​ថា​ លោក​បាន សង្កេត​ឃើញ​ថា​ជនជាតិ​កម្ពុជា​មាន​ការជាប់​ជំពាក់​ខ្លាំង​ជាមួយ​នឹង​បញ្ហា​ទឹកដី​ជា​យូរ​មក​ហើយ​ដោយសារ​តែ​កម្ពុជា​បាន​បាត់បង់​ទឹកដី​ច្រើន​ទាំង​ខាងកើត​និង​ខាង​លិច។​ កត្តានេះ​ហើយ​បានជា​ធ្វើ​ឲ្យ​មាន​ការ​សស្រាក់​សស្រាំ​គាំទ្រ​រដ្ឋាភិបាល​ហើយ​គ្មាន​សំឡេង​ប្រឆាំង។ ​ក៏ប៉ុន្តែ​លោក​ឡៅ ​ម៉ុងហៃ​បាន​ចាត់​ទុកថា​ការ​បំផុស ​ជាតិនិយម​ជ្រុល​ហួស​ពេក​អាច​ជា​រឿង​ល្អ​ផង​និង​មិន​ល្អ​ផង​ ដែល​លោក​ព្រមាន​ថា​វា​អាច​នាំ​ឲ្យ​មានផល​ប៉ះពាល់​ដូច​សម័យ​ខ្មែរ​ក្រហម។

«កាល​ជំនាន់​ខ្មែរ​ក្រហម​នោះ​ ជាតិ​និយម​ខ្លាំង​ពេក​ទៅ​ជា​ជ្រុល​ទៅ​ណាស់​ មិន​ជា ការណ៍​ល្អ​ទេ។ ​ខ្ញុំ​ថា​អាច​យក​រឿង​ហ្នឹង​ពង្រឹង​ឯកភាព​ជាតិ​ក៏​ថា​បាន​ តែ​វា​អាច​ជ្រុល។​ ហើយ​គេ​អាច​រក​មធ្យោបាយ​អី​ផ្សេង​ដើម្បី​ដោះស្រាយ​ដោយ​សន្តិវិធី​ ហើយ​ជៀស​វាង​ការ​បំផុស​បំផុល​អ្នក​ជាតិ​និយម​ខ្លាំង​ពេក​ណាស់»។

លោក​ឡៅ​ ម៉ុងហៃ​ ពុំបាន​បញ្ជាក់​ថា​ការណ៍​មិន​ល្អ​នោះ​ជា​រឿង​អ្វី​ខ្លះ​ទេ។​ ក៏​ប៉ុន្តែ​គេ​បាន​ដឹង​ថា​ក្រុម​ខ្មែរ​ក្រហម​ដែល​មិន​សូវ​មាន​អ្នក​មាន​អ្នក​ចេះ​ដឹង​នៅ​ថ្នាក់​ក្រោម​ច្រើន​ បាន​ចាប់​ផ្តើម​កាប់​សម្លាប់​ជាតិ​សាសន៍​ខ្លួន​ឯង​អស់​ជិត​២លាន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០​ ក្រោយ​ពី​ចលនា​ជាតិ​និយម​មួយ​នេះ​បាន​ទទួល​ជោគជ័យ​ក្នុង​សង្គ្រាម​ហើយ ​តែ​ពុំ​មាន​រចនា​សម្ព័ន​នយោបាយ​រដ្ឋបាល​មួយ​ដ៏​រឹង​មាំ។

ក្រុម​មេដឹកនាំ​គណបក្ស​នយោបាយ​វិញ​បាន​បញ្ជាក់​ថា​បញ្ហា​ទឹកដី​ជារឿង​សំខាន់​ជាង​រឿង​វិវាទ​នយោបាយ​ផ្ទៃក្នុង​និង​រឿង​ហេតុ​ផ្សេងៗ។​ ការរួមគ្នា​គ្រប់​និន្នាការ នយោបាយ​ដើម្បី​ពង្រឹង​ឯកភាព​ជាតិ​ឲ្យ​បាន​រឹងមាំ តតាំង​នឹង​ការ​ឈ្លាន​ពាន របស់​បរទេស​និង​ការ​ការពារ​ទឹកដី​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជារឿង​ចាំបាច់។

លោក​ សម រង្ស៊ី​ មេដឹក​នាំ​គណបក្ស​ជំទាស់​ដ៏​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​ ដែល ត្រូវ​តុលាការ​កាត់​ទោស​ថ្មីៗ​ឲ្យ​ជាប់​គុក​១២​ឆ្នាំ​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន កម្ពុជា-វៀតណាម​កាល​ពី​ចុង​ឆ្នាំ​២០០៩​នោះ​ កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។ ទោះ​ជា​ធ្លាប់​បាន​វាយ​ប្រហារ​ពាក្យ​សម្តី​ធ្ងន់ៗ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​អំពី​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មីៗ​នេះ​ក្តី​ ក៏​គណបក្ស​របស់​លោក​សម រង្ស៊ី បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​ថៃ​ ហើយ​មាន​ជំហរ​ស្រប​នឹង​រដ្ឋាភិបាល​កម្ពុជា​ដែរ​អំពី​រឿង​ព្រំដែន​កម្ពុជា-ថៃ​ ក្រោយ​ពី​មាន​ការវាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ទាំងពី​ប្រទេស​គឺ​ កម្ពុជា​និង​ថៃ​កាលពី​ថ្ងៃ​៤ដល់​ថ្ងៃ​៧​កុម្ភៈ​ ដែល​ធ្វើ​ឲ្យ​ខូចខាត​ប្រាសាទ​ព្រះវិហារ​ និង​ស្លាប់​របួស​ជន​ស៊ីវិល​និង​ទាហាន​មួយ​ចំនួន។

លោក ​សម រង្ស៊ី​បាន​ថ្លែង​ពី​ប្រទេស​បារាំង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ផ្នែក​ខេមរ​ភាសា​ថា៖

«បាទ! ​ជា​ទូទៅ​ពេល​ដែល​ប្រទេស​យើង​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​មក​ពី​ក្រៅ​គឺ យើង​តែង​តែ​ហើយ​ត្រូវ​តែ​រួបរួម​គ្នា​ដើម្បី​ប្រឆាំង​បរទេស​ឈ្លាន​ពាន​ ចំពោះ​បញ្ហា ផ្ទៃ​ក្នុង​នៃ​ខ្មែរ​និង​ខ្មែរ​យើង​ទុក​មួយ​អន្លើ​សិន​ក្នុង​គ្រា​អាសន្ន​ដែល​យើង​ត្រូវ​តែ​តទល់​ជាមួយ​នឹង​បរទេស​ឈ្លាន​ពាន»។

លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ជា​គណបក្ស​ជំទាស់​ផង​ដែរ បាន​ថ្លែងថានៅ​ក្នុង​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​គណបក្ស​ទាំងអស់​មាន ទស្សនៈ​ផ្ទុយ​គ្នា​តែ​ពេល​រឿង​ជាតិ​ធំៗ​ដូច​ជា​មាន​ការឈ្លានពាន​ពី​បរទេស​គឺ​ត្រូវ គិត​ពី​ការរួម​សាមគ្គី​គ្នា។

«ខ្ញុំ​យល់​ថា​គ្រប់​គណបក្ស​ទាំងអស់​ គ្រប់​និន្នាការ​ ទាំងអស់​ត្រូវតែ​បង្ហាញ​ពី​ឯកភាព​ជាតិ​ដើម្បី​កុំ​ឲ្យ​បរទេស​មើល​ងាយ​យើង​ កាលណា​យើង​បែកបាក់​គ្នា​គឺ​បរទេស​ងាយ​ស្រួល​ក្នុង​ការមក​ត្រួតត្រា​យើង​ដូច្នេះ​ជំហរ​ខ្ញុំ​ផ្ទាល់​ក៏​ដូចជា​គណបក្ស​សិទ្ធិ​មនុស្ស​ យើង​នៅតែ​មាន​ការ​រិះគន់​នូវ​ចំណុច​ខ្សោយ​ ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ក្នុង​ការដឹក​នាំ​ប្រទេស​អញ្ចឹង​ ប៉ុន្តែ​ចំពោះ​មុខ​ការ​ប្រឈម​មុខ​ជាមួយ​ប្រទេស​ថៃ ​ប្រទេស​មួយ​ដែល​ឈ្លាន​ពាន​ខ្មែរ​តាំងពី​ដើម​មក​យើង​ត្រូវ​តែ​ឯកភាព​ជាតិ»។

លោក​ ជៀម ​យាប ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ និង​ជា​សមាជិក សភា​បាន​បង្ហាញ​ពី​ការ​រីករាយ​ដោយសារ​ការរួបរួម​គ្នា​សាមគ្គី​គ្នា​រវាង​ខ្មែរ​និង​ខែ្មរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​នៅ​ពេល​មាន​ បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។ លោក​បាន​ថ្លែង​ថា​ប្រវត្តិ​សាស្ត្រ​បាន​ បង្ហាញ​ច្បាស់​ណាស់​ពី​ផល​ប៉ះពាល់​ដល់​ការ រួបរួម​និង​ការបែក​បាក់​ ដោយ​លើក​យក​សុភាសិត​ខ្មែរ​មួយ​ឃ្លាយ៉ាងខ្លី​មក​បញ្ជាក់ ថា​«ខ្មែរ​រួបរួម ​ខ្មែរ​រស់​ បើ​ខ្មែរ​បែក​បាក់​ខ្មែរ​ស្លាប់»។ លោកជៀម​ យាប​ថ្លែង​ដូច្នេះ ដោយ​យោល​ ថា​ភាព​គង់វង្ស​ទឹកដីនិង​ការ​អភិវឌ្ឍ​ រីក​ចម្រើន​កើត​ឡើង​ពី​ការ ឯកភាព​ជាតិ ​តាំងពី​សម័យ​មុន​មក​ទល់​បច្ចុប្បន្ន​នេះ។

ក្រៅ​ពី​អះអាង​ថា​មាន​តែ​អ្នក​មាន​ឈាម​ខ្មែរ​ដូចគ្នា​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​នោះ លោក​យាប​បាន​ទទូច​ដល់​ពលរដ្ឋ​ខ្មែរ​ថា​ «កុំ​ទុក​ចិត្ត​បរទេស​ កុំ​ទុក​ចិត្ត​មេឃ ​កុំ ទុក​ចិត្ត​ផ្កាយ»។​ លោក​ថ្លែង​ដូច្នេះ​ដោយ​យក​ឧទាហរណ៍​មក​បញ្ជាក់​ថា​ទោះ​បី​ជា មាន​ការ​ជេរ​ប្រមាថ​ រិះគន់​គ្នា​នៅទី​ក្រុង​ភ្នំពេញ​យ៉ាងណា​ក៏​ដោយ​តែ​ខ្មែរ​នៅ​តែ រួបរួម​គ្នា​បាន​ដោយសារ​បញ្ហា​បូរណភាព​ទឹក​ដី។

លោក​បណ្ឌិត ​រស់ ​ចន្ត្រា​បុត្រ​អ្នក​ប្រវត្តិ​សាស្ត្រ​ខ្មែរ​មួយ​រូប​បាន​ចាត់​ទុក​ថា​ជា​ការណ៍​ល្អ​ដែល​កូន​ខ្មែរ​គ្រប់​រូប​មាន​ការបែង​ចែក​ច្បាស់​លាស់​ចំពោះ​នយោបាយ​ផ្ទៃ​ក្នុង​និង​អធិបតេយ្យ​ភាព​ជាតិ​ បញ្ហា​អាយុ​ជីវិត​ជាតិ។

«ដូច្នេះ​នៅ​ក្នុង​ពេល​នេះ​ហើយ​យើង​ឃើញ​ថា​ជា​លើក​ទីពីរ​ហើយ​នៅ​ក្នុង​អ្វី​ហៅ​ថា​អណត្តិ​របស់​សម្តេច​តេជោ​ ហ៊ុន សែន​នៅក្នុង​ពេលនេះ​គឺ​លើក​ទីពីរ​ហើយ​ដែល អ្វី​ដែល​ជា​សាមគ្គីភាព​កំពុង​តែ​បាន​រីក​ចម្រើន​ហើយ​កំពុង​តែ​បោះគ្រឹះ​ឬ​មួយ​ថា មាន​ឫស​គល់​មួយ​យ៉ាង​ច្បាស់​លាស់​នៅ​ក្នុង​ការទប់​ទល់​នឹង​ការឈ្លាន​ពាន​របស់​ថៃ​ហើយ​អ្វី​ដែល​ជា​សាមគ្គីភាព​នៅ​ពេល​នេះ​គឺ​ជា​សាមគ្គីភាព​មួយ​យ៉ាង​ខ្លាំងក្លា​ សាមគ្គីភាព​មួយ​យ៉ាង​ច្បាស់លាស់ហើយ​ដែល​មាន​ទម្ងន់​ធ្ងន់ៗ​ ជាង​ពេល​មុនៗ​ទៅ​ទៀត»។

ក្រុមអ្នក​វិភាគ​និង​អ្នកប្រវត្តិ​សាស្រ្ត​បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា​ចលនា​ជាតិ​និយម​ សាមគ្គីភាព​និង​ឯកភាព​ជាតិ​ឬ​មាន​សំឡេង​តែមួយ​កើត​មាន​យ៉ាង​ខ្លាំងក្លា​ ផង​ដែរ​ក្នុង​ប្រវត្តិ​សាស្ត្រ​ដែល​ពលរដ្ឋ​ខ្មែរ​នាំគ្នា​ក្រោក​ឈរ​ឡើង​ដើម្បី​បណ្តេញ​ បរទេសចេញ​ពី​ប្រទេស​កម្ពុជា​ដូច​ជា​ ក្នុង​សតវត្សរ៍​ទី​១៩ ​និង​ទី ​២០ ការ​ទាមទារ​យក​ប្រាសាទ​ព្រះវិហារ​នៅ​ទីក្រុង​ឡាអេ​ពី​ប្រទេស​ថៃ​ឆ្នាំ​១៩៦២​ដែល​ដឹក​នាំដោយ​សម្តេចឪ​ ព្រះ​នរោត្តម​ សីហនុ និង​ការទាមទារ​បាន​ឯករាជ្យ​ពី​បារាំង​នៅ​ឆ្នាំ​១៩៥៣ដែល​ដឹក​នាំ​ដោយ​សម្តេចឪ​ជា​ដើម​ផង​នោះ។ ក៏​ប៉ុន្តែ​អ្នក​វិភាគ​ខ្លះ​បាន​រិះគន់​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ ​លន់ ​នល់ ដែល​បាន ​អំណាច​ចេញ​ពី​ចលនា​ជាតិ​និយម​មួយ​ក្នុង​ទសវត្សរ៍​១៩៧០​ ដោយ​រដ្ឋ​ប្រហារ​ ទម្លាក់​សម្តេច​ឪ​ហើយ​បែរ​ជា​ពុំ​បាន​គិតគូរ​អភិវឌ្ឍ​ប្រទេស​តែ​បង្ក​ឲ្យ​មាន​អំពើ​ពុក​រលួយ​ពាស​ពេញ​ប្រទេស​គិតតែ​ការបែង​ចែក​អំណាច​គ្នា​មិន​បាន​បម្រើ​ពី​ឧត្តម​ប្រយោជន៍​ជាតិ​នោះ​ហើយ​ដែល​បង្ក​ទៅ​រក​ការបែក​បាក់​ផ្ទៃ​ក្នុង​ជាតិ​នាំ​ប្រទេស​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​ដ៏​ធំធេង។

លោក​បណ្ឌិត​ រស់​ ចន្ត្រា​បុត្រ​បាន​បញ្ជាក់​អំពី​រឿង​ទាំង​ឡាយ​នេះ​ដូច្នេះ​ថា៖ «ដូច្នេះ​អ្វី​ដែល​ហៅ​ថា​កម្លាំង​អ្នក​ស្នេហា​ជាតិ​កម្លាំង​អ្នកជាតិ​និយម​នៅ​ពេល​នោះ​ ត្រូវ​តែ​រុះ​រោយ​ជា​លំដាប់​លំដោយ​ដោយ​សារ​តែ​រដ្ឋាភិបាល​ លន់ ​នល់​អសមត្ថភាព​ហើយ​ដែល​មិន​ចេះ​ផ្តល់​នូវអ្វី​ដែល​ជា​សេចក្តី​សង្ឃឹម​ដល់​ប្រជា​ពលរដ្ឋ​ផ្ទុយ​ទៅ​វិញ​មាន​តែ​បង្ក​ឲ្យ​មាន​សង្រ្គាម​រឹតតែ​ធំ​ឡើងៗ​ មាន​ការវិនាស​រិតតែ​ច្រើន​ទៅ​ទៀត»។

ទោះ​ជា​ពុំ​បាន​ពន្យល់​លម្អិត​ពី​ការបែក​បាក់​ក្នុង​ប្រវត្តិសាស្រ្ត​កន្លង​មក​ដែល​នាំ​ឲ្យ​ខ្មែរ​រួញ​ទឹកដី​កាន់​តែ​តូច​ទៅៗ​ក្តី​ តែ​លោក ​បណ្ឌិត​ រស់ ​ចន្ត្រា​បុត្រ​បាន​លើក​យក ឧទាហរណ៍​ ក្នុង​ប្រវត្តិ​សាស្ត្រ​មួយ​ចំនួន​ទៀត​មក​បញ្ជាក់​ដូច​ជា​ការតស៊ូ​របស់​ខ្មែរ​កើត​ចេញ​ពី​ឯកភាព​ជាតិ​ខ្ពស់​នៅ​ក្នុង​សតវត្សរ៍​ទី​១២ដឹកនាំ​ដោយ​ព្រះបាទ ជ័យវរ្ម័ន​ទី៧​ដើម្បី​វាយ​បណ្តេញ​កងទ័ព​នគរ​ចម៉្បា​ពេលមាន​ការ​រំលោភ​បំពាន​និង បំផ្លិច​បំផ្លាញ​កម្ពុជា។

ប្រទេស​កម្ពុជា​ដែល​បាន​អត់ធ្មត់​មួយ​រយៈ​យូរ​ជាមួយ​ប្រទេស​ថៃ​ ពេល​នេះ​បាន​ សម្រេច​នាំ​យក​បញ្ហា​ជម្លោះ​ព្រំដែន​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ​(អ.ស.ប) ដើម្បី​ដោះស្រាយ​ក្រោយ​ពី​មាន​ការវាយ​ប្រយុទ្ធ​គ្នា​កាល​ពី​ថ្ងៃ​ទី៤ដល់​ថ្ងៃ​ទី៧​កុម្ភៈ​ដែល​កម្ពុជា​បាន​ចោទ​ប្រកាន់​ថា​ថៃ​បាន​ឈ្លាន​ពាន​ចង់​កាន់​កាប់​ទឹកដី​កម្ពុជា​ក្បែរ​ប្រាសាទ​ព្រះវិហារ។​ តែ​ភាគី​ថៃ​បាន​ប្រកែក​ថា​ខ្លួន​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​ដែរ។ ក្រុម​អ្នកវិភាគ​និង​អ្នក​ប្រវត្តិសាស្រ្ត​និង​មេដឹក​នាំ​គណបក្ស​ជំទាស់​កម្ពុជា​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការនាំ​យក​រឿង​ជម្លោះ​ព្រំដែន​ទៅ​កាន់​អ.ស.ប ​តែ​ព្រមាន​ថា​ ពុំ​គួរ​រា​ថយ​មក​ចរចា​ទ្វេរភាគី​ដែល​អូស​បន្លាយ​គ្មាន​លទ្ធផល​នោះ​ទេ។ ​ពួក​គេ​បាន​អះអាង​ស្រដៀង​គ្នា​ថា​ យន្តការ​ផ្សេង​ទៀត​តាម​រយៈ​កិច្ចព្រមព្រៀង​ទី​ក្រុង​បារីស​ក៏​ជា​ជម្រើស​មួយ​ដែរ។ អ្នក​វិភាគ​ខ្លះ​ទៀត​និយាយ​ថា​ជា​រឿង​ប្រពៃ​ដែល​កម្ពុជា​ពុំ​បាន​តស៊ូ​ក្នុង​សមរភូមិ​២​ក្នុង​ពេល​តែ​មួយ។

ប្រទេស​កម្ពុជា​និង​ថៃ​ដែល​មាន​ជម្លោះ​ព្រំដែន​ជា​ប្រវត្តិសាស្ត្រ​នោះ​បាន​ចាប់ផ្តើម​តានតឹង​ជាថ្មី​ទៀត​ក្រោយ​ពេល​កម្ពុជា​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ ​UNESCO​ កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០០៨​ដែល​ថៃ​បាន​ជំទាស់​ដោយ​សំអាង​ថា​ដី​ក្បែរ​បរិវេណ​ប្រាសាទ​ព្រះវិហារ​ជា​ដី​របស់​ខ្លួន​ដែរ​តែ​កម្ពុជា​វិញ​បាន​បដិសេធ​ដោយ​យោង​តាម​ផែនទី​អន្តរជាតិ​ឆ្នាំ​១៩០៤និង​១៩០៧​ ដែល​ប្រទេស​សៀម​ ដែល​ពេលនេះ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ប្រទេស​ថៃ​បាន​ទទួល​ស្គាល់​ដែរ៕

XS
SM
MD
LG